ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
អាមេរិក

លោក​ប្រធានាធិបតី​ម៉ាឌូរ៉ូ​ព្រមឲ្យ​ប៉ូលិស​FBIស៊ើបអង្កេត​លើ​ភេរវកម្ម នៅក្រុង​ការ៉ាកាស

media  
ប្រធានាធិបតី​ Nicolas Maduro និយាយ​នៅ​ក្នុង​ជំនួបជាមួយ​មេដឹកនាំ​យោធាការ៉ាកាសនៅថ្ងៃទី ១១​សីហា ២០១៨ ©Miraflores Palace/Handout via REUTERS

ប្រធានាធិបតី​របស់​វ៉េណេស៊ុយអេឡា នៅ​ថ្ងៃសៅរ៍ ម្សិលមិញ បាន​និយាយ​យល់ព្រម​ឲ្យ​ប៉ូលិស​អាមេរិកាំង FBI​ស៊ើបអង្កេត​លើ​ភេរវកម្ម​នៅទីក្រុង​ការ៉ាកាស ប៉ុន្តែ ត្រូវ​មាន​លក្ខខ័ណ្ឌ។ សម្រាប់ លោក​នីកូឡា ម៉ាឌូរ៉ូ អាមេរិក​ត្រូវតែ​ស៊ើបអង្កេត​ផងដែរ​លើ​បណ្តាញ នៅរដ្ឋ Florida ដែល​ជា​អ្នករៀបចំ​ផែនការ​ធ្វើ​ភេរវកម្ម សម្លាប់​រូបលោក​កាលពី​ថ្ងៃទី ៤​សីហា​កន្លងទៅ។ នៅក្រោយភេរវកម្ម​មិន​បាន​សម្រេច ដែល​សំដៅ​សម្លាប់​លោក​ប្រធានាធិបតី ម៉ាឌូរ៉ូ អាជ្ញាធរ​វ៉េណេស៊ុយអេឡា​បាន​ចោទប្រកាន់​អាមេរិក កូឡុំប៊ី​ថា ជាអ្នកនៅពីក្រោយ​ផែនការភេរវកម្ម និង​បាន​ចាប់ជនសង្ស័យ ១០នាក់ ដែលនៅក្នុង នោះ​មាន​១នាក់ ជា​អ្នកតំណាងរាស្រ្ត​របស់​បក្ស​ប្រឆាំង។

 

បើសិន​រដ្ឋាភិបាល​អាមេរិក​បើកផ្លូវ​ឲ្យ​ប៉ូលិស​សហព័ន្ធ FBI ស៊ើបអង្កេត​លើ​បណ្តាញ​ក្រុមភេរវជន នៅ​រដ្ឋ​Florida ដែលជា​អ្នករៀបចំ​ផែនការ​ធ្វើភេរវកម្ម​សំដៅ ធ្វើ​ឃាត​រូបលោក នោះ លោក​នឹង​យល់ព្រម​ឲ្យ​ប៉ូលិស​FBI ចូលមក​ស៊ើបអង្កេត​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា។ នេះ​ជា​ប្រសាសន៍​របស់​លោកប្រធានាធិបតី​នីកូឡា​ម៉ាឌូរ៉ូ នៅក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​យោធា ជាន់ខ្ពស់​វ៉េណេស៊ុយអេឡា នៅថ្ងៃ​សៅរ៍ម្សិលមិញ នៅទីក្រុង​ការ៉ាកាស។

នៅក្រោយ​ភេរវកម្ម សំដៅ ធ្វើឃាត ប៉ុន្តែ មិន​បាន​សម្រេច កាលពី​ថ្ងៃទី ៤​សីហា ប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោក​ម៉ាឌូរ៉ូ​បាន​និយាយ​ថា រដ្ឋ​Florida ក្នុង​ទឹកដី​អាមេរិក ដែល​សំបូរ​រស់នៅ​ដោយ​សកម្មជន​ប្រឆាំង​វ៉េណេស៊ុយអេឡា នោះ ជា​សំបុករ​របស់​ក្រុមភេរវជន ដែល​ជា​អ្នក​បញ្ជា ចុច​បំផ្ទុះ​យន្តហោះដ្រូន ដើម្បី សម្លាប់​រូបលោក។

លោក​ម៉ាឌូរ៉ូ តែង​ចោទ​ប្រកាន់​ជា​ញឹកញយ វ៉ាស៊ីនតោន ថា ជា​អ្នកប៉ុនប៉ង ឃុបឃិត ចង់​ផ្តួលរំលំ​អំណាច​របស់លោក នៅ​វ៉េស៊ុយអេឡា។ ប៉ុន្តែ លោក​ម៉ាឌូរ៉ូ​បាន​បោះដៃ ចង់​ទទួល​យក​ជំនួយ​ពី​ប៉ូលិស​FBI នៅក្រោយ​ពេល​រដ្ឋមន្រ្តី​ការបរទេស របស់​លោក​បាន​ជួប​មន្រ្តី​ទទួល​បន្ទុកកិច្ចការ​អាមេរិក នៅ​វ៉េណេស៊ុយអេឡា​កាលពី​ថ្ងៃ​ពុធកន្លងទៅ។ តាម​ក្រសួង​ការបរទេស​វ៉េណេស៊ុយអេឡា អាមេរិក​បាន​សំដែង​កង្វល់ នៅក្រោយ​ភេរវកម្ម លើកនេះ និង​បង្ហាញ​ចេតនា​ចង់​សហការ​ជាមួយ​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា ក្នុង​ការស៊ើបអង្កេត។

នៅក្រោយ​ភេរវកម្ម​មិន​បាន​សម្រេច​លើកនេះ ប្រមុខរដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​បាន​ចោទប្រកាន់​ផងដែរ អតីត​ប្រធានាធិបតី របស់​ប្រទេស​កូឡុំប៊ី ថា ជា​អ្នក​នៅពី​ក្រោយ​ការរៀបចំ​ភេរវកម្ម និង​ថា រដ្ឋាភិបាល​របស់​លោក​កំពុង​ចាប់ផ្តើម​សកម្មភាព​ការទូត ដើម្បី​ទាមទារ​ឲ្យ​អាមេរិក ហើយ​និង​កូឡុំប៊ី ចាប់បញ្ជូន ឧក្រិដ្ឋជន​ដែល​បាន​រៀបចំ​ភេរវកម្ម​សំដៅ​ធ្វើឃាតលោក។ នៅ​ថ្ងៃម្សិលមិញ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​នៅ​បាន​និយាយ​ថា លោកកំពុង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពេរ៉ូ​ចាប់បញ្ជូនមកវិញ ភេរវជន​ ដែល​បាន​រត់គេច​ខ្លួន ជាច្រើន នាក់ ទៅ​ប្រទេស​ពេរូ នៅក្រោយ​ភេរវកម្ម​លើកនេះ។

រហូត​មក​ដល់​ពេលនេះ អាជ្ញាធរ​វ៉េណេស៊ុយអេឡា​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជាង​១០នាក់ ដែល​ក្រុង​ការ៉ាកាស​ចោទ​ប្រកាន់​ថា បាន​ចូលដៃ​ជាមួយ ប្រទេស​កូឡុំប៊ី ដើម្បី​រៀបចំ​ភេរវកម្ម សម្លាប់​រូបលោក។ នៅថ្ងៃ​ម្សិលមិញ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា បាន​បង្ហាញ​រូបវីដេអូ ដែលនៅក្នុងនោះ តំណាងរាស្រ្ត​បក្ស​ប្រឆាំង​វ័យក្មេង​ម្នាក់ ដែល​អាជ្ញាធរ​កំពុង ចាប់ឃុំខ្លួន បាន​និយាយ​សារភាព​ថា មានទំនាក់ទំនង​ជាមួយ​ជនសង្ស័យ ចូលរួម​ក្នុង​ផែនការ​ធ្វើ​ភេរវកម្ម។ បក្ស​ប្រឆាំង ដែល​បាន​ធ្វើ បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​អ្នកតំណាងរាស្រ្ត​របស់ខ្លួន កាលពី​ថ្ងៃ​ម្សិលមិញ វាយតម្លៃ ថា អ្នកតំណាងរាស្រ្ត បាន​និយាយ​សារភាព​យ៉ាងដូច្នេះ ដោយសារ​រង​ទារុណកម្ម ហើយ​និងថ្នាំញៀន របស់ប៉ូលិស​វ៉េណេស៊ុយអេឡា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ