ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/09 12h00 GMT

តុលាការ​អាមេរិក​បញ្ជា​ឲ្យ​ផ្អាក​គំរូប្លង់ កាំភ្លើងដែល​​ផលិត​ចេញពី​ម៉ាស៊ីនបោះពុម្ព​3D ​

តុលាការ​អាមេរិក​បញ្ជា​ឲ្យ​ផ្អាក​គំរូប្លង់ កាំភ្លើងដែល​​ផលិត​ចេញពី​ម៉ាស៊ីនបោះពុម្ព​3D  ​
 
កាំភ្លើង​ជ័រ​ដែល​ផលិតចេញពី​ម៉ាស៊ីន​បោះពុម្ព3Dដែល​ត្រូវ​បាន​តុលាការ​អាមេរិក​សម្រេច​ឲ្យ​ផ្អាក​បណ្តោះអាសន្ន នៅថ្ងៃទី ៣១ កក្កដា ២០១៨ Robert MacPherson / AFP

តុលាការ​អាមេរិក នៅថ្ងៃ​អង្គារ​ម្សិលមិញ បាន​ចេញ​បញ្ជា​ឲ្យ​គេ​ផ្អាកជា​បណ្តោះអាសន្ន ការចែកចាយ​​គំរូព័ត៌មាន ដែល​អាចគេ​យក​ទៅ​ប្រើ​សម្រាប់​​ផលិត​​​កាំភ្លើង ជាមួយ​ម៉ាស៊ីន​បោះពុម្ព 3D។ ការសម្រេច​របស់​តុលាការ​រដ្ឋSeattle​ធ្វើឡើង​ទៅតាម​បណ្តឹង​របស់​រដ្ឋអាជ្ញារ​មក​ពី​រដ្ឋ​ចំនួន​៨​របស់​អាមេរិក ដែល​បារម្ភ​ពី​គ្រោះថ្នាក់​នៃ​កាំភ្លើង ដែល​អំណឹះតទៅ គេ​អាច​ផលិត​នៅតាម​ផ្ទះ និង​តាម​ចិត្តចង់។

តាមគម្រោង ប្លង់ ឬ​គំរូ​ព័ត៌មាន​សម្រាប់​បោះពុម្ព​កាំភ្លើង​ចេញ​ពី​​ម៉ាស៊ីន​បោះពុម្ព3D ត្រូវ​ដាក់​បង្ហោះ​តាម​អ៊ីនធ័រនែត ចាប់តាំង​ពីថ្ងៃទី​១​សីហា​នេះតទៅ បន្ទាប់​ពីក្រុមហ៊ុនចែកចាយ​អាវុធ បាន​ទទួល​ការអនុញ្ញាតិ​ពី​រដ្ឋាភិបាល​អាមេរិក កាលពី​ចុងខែ​មិថុនា​កន្លងទៅ។ ស្ថាបនិករបស់​ក្រុមហ៊ុន​ចែកចាយ​អាវុធ ដែល​ជា​ផ្តួចផ្តើម​គំនិត​ឲ្យ​មានផលិត​អាវុធ តាម​រយៈ​ម៉ាស៊ីន​បោះពុម្ព​3D បាន​លើកឡើង​ពី​សករាជ​ដែល​មនុស្ស​គ្រប់រូប​អាច​​ផលិត​កាំភ្លើងបាន​ដោយខ្លួនឯង។

 

នៅ អាមេរិក តុលាការ​សហព័ន្ធ​របស់​រដ្ឋSeattle កាលពី​ថ្ងៃ​អង្គារម្សិលមិញ បាន​ចេញបញ្ជា​ឲ្យ​គេ​ផ្អាក​ជា​បណ្តោះអាសន្ន ការចែកចាយ គំរូប្លង់ ដែល​គេ​អាច​ទាញ​យក​ចេញពី​អ៊ីនធ័រនែត សម្រាប់​​ផលិត​កាំភ្លើងចេញ​ពី ម៉ាស៊ីន​បោះពុម្ព3D។ ជាមួយ​នឹង​គំរូប្លង់ ដែល​កសាង​រចនា​ដោយ​ ដោយក្រុមហ៊ុន​ចែកចាយ​អាវុធ គេ​អាច​ផលិត​កាំភ្លើង នៅតាម​ផ្ទះ ជាមួយ​នឹង​​​ម៉ាស៊ីន​បោះពុម្ព3D។

សេចក្តីសម្រេច​របស់​​តុលាការ​អាមេរិកធ្វើឡើង​នៅមួយថ្ងៃ​មុន​ដែល​​ក្រុមហ៊ុន​ចែកចាយ​អាវុធ ត្រូវ​ដាក់​បង្ហោះ​ជាផ្លូវការ គំរូប្លង់​សម្រាប់​ផលិត​កាំភ្លើង​ចេញពីម៉ាស៊ីន​បោះពុម្ព 3Dដែល​ត្រូវ​ធ្វើ​ពីថ្ងៃទី​១​សីហានេះទៅ។ តុលាការ​សម្រេច​យ៉ាងដូច្នេះ ទៅតាម​បណ្តឹង​តវ៉ា​របស់​រដ្ឋអាជ្ញា​របស់​រដ្ឋ​ជាច្រើន​របស់​អាមេរិក ហើយ​និង​ការតវ៉ា​ប្រឆាំង​របស់​អ្នកតំណាងរាស្រ្ត​មកពីគណបក្ស​ប្រជាធិបតេយ្យ។

ការចែកចាយ​គំរូប្លង់​ផលិត​កាំភ្លើង​ចេញពី​ម៉ាស៊ីនបោះពុម្ព3D ត្រូវ​ចាប់ផ្តើម​ជា​ផ្លូវការពីថ្ងៃ​ពុធទី​១ សីហា ប៉ុន្តែ ស្ថាបនិក​របស់​ក្រុមហ៊ុន​ចែកចាយ​អាវុធ បាន​និយាយ​ប្រាប់​ទស្សនាវដ្តី​អាមេរិកនៅថ្ងៃអង្គារ​ម្សិលមិញ​ថា គំរូប្លង់​ត្រូវ​បាន​ដាក់​បង្ហោះ នៅលើ​វិបសៃតិ៍​របស់​ក្រុមហ៊ុន​ តាំងពី​ថ្ងៃ សុក្រ​សប្តាហ៍មុនម្ល៉េះ និង​ថា គំរូប្លង់​កាំភ្លើង ត្រូវ​បាន​គេ​ទាញចម្លងចេញ ច្រើនជាង​១​ពាន់លើក ​ពី​វិបសៃតិ៍ ដែល​នៅក្នុងនោះ​មាន​ដែរ គំរូប្លង់ សម្រាប់​ផលិត​កាំភ្លើង​ស្វ័យប្រវត្តិប្រភេទ AR 15 ដែលឃាតករ​ប្រើកន្លងទៅ សម្រាប់​បាញ់​រះ ​សម្លាប់​មនុស្ស នៅ​តាម​សាលារៀន​នៅអាមេរិក ត្រូវ​បាន​ថតចម្លង​ចេញពី វិបសៃតិ៍​ច្រើន​ជាង​១០០​ដង។

សម្រាប់​រដ្ឋអាជ្ញារដ្ឋ​ញូវយ៉ក ដែល​ជា​ម្ចាស់​ដើមបណ្តឹង​មួយប្រឆាំង​នឹង​ការដាក់​ចែកចាយ​គំរូប្លង់​កាំភ្លើង​របស់យុវជន Cody Wilson វា​ជា​រឿង​ឆ្កួតលីលា ដែលគេ​​កំពុង​ផ្តល់​គំនិត ផ្តល់​ឱកាស​ឲ្យ​ឧក្រិដ្ឋ​ជន អាចផលិត​កាំភ្លើងតាម​ចិត្ត​ចង់ ដោយ​គ្រាន់តែ​ត្រូវការ​ម៉ាស៊ីនបោះពុម្ព3D។ ជាមួយ​នឹង​ គំរូប្លង់​ផលិត​កាំភ្លើង​ចេញពី​ម៉ាស៊ីនបោះពុម្ព3D ការប្រើប្រាស់​អាវុធ នឹង​មាន​កើនឡើង រីកសាយភាយ នៅទូទាំងពិភពលោក ហើយ​វា​រឹត​តែ​គ្រោះថ្នាក់​ទៅទៀត នៅពេល​ដែល​គំរូប្លង់​ផលិត​កាំភ្លើង ធ្លាក់ទៅក្នុង​ដៃ​របស់​ភេរវជន។ ជាមួយ​នឹង​ការផលិត​កាំភ្លើង​ដោយ​ខ្លួនឯង គេ​លែង​អាច​កំណត់ និង​ចាប់​បាន​ឃាតករ​ម្ចាស់​កាំភ្លើង​ ព្រោះថាកាំភ្លើង​ផលិត​ចេញពី​ម៉ាស៊ីនបោះពុម្ព3D គ្មាន​លេខសេរី គ្មាន​ឈ្មោះ​ម្ចាស់​អ្នកប្រើនោះទេ។ ហើយ​ដោយ​សារ​កាំភ្លើងផលិត​ចេញពី​​ម៉ាស៊ីនបោះពុម្ព3D ជា​កាំភ្លើង​ធ្វើឡើង​ពី​ជ័រឹងទៅទៀត នោះ គឺ​គេ​រឹត​តែ​មិន​តាមដាន ចាប់បាន​សញ្ញា របស់​វាបាន​ទេ ជាមួយ នឹង​​ម៉ាស៊ីននៅ​តាម​ច្រក​ត្រួតពិនិត្យ​សន្តិសុខ​ ដែល​អាចមាន​សមត្ថភាព ចាប់​បាន​តែ​ធាតុដែកនោះ។

សមាជិក​សភា​អ្នកតំណាងរាស្រ្ត​មក​ពី​គណបក្ស​ប្រឆាំងហ៊ាន​ទាំង​និយាយថា ដោយសារ​តែ​គេ​មិនអាច​ចាប់បាន​សញ្ញាកាំភ្លើង​ជ័រ ប៉ុន្តែ ដែល​អាច​បាញ់​គ្រាប់កាំភ្លើងពិត ឃាតករគឺ​អាច​ដើរចូល​ក្នុង​សភា ដោយព្រងើយ ជាមួយ​នឹង​កាំភ្លើងដែល​ផលិតចេញពី​ម៉ាស៊ីនបោះពុម្ព3D ​និង​អាច​បាញ់​សម្លាប់​អ្នកតំណាងរាស្រ្ត ដែល​កំពុង​តែ​ធ្វើ​ច្បាប់​ទាមទារ​ឲ្យមានការរឹតបន្តឹង​ការប្រើប្រាស់​អាវុធ ក៏អាច​ថាបានដែរ។

តើ​ស្ថាបនិក​ផលិត​គំរូប្លង់​កាំភ្លើង​ផលិត​ចេញពី​ម៉ាស៊ីន​​​បោះពុម្ព3Dជាអ្នកណា?

គំនិត​ផលិត​អាវុធ​ដោយ​ខ្លួន​ឯង ដោយ​ប្រើ​ម៉ាស៊ីនបោះពុម្ព 3D កើតចេញ​មក​ពី យុវជន​អាមេរិកាំង​ម្នាក់​ ដែល​រៀនផ្នែក​ច្បាប់​នៅ​រដ្ឋតិចសាស់។ នៅ​ឆ្នាំ ២០១៣ យុវជនCody Wilson អាយុ២៣​ឆ្នាំ ដែល​ជា​ស្ថាបនិក និ​ងប្រធាន​ក្រុមហ៊ុន​ចែកចាយ​អាវុធ បាន​បង្ហាញ​កាំភ្លើងដំបូងគេ​នៅលើលោក ដែល​ផលិត​ចេញមក​ពីម៉ាស៊ីន​បោះពុម្ព 3D។ តាម​វីដេអូ​របស់​ក្រុមហ៊ុន​ចែកចាយ​អាវុធ​របស់​យុវជន Cody Wilson ដំបូង​គេ​ត្រូវ​ផលិត​បន្លាស់ ឬ​ជា​ផ្នែកៗ ដើម្បី​យក​ទៅ​ផ្គុំ​ចេញ​ជា​កាំភ្លើងមួយបាន។

ម៉ាស៊ីន​បោះពុម្ព​កាំភ្លើង មាន​មុខងារ តួនាទី​ដូច​ម៉ាស៊ីន​បោះពុម្ព​សៀវភៅ ប៉ុន្តែ ជាមួយ​បច្ចេកវិទ្យា 3D វា​អាចបោះពុម្ព​ចេញទៅ​ជា​វត្ថុ ដែល​មាន​រូបរាង ទៅតាម​រូបគំរូ​ដែល​គេ​ចង់បានទៅវិញ។ ម៉ាស៊ីន​បោះពុម្ព 3D អាច​ផលិត​ចេញ​ជា​វត្ថុ ដែល​ធ្វើ​ពីដែក ឬជ័រ ទៅតាម​វត្ថុធាតុដើម​ដែល​គេ​ប្រើ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ប្លង់គំរូ កាំភ្លើង​ដែលរចនា ​ផលិត​ចេញពី​ម៉ាស៊ីនបោះពុម្ព3D របស់​ក្រុមហ៊ុន​ចែកចាយ​អាវុធ ជា​កាំភ្លើងជ័ររឹង ប៉ុន្តែវា​អាច​បាញ់​គ្រាប់កាំភ្លើង​ពិតៗ ដូច​ជា​កាំភ្លើង​ធម្មតា​អីចឹង។

បើសិន​គំរូប្លង់ កាំភ្លើង របស់​ក្រុមហ៊ុន​ចែកចាយ​អាវុធ​របស់​Cody Wilson ត្រូវ​ចែកចាយ ទូលំ​ទូលាយ​នៅ​តាម​អ៊ីនធ័រនែត នោះ​អ្នកណា​ក៏​អាច​ផលិត​កាំភ្លើងបាន​ដែរ ដោយ​មិន​ចាំបាច់​សុំ​ការអនុញ្ញាតិ ឬ​ចំណាយ​លុយ​ច្រើន​នោះទេ។ បន្ថែម​ពី​លើ​គំរូប្លង់​ដែល​គេ​អាចទាញ​យក​ចេញ​ពីអ៊ីនធ័រនែត គេគ្រាន់តែ​ត្រូវ​ការ​ម៉ាស៊ីនបោះពុម្ព3D មួយ​ដែល​មាន​តម្លៃ ប្រមាណ ២ពាន់​ដុល្លារ ហើយ​និង​វត្ថុធាតុ ដើម​ជ័រ ឬ​លោហៈ តម្លៃ​ប៉ុន្មាន​រយ​ដុល្លារ​តែប៉ុណ្ណោះ គឺ​គេ​អា​ចផលិត​កាំភ្លើង ដែល​មាន​ប្រសិទ្ធិភាព ដូច កាំភ្លើង​ធម្មតា​អីចឹង។

គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​សេតវិមាន​បកស្រាយ​ពី​កិច្ចព្រមព្រៀងចុះ​ជាមួយ Cody Wilson

ក្រុមហ៊ុន​ចែកចាយ​អាវុធ​របស់​Cody Wilson អាច​ចែកចាយ​ជាផ្លូវការ​គំរូប្លង់​ផលិត​អាវុធ ជាមួយ​ម៉ាស៊ីនបោះពុម្ព3D ដោយសារ​តែ​​មាន​ការភ្លើងខៀវ​ពី​ក្រសួងយុត្តិធម៌​អាមេរិក កាលពី​ខែ​មិថុនា​កន្លងទៅ។ រដ្ឋបាល​អាមេរិក​បាន​រកឃើញ​កិច្ចព្រមព្រៀង​មួយជាមួយ​ក្រុមហ៊ុន​របស់​Cody Wilson ដែល​នៅក្នុង​នោះ​រដ្ឋាភិបាល​បាន​អនុញ្ញាតិ​ឲ្យ​​ ជនជាតិ​អាមេរិកាំង​អាច​ផលិត ប្រើព័ត៌មាន​បច្ចេកទេស​ទាក់ទង​នឹង​ការផលិតអាវុធ​ចេញពី​ម៉ាស៊ីនបោះពុម្ព3D។ ទៅតាម​កិច្ចព្រមព្រៀង ចុះ​ដោយ​ស្ងាត់ៗ ក្រសួង​យុត្តិធម៌​អាមេរិក​បានយល់ព្រម​ឲ្យ​ស្ថាបនិក​របស់​ក្រុមហ៊ុន​ចែកចាយ​អាវុធ​​ទទួល​បាន​ប្រាក់​សំណង​៤ម៉ឺន​ដុល្លារ​ទៀត។

Cody Wilson បាន​ទទួល​សំណង​ជម្ងឺចិត្ត ៤ម៉ឺនដុល្លារ មានន័យថា ក្រសួងយុត្តិធម៌​អាមេរិក​បាន​កាត់ក្តី​ឲ្យ​Cody Wilsonឈ្នះក្រសួង​ការបរទេស​អាមេរិក ដែល​Cody Wilson បាន​ប្តឹង​ពីបទ​រំលោភសេរីភាព​បុគ្គល។ នៅ​ឆ្នាំ ២០១៣ នៅពេល​យុវជន Cody Wilson ដាក់​បង្ហោះ​ចែកចាយ​គំរូប្លង់​ផលិត​កាំភ្លើង ចេញពីម៉ាស៊ីនបោះពុម្ព3D ក្រសួងការបរទេស​អាមេរិក​បាន​ចេញបញ្ជា​ឲ្យ​Cody Wilson ដកចេញ​ជា​បន្ទាន់ពី​វិបសៃតិ៍​ជាបន្ទាន់។ Cody Wilson ដែល​បាន​សំអាង​លើ​កំណែទម្រង់​ពីរ នៃ​រដ្ឋធម្មនុញ្ញ ដែល​ទី១​មាន​ចែង​ពី​សេរីភាព​របស់​បុគ្គល និងទី២ មាន​ចែង​ពី​សិទ្ធិកាន់កាប់​អាវុធ​របស់ជនជាតិអាមេរិក បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ក្រសួងការបរទេស​អាមេរិក។

គេ​មិនដឹងថា ហេតុអ្វី បាន​ជា​រដ្ឋបាល​អាមេរិកសុខ​ចិត្តយល់ព្រម​ឲ្យ​ក្រុមហ៊ុនរបស់​Cody Wilson ចែកចែក​គំរូប្លង់ ផលិត​កាំភ្លើង ចេញពី​​ម៉ាស៊ីនបោះពុម្ព3Dនោះទេ។ នៅមុន​ការសម្រេច​របស់​តុលាការ​នៅថ្ងៃ​ម្សិលមិញម្ល៉េះ លោកដូណាល់ ត្រាំ ហាក់​បាន​ប្តូរជំហរ​មកវិញ ដោយ​សរសេរ​នៅក្នុង​Twitter​ថា លោកកំពុង​សិក្សា​លើ​ករណី​កាំភ្លើង​ផលិត​ចេញពី​ម៉ាស៊ីនបោះពុម្ព3D។ លោក​​បាន​ពិគ្រោះយោបល់​ជាមួយ​សមាគម​អាវុធ​ជាតិ​អាមេរិកNRA រួចហើយ និង​ថា វាហាក់ដូចជា​មិនចាំបាច់។

លោកដូណាល់ ត្រាំ អាច​ដូរចិត្តឈប់​ឲ្យមាន​ការផលិត​កាំភ្លើង​ចេញពី​ម៉ាស៊ីន​បោះពុម្ព គំរូប្លង់​សម្រាប់​ផលិត​កាំភ្លើង ត្រូវ​បាន​គេ​ទាញ​ថតចម្លង​ជាច្រើន​ពាន់​ដង​ពី​វិបសៃតិ៍។

Cody Wilson ដែលជា​មនុស្ស​ប្រឆាំង​នឹង​ការតាមដាន របស់​អាជ្ញាធរ ជាជន​អនាធិបតេយ្យ បាន​ប្តេជ្ញារួចហើយដែរថា នឹង​ចែកចាយ​គំរូប្លង់​ផលិត​អាវុធ​របស់ខ្លួន ឲ្យ​ទូលំទូលាយ ហូរហៀរ ដូចជា​ការលេចធ្លាយ ព័ត៌មាន​ធ្វើឡើង​ដោយ​វិបសៃតិ៍​Wikileakនាពេល​កន្លងមក​អីចឹង៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ​សហគ្រាសបច្ចេកវិទ្យា​​​​​រ៉ូបូ​ទូន្មាន​​​​​​ពី​​​គ្រោះថ្នាក់​នៃ​​​​អាវុធរ៉ូបូ​​ដែល​​អាច​​សម្លាប់​​​ជនស្លូតត្រង់​មិនរើសមុខ​​​​

    ស្វែងយល់បន្ថែម

  • សហរដ្ឋ​អាមេរិក ៖ ​​​កំណែទម្រង់ច្បាប់​គ្រប់គ្រង​​អាវុធ​របស់​លោក​អូបាម៉ា ចូល​វគ្គ​ផ្តាច់​ព្រ័ត្រ

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ច្បាប់​រដ្ឋ​អៃអូវ៉ា​បើក​សិទ្ធិ​ឲ្យ​ជនពិការ​ភ្នែក​ប្រើប្រាស់​អាវុធ

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ស.រ.អ.៖ សិស្ស​វិទ្យាល័យ​រាប់សែន​នាក់ រួមគ្នា​ដង្ហែរ​ក្បួន ប្រឆាំង​នឹង​សិទ្ធិ​កាន់​កាប់​អាវុធ

    ស្វែងយល់បន្ថែម

  • អាមេរិក​នឹង​អាច​ពង្រឹង​សព្វាវុធ​នុយក្លេអ៊ែរ ដើម្បី​ទុកការពារ​ខ្លួន

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ