អានតួអត្ថបទ
កាណាដា-អារ៉ាប៊ី សាអូឌីត

បញ្ហាសិទ្ធិមនុស្ស​ធ្វើ​ឲ្យ​អារ៉ាប៊ី សាអូឌីត​ផ្ទុះវិបត្តិការទូត​ជាមួយ​កាណាដា

វិបត្តិ​ការទូត កាណាដា និង​អារ៉ាប៊ី សាអូឌីត​ កាន់តែ​ធ្លាក់ធ្ងន់ធ្ងរ។ រដ្ឋាភិបាល​កាណាដា នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ប្រកាស​រក្សា ជំហរ ការពារ​បញ្ហា​សិទ្ធិមនុស្ស នៅ​អារ៉ាប៊ី សាអូឌីត និង​បាន​ទាមទារ​ឲ្យ​ក្រុង​រីយ៉ាដ ពន្យល់​ពីរឿង​ដែល​ឯកអគ្គរាជទូត​កាណាដា ត្រូវបណ្តេញ​ចេញ ពី​ប្រទេស​អារ៉ាប៊ី សាអូឌីត។ ជំហរ​មិន​ផ្លាស់ប្តូរ របស់​កាណាដា បានធ្វើឲ្យ​អារ៉ាប៊ី សាអូឌីត​ដែ​ចោទប្រកាន់​កាណាដា​ថា បាន​លូកដៃ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន ប្រកាស​ចាត់វិធានការ​បន្ថែម ថ្មី ប្រឆាំង កាណាដា ពីលើ​ការប្រកាស​ផ្អាកព្យួរ ការដោះដូរ​ពាណិជ្ជកម្ម​ថ្មីៗ​រវាង​ប្រទេស​ទាំងពីរ។ 

រដ្ឋមន្រ្តីការបរទេស​កាណាដា លោកស្រី Chrystia Freeland​
រដ្ឋមន្រ្តីការបរទេស​កាណាដា លោកស្រី Chrystia Freeland​ REUTERS/Edgard Garrido
ផ្សាយពាណិជ្ជកម្ម

ភាពតានតឹង​ការទូត ដ៏ធ្ងន់ធ្ងរ មិន​ធ្លាប់មាន​រវាង​កាដាណា និង​អារ៉ាប៊ី សាអូឌីត កាន់តែ​ធ្លាក់ចុះ​អាក្រក់ មួយកម្រិតទៀត បន្ទាប់​ពី​កាណាដា នៅល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​បញ្ជាក់ ជំហរ មិន​ផ្លាស់ប្តូរ​របស់​កាណាដា ក្នុង​រឿង​ទាមទារ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត។ ឆ្លើយ​ទៅនឹង​អ្នកកាសែត នៅ​ទីក្រុង​អូតាវ៉ា រដ្ឋមន្រ្តី​ការបរទេស​កាណាដា លោកស្រី Chrystia Freeland​ប្រតិកម្ម​ជាលើកទី១ នៅក្រោយ​ការបណ្តេញ​ឯកអគ្គរាជទូត​កាណាដា​ពី​ប្រទេស​អារ៉ាប៊ី សាអូឌីត​ថា កាណាដា​នៅ​តែ​ការពារ​ជានិច្ច​សិទ្ធិមនុស្ស សិទ្ធិស្រ្តី នៅក្នុង​ពិភពលោក។

កាល​ពី​ថ្ងៃ​ចន្ទ រដ្ឋាភិបាល​អារ៉ាប៊ី សាអូឌីត​បាន​ធ្វើ​ឲ្យ​គេភ្ញាក់ផ្អើល​ខ្លាំង ដោយ​បាន​ប្រកាស​បណ្តេញ​ឯកអគ្គរាជទូត កាណាដា ឲ្យ​ចាកចេញ​ពី​ទឹកដី​របស់​ខ្លួន ក្នុង​រយៈពេល ២៤ម៉ោង។ ការសម្រេចចិត្ត​យ៉ាងដូច្នេះ​របស់​អារ៉ាប៊ី សាអូឌីត ធ្វើឡើង​នៅក្រោយ ឯកអគ្គរាជទូត​របស់​កាណាដា ប្រចាំ​ក្រុង​រីយ៉ាដ នៅក្នុង​សារ​Twitter បាន​សំដែង​ការព្រួយបារម្ភ​ពីការចាប់ខ្លួន​កាន់តែច្រើន​សកម្មជន​ការពារ​សិទ្ធិមនុស្ស​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត។

នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​ត្រូវ​បាន​អាន​តាមទូរទស្សន៍​រដ្ឋ រដ្ឋមន្រ្តីការបរទេស​អារ៉ាប៊ីសាអូឌីត​បាន​បញ្ជាក់ថា រាជាណាចក្រ​ប្រកាន់ជំហរ​មិនជ្រៀតជ្រែក​ក្នុង​កិច្ចការផ្ទៃក្នុង​របស់​ប្រទេស​ដទៃ។ ដូច្នេះ ប្រទេស​ផ្សេងទៀត ក៏មិនត្រូវ​លូកដៃ ក្នុង​កិច្ចការផ្ទៃក្នុង ហើយឈឺឆ្អាល​ក្នុង​ទំនាក់ទំនង​រវាង​ប្រជាជន ហើយ​និង​រដ្ឋាភិបាល​អារ៉ាប៊ី​សាអូឌីតដែរ។

នៅក្រោយ​ការប្រកាស​បណ្តេញ​ឯកអគ្គរាជទូត​កាណាដា អារ៉ាប៊ី សាអូឌីត​បាន​កោះហៅ អ្នកតំណាង​របស់ខ្លួន នៅ​កាណាដា ឲ្យ​ត្រលប់​ចូល​ប្រទេស​វិញ និង​បាន​ប្រកាស​ផ្អាកព្យួរ ការដោះដូរពាណិជ្ជកម្ម និង​ការវិនិយោគ ជាមួយ​កាណាដា។ ក្រុមហ៊ុន​អាកាចរណ៍​អារ៉ាប៊ី សាអូឌីត វិញ​បានសម្រេច​ផ្អាក​ជើងហោះ​របស់​ខ្លួន​ទៅ​ទីក្រុង​អូតាវ៉ា។ បន្ថែម​ពីលើ​ការផ្អាកព្យួរ ការដោះដូរពាណិជ្ជកម្ម​ជាមួយ​កាណាដា ដោយសារ​តែ​វិបត្តិការទូត​លើកនេះ ទីក្រុង​រីយ៉ាដ បាន​ប្រកាស​ផងដែរ កាត់ផ្តាច់​អាហារូបករណ៍រដ្ឋាភិបាល​សម្រាប់​និស្សិត​អារ៉ាប៊ី សាអូឌីត នៅ​ប្រទេស​កាណាដា។ នៅថ្ងៃ​ចន្ទ ប្រតិកម្មទៅ​នឹង​កាណាដា ដែល​មិនព្រម ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន ក្នុង​រឿង​រិះគន់​បញ្ហា​សិទ្ធិមនុស្ស នៅ​អារ៉ាប៊ីសាអូឌីត ប្រទេស​មហាសេដ្ឋី​ប្រេង បាន​អំពាវនាវ​ឲ្យ​ជនជាតិ​របស់ខ្លួន ប្តូរ​សាលារៀន ទៅ​ប្រទេស​ផ្សេង​ពីកាណាដា។

អ្នកជំនាញ​ខាងតំបន់​បូព៌ា លោក Thomas Juneau​បាន​វាយតម្លៃថា វិបត្តិការទូត លើកនេះ នឹង​ផ្តល់​ផល​អាក្រក់​តិចតួច​ព្រោះថា ការដោះដូរ​ពាណិជ្ជកម្ម​កាណាដា និង​អារ៉ាប៊ី សាអូឌីត មាន​តម្លៃ​ត្រឹមតែ ជាង ៣ពាន់​លាន​ដុល្លារ ប៉ុណ្ណោះ កាលពី​ឆ្នាំមុន។ ប៉ុន្តែ កាណាដា នឹង​អាច​ខាតបង់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ បើសិន អារ៉ាប៊ី សាអូឌីត សម្រេច​លុបចោល​ទៅវិញ កិច្ចព្រមព្រៀង​ទិញរថពាសដែក ធុនស្រាល​កាណាដា​តម្លៃ ១៥ពាន់​លាន​ដុល្លារ ដែល​កាណាដា និង​អារ៉ាប៊ី សាអូឌីត បាន​ចុះរួចហើយ ជាមួយគ្នា កាលពី​ឆ្នាំ ២០១៤។

នេះមិនមែនជា​លើកទី១ទេ ដែល​អារ៉ាប៊ី សាអូឌីត ប្រតិកម្ម ឆេះដុំ​ខ្លាំង នៅចំពោះមុខ​ការរិះគន់​ពី​រដ្ឋាភិបាល​ប្រទេស​លោកខាងលិច ជុំវិញ បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅអារ៉ាប៊ី សាអូឌីត។ កាលពី​ខែ ឧសភា​ឆ្នាំនេះ រាជបុត្រ​ស្នងរាជ្យ​ម៉ូហាមេដ បិន សាលម៉ាន បាន​បញ្ជា​ឲ្យ​ផ្អាកព្យួរ ការចរចា​ជាមួយ ក្រុមហ៊ុន​អាល្លឺម៉ង់ នៅក្រោយ​ក្រុង​ប៊ែរឡាំង​រិះគន់​អារ៉ាប៊ី សាអូឌីត​ក្នុង​រឿងប្រទេស​លីបង់។ ដោយសារ​តែ​បញ្ហា​សិទ្ធិមនុស្ស​ដូចគ្នានេះ អារ៉ាប៊ី សាអូឌីត កាល​ពី​ឆ្នាំ ២០១៥ ធ្លាប់​មាន​ភាពតានតឹង​ការទូត​ខ្លាំង​ម្តងដែរ ជាមួយ​រដ្ឋាភិបាល​ស៊ុយអែត។ សម្រាប់អ្នកជំនាញ​របស់​វិទ្យាស្ថាន​វិបត្តិ​អន្តរជាតិ ការបណ្តេញ​មន្រ្តីទូត ហើយ​និង​ផ្អាកព្យួរ​ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​កាណាដា មិនមែន​ជា​វិធានការ​ត្រឹមត្រូវ​នោះទេ បើសិន​អារ៉ាប៊ី សាអូឌីត ចង់​បើកទ្វារ ទាក់ទាញ​អ្នកវិនិយោគទុន​បរទេស នោះ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ