ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 14/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 14/12 12h00 GMT
អាមេរិក

​ខួបមួយឆ្នាំ​នៃ​អំពើហិង្សា​សម្លាប់​មនុស្សប្រព្រឹត្ត​ដោយ​ក្រុមលើកតម្កើង​សាសន៍​ស្បែកស​​

media  
ក្រុមជាតិនិយម in a torch-lit march on the grounds of the University of Virginia ahead of the Unite the Right Rally in Charlottesville, Virginia on August 11, 2017. Picture taken August 11, 2017. ©REUTERS/Stephanie Keith

មួយឆ្នាំ​ក្រោយ​ការប្រឈមមុខ​ដាក់គ្នា ដ៏ហិង្សា នៅទីក្រុង​Charlottesville ដែល​បាន​សម្លាប់មនុស្ស​១នាក់ និង​របួស​១៩នាក់ ក្រុម​ជ្រុលនិយម អាមេរិកាំង​ដែល​លើក​តម្កើង​សាសន៍​ស្បែកស បាន​ប្រកូកប្រកាស អំពាវនាវ​ឲ្យមាន​ការជួបជុំ​គ្នា ជាថ្មី ប៉ុន្តែ នៅក្បែរ​សេតវិមាន ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ នៅ​ថ្ងៃ​សៅរ៍ម្សិលមិញ នៅ​ខួប​មួយឆ្នាំ នៃ​អំពើហិង្សា នៅ​ទីក្រុង​Charlottesville​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​សរសេរ​Twitter ថ្កោលទោស​រាល់​ការរើសអើង​ពូជសាសន៍ និង​អំពើ​ហិង្សា ក្នុង​គ្រប់​រូបភាព។

 

នៅក្នុង​សារ​Twitter សរសេរ​ នៅ​ថ្ងៃ​ខួប​មួយឆ្នាំ នៃ​អំពើហិង្សា នៅ​ទីក្រុង​Charlottesville ក្នុង​រដ្ឋ​Virginie លោក​ដូណាល់ ត្រាំ​បាន​លើកឡើង​ថា កុប្បកម្ម ដ៏ហិង្សា កាលពី​មួយឆ្នាំមុន នៅ​ទីក្រុង​Charlottesville បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ហើយ​និង​ការបែកបាក់​គ្នា ដ៏ល្ងង់ខ្លៅ។

ប្រធានាធិបតី​អាមេរិក​បាន​អំពាវនាវ​ឲ្យ​មាន​ការរួបរួមគ្នា​ជា​ប្រជាជាតិ​តែមួយ និង​ថា លោក​ថ្កោលទោស​រាល់​ការរើសអើង​ពូជ​សាសន៍ និង​អំពើហិង្សា។ នៅថ្ងៃ​ម្សិលមិញ និង​ថ្ងៃ​អាទិត្យ​ទី ១២​នេះ អាមេរិក​ត្រូវ​ប្រារព្ធ​រំលឹក​ខួប​មួយឆ្នាំ នៃ​អំពើហិង្សា ដែលកើតចេញមក​ពីការស្អប់ ប្រកាន់ រើសអើង​ពូជសាសន៍។ សូមរំលឹកថា នៅមួយ​ឆ្នាំមុន នៅ​ថ្ងៃទី១១ សីហា ក្រុម​ណាហ្សី ថ្មី ក្រុម​អភិរក្សស្តាំនិយមជ្រុល និង​ក្រុមលើកតម្កើង​សាសន៍​ស្បែកស​ អាមេរិកាំង ​(Ku Klux Klan) ដែលមាន​កាន់កំភ្លើង ហើយ​និង​ភ្លើងចន្លុះ បាន​ប្រមូលផ្តុំ​គ្នា តវ៉ា មិន​ឲ្យ​សាលាក្រុង​Charlottesville រើផ្លាស់ទី​រូបសំនាក​មេទ័ព​ដែល​ធ្លាប់​គាំទ្រ​ឲ្យ​មាន​ទាសភាព​នៅ​ភាគខាងត្បូង​អាមេរិក។

សូមអាន៖ តើ​ក្រុម​ស្តាំនិយម​ជ្រុល​អាមេរិក ដែល​ធ្វើ​បាតុកម្ម​នៅ ក្រុង​ Chalottes ជាអ្នកណា?

នៅថ្ងៃ​ទី​១២​សីហា ក្រុមប្រជាជន​ស្បែកខ្មៅ​បាន​ធ្វើដើរ​ធ្វើ​បាតុកម្ម ប្រឆាំង​នឹង​ការប្រមូលផ្តុំ​ទាមទារ​របស់ ក្រុម​លើក​តម្កើង​ស្បែកស។ នៅ​ក្រោយ​ប៉ះទង្គិច គ្នា សមាជិក​របស់​ក្រុមណាហ្ស៊ីថ្មី​ម្នាក់​បាន​បើកឡាន​បុករះ​បាតុករ ដែល​​ប្រឆាំង​ក្រុមស្បែកស។ នៅក្នុង​សោកនាដកម្ម នៅយប់​ថ្ងៃទី ១២​សីហា ស្ត្រី​អាមេរិកាំង​ម្នាក់ អាយុ ២០​ឆ្នាំ បាន​ស្លាប់ ចំណែក​មនុស្ស​១៩នាក់​ផ្សេងទៀត​រងរបួស ដោយសារ​ស្នាដៃ​ស្អប់​របស់​ក្រុមស្បែកស។

ប្រធានាធិបតី​អាមេរិកាំង លោកដូណាល់ ត្រាំ នៅ​ពេលនោះ បាន ​រងការរិះគន់ ពីគ្រប់​ទិស រួម​ទាំង​មនុស្ស​របស់​គណបក្ស​សាធារណរដ្ឋ​របស់​លោកផង បន្ទាប់​ពី​លោក​អាក់ខាន​មិន​និយាយ​ថ្កោលទោស ក្រុម​ជនស្តាំ​និយមជ្រុល ស្បែកស។

សូមអាន៖ លោកដូណាល់ ត្រាំ និយាយ​បាតដៃ ខ្នងដៃ ពីរឿង​អំពើហិង្សា​នៅ​ទីក្រុង​Charlottes

នៅប៉ុន្មាន​ថ្ងៃ​ក្រោយ​អំពើហិង្សា សម្លាប់មនុស្ស នៅ​Charlotteville លោក​ដូណាល់ ត្រាំ នៅ​បាន​សរសេរ​ថា សម្រាប់ អំពើហិង្សា​នៅ​Charlottesville គេ​ត្រូវ​បន្ទោស​ភាគី​ជម្លោះ​ទាំង​សងខាង។ លោក​នៅ​បាន​និយាយ​ថ្កោលទោស ក្រុម​បាតុករ​ប្រឆាំង​នឹង​ក្រុមស្តាំនិយមជ្រុល ព្រោះ​ពួកគេ​បាន​ធ្វើ​បាតុកម្ម​ជាមួយ​នឹង​ដំបង​នៅក្នុង​ដៃ។ ជំហរ​របស់​លោកដូណាល់ ត្រាំ​បាន​ទទួល​ការកោតសរសើរ​ពី​មេដឹកនាំ​របស់​ក្រុម​Ku Klux Klan ដែល​ជា​ក្រុមលើកតម្កើង ក្រុម​ស្បែកស។

គេ​បារម្ភថា នៅក្រោម​ការដឹកនាំ​របស់ប្រធានាធិបតី​ជាតិនិយម ដូចជា​​លោកដូណាល់ ត្រាំ ក្រុមណាហ្សីថ្មី ក្រុម​ស្អប់ រើសអើងពូជសាសន៍​ស្បែកស រឹតតែ​ឡើងដៃ និង​អាច​ត្រលប់​មក​បង្ក​អំពើហិង្សាសាជាថ្មី នៅ​មួយឆ្នាំ​ក្រោយ​សោកនាដកម្ម នៅ​Charlottesville។ នៅថ្ងៃ​ម្សិលមិញ ក្រុមលើកតម្កើង​សាសន៍​ស បាន​អំពាវនាវ​រួចហើយ ឲ្យ​មានការប្រមូលផ្តុំគ្នា នៅ​ថ្ងៃអាទិត្យ ប៉ុន្តែ លើកនេះ គឺ​នៅ​ក្បែរ​សេតវិមាន​របស់​លោក​ដូណាល់ ត្រាំ​តែម្តង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ