អគ្គលេខាធិការអង្គការសហប្រជាជាតិផ្តល់វិធានការការពារជនប៉ាឡេស្ទីន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤២
លោក អង់តូនីញ៉ូ ហ្គូទែរ Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចេញរបាយការណ៍ នៅល្ងាចថ្ងៃ សុក្រទី ១៧សីហា ផ្តល់អនុសាសន៍បួនចំណុច សម្រាប់ធានាសន្តិសុខ និងការពារ ជនស៊ីវិលប៉ាឡេស្ទីន ដែលរស់ក្នុងដែនដីត្រួតត្រាដោយអ៊ីស្រាអែល ឱ្យមានស្ថានភាពប្រសើរឡើង។ របាយការណ៍អង្គការសហប្រជាជាតិនេះធ្វើឡើងក្នុងខណៈដែលអំពើហិង្សានៅបន្តកើតមាន។ ម្សិលមិញមានស្លាប់ជនប៉ាឡេស្ទីនពីរនាក់ និងរបួស២៧០នាក់ នៅក្នុងការបាញ់ប្រហាររបស់ទាហានអ៊ីស្រាអែលសំដៅលើហ្វូងបាតុករ ក្នុងតំបន់ហ្កាហ្សា។
ក្រោយពីមានផ្ទុះអំពើហិង្សា នៅតំបន់ហ្កាហ្សា នៅចុងខែមីនា បង្កឱ្យស្លាប់ជនប៉ាឡេស្ទីនអស់ ១៧១នាក់ អង្គការសហប្រជាជាតិ បានបើកមហាសន្និបាត នៅខែមិថុនាអនុម័តសេចក្តីសម្រេចថ្កោលទោសការប្រើកម្លាំងហិង្សារបស់អ៊ីស្រាអែលប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន និងបានស្នើឱ្យលោកអង់តូនីញ៉ូ ហ្គូទែរ រៀបចំយន្តការអន្តរជាតិការពារជនស៊ីវិលប៉ាឡេស្ទីន រស់ក្នុងដែនដីត្រួតត្រាដោយអ៊ីស្រាអែល។
អនុសាសាន៍បួនចំណុច
អង្គការសហប្រជាជាតិ បានទុកពេល៦០ថ្ងៃ ឱ្យលោកអគ្គលេខាធិការ លើកសំណើ សំដៅចាត់វិធានការធានាសន្តិសុខ និងការពារ ព្រមទាំងផ្តល់សុខមាលភាពដល់បណ្តាជនស៊ីវិលប៉ាឡេស្ទីន។ ហេតុដូច្នេះហើយបានជា លោកអគ្គលេខាធិការអង្គការប្រជាជាតិ ចេញរបាយការណ៍ នៅពេលនេះ ផ្តល់ជាអនុសាសន៍បួនចំណុច។ សម្រាប់លោកអគ្គលេខាធិការ គ្មានជម្រើសណាល្អជាងជម្រើសណាទេ។ ប៉ុន្តែអ្វីដែលសំខាន់ និងចាំបាច់បំផុត គឺត្រូវភាគីប៉ាឡេស្ទីននិងអ៊ីស្រាអែល ព្រមសហការទាំងពីរនាក់ បញ្ឈប់ភាពស្អប់ខ្ពើមគ្នា និងត្រូវរកធនធានថ្មីបន្ថែមទៀត ដើម្បីធានាលទ្ធភាពរកជោគជ័យបាន។
នៅក្នុងរបាយការណ៍ កម្រាស់១៤ទំព័រ លោកអគ្គលេខាធិការបានផ្តល់ជម្រើសបួន ខាងក្រោមនេះ ៖
- អង្គការសហប្រជាជាតិត្រូវបង្ហាញវត្តមាន ខ្លាំងនិងរឹងមាំ នៅផ្ទាល់ក្នុងតំបន់អាណានិគមកិច្ច ជាមួយនឹងក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្ស ព្រមទាំងអ្នកសង្កេតការណ៍កិច្ចការនយោបាយការបរទេស ដើម្បីទទួលបន្ទុកបូកសរុបស្ថានការណ៍ជាក់ស្តែង។
- ពង្រីកជំនួយមនុស្សធម៌ និងជំនួយអភិវឌ្ឍន៍ ដើម្បីធានាសុខមាលភាពរបស់ប្រជាពលរដ្ឋ។
- បង្កើតបេសកកម្មសង្កេតការណ៍ស៊ីវិល ដែលដាក់ពង្រាយនៅតាមតំបន់រសើបៗខ្លាំង ដូចជាតាមកន្លែង ច្រកឆែកឆេរ និងក្បែរសង្កាត់ក្រោមអាណានិគមកិច្ចអ៊ីស្រាអែល។ ក្រុមនេះមានភារៈទទួលបន្ទុករាយការណ៍ស្តីពីបញ្ហាការពារជនស៊ីវិល។
- ពង្រាយកងកម្លាំងប៉ូលិសឬយោធា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីផ្តល់ការការពារជនស៊ីវិលប៉ាឡេស្ទីន។
នឹងមានវេតូ ប្រឆាំង ?
ចំពោះការដាក់ពង្រាយកងទ័ពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ មិនថាជាកងទ័ពមួកខៀវ ឬកងកម្លាំងទ័ពក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិទេ សុទ្ធតែត្រូវឆ្លងកាត់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ ដូច្នេះសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល អាចនឹងប្រើអាវុធវេតូ ប្រឆាំងនឹងសំណើរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីការពារអ៊ីស្រាអែល។
ឯចំណែកបេសកកម្មសង្កេតការណ៍វិញ អឺរ៉ុបធ្លាប់បានបញ្ជូនបេសកកជនរបស់ខ្លួន មួយក្រុមតូចមួយទៅ ប្រចាំការនៅក្នុងក្រុងHebron នៃតំបន់ស៊ីហ្សកដានី កាលពីឆ្នាំ១៩៩៤។ ប៉ុន្តែចាប់ពីពេលនោះមក អ៊ីស្រាអែលបានច្រានចោលជានិច្ចរាល់សេចក្តី អំពាវនាវ ដាក់វត្តមានអន្តរជាតិ នៅតាមតំបន់រសើបៗ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
ហេតុដូច្នេះហើយបានជាលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានធ្វើសេចក្តីសន្និដ្ឋាន ក្នុងរបាយការណ៍ ថា “មធ្យោបាយដ៏ប្រសើរជាងគេ ក្នុងការធានាសន្តិសុខនិងការពារជនស៊ីវិលប៉ាឡេស្ទីន គ្មានអ្វីក្រៅពីការចរចារកកិច្ចព្រមព្រៀង ទូទៅ ស្មើភាព និងបិទបញ្ចប់ជម្លោះអ៊ីស្រាអែល-អារ៉ាប (ប៉ាឡេស្ទីន)ទេ។
សហរដ្ឋអាមេរិកបានសន្យាតាំងពីជាច្រើនខែមកហើយថានឹងស្នើផែនការសន្តិភាពឱ្យវិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីន។ តែ ការចរចាជាមួយប៉ាឡេស្ទីនត្រូវបានកាត់ផ្តាច់ បន្ទាប់ពីលោកដូណាល់ ត្រាំ បានប្រកាសកាលពីចុងឆ្នាំ២០១៧ ទទួលស្គាល់ជាឯកតោភាគីក្រុងហ្សេរ៉ុយសាឡិម ជារដ្ឋធានីរបស់អ៊ីស្រាអែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ