លោកដូណាល់ ត្រាំចេញមុខការពារនយោបាយការបរទេសរបស់លោក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២២
ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃចន្ទម្សិលមិញបានចេញមុខ ការពារនយោបាយការបរទេសរបស់លោក នៅក្នុងបទសម្ភាសន៍មួយ ជាមួយ ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters។ លោកដូណាល់ ត្រាំបានបញ្ជាក់ជំហររបស់ខ្លួន នៅក្នុងសំណុំរឿងសំខាន់ៗជាច្រើន ដូចជា ជម្លោះពាណិជ្ជកម្មជាមួយចិន ការថ្នាំងថ្នាក់ជាមួយតួកគី ជំនួបជាមួយមេដឹកនាំ កូរ៉េខាងជើង ប្រធានាធិបតីរុស្ស៊ី ហើយនិងការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស លើការលូកដៃរបស់រុស្ស៊ី ក្នុងការបោះឆ្នោតប្រធានាធិបតី ដែលមានលោកដូណាល់ត្រាំ ជាអ្នកឈ្នះឆ្នោត កាលពីចុងឆ្នាំ ២០១៦។
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានផ្តល់បទសម្ភាសន៍មួយទៅទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters នៅថ្ងៃចន្ទម្សិលមិញ។ នៅក្នុងបទសម្ភាសន៍នោះ លោកដូណាល់ ត្រាំ បាននិយាយការពារនយោបាយការបរទេសអាមេរិក ជាច្រើន ទាក់ទងនឹងបញ្ហាកូរ៉េខាងជើង អ៊ីរ៉ង់ ចិន រុស្ស៊ី និងតួកគីជាដើម។
ចិន
ទាក់ទងនឹងប្រទេសចិន លោកដូណាល់ ត្រាំ បាននិយាយទៅដល់ជម្លោះពាណិជ្ជកម្មជាមួយចិន នៅបន្ទាប់ពីបានរដ្ឋបាលរបស់លោក សម្រេចដំឡើងពន្ធ លើទំនិញចិន តម្លៃ ៥០ពាន់លានដុល្លារ ដែលនាំចូលទៅអាមេរិក។
លោកដូណាល់ ត្រាំ ធ្លាប់ចោទក្រុងប៉េកាំង ថា ធ្វើជំនួញមិនស្មោះត្រង់ ដូចជារំលោភកម្មសិទ្ធិបញ្ញា លួចចម្លងបច្ចេកវិទ្យាអាមេរិក ដោយខុសច្បាប់។ មួយវិញទៀត លោកដូណាល់ ត្រាំ មិនសប្បាយចិត្តនោះទេ ដែលឃើញមាន ឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយចិន មានដល់ទៅ ៣៧៥ពាន់លានដុល្លារ នៅឆ្នាំ ២០១៧។ សម្រាប់លោកដូណាល់ ត្រាំ វាមិនយុត្តិធម៌ទេ ដែល ទំនិញចិន ទៅអាមេរិក មានច្រើនជាងទំនិញរវាងអាមេរិក នាំចូលទៅចិន។ ដើម្បី ដាក់សំពាធលើក្រុងប៉េកាំង លោកដូណាល់ ត្រាំ បានគំរាមរួចហើយ ថា នឹងដំឡើងពន្ធលើទំនិញគ្រប់ប្រភេទរបស់ចិន ដែលនាំចូលទៅលក់នៅទីផ្សារអាមេរិកាំង។ លោកដូណាល់ ត្រាំ ប្រហែលជាមិនបន្ទន់ជំហរ ដាក់ចិន នោះទេ។ នៅថ្ងៃម្សិលមិញ លោកបាននិយាយប្រាប់អ្នកកាសែត ថា លោកនឹងមិនសង្ឃឹមអ្វីច្រើន ជាដុំកំភួន ពីជំនួបចរចារវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចចិន និងអាមេរិក ដែលត្រូវធ្វើនៅសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោននោះទេ។
សូមអាន៖ ពាណិជ្ជកម្ម៖ហេតុអ្វីបានជាសំណល់ពាណិជ្ជកម្មចិនជាមួយអាមេរិកមានកំណើនខ្ពស់?
សម្រាប់ប្រធានាធិបតីអាមេរិក សង្រ្គាមពាណិជ្ជកម្មជាមួយចិន នឹងអាចមានរយៈពេលយូរវែងតទៅទៀត ព្រោះថា យុទ្ធសាស្រ្តនយោបាយរបស់លោក ដូចយុទ្ធសាស្រ្តរបស់ចិន អីចឹង គឺជាយុទ្ធសាស្រ្ត ដើម្បី ផលប្រយោជន៍ក្នុងរយៈពេលវែង។
អ៊ីរ៉ង់
ទាក់ទងនឹងអ៊ីរ៉ង់ លោកដូណាល់ ត្រាំមិនបាននិយាយអ្វីច្រើននោះទេ។ លោកគ្រាន់តែបដិសេធព័ត៌មានដែលថា លោកចង់ជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់តែប៉ុណ្ណោះ។ ព័ត៌មានស្តីពីជំនួបកំពូលអាមេរិក និងអ៊ីរ៉ង់ ដែលជាសត្រូវសួរពូជនឹងគ្នា កើតមាន នៅក្រោយពេលលោកដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ និងបានត្រលប់ទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ចសាជាថ្មីលើរបបអ៊ីស្លាមអ៊ីរ៉ង់ ដែលអាមេរិកចោទប្រកាន់ថា ជាអ្នកសាបព្រួសអស្ថិរភាព នៅតំបន់ដើមបូព៌ា។ សម្រាប់លោកត្រាំ បើសិន ប្រធានាធិបតីអ៊ីរ៉ង់ មិនចង់ ជួបលោក លោកក៏មិនខ្វល់ដែរ ព្រោះលោកមិនដែលសុំឲ្យមានជំនួបនោះទេ។
លោកដូណាល់ត្រាំ៖ ដំឡើងពន្ធលើទំនិញអាមេរិក តួកគីកំពុងធ្វើកំហុសមួយ
នៅក្នុងសំណុំរឿងតួកគីវិញ លោកដូណាល់ ត្រាំ ដែលបានប្រកាសដំឡើងពន្ធ លើដែក តួកគី នាំចូលទៅអាមេរិក បានអះអាងថា លោកនឹងមិនធ្វើសម្បទាន ដាច់ខាត នៅក្នុងរឿងដែលទាមទារឲ្យដោះលែង គ្រូគង្វាល អាមេរិកាំង ដែលតួកគីបានចាប់ឃុំខ្លួន ក្នុងបទចោទប្រកាន់មានជាប់ទាក់ទងនឹងក្រុមភេរវនិយម។ លោកដូណាល់ត្រាំ ថា លោកអត់ធ្វើសម្បទាន ហើយលោកក៏អត់ខ្វល់ បារម្ភពីរឿងតួកគី ដំឡើងពន្ធលើទំនិញអាមេរិកដើម្បីសងសឹកលោកវិញ ដែរ ព្រោះ លោកគិតថា នេះជារឿងត្រឹមត្រូវ ដែលគួរធ្វើ។ តួកគីបានវាយបកវិញ ជាមួយនឹងការដំឡើងពន្ធដូចគ្នា លើទំនិញអាមេរិក នាំ ចូលទៅតួកគី ប៉ុន្តែ បើតាមលោកត្រាំ ដោយធ្វើដូច្នេះ តួកគីកំពុងធ្វើកំហុសមួយដ៏ធ្ងន់ធ្ងរ។
លោកដូណាល់ ត្រាំ កោតសរសើរមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីរុស្ស៊ី
ជំនួបកំពូលជាមួយ មេដឹកនាំកូរ៉េខាងជើង កាលពីខែ មិថុនាកន្លងទៅ គឺជាមោទនភាពធំសម្បើមរបស់លោកដូណាល់ ត្រាំ។ នៅក្នុងបទសម្ភាសន៍នៅថ្ងៃម្សិលមិញ លោកដូណាល់ ត្រាំ បាននិយាយថា ការជួបចរចា និយាយចុះសម្រុងគ្នារវាងលោក ហើយនិងគីម ជុងអ៊ុនបានជួយបញ្ជៀសមិនឲ្យ សង្រ្គាមផ្ទុះឡើង កូរ៉េ នៅខែកក្កដា កន្លងទៅ គឺខែដែលសង្រ្គាមពាក្យសំដី អាមេរិក និងកូរ៉េខាងជើងបានកើនឡើងដល់កម្រិតកំពូល។ លោកដូណាល់ ត្រាំនៅបាននិយាយអួតខ្លួនទៀតថា ផ្ទុយពីមេដឹកនាំអាមេរិកមុន ដែលដោះស្រាយជាមួយកូរ៉េខាងជើង អស់រាប់ឆ្នាំ ប៉ុន្តែ មិនបានសម្រេច លោកបានចំណាយពេលតែ៣ខែប៉ុណ្ណោះ ដើម្បី បញ្ចុះបញ្ចូលឲ្យកូរ៉េខាងជើងឈប់បាញ់សាកល្បងសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ និងមីស៊ីល ដែលជាដើមចមនៃភាពតានតឹង ហើយនិងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរបបកុម្មុយនិស្តកូរ៉េខាងជើង។
រុស្ស៊ី
លោកដូណាល់ត្រាំ នៅតែវាយតម្លៃថា ជំនួបរវាងលោក និងលោកប្រធានាធិបតីរុស្ស៊ី ជាជំនួបដ៏ល្អប្រសើរមួយ។ តាមលោកដូណាល់ ត្រាំ លោកគ្មានបានលឺពាក្យណាមួយម៉ាត់របស់លោកពូទីន ដែលសុំឲ្យអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចពីរុស្ស៊ីដែរ។ នៅក្នុងជំនួបរយៈពេល២ម៉ោង កាលពីមុន នៅប្រទេសហ្វាំងឡង់ លោកដូណាល់ ត្រាំ និយាយថា លោក និងលោកពូទីន និយាយតែពីរឿងស៊ីរីអ៊ីស្រាអែល ឬអ៊ុយក្រែន។ ខុសពីមេដឹកនាំអាមេរិកមុនៗ លោកដូណាល់ ត្រាំ មានជំហរ កោតសរសើរខ្លាំងណាស់ មេដឹកនាំរុស្ស៊ី នោះបើទោះបីជាម្ចាស់ក្រេមឡាំង ធ្លាប់ត្រូវបានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកចោទថា ជាអ្នកនៅពីក្រោយសកម្មភាពលូកដៃរបស់រុស្ស៊ី ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកក៏ដោយ។
លោកដូណាល់ ត្រាំ អស់ការអត់ធ្មត់ជាមួយប្រធានធនាគារកណ្តាលអាមេរិក FED
ក្រៅតែពីនយោបាយការបរទេស លោកដូណាល់ ត្រាំ ក៏មិនភ្លេចនិយាយផងដែរ ពីបញ្ហាផ្ទៃក្នុងអាមេរិក។ នៅក្រោយរិះគន់ការស៊ើបអង្កេត របស់រដ្ឋអាជ្ញាពិសេស ក្នុងសំណុំរឿងជ្រៀតជ្រែករបស់រុស្ស៊ី ក្នុងការបោះឆ្នោតអាមេរិក លោកដូណាល់ ត្រាំ នៅបានរិះគន់ទៀត ប្រធានធនាគារកណ្តាលអាមេរិកដែលលោកផ្ទាល់ ជាអ្នកតែងតាំងផ្ទាល់។
លោកដូណាល់ ត្រាំ រិះគន់ប្រធានធនាគារកណ្តាលអាមេរិក មកពីប្រធានធនាគារកណ្តាលទើបបានសម្រេចដំឡើងអត្រាការប្រាក់។ វិធានការរបស់ធនាគារកណ្តាល ដើរបញ្រ្ចាសទិស ផ្ទុយពីនយោបាយចង់បានរបស់លោកដូណាល់ ត្រាំ។ ធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់ មានន័យថា លុយ ដុល្លារឡើង ថ្លៃ ជាហេតុធ្វើឲ្យទំនិញនាំចេញអាមេរិកមានតម្លៃ ថ្លៃ ពិបាកនឹងប្រកួតប្រជែង ជាមួយទំនិញបរទេស។ មួយវិញទៀត នៅពេលទំនិញឡើងថ្លៃ ប្រជាជនអាមេរិកមុខជាមិនសប្បាយចិត្តនោះទេ។ រឿងនេះវាអាចធ្វើឲ្យប៉ះពាល់ដល់សំឡេងឆ្នោតរបស់គណបក្សរបស់លោកដូណាល់ត្រាំ នៅក្នុងការបោះឆ្នោត សភា អាមេរិកពាក់កណ្តាលអាណត្តិដែលត្រូវរៀបចំ នៅខែ វិច្ឆិកា ខាងមុខ។
លោកដូណាល់ ត្រាំ មានប្រតិកម្ម រិះគន់ ការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិក។ នេះទើបមានជាលើកទី១ ព្រោះថា ប្រធានាធិបតី អាមេរិកមុនៗ មិនដែលលូកដៃ ធ្វើអត្ថាធិប្បាយអ្វីជុំវិញការសម្រេចចិត្តរបស់ធនាគារកណ្តាល ឡើយ ដើម្បី ធានាឯករាជ្យភាពរបស់ស្ថាប័ន មួយនេះ។ ប៉ុន្តែ លោកដូណាល់ ត្រាំ មិនខ្វល់ពីប្រូតូកូលអ្វីទេ។
នៅក្នុងរឿងស៊ើបអង្កេតទៅលើការលូកដៃរបស់រុស្ស៊ី ក្នុងការបោះឆ្នោតអាមេរិក លោកដូណាល់ ត្រាំ នៅតែអះអាងថា លោកមិនជឿថា រុស្ស៊ី មានជាប់ពាក់ព័ន្ធនោះទេ។ មួយវិញទៀត លោកដូណាល់ ត្រាំ បារម្ភថា គេនឹងអាចប្រើសំដីរបស់លោក ដើម្បីចាប់កំហុសរបស់លោក វិញ នៅពេលលោកត្រូវឆ្លើយតទល់ជាមួយ រដ្ឋអាជ្ញាពិសេស។ លោកដូណាល់ត្រាំ បញ្ជាក់ដែរថា លោកមានអំណាច ក្នុងនាមជាប្រធានាធិបតី បិទបញ្ចប់ កុំឲ្យមានការស៊ើបអង្កេត ប៉ុន្តែ ឥលូវនេះ លោកមិនធ្វើដូច្នេះទេ។ លោកដូណាល់ ត្រាំអាចនិយាយយកមុខ ព្រោះ ថា បើសិនលោកបិទបញ្ចប់ ការស៊ើបអង្កេត លោកអាចប្រឈមនឹងការចោទប្រកាន់ថា មានចេតនារារាំង ការស៊ើបអង្កេតរបស់តុលាការ។ នៅពេលនោះ សភា អាមេរិកនឹងអាចបោះឆ្នោត ទម្លាក់លោកចេញពីតំណែងក្នុងបំផ្លាញការងារស៊ើបអង្កេតរបស់តុលាការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ