ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT

ព្រឹទ្ធសភា​អាហ្សង់ទីន​ច្រាន​ចោល​ច្បាប់​រម្លូតកូន

ព្រឹទ្ធសភា​អាហ្សង់ទីន​ច្រាន​ចោល​ច្បាប់​រម្លូតកូន
 
ស្ត្រី​អាហ្សង់ទីន​រាប់សិបពាន់​នាក់​នាំ​គ្នា​ធ្វើ​បាតុកម្មនៅ Buenos Aires គាំទ្រ​គម្រោង​ច្បាប់​រម្លូតកូន REUTERS/Marcos Brindicci

សភា​អាហ្សង់ទីន បាន​អនុម័ត​គម្រោង​ច្បាប់​អនុញ្ញត​ឱ្យ​រម្លូត​កូន​ដោយ​ស្រប​ច្បាប់ កាលពី​ខែមិថុនា។ ប៉ុន្តែក្តីសង្ឃឹម​របស់​ក្រុម​អង្គការ​ការពារ​សិទ្ធិសេរីភាព​ស្ត្រី​ ត្រូវ​រលត់ទៅ​វិញ​ ​ដោយព្រឹទ្ធសភាអាហ្សង់ទីន​ ដែល​ជា​អ្នក​អភិរក្ស​និយម​ខ្លាំង ទើប​បាន​បោះឆ្នោត​ច្រាន​ចោល ​ច្បាប់​រម្លូតកូនដោយ​ស្របច្បាប់ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ ក្នុង​សំឡេង ៣៨​ប្រឆាំង ៣១​គាំទ្រ​ និង​ពីរ​អនុប្បវាទ។ ក្រុម​អ្នក​ប្រឆាំងនឹង​ការរម្លូត​កូន​ ​បាន​ដុត​កាំជ្រួច​អបអរ​ ឯ​ក្រុម​អ្នក​ការពារ​សិទ្ធិ​រម្លូតកូន ខក​ចិត្ត ​តែ​សន្យា​តស៊ូ​បង្កើន​សកម្មភាព​រហូតទាល់​តែ​​សម្រេច​ នៅថ្ងៃ​មុខ។

ការ​​តស៊ូ​មតិនៅ​ក្នុង​ព្រឹទ្ធសភា​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ជំនាក់​ចិត្ត​និង​​យ៉ាង​ពុះកញ្ជ្រោល​ តែ​ទី​បំផុត ព្រឹទ្ធសភា បានបោះឆ្នោត​ប្រឆាំង​នឹង​គម្រោង​ច្បាប់​រម្លូតកូន​។

គម្រោង​ច្បាប់ ដែលចង់​​អនុញ្ញាត​ឱ្យ​ស្ត្រី​អាច​​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ឯកឯង រម្លូត​កូន​ ក្នុង​ផ្ទៃ​ រហូត​ដល់អាយុ​១៤​សប្តាហ៍​នៃ​គ៌ភ ដោយមិន​បាច់​រក​ហេតុ​ផល​អ្វី​មក​​បញ្ជាក់។​ ​គម្រោង​ច្បាប់ ក៏​ចង់​ស្នើ​សុំ​ឱ្យ​ស្ត្រី​មាន​សិទ្ធិ​រម្លូត​កូន​ ក្រោម​​ហេតុផល​សុខភាព ដោយ​គ្មាន​កំណត់​អាយុកាល​នៃ​គ៌ភ ក្នុង​ករណី​ស្ត្រី​ជា​ម្តាយ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ ឬ​ក្នុង​ករណី​ទារក​ក្នុង​ផ្ទៃ​មាន​សុខភាព​មិន​ត្រឹមត្រូវ។ គម្រោង​ច្បាប់​ក៏​បាន​ផ្តល់​លទ្ធភាព​ដល់​គ្លីនិក​ឯកជន​ ឱ្យ​មាន​សិទ្ធ​បដិសេធ​មិន​ទទួល​ធ្វើ​ការ​រម្លូត​កូន។

​ច្បាប់​រម្លូត​កូន​នៅ​អាហ្សង់ទីន​

តាំង​ពី​ឆ្នាំ​១៩២១​មក​ ការរម្លូត​កូន ត្រូវ​បាន​ចាត់​ទុក​ថា​បទ​ល្មើស​នឹងក្រម​ព្រហ្មទណ្ឌ​អាហ្សង់ទីន។ ស្ត្រី​ណា​រម្លូត​កូន​ស្ត្រីនោះ​អាច​នឹង​ត្រូវ​ទទួល​ទោស​ ជាប់ពន្ធនាគារ ពី​មួយ​ទៅ​បួន​ឆ្នាំ ហើយ​ជន​ណា​បាន​ជួយ​ស្ត្រី​ឱ្យ​រម្លូត​កូន នឹង​អាច​ត្រូវ​ទទួល​ទោស​ជាប់ពន្ធនាគារ​ដល់​ទៅ​៦​ឆ្នាំ។ ​ក្នុង​រដ្ឋធម្មនុញ្ញ​អាហ្សង់ទីន មាត្រា ៨៦ បាន​អនុញ្ញាត​ឱ្យ​ស្ត្រី​អាច​រម្លូត​កូន​បាន តែ​ក្នុង​ពីរ​ករណី​ជាក់​ស្តែង​ប៉ុណ្ណោះ ៖

នៅ​ពេល​សុខភាព និង​ជីវិត​របស់​ស្ត្រី​ពរពោះ​ប្រឈម​នឹង​គ្រោះ​ថ្នាក់ និង​ក្នុង​ករណី​ មាន​ផ្ទៃពោះ​ដោយ​ការ​ចាប់​រំលោភ។

​ប៉ុន្តែ​ច្បាប់ចេះ​តែ​ហាម ឯការ​លួច​រម្លូត​កូន​ដោយ​ខុស​ច្បាប់​នៅ​មាន​ច្រើន​។ បើ​ការ​សិក្សា​របស់​​ក្រសួង​សុខាភិបាល ឆ្នាំ​២០០៥ មាន​ករណី​រម្លូត​កូន​ដោយ​ខុស​ច្បាប់ ខ្វះ​អនាម័យ​ យ៉ាង​ហោច​ពី ៣៧​ម៉ឺន ទៅ​កន្លះ​លាន​ ក្នុង​មួយ​ឆ្នាំៗ​។

ប្រជាមតិ ?

ជាមួយ​នឹងសំឡេង​បដិសេធ​របស់​​ព្រឹទ្ធ​សភា ​គម្រោង​ច្បាប់​រម្លូត​កូននៅអាហ្សង់ទីន នឹង​គ្មាន​ឱកាស​ត្រូវ​បាន​សភា​លើ​មក​ជជែ​ក​ពិភាក្សា​ជា​ថ្មីឡើង​ ពី​ពេល​នេះ​ដល់​ឆ្នាំ​២០១៩។ តាម​ច្បាប់​ គេ​ត្រូវ​ទុកពេល​ចន្លោះ​ចោល​មួយ​ឆ្នាំ ទើប​អាច​យក​គម្រោង​ច្បាប់​បដិសេធ​ហើយ​មក​ជជែក​ឡើង​វិញ​បាន។ ប៉ុន្តែ​នៅ​ខែ​សីហា ២០១៩ ជា​រយៈ​ពេល​នៃ​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី ដូច្នេះ​គ្មាន​បក្ស​នយោបាយ​ណា​ហ៊ាន​ប្រថុយ​យក​ប៉ះពាល់​នឹង​ប្រធានបទ​នេះ​ទេ។ ​គេ​ទំនង​ជា​ត្រូវ​រង់​ចាំ​ដល់​ឆ្នាំ​២០២០ នៅ​ពេល​មាន​រដ្ឋាភិបាល​ថ្មី​ ទើប​អាច​ស្នើ​ឱ្យ​សភា​ ពិចារណា​សំណុំ​រឿង​នេះ​ឡើង​វិញបាន។

សមាជិក​សភា​ម្នាក់ ដែល​គាំទ្រ​គម្រោង​ច្បាប់​រម្លូតកូន និង​ដែល​មាន​ចំណែក​​នៅ​ក្នុង​​រដ្ឋាភិបាល​ចម្រុះ​អាហ្សង់ទីន បាន​ព្រលយ​អំពី​លទ្ធភាព​ ស្នើ​សុំ​​ធ្វើ​ប្រជាមតិ តែ​ម្តង​ ​នៅ​ថ្ងៃ​អនាគត។ ព្រោះ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ខ្លាំង និង​ផ្ទាល់​ជាង។ នៅលើក​នេះ តំណាងរាស្ត្រ​​អាហ្សង់ទីន បាន​បោះឆ្នោត​គាំទ្រ​គម្រោង​ច្បាប់​ហើយ តែ​ត្រូវ​ព្រឹទ្ធសភា ​ ​ច្រើន​ចោលទៅ​វិញ។ ព្រឹទ្ធ​សភា ​មានអំណាច តែ​គ្មាន​សំឡេង​សមមាត្រនឹង​ចំនួន​ប្រជាជន​ដូច​សមាជិកសភា​ទេ។ ក្នុង​មួយ​ខេត្ត​ក្រុង​ទាំង​២៤​របស់​អាហ្សង់ទីន​ មាន​តំណាង​ព្រឹទ្ធសភា​បី​រូប​ ទោះ​បី​ខេត្ត​នោះ​មាន​ប្រជាជន​តិច​ក៏​ដោយ​ច្រើនក៏ដោយ​។ តែ​គឺ​អ្នក​ក្រុងធំៗ និង​នៅ​រដ្ឋធានី​ដែល​តំណាង​ឱ្យ​១ភាគ​បី​នៃ​ប្រជាជន​ជា​អ្នក​គាំទ្រ​ច្បាប់​រម្លូត​កូន។

​សម្តេច​ ប៉ាប និង​អាហ្សង់ទីន

សម្តេច​ប៉ាប មាន​កំណើត​នៅអាហ្សង់ទីន​ តែ​ព្រះអង្គ​បញ្ចេញ​ប្រតិកម្ម​អ្វី​ ក្នុង​នាម​ជា​សម្តេច​ប៉ាប សម្តេច​សង្ឃ​របស់​បណ្តា​អ្នក​កាតូលិក​ប៉ុណ្ណោះ។ ទាល់​តែ​ឃើញ​សភា​អាហ្សង់ទីន ពីរ​ថ្ងៃក្រោយ​ ការ​​អនុម័ត​ច្បាប់របស់​សភា​​រួច​បាន​ ទើប​ព្រះអង្គ​បាន​ចេញ​សង្ឃដីកា​ នៅ​ក្នុង​អង្គ​ប្រជុំ​ជាមួយ​សមាគម​ក្រុងម​គ្រួសារ​នៅ​វ៉ាទីកង់ ថា កាលពី​សតវត្សរ៍​មុន​ ពួក​ណាហ្ស៊ី បាន​បង្ក​រឿងអាស្រូវ​បន្សុតពូជសាសន៍​​មនុស្ស​ សតវត្សរ៍​នេះគេ​បន្សុត​មនុស្សដែរ តែ​ដោយ​ប្រើ​ស្រោម​ដៃ​ស​។ សង្ឃ​ដីការបស់​ព្រះ​អង្គ​នេះ​សំដៅ​វាយប្រហារ​លើ​ ការ​រម្លូត​កូន​ដោយ​បញ្ហា​សុខភាព។

អញ្ចឹង​ហើយ​បាន​ជា ​វិហារកាតូលិក​អាហ្សង់ទីន រិះគន់​កាន់​តែ​ខ្លាំង​គម្រោង​ច្បាប់​នេះ និង​បាន​ដាក់​​សម្ពាធ ព្រមទាំង​មាន​ករណី​គំរាមកំហែង​សម្លុត​សមាជិក​ព្រឹទ្ធសភា​ ណា​ដែល​គាំទ្រ​ច្បាប់​រម្លូត​កូន​នេះ​ផង។ វិហារកាតូលិក បាន​ដើរ​តួនាទី​ខ្លាំងណាស់​ក្នុង​ការ​បញ្ចូល​សមាជិកស​ភា​និ​ងព្រឹទ្ធសភា​ឱ្យប្រឆាំង​នឹង​គម្រោង​ច្បាប់​។​ នេះ​បើ​តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ Amnesty International ដែល​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃអង្គារ​ ថា​មាន​ប្រទេស​ចំនួន​១៣៤​នៅ​លើ​ពិភពលោក គាំទ្រ​គម្រោ​ងច្បាប់​រម្លូតកូន​របស់​អាហ្សង់ទីន។ ហើយ​ផលវិបាក​បង្ក​ឡើង​ដោយ​ការ​រម្លូតកូន​ដោយ​លួច​លាក់​ខុស​ច្បាប់ ជាមូលហេតុ​ទី​មួយ​នៃ​មរណៈ​មាតា នៅ​ប្រទេស​អាហ្សង់ទីន។ នេះ​បើ​តាម​Amnesty International។ នៅ​ទ្វីប​អាមេរិក​ឡាទីន មាន​តែ​ពីរ​ប្រទេស​ប៉ុណ្ណោះ (គុយបា និង​អ៊ុយរ៉ាហ្កាយ) ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​រម្លូតកូន​ដោយ​ទូលំទូលាយ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ