អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ផ្តល់​វិធានការ​​​ការពារ​ជន​ប៉ាឡេស្ទីន

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក អង់តូនីញ៉ូ ហ្គូទែរ Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ចេញ​របាយការណ៍​ នៅ​ល្ងាច​ថ្ងៃ សុក្រ​ទី ១៧​សីហា ផ្តល់​អនុសាសន៍​បួន​ចំណុច​ សម្រាប់ធានា​សន្តិសុខ​​ និង​ការពារ​ ជន​ស៊ីវិល​ប៉ាឡេស្ទីន ដែល​រស់​ក្នុង​​​ដែនដីត្រួត​ត្រា​ដោយ​អ៊ីស្រាអែល ឱ្យ​មាន​ស្ថានភាព​ប្រសើរ​ឡើង។ របាយការណ៍​អង្គការ​សហប្រជាជាតិ​នេះ​ធ្វើ​ឡើង​ក្នុង​ខណៈ​ដែល​អំពើ​ហិង្សា​នៅបន្ត​កើត​មាន។​ ​ ម្សិលមិញមាន​ស្លាប់​ជន​ប៉ាឡេស្ទីន​ពីរ​នាក់ និង​របួស​២៧០​នាក់ នៅ​ក្នុង​ការ​បាញ់​ប្រហាររបស់​ទាហាន​អ៊ីស្រាអែល​​សំដៅ​លើ​ហ្វូង​បាតុករ​ ក្នុង​តំបន់​ហ្កាហ្សា។

លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres
លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres REUTERS/Mike Segar
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​មាន​ផ្ទុះ​អំពើ​ហិង្សា នៅ​តំបន់​ហ្កាហ្សា​ នៅ​ចុង​ខែ​មីនា បង្ក​ឱ្យ​ស្លាប់​ជន​ប៉ាឡេស្ទីន​អស់ ១៧១​នាក់ អង្គការ​សហប្រជាជាតិ​ បាន​បើក​មហាសន្និបាត នៅ​ខែ​មិថុនា​​​អនុម័ត​សេចក្តីសម្រេច​ថ្កោល​ទោស​​ការ​ប្រើ​កម្លាំង​​ហិង្សា​របស់​អ៊ីស្រាអែល​​ប្រឆាំង​នឹង​ជនស៊ីវិល​ប៉ាឡេស្ទីន​ និង​បាន​ស្នើ​ឱ្យ​លោក​អង់តូនីញ៉ូ ហ្គូទែរ រៀប​ចំ​យន្តការ​អន្តរជាតិ​ការពារ​ជនស៊ីវិល​ប៉ាឡេស្ទីន រស់​ក្នុង​ដែនដី​ត្រួតត្រា​ដោយ​អ៊ីស្រាអែល។

អនុសាសាន៍​បួន​ចំណុច

​អង្គការ​សហប្រជាជាតិ បាន​ទុក​ពេល៦០​ថ្ងៃ​ ​ឱ្យ​លោក​អគ្គលេខា​ធិការ​ លើក​សំណើ សំដៅចាត់​វិធានការ​​ធានា​​សន្តិសុខ​ និ​ងការ​ពារ​ ព្រម​ទាំ​ងផ្តល់​សុខមាលភាពដល់​បណ្តា​ជន​ស៊ីវិល​ប៉ាឡេស្ទីន​។ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ ​លោក​អគ្គលេខាធិការ​អង្គការ​ប្រជាជាតិ​ ចេញ​​របាយការណ៍ ​ ​នៅពេល​​នេះ ផ្តល់​ជា​អនុសាសន៍​បួន​ចំណុច។ សម្រាប់​លោកអគ្គលេខាធិការ គ្មាន​​ជម្រើស​ណា​ល្អ​ជាង​ជម្រើស​ណា​ទេ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ និង​ចាំ​បាច់​បំផុត គឺត្រូវ​ភាគី​ប៉ាឡេស្ទីន​និ​ងអ៊ីស្រាអែល ​ ព្រមសហការទាំងពីរ​នាក់ បញ្ឈប់​ភាព​ស្អប់​ខ្ពើម​គ្នា​ និង​ត្រូវ​រក​ធនធាន​ថ្មី​បន្ថែម​ទៀត ដើម្បី​ធានាលទ្ធភាព​រក​ជោគជ័យ​បាន។

នៅក្នុង​របាយការណ៍​ កម្រាស់​១៤​ទំព័រ លោក​អគ្គលេខាធិការ​បាន​ផ្តល់​ជម្រើសបួន ខាងក្រោម​នេះ ៖

  • អង្គការ​សហប្រជាជាតិ​ត្រូវ​បង្ហាញ​វត្តមាន​ ខ្លាំង​និង​រឹង​មាំ​ នៅ​ផ្ទាល់​ក្នុង​តំបន់​អាណានិគមកិច្ច​ ជាមួយ​នឹង​ក្រុម​អ្នក​សង្កេតការណ៍​សិទ្ធិមនុស្ស ព្រមទាំង​អ្នក​សង្កេតការណ៍​កិច្ចការ​នយោបាយ​ការបរទេស​ ដើម្បី​ទទួល​បន្ទុកបូក​សរុប​ស្ថានការណ៍​ជាក់ស្តែង។
  • ពង្រីក​ជំនួយ​មនុស្សធម៌ និង​ជំនួយ​អភិវឌ្ឍន៍​ ដើម្បី​ធានា​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។
  • បង្កើត​បេសកកម្ម​​សង្កេត​ការណ៍​ស៊ីវិល​ ដែល​ដាក់​ពង្រាយ​នៅ​តាម​តំបន់​រសើបៗ​ខ្លាំង ដូច​ជា​តាម​កន្លែង​ ​ច្រក​ឆែក​ឆេរ និង​ក្បែរ​សង្កាត់​ក្រោម​អាណានិគមកិច្ច​អ៊ីស្រាអែល។ ក្រុម​នេះ​មាន​ភារៈ​ទទួល​បន្ទុក​រាយការណ៍​​ស្តី​ពី​បញ្ហា​ការពារ​ជនស៊ីវិល។
  • ពង្រាយ​កងកម្លាំង​ប៉ូលិស​​ឬ​យោធា​ ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ដើម្បី​ផ្តល់​ការ​ការពារ​ជនស៊ីវិល​ប៉ាឡេស្ទីន។

នឹង​មាន​វេតូ ប្រឆាំង ?

ចំពោះ​ការ​ដាក់​ពង្រាយ​កង​ទ័ពក្នុង​ក្របខ័ណ្ឌ​​អង្គការ​សហប្រជាជាតិ មិន​ថា​ជា​​កងទ័ព​មួកខៀវ​ ឬ​កងកម្លាំង​ទ័ពក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​សហប្រជាជាតិ​ទេ ​សុទ្ធ​តែ​ត្រូវ​ឆ្លង​កាត់​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សាសន្តិសុខ។ ដូច្នេះ​​សហរដ្ឋ​អាមេរិក​​ដែលជា​សម្ព័ន្ធ​មិត្ត​របស់អ៊ីស្រាអែល អាច​​នឹង​ប្រើ​អាវុធ​វេតូ ប្រឆាំង​នឹង​សំណើ​របស់​លោក​អគ្គលេខាធិកា​រ​​អង្គការ​សហប្រជាជាតិ​ដើម្បីការពារ​អ៊ីស្រាអែល។

ឯ​ចំណែក​បេសកកម្ម​សង្កេត​ការណ៍​វិញ អឺរ៉ុប​ធ្លាប់​បាន​បញ្ជូន​បេសកកជន​​របស់​ខ្លួន មួយ​ក្រុម​តូចមួយ​ទៅ ប្រចាំការ​នៅ​ក្នុង​ក្រុងHebron ​នៃ​តំបន់​ស៊ីហ្សកដានី កាលពី​ឆ្នាំ​១៩៩៤។ ប៉ុន្តែ​ចាប់​ពី​ពេល​នោះ​មក អ៊ីស្រាអែល​បាន​ច្រាន​ចោល​ជា​និច្ច​រាល់សេចក្តី អំពាវនាវ ដាក់​​វត្តមាន​អន្តរជាតិ​ នៅ​តាម​តំបន់​រសើបៗ​ រវាង​អ៊ីស្រាអែលនិង​ប៉ាឡេស្ទីន។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ ក្នុង​របាយការណ៍ ថា “មធ្យោបា​យ​ដ៏​ប្រសើរ​ជាង​គេ ក្នុង​ការ​ធានា​សន្តិសុខ​និង​ការពារ​ជនស៊ីវិល​ប៉ាឡេស្ទីន គ្មាន​អ្វី​ក្រៅ​ពី​ការ​ចរចា​រក​កិច្ចព្រមព្រៀង​ ទូទៅ ស្មើភាព និង​បិទ​បញ្ចប់​ជម្លោះ​អ៊ីស្រាអែល​-អារ៉ាប (ប៉ាឡេស្ទីន)​ទេ។

សហរដ្ឋ​អាមេរិក​បាន​សន្យា​តាំង​ពី​ជា​ច្រើន​ខែមកហើយ​ថា​នឹង​ស្នើ​ផែនការ​សន្តិភាពឱ្យ​វិបត្តិ​អ៊ីស្រាអែល​-ប៉ាឡេស្ទីន​។ តែ ការ​ចរចាជាមួយ​ប៉ាឡេស្ទីន​​ត្រូវ​បាន​កាត់​ផ្តាច់​​ បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​កាលពី​ចុង​ឆ្នាំ​២០១៧ ទទួល​ស្គាល់​ជា​ឯកតោភាគី​ក្រុង​ហ្សេរ៉ុយសាឡិម​ ជា​រដ្ឋ​ធានី​របស់​អ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ