នាយកញូវយ៉កថែមស៍ ព្រមានលោកត្រាំអំពីគ្រោះថ្នាក់នៃការវាយប្រហារអ្នកកាសែត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៤
ទំនាក់ទំនងរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអ្នកសារព័ត៌មានកាន់តែបន្តធ្លាក់ដុនដាបទៅៗ។ ថ្ងៃអាទិត្យល្ងាចមិញ លោក ត្រាំ បង្ហោះសារតាមប្រព័ន្ធTweeter អំពីការផ្សាយព័ត៌មានមិនពិត “Fake News” និងអំពីជំនួបរបស់លោកជាមួយនាយកកាសែតញូវយកថែមស៍មក ដែលតាមធម្មតាត្រូវរក្សាជាសំងាត់។ ដោយគ្មានបង្អង់នាយកសារព័ត៌មានញូវយ៉កថែមស៍ បានចេញសេចក្តីថ្លែងការណ៍មួយផ្ញើជូនទៅគ្រប់ភ្នាក់ងារសារព័ត៌មានអាមេរិកទាំងអស់ ជាចម្លើយតបនឹងទង្វើរបស់លោកប្រធានាធិបតីវិញ។ នាយកកាសែតដ៏ល្បីល្បាញរបស់អាមេរិក បានព្រមានលោក ត្រាំ អំពីគ្រោះថ្នាក់នៃការវាយប្រហារអ្នកសារព័ត៌មានជាទូទៅ ថាអាចប៉ះពាល់ដល់វិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។
លោកដូណាល់ ត្រាំ បានទទួលជួបនាយកសារព័ត៌មានញូវយ៉កថែមស៍- កាសែតដ៏ល្បីល្បាញរបស់អាមេរិក កាលពីថ្ងៃទី ២០ កក្កដា ២០១៨ នៅសេតវិមាន។ ជាជំនួបស្ងាត់ៗ ដែលគ្មានហេតុផលអ្វីត្រូវប្រកាសផ្សពវផ្សាយជាសាធារណៈឡើយ។ ប៉ុន្តែគឺរូបលោក ដូណាល់ ត្រាំ ជាអ្នកបង្ហើបនិងទម្លាយ ដោយផ្ទាល់មាត់លោក តាមរយៈសារទ្វីត កិច្ចពិភាក្សាអំពីបញ្ហា “កាសែតផ្សព្វផ្សាយព័ត៌មានមិនពិត” ជាមួយនាយកសារព័ត៌មានញូវយ៉កថែមស៍។ នៅក្នុងសារទ្វីត លោកត្រាំ បានធ្វើការចោទប្រកាន់ក្រុមអ្នកសារព័ត៌មាន ជាថ្មីថាលម្អៀង ផ្តល់ព័ត៌មានមិនពិត ប៉ះពាល់ដល់ជីវិត និងភូតភរដល់ទៅ៩០%ជុំវិញស្នាដៃការងាររបស់លោក។
ដោយហេតុតែឃើញសាររបស់លោកត្រាំ មួយជម្លៀសបែបនេះហើយ ទើបនាយកញូវយ៉កថែមស៍ សម្រេចចិត្តចេញសេចក្តីថ្លែងការណ៍ បកស្រាយវិញភ្លាម។ តាមធម្មតា រាប់គ្រប់ជំនួបប្រជុំរវាងអ្នកដឹកនាំសារព័ត៌មានធំៗអាមេរិកជាមួយអ្នកទទួលត្រូវរដ្ឋាភិបាល ឬប្រធានាធិបតី ដែលតែងកើតមានជាញឹកញយ ត្រូវរក្សាជាការសម្ងាត់។ តែលើកនេះ បន្ថែមពីលើសេចក្តីថ្លែងការណ៍ លោកនាយកកាសែត បានសម្រេចឆ្លើយតបជាសាធារណៈ តបតាមសារទ្វីតរបស់លោកត្រាំទៀត ដោយបញ្ជាក់ថា លោកបានព្រមព្រៀងជួបជាមួយប្រធានាធិបតី ក្រោមការអញ្ជើញរបស់លោកត្រាំ និងដើម្បីបង្ហាញអំពីក្តីព្រួយបារម្ភរបស់លោកចំពោះជំហរងប់ប្រឆាំងនឹងអ្នកសារព័តមានរបស់ប្រធានាធិបតី។ សំដីលោកត្រាំចំពោះអ្នកកាសែត មិនត្រឹមតែងបង្កភាពប្រេះឆាទេ តែមានលក្ខណៈកាន់តែគ្រោះថ្នាក់ឡើងៗ។
ញូវយ៉កថែមប្រឆាំងនឹងទស្សនៈ “សារព័ត៌មាន ជាសត្រូវរបស់ពលរដ្ឋ”
នៅក្នុងជំនួបជាមួយលោកដូណាល់ត្រាំ លោកនាយកញូវយ៉កថែមស៍បានរិះគន់ ដោយចំពោះតែម្តង រឿងលោកប្រធានាធិបតីអាមេរិកប្រើពាក្យសម្តីវាយប្រហារលើអ្នកកាសែតជាទូទៅ បែបម៉ៅសរុប ដោយសង្កត់ធ្ងន់ជាពិសេសថា ការវាយប្រហារជារួមបែបនេះ គឺជាគ្រោះថ្នាក់ដ៏ធំមួយដល់វិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានដ៏សំខាន់មួយនៃលទ្ធិប្រជាធិបតេយ្យ។
សម្រាប់ញូវយ៉កថែមស៍ ការវាយប្រហារដោយប្រើពាក្យ “ព័ត៌មានមិនពិត” មិនត្រឹមតែខុស និងជាការបំផ្លាញកាសែតទេ តែអ្វីដែលធ្ងន់ធ្ងរខ្លាំងបំផុត និងដែលលោកសូមធ្វើការបរិហារខ្លាំងនោះ គឺអត្ថន័យធៀបនៃពាក្យFake News របស់លោកត្រាំ ដែលសំដៅថា អ្នកកាសែតថាជា “សត្រូវរបស់ពលរដ្ឋ”។ ឃ្លាបែបនេះ ជាតំណាងគ្រោះថ្នាក់សម្រាប់សហរដ្ឋអាមេរិក ផង និងសម្រាប់បណ្តាប្រទេសក្រៅផ្សេងទៀត ដែលគេអាចឆ្លៀត ប្រើគំរូរបស់លោកត្រាំ ជាលេសសម្រាប់បង្ក្រាបអ្នកសារព័ត៌មាន។ នេះជាអ្វីដែលគេអាចសង្ខេបអំពីខ្លឹមសារសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់នាយកសារព័ត៌មានញូវយ៉កថែមស៍។
ក្នុងវ័យ ៣៧ឆ្នាំ ទើបឡើងគ្រប់គ្រងកាសែតបន្តពីឪពុក នៅដើមឆ្នាំ២០១៨ លោកនាយកកាសែតញូវយ៉កថែមស៍ Sulzberger បានអំពាវនាវឱ្យលោកដូណាល់ ត្រាំ បញ្ឈប់ការវាយប្រហារលើសារព័ត៌មាន ដែលជាអំណាចទីបួនរបស់អាមេរិក ក្រោមលេស Fake Newsទៅតែបានរំលឹកបញ្ជាក់យ៉ាងច្បាស់ថា លោកប្រធានាធិបតី ពិតជាមានសិទ្ធិ និងអំណាចយ៉ាងពេញលេញ ដូចប្រធានាធិបតីមុនៗ ក្នុងការរិះគន់របៀបបញ្ចេញសកម្មភាពរបស់សារព័ត៌មាន បន្ទោស-រិះគន់ឱ្យចំៗឈ្មោះ ចំចំណុច កុំម៉ៅសរុបឱ្យសោះ។
សង្គ្រាមប្រឆាំងសារព័ត៌មាន
លោកត្រាំ ត្រូវការអ្នកសារព័ត៌មាន តែមិនចូលចិត្តអ្នកសារព័ត៌មានទេ។ ហើយនេះក៏មិនមែនជាលើកទីមួយដែរ ដែលលោកត្រាំមានបញ្ហាជាមួយអ្នកសារព័តមាននោះ។ តាំងពីឡើងកាន់អំណាចមក លោកធ្វើសង្គ្រាមសឹងតែគ្រប់ជាមួយសារព័ត៌មានទាំងអស់ណឹង លើកលែងតែសារព័ត៌មានFox New មួយចេញ។ ញូវយ៉កថែមស៍ វ៉ាស៊ីនតោនប៉ុស្តិ៍ និងCNN ស្ថិតក្នុងចំណោមសារព័ត៌មានធំៗមួយដែលរងការវាយប្រហារញឹកញយនិងខ្លាំងជាងគេ ពីលោក ត្រាំ។
បើតាមសម្រង់របស់ញូវយ៉កថែមស៍ លោក ត្រាំ បានធ្វើវាយប្រហារលើបុគ្គលនិងស្ថាប័នសារព័ត៌មានប្រមាណជិត ៥០០នាក់ និងអង្គភាព។ ពុករលួយ លម្អៀង អាក្រក់ ព័ត៌មានមិនច្បាស់លាស់ អ្នកកាសែតអសមត្ថភាព សរសេរគ្មានប្រភពត្រឹមត្រូវ ភូត ... ទាំងនេះសុទ្ធសឹងជាពាក្យដែលលោកត្រាំចុះបញ្ជីកាសែត។ ទង្វើនិងកាយវិការលោកប្រធានាធិបតីចំពោះអ្នកសារព័ត៌មាន បានបង្កបង្កើតជារឿងអាស្រូវជាបន្តបន្ទាប់។ រឿងអាស្រូវចុងក្រោយ ទើបកើតកាលពីសប្តាហ៍មុន គឺ ការបដិសេធរបស់លោកត្រាំ មិនឱ្យអ្នកកាសែតរបស់ស៊ីអិនអិន ចូលរួមក្នុងសន្និសីទកាសែតនៅ សេតវិមាន។ រឿងនេះបានធ្វើឱ្យប្រព័ន្ធសារព័ត៌មានFox New ដែលធ្លាប់តែគាំទ្រលោកត្រាំរហូតមក ក៏ងាកមកសម្តែងនឹងសាមគ្គីភាពជាមួយស៊ីអិនអិនដែរ។
ជំហរប្រឆាំងអ្នកសារព័ត៌មានរបស់លោក ត្រាំ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំង ជំរុញឱ្យអង្គការអ្នកយកការណ៍គ្មានព្រំដែន បើកបេសកកម្មអង្កេតមិនធ្លាប់មានមួយ ស្តីអំពីសេរីភាពសារព័ត៌មាននៅសហរដ្ឋអាមេរិកផង កាលពីប៉ុន្មានខែមុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ