លោកដូណាល់ត្រាំប្រាប់រដ្ឋមន្រ្តីយុត្តធម៌ឲ្យបិទបញ្ចប់ការស៊ើបអង្កេតលើសំណុំរឿងរុស្ស៊ី
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃពុធម្សិលមិញបានសរសេរសារTwitter ប្រាប់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិក លោកJeff Seesions ឲ្យបិទបញ្ចប់ដំណើរការស៊ើបអង្កេតលើការលូកដៃរបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតី អាមេរិក។ នៅមួយថ្ងៃក្រោយ ប្រធានក្រុមឃោសនាបោះឆ្នោតរបស់លោក ត្រូវខ្លួនទៅជំនុំជម្រះនៅតុលាការក្រុងវ៉ាស៊ីនតោន លោកដូណាល់ត្រាំ បាននិយាយប្រាប់ឲ្យរដ្ឋមន្រ្តីរបស់លោកឲ្យបិទបញ្ចប់ការស៊ើបអង្កេត ដែលកំពុងរំខានអាណត្តិប្រធានាធិបតីរបស់លោក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៤១
នៅក្នុងសារTwitter ប្រធានាធិបតី អាមេរិក បានវាយតម្លៃថា រដ្ឋមន្រ្តីយុត្តិធម៌ លោកJeff Sessions គួរត្រូវបិទបញ្ចប់ជាបន្ទាន់ ការស៊ើបអង្កេតទៅលើការជាប់ពាក់ព័ន្ធរវាងរុស្ស៊ី ហើយនិងក្រុមឃោសនាបោះឆ្នោតរបស់លោក នៅក្នុងអំឡុងបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦។ លោកដូណាល់ ត្រាំ ធ្លាប់បានបរិហាររហូតមក ថា ដំណើរការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស ជាការប្រឌិតរឿងដើម្បីតាមប្រមាញ់ចាប់មេធ្មប់។ នៅក្នុងបណ្តាញសង្គមTwitterនៅថ្ងៃម្សិលមិញ លោកប្រធានាធិបតី អាមេរិកបានបញ្ជាក់ប្រាប់រដ្ឋមន្រ្តីយុត្តិធម៌ត្រូវបិទបញ្ចប់សំណុំរឿងស៊ើបអង្កេតមួយនេះ នៅមុនពេលដែលវាធ្វើឲ្យប្រលាក់ខូចឈ្មោះអាមេរិក។
នៅក្នុងសំណុំរឿងស៊ើបអង្កេតលើការលូកដៃរបស់រុស្ស៊ី ក្នុងការបោះឆ្នោតអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានសរសេររិះគន់ បរិហារជាថ្មី រដ្ឋអាជ្ញាពិសេស លោកRobert Mueller ថា ធ្លាប់មានជម្លោះផលប្រយោជន៍ជាមួយលោក។ កន្លងមក ដើម្បីដកសិទ្ធិរបស់លោក Robert Mueller ពីតួនាទីជារដ្ឋអាជ្ញាពិសេស លោកដូណាល់ ត្រាំ ធ្លាប់បានលើកឡើងរួចហើយពីជម្លោះផលប្រយោជន៍ រវាងលោក ហើយនិង ប៉ុន្តែមិនដែលនិយាយលម្អិតនោះទេ។ ទើបតែនៅថ្ងៃអាទិត្យ លោកដូណាល់ ត្រាំបានសរសេរថា លោកRobert Mueller មានជម្លោះផលប្រយោជន៍ជាមួយលោក ក្នុងរឿងមុខជំនួញ ហើយនិងថា លោកធ្លាប់បានបដិសេធមិនព្រមតែងតាំង លោកRobert Mueller ជាប្រធានប៉ូលិសFBI។
តាមកាសែតNew York Times ចុះផ្សាយកាលពីខែមករាដើមឆ្នាំនេះ លោកដូណាល់ ត្រាំចង់ដកលោកRobert Mueller ពីតំណែងរដ្ឋអាជ្ញាពិសេស ស៊ើបអង្កេតលើសំណុំរឿងរុស្ស៊ី តាំងពីពាក់កណ្តាលឆ្នាំ មុនម្ល៉េះ ប៉ុន្តែ លោកបានឈប់ទៅវិញ បន្ទាប់ពីមានពាក្យគំរាមលាលែងពីតំណែងរបស់ទីប្រឹក្សាច្បាប់របស់លោកនៅសេតវិមាន។
លោករដ្ឋមន្រ្តីយុត្តិធម៌ Jeff Sessionsផ្ទាល់ ក៏គ្មានសមត្ថភាព លូកដៃអន្តរាគមន៍ក្នុងការដំណើរការស៊ើបអង្កេតលើសំណុំរឿងរុស្ស៊ីនេះដែរ ពីព្រោះលោកបានប្រកាសដកខ្លួន នៅក្រោយពេលលោកបានខកខានមិនបានជូនដំណឹងទៅព្រឹទ្ធសភា ពីជំនួបរវាងលោក ហើយនិងឯកអគ្គរដ្ឋទូតរុស្ស៊ី នៅមុនពេលលោកចូលធ្វើអ្នកទទួលខុសត្រូវលើយុទ្ធនាការឃោសនាបោះឆ្នោតឲ្យលោកដូណាល់ត្រាំ។ គឺ អនុរដ្ឋមន្រ្តីយុត្តិធម៌ លោក Rod Rosenstein ដែលជាអ្នកជ្រើសតាំងអតីតមេប៉ូលិស FBI លោកRobert Mueller ឲ្យធ្វើជារដ្ឋអាជ្ញាពិសេស ដែលស៊ើបអង្កេតទៅលើការលូកដៃរបស់រុស្ស៊ី ក្នុងការបោះឆ្នោតប្រធានាធិបតី។ ការិយាល័យរបស់រដ្ឋអាជ្ញាពិសេសស្រាវជ្រាវចង់ដឹងផងដែរថា លោកដូណាល់ ត្រាំ មានបានប៉ុនប៉ងរំខានការងារស៊ើបអង្កេតរបស់តុលាការដែរឬទេ។ នៅអតីតកាល ការប៉ុនប៉ងរបស់ប្រធានាធិបតីដើម្បីរារាំង ការងាររបស់ក្រុមស៊ើបអង្កេតបានជំរុញឲ្យសភាអាមេរិកបោះឆ្នោតទម្លាក់ លោកNexion ចេញពីតំណែងប្រធានាធិបតី៕
នៅក្នុងរបាយការណ៍ចេញផ្សាយជាផ្លូវការនៅខែមករា ឆ្នាំ ២០១៧ គឺនៅមុនស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ លោកដូណាល់ ត្រាំ ទីភ្នាក់ងារCIA FBI ហើយនិងNSAបានសន្និដ្ឋានថា មានការលូកដៃរបស់រុស្ស៊ី ដើម្បីជួយលោកដូណាល់ ត្រាំ ឈ្នះ លើគូប្រកួតប្រជែង គឺលោកស្រី ហីឡារី គ្លីនតុន ដែលគ្មានជំហរទន់ភ្លន់ជាមួយរុស្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ