អានតួអត្ថបទ

លោក ដូណាល់ ត្រាំ ប្តូរចិត្ត​ឈប់​បំបែក​ក្មេង​អន្តោប្រវេសន៍​ពី​ឪពុកម្តាយ

ដូច​ក្រឡាស់​បាតដៃ ! នៅ​ថ្ងៃពុធ​ម្សិលមិញ​នេះ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខាលើ​​ក្រិត្យ​មួយ​ ឈប់​ពង្រាត់​​ក្មេង​មិនទាន់​ពេញ​វ័យ​​ពីឪពុកម្តាយ​​អន្តោប្រវេសន៍ ដែល​រត់​ឆ្លង​ពីម៉ិចស៊ិក​មក​សហរដ្ឋ​អាមេរិក។ រឿង​អាស្រូវ​​ចាប់​ពង្រាត់​យក​ក្មេង​ចំនួន ជិត ២៣០០​នាក់ពី​គ្រួសារ ដែល​បាន​បំផុស​ឱ្យ​មាន​ក្រោយ​ពី​រងការ​រិះគន់​យ៉ាង​ខ្លាំង ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​ឆាក​អន្តរជាតិ។

ជនអន្តោប្រវេសន៍សាល់វ៉ាដរ កាន់​ដៃកូន នៅ​ក្នុង​មជ្ឈមណ្ឌល​ទទួល​ជនភៀស​ខ្លួន Ciudad Juarezនៅ​ប្រទេស​ម៉ិចស៊ិក
ជនអន្តោប្រវេសន៍សាល់វ៉ាដរ កាន់​ដៃកូន នៅ​ក្នុង​មជ្ឈមណ្ឌល​ទទួល​ជនភៀស​ខ្លួន Ciudad Juarezនៅ​ប្រទេស​ម៉ិចស៊ិក REUTERS/Jose Luis Gonzalez
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​បាន​ទន្ទេញ​ពាក្យ​ដដែលៗ តាំង​ពី​ជា​ច្រើន​ថ្ងៃ​មក​​ហើយ ថា​លោក​អនុវត្ត​ទៅ​តាម​អ្វី​ដែល​មាន​ចែង​​ក្នុង​ច្បាប់ ហើយ​មាន​តែ​សភា​ទេ ដែលអាច​​បិទ​បញ្ចប់​ការ​ពង្រាត់​កូន​ក្មេង​ពី​គ្រួសារ​អន្តោប្រវេសន៍​ខុស​ច្បាប់បាន។ ប៉ុន្តែ​នៅ​ចំពោះ​មុន​ការ​រិះគន់​ ទាំង​នៅក្នុង​ប្រទេស លើ​ពិភពលោក និង​ក្នុង​ជួរបក្ស​សាធារណរដ្ឋ​ផ្ទាល់​ លោក​ ដូណាល់ ត្រាំ ក៏​សុខ​ចិត្ត​ដក​ថយ និង​បាន​ចុះ​ហត្ថលេខាយ៉ាង​រួសរាន់ ​លើ​ក្រិត្យ​ បញ្ជា​ឱ្យ​ ឈប់​បំបែក​ក្មេង​ពីឪពុកម្តាយ តែ​ត្រូវ​ឱ្យ​ចាប់​ឃុំឃាំងជុំ​គ្នា ទាំង​​គ្រួសារ​ តែ​ម្តង នូវ​រាល់​អន្តោប្រវេសន៍ណា​​​ដែល​បាន​រត់​ឆ្លង​ព្រំដែន​ដោយ​ខុស​ច្បាប់​ និង​​ក្នុង​ពេល​រង់​ចាំ​បំពេញ​ដំណើរការបែប​បទ​តាម​ច្បាប់។

នេះ​ជា​សេចក្តី​សម្រេច​ចិត្ត​ដ៏​ភ្ញាក់ផ្អើល​ ! ដែល​តម្រូវ​ឱ្យ​ក្រុមអ្នក​តំណាង​នៅ​សភា​ត្រូវ​ប្រញាប់​អនុម័ត​ច្បាប់​អន្តោប្រវេសន៍ ប៉ុន្តែ សម្រាប់សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​ ទង្វើ​របស់​លោក ត្រាំ នឹង​មិន​ធ្វើ​ឱ្យ​ពួកគេប្តូរ​ចិត្ត ទៅ​បោះឆ្នោត​គាំទ្រ​ច្បាប់ ស្នើឡើងដោយ​លោក​ប្រធានាធិបតី​​ឡើយ។

សូម​បញ្ជាក់​ថា ដើម្បី​អាច​​​​ចាប់​ឃុំឃាំង អន្តោប្រវេសន៍​ខុស​ច្បាស់​ដែល​រត់​ឆ្លង​ចូល​អាមេរិក​តាម​ព្រំដែន​ម៉ិចស៊ិក ទាំង​អស់ ១០០% ក្រិត្យ​របស់​លោក​ដូណាល់ ត្រាំ ក៏​មាន​គ្រោង​លុប​ចោល​ច្បាប់​កំរិត​ចំនួន​ថ្ងៃ​ឃុំឃាំង​គ្រួសារ​​អន្តោប្រវេសន៍​ខុស​ច្បាប់ ត្រឹម​២០​ថ្ងៃ​ផង។ សមាគម​ការពារ​សិទ្ធិមនុស្ស​គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​លោកត្រាំ​ទៀត។

ជាង​នេះ​ទៅ​ទៀត ក្រិត្យ​ដែល​លោក​ត្រាំ​ទើប​ចុះ​ហត្ថលេខា​នេះ មិនមែន​ជា​ដំណោះស្រាយ​នៃ​វិបត្តិមនុស្សធម៌​តាម​ព្រំដែន​ទេ។ ក្នុង​រយៈ​ពេល​៥​សប្តាហ៍​ចុងក្រោយ​នេះ លោក​ត្រាំ បាន​បំបែក​ក្មេង​ចំនួន​ជិត​២៣០០​នាក់ ពី​ឪពុកម្តាយ​របស់​ពួកគេ។ ឯជោគវាសនា​របស់​ក្មេង​ទាំង​នោះ​ គ្មាន​ភាព​ជាក់លាក់​ទេ ! វា​ពិត​ជា​មិនមែន​ងាយ​ស្រួល​ឡើយ ក្នុង​ការ​ស្វែងរក​ឪពុក​ម្តាយ​របស់ពួកគេ ដើម្បី​ដាក់​ឃុំ​ជុំ​គ្នា​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ