អ៊ីរ៉ង់ពឹងតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេឲ្យជួយដោះស្រាយវិវាទរវាងអាមេរិក និងអ៊ីរ៉ង់
ចុះផ្សាយនៅថ្ងៃ៖
ការប្រឈមមុខដាក់គ្នារវាងប្រទេសអ៊ីរ៉ង់ និងអាមេរិកឡើងដល់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ។ ទីក្រុងតេហេរ៉ង់បានសម្រេចចិត្តប្តឹងអាមេរិកទៅតុលាការយុត្តិធម៌អន្តរជាតិក្នុងបទដែលអាមេរិកបានបន្តពង្រឹងទណ្ឌកម្ម និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញប្រឆាំងអ៊ីរ៉ង់។ អ្វីដែលអ៊ីរ៉ង់ចង់ឲ្យក្រុមចៅក្រមនៃស្ថាប័នតុលាការរបស់អង្គការសហប្រជាជាតិមួយនេះជួយ គឺឲ្យអាមេរិកបញ្ឈប់ការដាក់គំនាបលើអ៊ីរ៉ង់ដោយប្រើវិធានការសេដ្ឋកិច្ច។ គួររម្លឹកជូនថា នេះមិនមែនជាលើកទី១ ទេដែលអ៊ីរ៉ង់បានរត់ទៅពឹងតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេឲ្យជួយដោះស្រាយវិវាទជាមួយអាមេរិក។
នៅក្នុងបណ្តឹងរបស់អ៊ីរ៉ង់ប្រឆាំងអាមេរិកលើកនេះក៏មិនខុសអ្វីពីបណ្តឹងលើកមុនដែរ។ អ៊ីរ៉ង់បានប្រើផ្លូវតុលាការអន្តរជាតិដើម្បីព្យាយាមបិទខ្ទប់ទណ្ឌកម្មសេដ្ឋកិច្ចដែលរដ្ឋបាលអាមេរិករបស់លោកដូណាល់ ត្រាំបានដាក់ជាថ្មីលើអ៊ីរ៉ង់។ ទណ្ឌកម្មរបស់អាមេរិកដែលអ៊ីរ៉ង់ចង់និយាយពេលនេះ គឺទណ្ឌកម្មនៅក្រោយឆ្នាំ ២០១៥ ពោលក្រោយពីមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខាដោយសហគមន៍អន្តរជាតិកាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ ២០១៥។ នៅក្នុងកិច្ចព្រមព្រៀងដែលមានប្រទេសហត្ថលេខីចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ អង់គ្លេស និងអាមេរិកក្នុងជំនាន់លោកអូបាម៉ា អ៊ីរ៉ង់បានសន្យាបញ្ឈប់ការព្យាយាមបំពាក់អាវុធនុយក្លេអ៊ែរជាថ្នូរនឹងការលើកចេញវិញនូវទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ។
តែខុសពីលោកអូបាម៉ា លោកដូណាល់ ត្រាំបានចាត់ទុកកិច្ចព្រមព្រៀងនោះថាមានលក្ខណៈទន់ខ្សោយ រួចក៏បានសម្រេចចិត្តដកអាមេរិកចេញពីកិច្ចព្រមព្រៀងនោះវិញក្នុងខែឧសភា ឆ្នាំ ២០១៨។ បន្ទាប់មក លោកត្រាំក៏បានផ្តើមទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីក្នុងជំហានទី១ លើអ៊ីរ៉ង់នាដើមខែសីហា ឆ្នាំ ២០១៨ និងគ្រោងដាក់បន្ថែមក្នុងជំហានទី២ នៅថ្ងៃទី៥ វិច្ឆិកាដោយផ្តើមលើវិស័យប្រេងឥន្ធនៈដែលជាបំពង់ដង្ហើមសេដ្ឋកិច្ចចម្បងរបស់អ៊ីរ៉ង់។ អ្វីដែលទីក្រុងតេហេរ៉ង់ចង់ឲ្យតុលាការអន្តរជាតិជួយនៅក្នុងដំណាក់កាលដំបូង គឺបញ្ជាអាមេរិកឲ្យព្យួរទណ្ឌកម្មលើអ៊ីរ៉ង់ មុននឹងផ្តើមនីតិវិធីស៊ីជម្រៅក្នុងបញ្ហានេះជាបន្តទៀត។
ហេតុផលដែលអ៊ីរ៉ង់សំអាង
មានហេតុផលចំនួនពីរដែលអ៊ីរ៉ង់បានលើកយកទៅសំអាងនៅក្នុងបណ្តឹងប្រឆាំងអាមេរិកទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ទី១ ទីក្រុងតេហេរ៉ង់បានចាត់ទុកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់ថាជាការរំលោភបំពានលើច្បាប់អន្តរជាតិ និងទី២ អ៊ីរ៉ង់សំអាងលើការគាំទ្រខ្លួនពីប្រទេសអឺរ៉ុបជាច្រើន។ ចូរកុំភ្លេចថា ក្នុងចំណោមប្រទេសហត្ថលេខីទាំង ៦ប្រទេសលើកិច្ចព្រព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ មានតែអាមេរិកម្នាក់ឯងគត់ដែលបានដកខ្លួនចេញ និងបានចាត់វិធានការទណ្ឌកម្មជាលក្ខណៈឯតោភាគីប្រឆាំងអ៊ីរ៉ង់។ ដូច្នេះក្រោមភ្នែក ច្រមុះទីក្រុងតេហេរ៉ង់ អ្វីដែលទីក្រុងវ៉ាស៊ីនតោនធ្វើនេះជារឿងខុសច្បាប់។
ម្យ៉ាងទៀត អ៊ីរ៉ង់ក៏បានសំអាងលើសន្ធិសញ្ញាដែលខ្លួនបានចុះហត្ថលេខាជាមួយអាមេរិកកាលពីឆ្នាំ ១៩៥៥។ នៅក្នុងសន្ធិសញ្ញាដែលគេមិនសូវស្គាល់មួយនេះបានចែងពីទំនាក់ទំនងមិត្តភាពរវាងអាមេរិក និងអ៊ីរ៉ង់ដោយមានការជួយជំរុញឲ្យមានការដោះដូរពាណិជ្ជកម្ម និងវិនិយោគរវាងអាមេរិក និងអ៊ីរ៉ង់ផងដែរ។ តែគេសង្កេតឃើញជារួមថា ទោះបីជាមានវត្តមានសន្ធិសញ្ញាមួយនេះក៏ដោយ ក៏ទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនបានផ្តាច់ទំនាក់ទំនងការទូតរវាងគ្នាតាំងពីឆ្នាំ ១៩៨០ មកម្ល៉េះ។
ហេតុផលដែលអាមេរិកបកវិញ
អាមេរិកបានប្រាប់ឲ្យដឹងពីការដែលខ្លួននឹងប្រកាសពីអសត្ថភាពរបស់តុលាការយុត្តធម៌អន្តរជាតិក្រុងឡាអេក្នុងការជំនុំជម្រះលើបណ្តឹរបស់ប្រទេសអ៊ីរ៉ង់។ មានហេតុផលចំនួនពីរដែលអាមេរិកអាចលើកឡើង ទី១ សន្ធិសញ្ញាមិត្តភាពរវាងអាមេរិក និងអ៊ីរ៉ង់ឆ្នាំ ១៩៥៥ លែងស្ថិតជាធរមានទៀតឡើយ ព្រោះអាមេរិក និងអ៊ីរ៉ង់បានក្លាយជាសត្រូវនឹងគ្នាជិត ៤០ឆ្នាំកន្លងមក។ ចំណែកហេតុផលទី២ អាមេរិកផ្អែកលើសកម្មភាពរបស់អ៊ីរ៉ង់បច្ចុប្បន្នដែលអាមេរិកយល់ឃើញថា ធ្ងន់ធ្ងរជាងសន្ធិសញ្ញានោះទៅទៀត។
អ្វីដែលទីក្រុងវ៉ាស៊ីនតោនចង់និយាយត្រង់ចំណុចនេះ គឺទាក់ទងនឹងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងសកម្មភាពភេរវនិយមរបស់អ៊ីរ៉ង់នៅក្នុងតំបន់ ដូចយ៉ាងការគាំទ្ររបស់ទីក្រុងតេហេរ៉ង់ចំពោះក្រុមភេរវនិយមនៅក្នុងប្រទេសស៊ីរី ឬយេម៉ែន។ គេនៅមិនទាន់ដឹងថា តើអ៊ីរ៉ង់អាចឈ្នះអាមេរិកនៅក្នុងរឿងក្តីក្តាំនេះឬអត់ទេ អ្វីដែលគេដឹង តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេអាចសម្រេចផ្តើមគិតគូរបណ្តឹងរបស់អ៊ីរ៉ង់ប្រឆាំងអាមេរិកដោយយកសន្ធិសញ្ញាឆ្នាំ ១៩៥៥ រវាងអាមេរិក និងអ៊ីរ៉ង់ធ្វើជាមូលដ្ឋាន។
បើតាមមើលទៅ ក្រុមចៅក្រមនៃតុលាការអន្តរជាតិបានត្រឹមពិនិត្យមើលថា តើអាមេរិកមានកង្វះខាតក្នុងការគោរពកាតព្វកិច្ចរបស់ខ្លួនដែលមានចែងនៅក្នុងសន្ធិសញ្ញាជាមួយអ៊ីរ៉ង់កាលពីឆ្នាំ ១៩៥០ ឬអត់។ ចំណែកការកាត់ក្តីឲ្យខាងណាឈ្នះ ឬខាងណាចាញ់នោះប្រហែលជាអត់ទេ។ ម្យ៉ាងទៀត គេត្រូវរង់ចាំពេលជាច្រើនឆ្នាំទើបដឹងលទ្ធផលយ៉ាងនោះ។ ភាគីអ៊ីរ៉ង់បានយល់ច្បាស់ណាស់ចំពោះបញ្ហានេះ និងក៏ហាក់មិនបានរង់ចាំលទ្ធផលអ្វីជាដុំកំភួនដែរ។ តែអ្វីដែលសំខាន់សម្រាប់អ៊ីរ៉ង់ក៏យ៉ាងហោចណាស់ ធ្វើឲ្យអាមេរិកឈឺក្បាល និងបន្តលាតត្រដាងទង្វើអាមេរិកចំពោះអ៊ីរ៉ង់ប្រាប់ពិភពលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ