ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
អាមេរិក

តុលាការ​​អាមេរិក​បើក​សវនការ​ជំនុំជម្រះ​អតីត​ប្រធាន​ក្រុមឃោសនា​របស់​លោកដូណាល់​ត្រាំ

media អតីតប្រធាន​ក្រុម​ឃោសនា​បោះឆ្នោត​លោកដូណាល់ ត្រាំ Paul Manafort កាលពេល​ដើរចេញ​ពី​តុលាការ​ក្រុង​វ៉ាស៊ីនតោន នៅខែ​កុម្ភៈ ២០១៨ © REUTERS/Yuri Gripas

សវនការ​ជំនុំជម្រះ អតីត​ប្រធាន​ក្រុមឃោសនា​បោះឆ្នោត​របស់​លោកដូណាល់ ត្រាំត្រូវ​បើក​ធ្វើ នៅថ្ងៃអង្គារ​នេះ នៅ​តុលាការ​ក្រុង​វ៉ាស៊ីនតោន។ លោក​ប៉ូល ម៉ាណាហ្វរ ដែល​ធ្លាប់​ជា​ប្រធាន​ក្រុមឃោសនា​បោះឆ្នោត​របស់លោកដូណាល់ ត្រាំ ត្រូវ​តុលាការ​ជំនុំជម្រះ កាត់ទោស​ពីបទ​គេចពន្ធ លាងលុយ និង​រឿង​ជាប់ទាក់ទង​ជាមួយ​អ៊ុយក្រែន។ ក៏ប៉ុន្តែ គេ​ក៏​កំពុង​តែ​រង់ចាំមើលដែរ អំពី​សំណុំរឿង​លូកដៃ​របស់​រុស្ស៊ី ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ដែលមាន​លោកដូណាល់ ត្រាំ ជាអ្នកឈ្នះឆ្នោត។

ជាប់ក្នុង​ឃុំ​តាំង​ពី​ពាក់កណ្តាល​ខែ​មិថុនា លោក​ប៉ូល ម៉ាណាហ្វរ អតីត​ប្រធាន​ក្រុមឃោសនា​​បោះឆ្នោត របស់លោកដូណាល់​ត្រាំ ត្រូវ​តុលាការ​អាមេរិក​បើក​សនវការ​ជំនុំជម្រះ ចាប់ពីថ្ងៃអង្គារ (ក្នុងរយៈពេល​៣​សប្តាហ៍) ពី​បទ​គេចពន្ធ លាងលុយ។

ធ្លាប់​ជា​មនុស្ស​មាន​ឥទ្ធិពល និង​មាន​លុយ​ចាយវាយ​ហឺហារ នៅ​វ៉ាស៊ីនតោន លោក​ប៉ូល ម៉ាណាហ្វរ ​បាន​ធ្លាក់ខ្លួន និង​ត្រូវ​អាជ្ញាធរ​អាមេរិក​ចាប់ឃុំខ្លួន ទៅតាម​ការចោទប្រកាន់​របស់​រដ្ឋអាជ្ញា​ពិសេស លោក Robert Mueller ដែល​កំពុង​ស៊ើបអង្កេត​លើ​ការលូកដៃ​របស់​រុស្ស៊ី​ក្នុង​ការបោះឆ្នោត អាមេរិក។

ទោះជា​រដ្ឋអាជ្ញា​ពិសេស ជា​អ្នកផ្តើម​គំនិត​ឲ្យ​មាន​ការចាប់ខ្លួន លោក​ប៉ូល ម៉ាណាហ្វរ​ក្តី ប៉ុន្តែ អតីត​ប្រធាន​ក្រុមឃោសនា​បោះឆ្នោត​របស់​លោកដូណាល់ ត្រាំ នឹង​ត្រូវ​តុលាការ​បើក​ការជំនុំជម្រះតែ​ទៅលើ​បទចោទប្រកាន់ ពី​បទ​លាងលុយ និង​លួចគេចពន្ធ តែប៉ុណ្ណោះ។ នៅ​ខែ​កញ្ញា​ខាងមុខ អតីត​ប្រធានក្រុមឃោសនា​បោះឆ្នោត​របស់លោកដូណាល់ ត្រាំ នឹង​ត្រូវ​នាំខ្លួន​មក​ជំនុំជម្រះ​ម្តងទៀត នៅក្នុង​បទចោទប្រកាន់ ស៊ុំគ្រលំ លាងលុយ ដើម្បី​ផលប្រយោជន៍​របស់​មេដឹកនាំបរទេស។ ក្រុមស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស សង្ឃឹមថា សវនការ​ជំនុំជម្រះលោកប៉ូល ​ម៉ាណាហ្វរ នឹង​ផ្តល់​ពន្លឺ​ច្រើន សម្រាប់​ដំណើរការ ​ស៊ើបអង្កេត​លើ​ការលូកដៃ​របស់​រុស្ស៊ី​នៅក្នុង​ការបោះឆ្នោត​អាមេរិក ព្រោះថា លោក​ប៉ូល ម៉ាណាហ្វរ ធ្លាប់​ជួយ​អតីត​ប្រធានាធិបតី​អ៊ុយក្រែន ដែល​គាំទ្រ​រុស្ស៊ី មុន​នឹង​ក្លាយ​ជា​ប្រធាន​ចាត់ចែង​ការឃោសនា​បោះឆ្នោត​របស់លោកដូណាល់ ត្រាំ។

រង​បទចោទប្រកាន់​ចំនួន ១៨ ដែល​អាច​ឲ្យ​លោក​ប្រឈម​នឹង​ការកាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​យ៉ាងតិច ៣០ឆ្នាំ លោក​ម៉ាណាហ្វរ ជាមនុស្ស​តែម្នាក់គត់ ក្នុង​ចំណោម​ជនជាប់​សង្ស័យ​ជាង​៣០នាក់​របស់​រដ្ឋអាជ្ញា​ពិសេស ដែល​បានទាត់ចោល​ការចោទប្រកាន់ និង​បដិសេធ​មិន​ព្រមសហការ​ជាមួយ​ក្រុមអ្នកស៊ើបអង្កេត។ គេ​បាន​វាយតម្លៃ​ថា ដោយ​ធ្វើដូច្នេះ លោក​ប៉ូល ម៉ាណាហ្វរ ចង់​បង្ហាញ​ថា លោក​នៅតែ​ស្មោះត្រង់ នឹង​លោកដូណាល់ ត្រាំ និង​សង្ឃឹម​បាន​ទទួល​ការលើកលែង​ទោស​ពីប្រធានាធិបតី ក្នុង​ករណី​រងការផ្តន្ទាទោស​ពីតុលាការ។

ការឈាន​ទៅដាក់ទោស​ណាមួយ លើ​អតីត​មេក្រុម​ឃោសនា​របស់​លោកដូណាល់ ត្រាំ អាច​ជា​ការបោះជំហាន​មួយ​ទៅមុខ របស់​ក្រុមស៊ើបអង្កេត របស់​រដ្ឋអាជ្ញាពិសេស នៅក្នុង​សំណុំរឿង​លូកដៃ​របស់​រុស្ស៊ី ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ នៅ​ចុងសប្តាហ៍មុននេះ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​និយាយ​ដដែល​ឡើងវិញថា គ្មានទេ ការជាប់ពាក់ព័ន្ធ​របស់​រុស្ស៊ី ក្នុង​ការបោះឆ្នោត និង​បាន​​បរិហាររិះគន់ ការតាមចាប់​ប្រមាញ់​មេធ្មប់ របស់​លោក​រដ្ឋអាជ្ញា​ពិសេស ​Robert Mueller៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ