អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ​ចេញមុខ​ការពារ​នយោបាយ​ការបរទេស​របស់លោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​ចេញមុខ ការពារ​នយោបាយ​ការបរទេស​របស់លោក នៅក្នុង​បទសម្ភាសន៍​មួយ ជាមួយ ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters។ លោកដូណាល់ ត្រាំ​បាន​បញ្ជាក់​ជំហរ​របស់ខ្លួន នៅក្នុង​សំណុំរឿង​សំខាន់ៗ​ជាច្រើន ដូចជា ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន ការថ្នាំងថ្នាក់​ជាមួយ​តួកគី ជំនួប​ជាមួយ​មេដឹកនាំ កូរ៉េខាងជើង ​ប្រធានាធិបតី​រុស្ស៊ី ហើយ​និង​ការស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស លើ​ការលូកដៃ​របស់​រុស្ស៊ី ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី ដែល​មាន​លោកដូណាល់​ត្រាំ ជាអ្នកឈ្នះឆ្នោត កាល​ពី​ចុងឆ្នាំ ២០១៦។ 

លោកដូណាល់ ត្រាំផ្តល់​បទសម្ភាសន៍ ដល់ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ថ្ងៃទី​២០​សីហា ២០១៨
លោកដូណាល់ ត្រាំផ្តល់​បទសម្ភាសន៍ ដល់ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ថ្ងៃទី​២០​សីហា ២០១៨ ©REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​ផ្តល់​បទសម្ភាសន៍​មួយ​ទៅ​ទីភ្នាក់ងារ​ព័ត៌មានអង់គ្លេស Reuters នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ។ នៅក្នុង​បទសម្ភាសន៍​នោះ លោក​ដូណាល់ ត្រាំ បាន​និយាយ​ការពារ​នយោបាយ​ការបរទេស​អាមេរិក ជាច្រើន ទាក់ទង​នឹង​បញ្ហា​កូរ៉េខាងជើង អ៊ីរ៉ង់ ចិន រុស្ស៊ី និង​តួកគី​ជាដើម។

ចិន

ទាក់ទង​នឹង​ប្រទេស​ចិន លោក​ដូណាល់ ត្រាំ បាន​និយាយ​ទៅ​ដល់​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន នៅ​បន្ទាប់​ពី​បាន​រដ្ឋបាល​របស់​លោក សម្រេច​ដំឡើង​ពន្ធ លើ​ទំនិញ​ចិន តម្លៃ ៥០ពាន់​លាន​ដុល្លារ ដែល​នាំចូល​ទៅ​អាមេរិក។

លោក​ដូណាល់ ត្រាំ ធ្លាប់​ចោទ​ក្រុង​ប៉េកាំង ថា ធ្វើ​ជំនួញ​មិន​ស្មោះត្រង់ ដូចជា​រំលោភ​កម្មសិទ្ធិ​បញ្ញា លួច​ចម្លង​បច្ចេកវិទ្យា​អាមេរិក ដោយ​ខុសច្បាប់។ មួយវិញទៀត លោក​ដូណាល់ ត្រាំ មិន​សប្បាយ​ចិត្ត​នោះទេ ដែល​ឃើញ​មាន ឱនភាព​ពាណិជ្ជកម្ម​របស់​អាមេរិក​ជាមួយ​ចិន  មាន​ដល់​ទៅ ៣៧៥ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០១៧។ សម្រាប់​លោកដូណាល់ ត្រាំ វា​មិន​យុត្តិធម៌ទេ ដែល ទំនិញចិន ទៅ​អាមេរិក មាន​ច្រើន​ជាងទំនិញ​រវាង​អាមេរិក នាំចូលទៅ​ចិន។ ដើម្បី ដាក់​សំពាធ​លើ​ក្រុង​ប៉េកាំង លោក​ដូណាល់ ត្រាំ បាន​គំរាម​រួចហើយ ថា នឹង​ដំឡើង​ពន្ធ​លើ​ទំនិញគ្រប់​ប្រភេទ​របស់​ចិន ដែល​នាំចូល​ទៅលក់​នៅទីផ្សារ​អាមេរិកាំង។ លោក​ដូណាល់ ត្រាំ ប្រហែល​ជា​មិន​បន្ទន់​ជំហរ ដាក់​ចិន នោះទេ។ នៅថ្ងៃ​ម្សិលមិញ លោក​បាននិយាយ​ប្រាប់​អ្នកកាសែត ថា លោក​នឹង​មិន​សង្ឃឹម​អ្វីច្រើន ជាដុំកំភួន ពី​ជំនួប​ចរចា​រវាង​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ចិន និង​អាមេរិក ដែល​ត្រូវ​ធ្វើ​នៅ​សប្តាហ៍នេះ នៅ​ទីក្រុង​វ៉ាស៊ីនតោននោះទេ។

សូមអាន៖ ពាណិជ្ជកម្ម៖​ហេតុអ្វី​បាន​ជា​សំណល់​ពាណិជ្ជកម្ម​ចិន​ជាមួយ​អាមេរិក​មាន​កំណើន​ខ្ពស់?

សម្រាប់​ប្រធានាធិបតី​អាមេរិក សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​ចិន នឹង​អាច​មាន​រយៈពេល​យូរវែង​តទៅទៀត ព្រោះថា យុទ្ធសាស្រ្ត​នយោបាយ​របស់​លោក ​ដូច​យុទ្ធសាស្រ្ត​របស់​ចិន អីចឹង គឺ​ជា​យុទ្ធសាស្រ្ត ដើម្បី ផល​ប្រយោជន៍​ក្នុង​រយៈពេល​វែង។

អ៊ីរ៉ង់

ទាក់ទង​នឹង​អ៊ីរ៉ង់ លោកដូណាល់ ត្រាំ​មិន​បាន​និយាយ​អ្វី​ច្រើន​នោះទេ។ លោក​គ្រាន់តែ​បដិសេធ​ព័ត៌មាន​ដែល​ថា លោក​ចង់​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​តែប៉ុណ្ណោះ។ ព័ត៌មាន​ស្តីពី​ជំនួប​កំពូល​អាមេរិក និង​អ៊ីរ៉ង់ ដែល​ជាសត្រូវ​សួរពូជ​នឹងគ្នា កើតមាន នៅក្រោយ​ពេល​លោកដូណាល់ ត្រាំ បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​បាន​ត្រលប់​ទៅ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​សាជា​ថ្មីលើ​របប​អ៊ីស្លាម​អ៊ីរ៉ង់ ដែល​អាមេរិក​ចោទប្រកាន់​ថា ជា​អ្នកសាបព្រួស​អស្ថិរភាព នៅតំបន់​ដើមបូព៌ា។ សម្រាប់​លោកត្រាំ បើសិន ប្រធានាធិបតី​អ៊ីរ៉ង់ មិន​ចង់ ជួបលោក លោក​ក៏​មិនខ្វល់ដែរ ព្រោះ​លោកមិនដែល​សុំ​ឲ្យ​មាន​ជំនួប​នោះទេ។

លោកដូណាល់​ត្រាំ៖ ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក តួកគីកំពុង​ធ្វើ​កំហុសមួយ

នៅក្នុង​សំណុំរឿង​តួកគី​វិញ លោក​ដូណាល់ ត្រាំ ដែល​បាន​ប្រកាស​ដំឡើងពន្ធ លើ​ដែក តួកគី នាំចូល​ទៅ​អាមេរិក បាន​អះអាង​ថា លោក​នឹង​មិន​ធ្វើ​សម្បទាន ដាច់ខាត នៅក្នុង​រឿង​ដែលទាមទារ​ឲ្យ​ដោះលែង គ្រូគង្វាល អាមេរិកាំង ដែល​តួកគី​បាន​ចាប់ឃុំខ្លួន ក្នុង​បទចោទប្រកាន់​មាន​ជាប់ទាក់ទង​នឹង​ក្រុមភេរវនិយម។ លោក​ដូណាល់ត្រាំ ថា លោក​អត់​ធ្វើ​សម្បទាន ហើយ​លោក​ក៏អត់​ខ្វល់ បារម្ភ​ពី​រឿង​តួកគី ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​ដើម្បី​សងសឹក​លោកវិញ ដែរ ព្រោះ លោកគិត​ថា នេះ​ជា​រឿង​ត្រឹមត្រូវ ដែល​គួរធ្វើ។ តួកគី​បាន​វាយបក​វិញ ជាមួយ​នឹង​ការដំឡើង​ពន្ធ​ដូចគ្នា លើ​ទំនិញ​អាមេរិក នាំ ចូល​ទៅ​តួកគី ប៉ុន្តែ បើតាម​លោកត្រាំ ដោយ​ធ្វើ​ដូច្នេះ តួកគី​កំពុងធ្វើ​កំហុស​មួយ​ដ៏ធ្ងន់ធ្ងរ។

លោកដូណាល់ ត្រាំ កោតសរសើរ​មេដឹកនាំ​កូរ៉េខាងជើង និង​ប្រធានាធិបតី​រុស្ស៊ី

ជំនួបកំពូល​ជាមួយ មេដឹកនាំ​កូរ៉េខាងជើង កាលពី​ខែ មិថុនា​កន្លងទៅ គឺ​ជាមោទនភាព​ធំសម្បើម​របស់លោក​ដូណាល់ ត្រាំ។ នៅក្នុង​បទសម្ភាសន៍​នៅថ្ងៃ​ម្សិលមិញ លោកដូណាល់ ត្រាំ បាន​និយាយ​ថា ការជួបចរចា និយាយ​ចុះសម្រុងគ្នា​រវាង​លោក ហើយ​និង​គីម ជុងអ៊ុន​បាន​ជួយ​បញ្ជៀស​មិន​ឲ្យ សង្រ្គាមផ្ទុះឡើង កូរ៉េ នៅ​ខែ​កក្កដា កន្លងទៅ គឺ​ខែ​ដែល​សង្រ្គាមពាក្យសំដី អាមេរិក និង​កូរ៉េខាងជើង​បាន​កើនឡើង​ដល់​កម្រិតកំពូល។ លោកដូណាល់ ត្រាំ​នៅ​បាន​និយាយ​អួតខ្លួន​ទៀត​ថា ផ្ទុយពី​មេដឹកនាំ​អាមេរិក​មុន ដែល​ដោះស្រាយជាមួយ​កូរ៉េខាងជើង អស់រាប់ឆ្នាំ ប៉ុន្តែ មិន​បាន​សម្រេច លោក​បាន​ចំណាយពេល​តែ​៣ខែ​ប៉ុណ្ណោះ ដើម្បី បញ្ចុះបញ្ចូល​ឲ្យ​កូរ៉េខាងជើង​ឈប់​បាញ់​សាកល្បង​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ និង​មីស៊ីល ដែល​ជា​ដើមចម​នៃ​ភាពតានតឹង ហើយ​និង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​របប​កុម្មុយនិស្ត​កូរ៉េខាងជើង។

រុស្ស៊ី

លោក​ដូណាល់​ត្រាំ នៅតែ​វាយតម្លៃថា ជំនួប​រវាងលោក និង​លោកប្រធានាធិបតី​រុស្ស៊ី ជា​ជំនួប​ដ៏ល្អ​ប្រសើរ​មួយ។ តាមលោកដូណាល់ ត្រាំ លោក​គ្មាន​បាន​លឺ​ពាក្យ​ណាមួយ​ម៉ាត់​របស់​លោកពូទីន ដែលសុំ​ឲ្យ​អាមេរិក​ដកទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​រុស្ស៊ី​ដែរ។ នៅក្នុង​ជំនួប​រយៈពេល​២ម៉ោង កាលពី​មុន នៅ​ប្រទេស​ហ្វាំងឡង់ លោកដូណាល់ ត្រាំ និយាយ​ថា លោក និង​លោកពូទីន និយាយ​តែ​ពីរឿង​ស៊ីរី​អ៊ីស្រាអែល ឬ​អ៊ុយក្រែន។ ខុសពី​មេដឹកនាំ​អាមេរិក​មុនៗ លោកដូណាល់ ត្រាំ មាន​ជំហរ កោតសរសើរ​ខ្លាំងណាស់ មេដឹកនាំ​រុស្ស៊ី នោះបើទោះបី​ជា​ម្ចាស់ក្រេមឡាំង ធ្លាប់​ត្រូវ​បាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ចោទថា ជា​អ្នកនៅពីក្រោយ​សកម្មភាព​លូកដៃ​របស់​រុស្ស៊ី ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក៏ដោយ។

លោក​ដូណាល់ ត្រាំ អស់ការអត់ធ្មត់​ជាមួយ​ប្រធាន​ធនាគារ​កណ្តាល​អាមេរិក FED

ក្រៅតែ​ពីនយោបាយ​ការបរទេស លោក​ដូណាល់ ត្រាំ ក៏​មិន​ភ្លេច​និយាយ​ផងដែរ ពី​បញ្ហា​ផ្ទៃក្នុងអាមេរិក។ នៅក្រោយ​រិះគន់​ការស៊ើបអង្កេត របស់​រដ្ឋអាជ្ញាពិសេស ក្នុងសំណុំរឿង​ជ្រៀតជ្រែក​របស់​រុស្ស៊ី ក្នុង​ការបោះឆ្នោត​អាមេរិក លោក​ដូណាល់ ត្រាំ នៅ​បាន​រិះគន់​ទៀត ប្រធាន​ធនាគារ​កណ្តាល​អាមេរិក​ដែល​លោក​ផ្ទាល់ ជា​អ្នក​តែងតាំង​ផ្ទាល់។

លោក​ដូណាល់ ត្រាំ រិះគន់​ប្រធាន​ធនាគារ​កណ្តាល​អាមេរិក មក​ពី​ប្រធាន​ធនាគារ​កណ្តាល​ទើប​បាន​សម្រេច​ដំឡើង​អត្រា​ការប្រាក់។ វិធានការ​របស់​ធនាគារ​កណ្តាល ដើរបញ្រ្ចាសទិស ផ្ទុយពី​នយោបាយ​ចង់​បាន​របស់​លោកដូណាល់ ត្រាំ។ ធនាគារ​កណ្តាល​អាមេរិក​ដំឡើង​អត្រាការប្រាក់ មានន័យថា លុយ ដុល្លារ​ឡើង ថ្លៃ ជាហេតុ​ធ្វើ​ឲ្យ​ទំនិញ​នាំចេញ​អាមេរិកមាន​តម្លៃ ថ្លៃ ពិបាក​នឹង​ប្រកួតប្រជែង ជាមួយ​ទំនិញ​បរទេស។ មួយវិញទៀត នៅពេល​ទំនិញ​ឡើង​ថ្លៃ ប្រជាជន​អាមេរិក​មុខជា​មិន​សប្បាយចិត្ត​នោះទេ។ រឿងនេះ​វាអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សំឡេងឆ្នោត​របស់​គណបក្សរបស់លោកដូណាល់​ត្រាំ នៅក្នុង​ការបោះឆ្នោត សភា អាមេរិក​ពាក់កណ្តាល​អាណត្តិ​ដែល​ត្រូវរៀបចំ នៅ​ខែ វិច្ឆិកា ខាងមុខ។

លោក​ដូណាល់ ត្រាំ មាន​ប្រតិកម្ម រិះគន់ ការសម្រេចចិត្ត​របស់​ធនាគារ​កណ្តាល​អាមេរិក។ នេះ​ទើប​មាន​ជាលើកទី១ ព្រោះថា ប្រធានាធិបតី អាមេរិក​មុនៗ មិន​ដែល​លូកដៃ ធ្វើ​អត្ថាធិប្បាយ​អ្វីជុំវិញ​ការសម្រេចចិត្ត​របស់​ធនាគារ​កណ្តាល ឡើយ ដើម្បី ធានា​ឯករាជ្យភាព​របស់​ស្ថាប័ន មួយនេះ។ ប៉ុន្តែ លោក​ដូណាល់ ត្រាំ មិន​ខ្វល់​ពី​ប្រូតូកូល​អ្វីទេ។

នៅក្នុង​រឿងស៊ើបអង្កេតទៅលើ​ការលូកដៃ​របស់​រុស្ស៊ី ក្នុង​ការបោះឆ្នោតអាមេរិក​ លោកដូណាល់ ត្រាំ នៅ​តែ​អះអាងថា លោក​មិន​ជឿថា ​រុស្ស៊ី មាន​ជាប់ពាក់ព័ន្ធ​នោះទេ។ មួយវិញទៀត លោកដូណាល់ ត្រាំ បារម្ភថា គេ​នឹង​អាច​ប្រើសំដី​របស់លោក ដើម្បី​ចាប់​កំហុស​របស់លោក វិញ នៅពេល​លោក​ត្រូវឆ្លើយ​តទល់​ជាមួយ រដ្ឋអាជ្ញាពិសេស។ លោកដូណាល់​ត្រាំ បញ្ជាក់ដែរថា លោកមាន​អំណាច ក្នុង​នាមជា​ប្រធានាធិបតី បិទបញ្ចប់ កុំ​ឲ្យ​មាន​ការស៊ើបអង្កេត ប៉ុន្តែ ឥលូវនេះ លោក​មិនធ្វើ​ដូច្នេះទេ។ លោកដូណាល់ ត្រាំ​អាច​និយាយ​យកមុខ ព្រោះ ថា បើសិន​លោក​បិទបញ្ចប់ ការស៊ើបអង្កេត លោក​អាច​ប្រឈម​នឹង​ការចោទប្រកាន់ថា មាន​ចេតនា​រារាំង ការស៊ើបអង្កេត​របស់​តុលាការ។ នៅពេលនោះ សភា អាមេរិក​នឹង​អាច​បោះឆ្នោត ទម្លាក់​លោក​ចេញពីតំណែង​ក្នុងបំផ្លាញ​ការងារ​ស៊ើបអង្កេត​របស់​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ