ហេតុអ្វីបានជាក្រុមហ៊ុនបស្ចិមលោកគ្រាក់ៗខ្លះដែលរកស៊ីនៅអ៊ីរ៉ង់លុតក្រាបតាមទណ្ឌកម្មអាមេរិកប្រឆាំងអ៊ីរ៉ង់?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤២
បន្ទាប់ពីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ អាមេរិកក៏បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់ដែរ។ ចំណាត់ការមួយនេះរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងតេហេរ៉ង់ហាក់បាន និងកំពុងទទួលផ្លែផ្កាខ្លះៗហើយ។ ជាក់ស្តែង ក្រុមហ៊ុនប្រេងឥន្ធនៈរបស់បារាំងឈ្មោះ Total បានប្រកាសឲ្យដឹងពីការដកខ្លួនចេញជាផ្លូវការពីគម្រោងវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងប្រទេសអ៊ីរ៉ង់។ ការដកខ្លួនរបស់ក្រុមហ៊ុនបរទេសបណ្តើរៗពេលនេះកំពុងធ្វើឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ឈឺក្បាលខ្លាំងណាស់។ ឈឺក្បាល ព្រោះតាំងពីក្រោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ មក ទីក្រុងតេហេរ៉ង់រពឹងយ៉ាងខ្លាំងពីការវិលត្រឡប់របស់វិនិយោគបរទេសដើម្បីស្រោចស្រង់សេដ្ឋកិច្ចរបស់ខ្លួន។
ការបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុន Total ជាផ្លូវការនៅក្នុងប្រទេសអ៊ីរ៉ង់ជាដំណឹងដែលរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានរង់ចាំ ព្រោះដំណឹងមួយនេះត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុន Total ប្រកាសឲ្យដឹងតាំងពីជាង ២ខែមកហើយ។ តែខណៈនេះ ក្រុមហ៊ុន Total ហាក់មិនចង់ធ្វើអត្ថាធិប្បាយអ្វីឲ្យបានក្បោះក្បាយលើសពីនេះទេ។ ម្យ៉ាងទៀត ក្រុមហ៊ុនប្រេងឥន្ធនៈរបស់បារាំងមួយនេះក៏ធ្លាប់បានបញ្ជាក់ថា ខ្លួនមិនអាចបន្តការរកស៊ីនៅក្នុងប្រទេសអ៊ីរ៉ង់ដោយគ្មានការអនុញ្ញាតពិសេសពីអាមេរិកបានឡើយ។ អ្វីដែលក្រុមហ៊ុន Total ចង់និយាយ គឺការដែលអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីលើអ៊ីរ៉ង់ក្នុងថ្ងៃទី៦ សីហា និងត្រៀមដាក់មួយទៀតនៅខែវិច្ឆិកាខាងមុខដោយសំដៅចំលើវិស័យប្រេងឥន្ធនៈតែម្តង។
សូមជម្រាបជូនថាក្នុងខែកក្កដា ឆ្នាំ ២០១៧ ក្រុមហ៊ុន Total បានចុះហត្ថលេខាជាមួយក្រុមហ៊ុនប្រេងឥន្ធនៈចិន CNPCI និងក្រុមហ៊ុនប្រេងឥន្ធនៈអ៊ីរ៉ង់ Petropars លើកិច្ចព្រមព្រៀងមួយស្តីពីការធ្វើអាជីវកម្មឧស្ម័ននៅប៉ែកខាងត្បូងប្រទេសអ៊ីរ៉ង់ក្នុងទឹកប្រាក់ជិត ៥ ០០០លានដុល្លារ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Total នៅក្នុងគម្រោងវិនិយោគនោះមាន ១ ០០០លានដុល្លារ តែ Total ធ្លាប់បានបញ្ជាក់ក្នុងខែឧសភាកន្លងទៅថា ទើបបានចំណាយតែ ៤០លានដុល្លារប៉ុណ្ណោះ។ ការរារែក អល់អែលក្នុងការចំណាយពេញទំហឹងរបស់ Total ក៏ដោយសារតែកំណើនភាពចម្រូងចម្រាសរវាងអាមេរិក និងអ៊ីរ៉ង់ ពិសេសមិនប្រាកដថាអាមេរិកត្រឡប់ទៅដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ ឬក៏អត់ទេ។
គួររម្លឹកជូនឡើងវិញថា ក្រោយពីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ អាមេរិកក៏បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីប្រឆាំងអ៊ីរ៉ង់ និងបានចេញមុខព្រមានដាក់ទណ្ឌកម្មលើក្រុមហ៊ុនបរទេសណាដែលហ៊ានចចេស រឹងក្បាលបន្តរកស៊ីជាមួយអ៊ីរ៉ង់។ ពិតណាស់ថា នៅក្នុងចំណោមប្រទេសហត្ថលេខីលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ គឺមានតែអាមេរិកមួយគត់ដែលបានដកខ្លួនចេញ។ ចំណែកអ្នកផ្សេង មានអង់គ្លេស បារាំង អាល្លឺម៉ង់ ចិន រុស្ស៊ី រួមទាំងអ៊ីរ៉ង់ផងបានបញ្ជាក់ពីបំណងមិនដើរចេញ និងចង់បន្តរក្សាទុកកិច្ចព្រមព្រៀងនោះឲ្យនៅដដែល។ តែបញ្ហានៅត្រង់ថា ក្រុមហ៊ុនរបស់ប្រទេសទាំងនោះដែលកំពុងមានវត្តមាននៅអ៊ីរ៉ង់អាចនឹងទទួលទណ្ឌកម្មចាស់ដៃពីអាមេរិក បើពួកគេបន្តធ្វើជំនួញនៅទីនោះ។
មែនទែនទៅ Total មិនមែនជាក្រុមហ៊ុនបារាំងទី១ ដែលបានលុតក្រាបនៅចំពោះមុខការគំរាមរបស់អាមេរិកដោយសុខចិត្តវិចបង្វិចចេញពីអ៊ីរ៉ង់ទេ ក្រុមហ៊ុនឧស្ម័នរបស់បារាំងមួយទៀតឈ្មោះ Air Liquide ក៏បានដកខ្លួនចេញដែរ ហើយក្រៅពីបារាំង នៅមានក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់ផ្នែករថយន្ត អាយស្ម័យយាន និងទូរស័ព្ទ។ ជម្រើសដើរចេញពីប្រទេសអ៊ីរ៉ង់របស់ក្រុមហ៊ុនបរទេសពេលនេះក៏ដោយសារតែពួកគេទទួលបានប្រយោជន៍ច្រើនជាមួយអាមេរិកជាងជាមួយអ៊ីរ៉ង់ ពិសេសក្រុមហ៊ុន Total បារាំង។ សម្រាប់ទីក្រុងតេហេរ៉ង់ ការដកខ្លួនរបស់ក្រុមហ៊ុនបរទេសបណ្តើរៗពេលនេះបាន និងកំពុងធ្វើឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ឈឺក្បាលជាពន់ពេក។ ឈឺក្បាល ព្រោះតាំងពីក្រោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ មក ទីក្រុងតេហេរ៉ង់រពឹងយ៉ាងខ្លាំងពីការវិលត្រឡប់របស់វិនិយោគបរទេសដើម្បីស្រោចស្រង់សេដ្ឋកិច្ចរបស់ខ្លួនដែលដុនដាបដោយសារទណ្ឌកម្មអន្តរជាតិក្នុងបញ្ហានុយក្លេអ៊ែរ។
តែវិលចុះ វិលឡើង និងចំពេលដែលហេដ្ឋារចនាសម្ព័ន្ធនៅតាមស្ថានីយ៍បូមប្រេងរបស់ខ្លួនកំពុងបន្តជួសជុលដោយក្រុមហ៊ុនបរទេសមិនទាន់រួចរាល់ចប់សព្វគ្រប់ផង ស្រាប់តែពួកគេនាំគ្នាដកខ្លួនចេញវិញអស់។ ជាការពិត ការដកខ្លួនរបស់ក្រុមហ៊ុន Total និងការងារដែលនៅសេសសល់នឹងអាចដាក់ជំនួសដោយក្រុមហ៊ុនរបស់ចិនដែលមិនព្រឺរោមនឹងការព្រមានរបស់អាមេរិក ឬក្រុមហ៊ុនអ៊ីរ៉ង់ខ្លួនឯង។ តែចំណោតនៅត្រង់ថា ក្រុមហ៊ុនអ៊ីរ៉ង់ខ្វះបច្ចេកទេស និងគ្មានបច្ចេកវិទ្យាដូចក្រុមហ៊ុន Total បារាំង។ រីឯបច្ចេកវិទ្យារបស់ចិនឯណោះវិញ ក៏រដ្ឋាភិបាលអ៊ីរ៉ង់ហាក់មិនសូវទុកចិត្តដែរ។ សព្វថ្ងៃនេះនៅអ៊ីរ៉ង់ ស្ថានីយ៍បូមប្រេងភាគច្រើនមានអាយុកាលដល់ទៅ ៨០ឆ្នាំ ពោលលើសពីអាយុធម្មតាដែលមានត្រឹម ៣០ឆ្នាំ និងចាំបាច់ត្រូវធ្វើការជួសជុលឡើងវិញដោយខានមិនបាន។
ដូច្នេះនៅចំពោះមុខ ជម្រើសរបស់រដ្ឋាភិបាលអ៊ីរ៉ង់ហាក់មិនមានច្រើនទេ ឬមួយពឹងលើចិន ឬមួយពឹងលើខ្លួនឯង។ តែបើខ្លួនឯងគ្មានសមត្ថភាពទេ គឺមានតែពឹងលើអ្នកដទៃ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ