គេនៅមិនទាន់ដឹងថា តើនយោបាយបញ្ចេញរូបិយប័ណ្ណថ្មីរបស់លោកនីកូឡា ម៉ាឌូរ៉ូអាចនឹងជួយទប់ស្កាត់វិបត្តិសេដ្ឋកិច្ចសព្វថ្ងៃឬអត់ទេ អ្វីដែលគេដឹង ក្រដាសប្រាក់ថ្មីមានចំនួនលេខសូនតិចជាងចំនួនលេខសូនក្រដាសប្រាក់បច្ចុប្បន្នដល់ទៅ ៥ខ្ទង់។ ឧទាហរណ៍ ក្រដាស់ប្រាក់តម្លៃ ៥០ ០០០ ០០០បូលីវ៉ារសព្វថ្ងៃនឹងក្លាយជាក្រដាសប្រាក់តម្លៃ ៥០០បូលីវ៉ារវិញ។ ពលរដ្ឋវ៉េណេស៊ុយអេឡាកំពុងរង់ចាំទទួលរូបិយប័ណ្ណថ្មី តែអ្វីដែលពួកគេកំពុងបន្តបារម្ភខ្លាំងជាងគេ គឺតម្លៃទំនិញឡើងថ្លៃ។
តាមតួលេខប្រមើលមើលចុងក្រោយដោយមូលនិធីរូបបិយវត្ថុអន្តរជាតិ អត្រាអតិផរណានៅវ៉េណេស៊ុយអេឡាអាចនឹងកើនដល់ ១ ០០០ ០០០%។ នៅពេលទៅផ្សារម្តងៗ ពលរដ្ឋវ៉េណេស៊ុយអេឡាគ្មានជម្រើសអ្វីក្រៅពីដឹកជញ្ជូនលុយទាំងការុងៗដើម្បីទិញទំនិញ។ ឧទាហរណ៍ សាច់ ១គីឡូក្រាមតម្លៃជិត ៦លានបូលីវ៉ារ ឬស្មើជិត ១ដុល្លារអាមេរិក។ ទឹកប្រាក់ដ៏ច្រើនសម្បើមនេះបានជំរុញឲ្យអ្នកលក់ទំនិញខ្លះឈប់រាប់លុយ តែយកជញ្ជីងថ្លឹងជំនួសវិញ។
ប្រទេសវ៉េណេស៊ុយអេឡាកំពុងស្ថិតមាត់ជ្រោះនៃភាពក្ស័យធនជាមួយនឹងឩភាពថវិកាជាតិដល់ទៅ ១៥០ ០០០លានដុល្លារ។ ចំណែកផលិតកម្មប្រេងឆៅដែលជាប្រភពចំណូលដ៏សំខាន់បានធ្លាក់ចុះចំនួនពាក់កណ្តាលក្នុងរយៈពេល ១ឆ្នាំ។ គួររម្លឹកជូនថា នេះមិនមែនជាលើកទី១ ទេដែលរដ្ឋាភិបាលបានប្រើនយោបាយប្តូររូបិយប័ណ្ណដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ច។ ក្នុងរយៈពេលជិត ១០ឆ្នាំកន្លងទៅ រូបិយប័ណ្ណជាតិបានបាត់បង់ចំនួនលេខសូន្យដល់ទៅ ៨ខ្ទង់។
ក្រៅពីនយោបាយប្តូររូបិយប័ណ្ណ ផែនការផ្តល់សន្ទុះសេដ្ឋកិច្ចរបស់លោកម៉ាឌូរ៉ូក៏មានការដំឡើងប្រាក់បៀវត្សអប្បបរមាដោយគុណឲ្យ ៣៤ដងក្នុងគោលដៅបង្កើនការចាយវាយប្រចាំថ្ងៃរបស់ពលរដ្ឋ។ តែកង្វះផលិផលជាមូលដ្ឋាន ដូចយ៉ាងអង្ករកំពុងបន្តចោទជាបញ្ហា។ នេះដោយមិនទាន់បានរាប់បញ្ចូលពីកង្វះថ្នាំពេទ្យនៅតាមមន្ទីរពេទ្យ និងភ្លើងអគ្គិសនីទេ។ យ៉ាងណាក៏ដោយ គណបក្សប្រឆាំងចំនួន ៣ បានប្រកាសឲ្យដឹងពីគម្រោងបាតុកម្មចាប់ពីសប្តាហ៍នេះទៅ និងចាត់ទុកផែនការផ្តល់សន្ទុះសេដ្ឋកិច្ចរបស់លោកម៉ាឌូរ៉ូថាជាផែនការកម្ទេចប្រទេស៕