អានតួអត្ថបទ
អាមេរិក-អន្តោប្រវេសន៍

អាមេរិក៖​តុលាការកំពូល​អនុម័ត​លើ​ក្រឹត្យអន្តោប្រវេសន៍​ដ៏​ចម្រូងចម្រាស​របស់​លោក​ដូណាល់ ត្រាំ

នៅ​ថ្ងៃ​អង្គារ ទី២៦ មិថុនា តុលាការកំពូល​អាមេរិក​បាន​អនុម័ត​លើ​ក្រឹត្យអន្តោប្រវេសន៍​ដ៏​ចម្រូងចម្រាស​របស់​លោក​ដូណាល់ ត្រាំ​ជាមួយ​នឹង ៥សម្លេង​គាំទ្រ និង ១សម្លេង​ប្រឆាំង។ គឺ​ជា​ក្រឹត្យ​ដែល​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មក​ពី ៦ប្រទេស គឺ​អ៊ីរ៉ង់ លីប៊ី សូមាលី ស៊ីរី យេម៉ែន និង​កូរ៉េខាងជើង​ចូល​ក្នុង​ទឹកដី​អាមេរិក​ទេ។ ក្រុម​ចៅក្រម​នៃ​តុលាការកំពូល​បាន​យល់​ឃើញ​ថា លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​គ្រាន់​តែ​បាន​ប្រើប្រាស់​សិទ្ធិអំណាច​ស្របច្បាប់​របស់​ខ្លួន​ក្នុង​បញ្ហា​អន្តោប្រវេសន៍​ប៉ុណ្ណោះ។ លោក​ត្រាំ​បាន​សាទរ​ចំពោះ​ការ​សម្រេច​របស់​តុលាការកំពូល​ដោយ​បាន​ចាត់​ទុក​ជា​ជោគជ័យ​របស់​ពលរដ្ឋ​អាមេរិក និង​រដ្ឋធម្មនុញ្ញ។

លោក​ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ (រូបកណ្តាល​)
លោក​ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ (រូបកណ្តាល​) REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

« សេចក្តីសម្រេច​របស់​តុលាការកំពូល​ជា​ជោគជ័យ​ដ៏​ធំធេង គឺ​ជា​មហាជោគជ័យ​មួយ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង និង​សម្រាប់​រដ្ឋធម្មនុញ្ញ​របស់​យើង។ យើង​ត្រូវ​តែ​រឹងប៉ឹង និង​មាន​សុវត្ថិភាព។ ក្នុង​កម្រិត​អប្បបរិមា យើង​ត្រូវ​តែ​ធានា​ដោយ​ខ្លួន​ឯង​ថា យើង​ធ្វើ​ការ​ជ្រើសរើស​មនុស្ស​ដែល​ចូល​មក​ក្នុង​ប្រទេស​របស់​យើង​ដោយ​ផ្អែក​លើ​សមត្ថភាព និង​គុណសម្បត្តិ​របស់​គេ​ម្នាក់ៗ។

ការ​សម្រេច​របស់​តុលាការកំពូល​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​យ៉ាង​ច្បាស់ក្រឡែត​ថា ការ​ប្រហារ​ពី​មធ្យោបាយឃោសនា​មហាជន​នានា និង​ការ​ប្រឆាំង​ពី​ពួក​អ្នកប្រជាធិបតេយ្យ គឺ​មិនត្រឹមត្រូវ​ទាល់​តែ​សោះ។ អ្វី​ដែល​យើង​ចង់​បាន​ក្នុង​នាម​ជា​អ្នក​សាធារណរដ្ឋ គឺ​ព្រំដែន​សុវត្ថិភាព និង​គ្មាន​ឧក្រិដ្ឋកម្ម។ ពួក​អ្នកប្រជាធិបតេយ្យ​ចង់​បើក​ចំហ​ព្រំដែន​ដែល​នឹង​បង្ក​ចេញ​នូវ​ឧក្រិដ្ឋកម្ម​គ្រប់​ប្រភេទ។ ការ​បើក​ចំហ​ព្រំដែន​ជា​ការ​បើក​ចំហ​ឲ្យ​ពួក​ឧក្រិដ្ឋជន​ចូល និង​ដែល​យើង​មិន​ចង់​ជា​ដាច់​ខាត​សម្រាប់​ប្រទេស​របស់​យើង។

ដូច្នេះ ខ្ញុំ​នឹង​ការពារ​ជានិច្ច​នូវ​អធិបតេយ្យភាព និង​សន្តិសុខ​របស់​អាមេរិក ព្រម​ទាំង​ពលរដ្ឋ​របស់​យើង។ គឺ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​ពេល​នេះ យើង​កំពុង​ចរចា​បន្ត​លើ​កញ្ចប់​ថវិកា​សម្រាប់​សាងសង់​ជញ្ជាំង​ដើម្បី​បញ្ចប់​វា​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ