តុលាការអាមេរិកបញ្ជាឲ្យផ្អាកគំរូប្លង់ កាំភ្លើងដែលផលិតចេញពីម៉ាស៊ីនបោះពុម្ព3D
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣០
តុលាការអាមេរិក នៅថ្ងៃអង្គារម្សិលមិញ បានចេញបញ្ជាឲ្យគេផ្អាកជាបណ្តោះអាសន្ន ការចែកចាយគំរូព័ត៌មាន ដែលអាចគេយកទៅប្រើសម្រាប់ផលិតកាំភ្លើង ជាមួយម៉ាស៊ីនបោះពុម្ព 3D។ ការសម្រេចរបស់តុលាការរដ្ឋSeattleធ្វើឡើងទៅតាមបណ្តឹងរបស់រដ្ឋអាជ្ញារមកពីរដ្ឋចំនួន៨របស់អាមេរិក ដែលបារម្ភពីគ្រោះថ្នាក់នៃកាំភ្លើង ដែលអំណឹះតទៅ គេអាចផលិតនៅតាមផ្ទះ និងតាមចិត្តចង់។ តាមគម្រោង ប្លង់ ឬគំរូព័ត៌មានសម្រាប់បោះពុម្ពកាំភ្លើងចេញពីម៉ាស៊ីនបោះពុម្ព3D ត្រូវដាក់បង្ហោះតាមអ៊ីនធ័រនែត ចាប់តាំងពីថ្ងៃទី១សីហានេះតទៅ បន្ទាប់ពីក្រុមហ៊ុនចែកចាយអាវុធ បានទទួលការអនុញ្ញាតិពីរដ្ឋាភិបាលអាមេរិក កាលពីចុងខែមិថុនាកន្លងទៅ។ ស្ថាបនិករបស់ក្រុមហ៊ុនចែកចាយអាវុធ ដែលជាផ្តួចផ្តើមគំនិតឲ្យមានផលិតអាវុធ តាមរយៈម៉ាស៊ីនបោះពុម្ព3D បានលើកឡើងពីសករាជដែលមនុស្សគ្រប់រូបអាចផលិតកាំភ្លើងបានដោយខ្លួនឯង។
នៅ អាមេរិក តុលាការសហព័ន្ធរបស់រដ្ឋSeattle កាលពីថ្ងៃអង្គារម្សិលមិញ បានចេញបញ្ជាឲ្យគេផ្អាកជាបណ្តោះអាសន្ន ការចែកចាយ គំរូប្លង់ ដែលគេអាចទាញយកចេញពីអ៊ីនធ័រនែត សម្រាប់ផលិតកាំភ្លើងចេញពី ម៉ាស៊ីនបោះពុម្ព3D។ ជាមួយនឹងគំរូប្លង់ ដែលកសាងរចនាដោយ ដោយក្រុមហ៊ុនចែកចាយអាវុធ គេអាចផលិតកាំភ្លើង នៅតាមផ្ទះ ជាមួយនឹងម៉ាស៊ីនបោះពុម្ព3D។
សេចក្តីសម្រេចរបស់តុលាការអាមេរិកធ្វើឡើងនៅមួយថ្ងៃមុនដែលក្រុមហ៊ុនចែកចាយអាវុធ ត្រូវដាក់បង្ហោះជាផ្លូវការ គំរូប្លង់សម្រាប់ផលិតកាំភ្លើងចេញពីម៉ាស៊ីនបោះពុម្ព 3Dដែលត្រូវធ្វើពីថ្ងៃទី១សីហានេះទៅ។ តុលាការសម្រេចយ៉ាងដូច្នេះ ទៅតាមបណ្តឹងតវ៉ារបស់រដ្ឋអាជ្ញារបស់រដ្ឋជាច្រើនរបស់អាមេរិក ហើយនិងការតវ៉ាប្រឆាំងរបស់អ្នកតំណាងរាស្រ្តមកពីគណបក្សប្រជាធិបតេយ្យ។
ការចែកចាយគំរូប្លង់ផលិតកាំភ្លើងចេញពីម៉ាស៊ីនបោះពុម្ព3D ត្រូវចាប់ផ្តើមជាផ្លូវការពីថ្ងៃពុធទី១ សីហា ប៉ុន្តែ ស្ថាបនិករបស់ក្រុមហ៊ុនចែកចាយអាវុធ បាននិយាយប្រាប់ទស្សនាវដ្តីអាមេរិកនៅថ្ងៃអង្គារម្សិលមិញថា គំរូប្លង់ត្រូវបានដាក់បង្ហោះ នៅលើវិបសៃតិ៍របស់ក្រុមហ៊ុន តាំងពីថ្ងៃ សុក្រសប្តាហ៍មុនម្ល៉េះ និងថា គំរូប្លង់កាំភ្លើង ត្រូវបានគេទាញចម្លងចេញ ច្រើនជាង១ពាន់លើក ពីវិបសៃតិ៍ ដែលនៅក្នុងនោះមានដែរ គំរូប្លង់ សម្រាប់ផលិតកាំភ្លើងស្វ័យប្រវត្តិប្រភេទ AR 15 ដែលឃាតករប្រើកន្លងទៅ សម្រាប់បាញ់រះ សម្លាប់មនុស្ស នៅតាមសាលារៀននៅអាមេរិក ត្រូវបានថតចម្លងចេញពី វិបសៃតិ៍ច្រើនជាង១០០ដង។
សម្រាប់រដ្ឋអាជ្ញារដ្ឋញូវយ៉ក ដែលជាម្ចាស់ដើមបណ្តឹងមួយប្រឆាំងនឹងការដាក់ចែកចាយគំរូប្លង់កាំភ្លើងរបស់យុវជន Cody Wilson វាជារឿងឆ្កួតលីលា ដែលគេកំពុងផ្តល់គំនិត ផ្តល់ឱកាសឲ្យឧក្រិដ្ឋជន អាចផលិតកាំភ្លើងតាមចិត្តចង់ ដោយគ្រាន់តែត្រូវការម៉ាស៊ីនបោះពុម្ព3D។ ជាមួយនឹង គំរូប្លង់ផលិតកាំភ្លើងចេញពីម៉ាស៊ីនបោះពុម្ព3D ការប្រើប្រាស់អាវុធ នឹងមានកើនឡើង រីកសាយភាយ នៅទូទាំងពិភពលោក ហើយវារឹតតែគ្រោះថ្នាក់ទៅទៀត នៅពេលដែលគំរូប្លង់ផលិតកាំភ្លើង ធ្លាក់ទៅក្នុងដៃរបស់ភេរវជន។ ជាមួយនឹងការផលិតកាំភ្លើងដោយខ្លួនឯង គេលែងអាចកំណត់ និងចាប់បានឃាតករម្ចាស់កាំភ្លើង ព្រោះថាកាំភ្លើងផលិតចេញពីម៉ាស៊ីនបោះពុម្ព3D គ្មានលេខសេរី គ្មានឈ្មោះម្ចាស់អ្នកប្រើនោះទេ។ ហើយដោយសារកាំភ្លើងផលិតចេញពីម៉ាស៊ីនបោះពុម្ព3D ជាកាំភ្លើងធ្វើឡើងពីជ័រឹងទៅទៀត នោះ គឺគេរឹតតែមិនតាមដាន ចាប់បានសញ្ញា របស់វាបានទេ ជាមួយ នឹងម៉ាស៊ីននៅតាមច្រកត្រួតពិនិត្យសន្តិសុខ ដែលអាចមានសមត្ថភាព ចាប់បានតែធាតុដែកនោះ។
សមាជិកសភាអ្នកតំណាងរាស្រ្តមកពីគណបក្សប្រឆាំងហ៊ានទាំងនិយាយថា ដោយសារតែគេមិនអាចចាប់បានសញ្ញាកាំភ្លើងជ័រ ប៉ុន្តែ ដែលអាចបាញ់គ្រាប់កាំភ្លើងពិត ឃាតករគឺអាចដើរចូលក្នុងសភា ដោយព្រងើយ ជាមួយនឹងកាំភ្លើងដែលផលិតចេញពីម៉ាស៊ីនបោះពុម្ព3D និងអាចបាញ់សម្លាប់អ្នកតំណាងរាស្រ្ត ដែលកំពុងតែធ្វើច្បាប់ទាមទារឲ្យមានការរឹតបន្តឹងការប្រើប្រាស់អាវុធ ក៏អាចថាបានដែរ។
តើស្ថាបនិកផលិតគំរូប្លង់កាំភ្លើងផលិតចេញពីម៉ាស៊ីនបោះពុម្ព3Dជាអ្នកណា?
គំនិតផលិតអាវុធដោយខ្លួនឯង ដោយប្រើម៉ាស៊ីនបោះពុម្ព 3D កើតចេញមកពី យុវជនអាមេរិកាំងម្នាក់ ដែលរៀនផ្នែកច្បាប់នៅរដ្ឋតិចសាស់។ នៅឆ្នាំ ២០១៣ យុវជនCody Wilson អាយុ២៣ឆ្នាំ ដែលជាស្ថាបនិក និងប្រធានក្រុមហ៊ុនចែកចាយអាវុធ បានបង្ហាញកាំភ្លើងដំបូងគេនៅលើលោក ដែលផលិតចេញមកពីម៉ាស៊ីនបោះពុម្ព 3D។ តាមវីដេអូរបស់ក្រុមហ៊ុនចែកចាយអាវុធរបស់យុវជន Cody Wilson ដំបូងគេត្រូវផលិតបន្លាស់ ឬជាផ្នែកៗ ដើម្បីយកទៅផ្គុំចេញជាកាំភ្លើងមួយបាន។
ម៉ាស៊ីនបោះពុម្ពកាំភ្លើង មានមុខងារ តួនាទីដូចម៉ាស៊ីនបោះពុម្ពសៀវភៅ ប៉ុន្តែ ជាមួយបច្ចេកវិទ្យា 3D វាអាចបោះពុម្ពចេញទៅជាវត្ថុ ដែលមានរូបរាង ទៅតាមរូបគំរូដែលគេចង់បានទៅវិញ។ ម៉ាស៊ីនបោះពុម្ព 3D អាចផលិតចេញជាវត្ថុ ដែលធ្វើពីដែក ឬជ័រ ទៅតាមវត្ថុធាតុដើមដែលគេប្រើ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ប្លង់គំរូ កាំភ្លើងដែលរចនា ផលិតចេញពីម៉ាស៊ីនបោះពុម្ព3D របស់ក្រុមហ៊ុនចែកចាយអាវុធ ជាកាំភ្លើងជ័ររឹង ប៉ុន្តែវាអាចបាញ់គ្រាប់កាំភ្លើងពិតៗ ដូចជាកាំភ្លើងធម្មតាអីចឹង។
បើសិនគំរូប្លង់ កាំភ្លើង របស់ក្រុមហ៊ុនចែកចាយអាវុធរបស់Cody Wilson ត្រូវចែកចាយ ទូលំទូលាយនៅតាមអ៊ីនធ័រនែត នោះអ្នកណាក៏អាចផលិតកាំភ្លើងបានដែរ ដោយមិនចាំបាច់សុំការអនុញ្ញាតិ ឬចំណាយលុយច្រើននោះទេ។ បន្ថែមពីលើគំរូប្លង់ដែលគេអាចទាញយកចេញពីអ៊ីនធ័រនែត គេគ្រាន់តែត្រូវការម៉ាស៊ីនបោះពុម្ព3D មួយដែលមានតម្លៃ ប្រមាណ ២ពាន់ដុល្លារ ហើយនិងវត្ថុធាតុ ដើមជ័រ ឬលោហៈ តម្លៃប៉ុន្មានរយដុល្លារតែប៉ុណ្ណោះ គឺគេអាចផលិតកាំភ្លើង ដែលមានប្រសិទ្ធិភាព ដូច កាំភ្លើងធម្មតាអីចឹង។
គណបក្សប្រឆាំងទាមទារឲ្យសេតវិមានបកស្រាយពីកិច្ចព្រមព្រៀងចុះជាមួយ Cody Wilson
ក្រុមហ៊ុនចែកចាយអាវុធរបស់Cody Wilson អាចចែកចាយជាផ្លូវការគំរូប្លង់ផលិតអាវុធ ជាមួយម៉ាស៊ីនបោះពុម្ព3D ដោយសារតែមានការភ្លើងខៀវពីក្រសួងយុត្តិធម៌អាមេរិក កាលពីខែមិថុនាកន្លងទៅ។ រដ្ឋបាលអាមេរិកបានរកឃើញកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនរបស់Cody Wilson ដែលនៅក្នុងនោះរដ្ឋាភិបាលបានអនុញ្ញាតិឲ្យ ជនជាតិអាមេរិកាំងអាចផលិត ប្រើព័ត៌មានបច្ចេកទេសទាក់ទងនឹងការផលិតអាវុធចេញពីម៉ាស៊ីនបោះពុម្ព3D។ ទៅតាមកិច្ចព្រមព្រៀង ចុះដោយស្ងាត់ៗ ក្រសួងយុត្តិធម៌អាមេរិកបានយល់ព្រមឲ្យស្ថាបនិករបស់ក្រុមហ៊ុនចែកចាយអាវុធទទួលបានប្រាក់សំណង៤ម៉ឺនដុល្លារទៀត។
Cody Wilson បានទទួលសំណងជម្ងឺចិត្ត ៤ម៉ឺនដុល្លារ មានន័យថា ក្រសួងយុត្តិធម៌អាមេរិកបានកាត់ក្តីឲ្យCody Wilsonឈ្នះក្រសួងការបរទេសអាមេរិក ដែលCody Wilson បានប្តឹងពីបទរំលោភសេរីភាពបុគ្គល។ នៅឆ្នាំ ២០១៣ នៅពេលយុវជន Cody Wilson ដាក់បង្ហោះចែកចាយគំរូប្លង់ផលិតកាំភ្លើង ចេញពីម៉ាស៊ីនបោះពុម្ព3D ក្រសួងការបរទេសអាមេរិកបានចេញបញ្ជាឲ្យCody Wilson ដកចេញជាបន្ទាន់ពីវិបសៃតិ៍ជាបន្ទាន់។ Cody Wilson ដែលបានសំអាងលើកំណែទម្រង់ពីរ នៃរដ្ឋធម្មនុញ្ញ ដែលទី១មានចែងពីសេរីភាពរបស់បុគ្គល និងទី២ មានចែងពីសិទ្ធិកាន់កាប់អាវុធរបស់ជនជាតិអាមេរិក បានដាក់ពាក្យបណ្តឹងប្តឹងក្រសួងការបរទេសអាមេរិក។
គេមិនដឹងថា ហេតុអ្វី បានជារដ្ឋបាលអាមេរិកសុខចិត្តយល់ព្រមឲ្យក្រុមហ៊ុនរបស់Cody Wilson ចែកចែកគំរូប្លង់ ផលិតកាំភ្លើង ចេញពីម៉ាស៊ីនបោះពុម្ព3Dនោះទេ។ នៅមុនការសម្រេចរបស់តុលាការនៅថ្ងៃម្សិលមិញម្ល៉េះ លោកដូណាល់ ត្រាំ ហាក់បានប្តូរជំហរមកវិញ ដោយសរសេរនៅក្នុងTwitterថា លោកកំពុងសិក្សាលើករណីកាំភ្លើងផលិតចេញពីម៉ាស៊ីនបោះពុម្ព3D។ លោកបានពិគ្រោះយោបល់ជាមួយសមាគមអាវុធជាតិអាមេរិកNRA រួចហើយ និងថា វាហាក់ដូចជាមិនចាំបាច់។
លោកដូណាល់ ត្រាំ អាចដូរចិត្តឈប់ឲ្យមានការផលិតកាំភ្លើងចេញពីម៉ាស៊ីនបោះពុម្ព គំរូប្លង់សម្រាប់ផលិតកាំភ្លើង ត្រូវបានគេទាញថតចម្លងជាច្រើនពាន់ដងពីវិបសៃតិ៍។
Cody Wilson ដែលជាមនុស្សប្រឆាំងនឹងការតាមដាន របស់អាជ្ញាធរ ជាជនអនាធិបតេយ្យ បានប្តេជ្ញារួចហើយដែរថា នឹងចែកចាយគំរូប្លង់ផលិតអាវុធរបស់ខ្លួន ឲ្យទូលំទូលាយ ហូរហៀរ ដូចជាការលេចធ្លាយ ព័ត៌មានធ្វើឡើងដោយវិបសៃតិ៍Wikileakនាពេលកន្លងមកអីចឹង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ