ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/06 12h00 GMT

អ៊ីរ៉ង់​ពឹង​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​ឲ្យ​ជួយ​ដោះស្រាយ​វិវាទ​រវាង​អាមេរិក និង​អ៊ីរ៉ង់

អ៊ីរ៉ង់​ពឹង​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​ឲ្យ​ជួយ​ដោះស្រាយ​វិវាទ​រវាង​អាមេរិក និង​អ៊ីរ៉ង់ ទីស្នាក់ការ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ (Photo : DR)

    ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រទេស​អ៊ីរ៉ង់ និង​អាមេរិក​ឡើង​ដល់​តុលាការយុត្តិធម៌​អន្តរជាតិ​​ក្រុង​ឡាអេ។ ទីក្រុង​តេហេរ៉ង់​បាន​សម្រេចចិត្ត​ប្តឹង​អាមេរិក​ទៅ​តុលាការ​​យុត្តិធម៌​​អន្តរជាតិ​ក្នុង​បទ​ដែល​អាមេរិក​បាន​បន្ត​ពង្រឹង​ទណ្ឌកម្ម និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ឡើង​វិញ​ប្រឆាំង​អ៊ីរ៉ង់។ អ្វី​ដែល​អ៊ីរ៉ង់​ចង់​ឲ្យ​ក្រុមចៅក្រម​នៃ​ស្ថាប័ន​តុលាការ​របស់​​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ជួយ គឺ​ឲ្យ​អាមេរិក​បញ្ឈប់​ការ​ដាក់​គំនាប​លើ​អ៊ីរ៉ង់​ដោយ​ប្រើ​វិធានការ​សេដ្ឋកិច្ច។

    គួរ​រម្លឹក​ជូន​ថា នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​អ៊ីរ៉ង់​បាន​រត់​ទៅ​ពឹង​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ឲ្យ​ជួយ​ដោះស្រាយ​វិវាទ​ជាមួយ​អាមេរិក។

    នៅ​ក្នុង​បណ្តឹង​របស់​អ៊ីរ៉ង់​ប្រឆាំង​អាមេរិក​លើក​នេះ​ក៏​មិន​ខុស​អ្វី​ពី​បណ្តឹង​លើក​មុន​ដែរ។ អ៊ីរ៉ង់​បាន​ប្រើ​ផ្លូវ​តុលាការ​អន្តរជាតិ​ដើម្បី​ព្យាយាម​បិទខ្ទប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​បាន​ដាក់​ជា​ថ្មី​លើ​អ៊ីរ៉ង់។ ទណ្ឌកម្ម​របស់​អាមេរិក​ដែល​អ៊ីរ៉ង់​ចង់​និយាយ​ពេល​នេះ គឺ​ទណ្ឌកម្ម​នៅ​ក្រោយ​ឆ្នាំ ២០១៥ ពោល​ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ដោយ​សហគមន៍​អន្តរជាតិ​កាល​ពី​ពាក់កណ្តាល​ខែ​កក្កដា ឆ្នាំ ២០១៥។ នៅ​ក្នុង​កិច្ចព្រមព្រៀង​ដែល​មាន​ប្រទេស​ហត្ថលេខី​ចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ អង់គ្លេស និង​អាមេរិក​ក្នុង​ជំនាន់​លោក​អូបាម៉ា អ៊ីរ៉ង់​បាន​សន្យា​បញ្ឈប់​ការ​ព្យាយាម​បំពាក់​អាវុធ​នុយក្លេអ៊ែរ​ជា​ថ្នូរ​នឹង​ការ​លើក​ចេញ​វិញ​នូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ។

    តែ​ខុស​ពី​លោក​អូបាម៉ា លោក​ដូណាល់ ត្រាំ​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​នោះ​ថា​មាន​លក្ខណៈ​ទន់ខ្សោយ រួច​ក៏​បាន​សម្រេចចិត្ត​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ​វិញ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៨។ បន្ទាប់​មក លោក​ត្រាំ​ក៏​បាន​ផ្តើម​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​ក្នុង​ជំហាន​ទី១ លើ​អ៊ីរ៉ង់​នា​ដើម​ខែ​សីហា ឆ្នាំ ២០១៨ និង​គ្រោង​ដាក់​បន្ថែម​ក្នុង​ជំហាន​ទី២ នៅ​ថ្ងៃទី៥ វិច្ឆិកា​ដោយ​ផ្តើម​លើ​វិស័យ​ប្រេង​ឥន្ធនៈ​ដែល​ជា​បំពង់​ដង្ហើម​សេដ្ឋកិច្ច​ចម្បង​របស់​អ៊ីរ៉ង់។ អ្វី​ដែល​ទីក្រុង​តេហេរ៉ង់​ចង់​ឲ្យ​តុលាការ​អន្តរជាតិ​ជួយ​នៅ​ក្នុង​ដំណាក់កាល​ដំបូង គឺ​បញ្ជា​អាមេរិក​ឲ្យ​ព្យួរ​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ មុន​នឹង​ផ្តើម​នីតិវិធី​ស៊ីជម្រៅ​ក្នុង​បញ្ហា​នេះ​ជា​បន្ត​ទៀត។

    ហេតុផល​ដែល​អ៊ីរ៉ង់​សំអាង

    មាន​ហេតុផល​ចំនួន​ពីរ​ដែល​អ៊ីរ៉ង់​បាន​លើក​យក​ទៅ​សំអាង​នៅ​ក្នុង​បណ្តឹង​ប្រឆាំង​អាមេរិក​ទៅ​តុលាការ​​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ទី១ ទីក្រុង​តេហេរ៉ង់​បាន​ចាត់​ទុក​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​របស់​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់​ថា​ជា​ការ​រំលោភបំពាន​លើ​ច្បាប់​អន្តរជាតិ និង​ទី២ អ៊ីរ៉ង់​សំអាង​លើ​ការ​គាំទ្រ​ខ្លួន​ពី​ប្រទេស​អឺរ៉ុប​ជា​ច្រើន។ ចូរ​កុំ​ភ្លេច​ថា ក្នុង​ចំណោម​ប្រទេស​ហត្ថលេខី​ទាំង ៦ប្រទេស​លើ​កិច្ចព្រព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ មាន​តែ​អាមេរិក​ម្នាក់​ឯង​គត់​ដែល​បាន​ដក​ខ្លួន​ចេញ និង​បាន​ចាត់​វិធានការ​ទណ្ឌកម្ម​ជា​លក្ខណៈ​ឯតោភាគី​ប្រឆាំង​អ៊ីរ៉ង់។ ដូច្នេះ​ក្រោម​ភ្នែក ច្រមុះ​ទីក្រុង​តេហេរ៉ង់ អ្វី​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ធ្វើ​នេះ​ជា​រឿង​ខុស​ច្បាប់។

    ម្យ៉ាង​ទៀត អ៊ីរ៉ង់​ក៏​បាន​សំអាង​លើ​សន្ធិសញ្ញា​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ជាមួយ​អាមេរិក​កាល​ពី​ឆ្នាំ ១៩៥៥។ នៅ​ក្នុង​សន្ធិសញ្ញា​ដែល​គេ​មិន​សូវ​ស្គាល់​មួយ​នេះ​បាន​ចែង​ពី​ទំនាក់ទំនង​មិត្តភាព​រវាង​អាមេរិក និង​អ៊ីរ៉ង់​ដោយ​មាន​ការ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ដោះដូរ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​អាមេរិក និង​អ៊ីរ៉ង់​ផង​ដែរ។ តែ​គេ​សង្កេត​ឃើញ​ជា​រួម​ថា ទោះ​បី​ជា​មាន​វត្តមាន​សន្ធិសញ្ញា​មួយ​នេះ​ក៏​ដោយ ក៏​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​វ៉ាស៊ីនតោន​បាន​ផ្តាច់​ទំនាក់ទំនង​ការ​ទូត​រវាង​គ្នា​តាំង​ពី​ឆ្នាំ ១៩៨០ មក​ម្ល៉េះ។

    ហេតុផល​ដែល​អាមេរិក​បក​វិញ

    អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ដែល​ខ្លួន​នឹង​ប្រកាស​ពី​អសត្ថភាព​របស់​តុលាការ​យុត្តធម៌​អន្តរជាតិ​​​ក្រុង​ឡាអេ​ក្នុង​ការ​ជំនុំជម្រះ​លើ​បណ្តឹ​របស់​ប្រទេស​អ៊ីរ៉ង់។ មាន​ហេតុផល​ចំនួន​ពីរ​ដែល​អាមេរិក​អាច​លើក​ឡើង ទី១ សន្ធិសញ្ញា​មិត្តភាព​រវាង​អាមេរិក និង​អ៊ីរ៉ង់​ឆ្នាំ ១៩៥៥ លែង​ស្ថិត​ជា​ធរមាន​ទៀត​ឡើយ ព្រោះ​អាមេរិក និង​អ៊ីរ៉ង់​បាន​ក្លាយ​ជា​សត្រូវ​នឹង​គ្នា​ជិត ៤០ឆ្នាំ​កន្លង​មក។ ចំណែក​ហេតុផល​ទី២ អាមេរិក​ផ្អែក​លើ​សកម្មភាព​របស់​អ៊ីរ៉ង់​បច្ចុប្បន្ន​ដែល​អាមេរិក​យល់​ឃើញ​ថា ធ្ងន់ធ្ងរ​ជាង​សន្ធិសញ្ញា​នោះ​ទៅ​ទៀត។

    អ្វី​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ចង់​និយាយ​ត្រង់​ចំណុច​នេះ គឺ​ទាក់ទង​នឹង​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ និង​សកម្មភាព​ភេរវនិយម​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់ ដូច​យ៉ាង​ការ​គាំទ្រ​របស់​ទីក្រុង​តេហេរ៉ង់​ចំពោះ​ក្រុម​ភេរវនិយម​នៅ​ក្នុង​ប្រទេស​ស៊ីរី ឬ​យេម៉ែន។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​អ៊ីរ៉ង់​អាច​ឈ្នះ​អាមេរិក​នៅ​ក្នុង​រឿងក្តីក្តាំ​នេះ​ឬ​អត់​ទេ អ្វី​ដែល​គេ​ដឹង តុលាការ​​យុត្តិធម៌​​អន្តរជាតិ​ក្រុង​ឡាអេ​អាច​សម្រេច​ផ្តើម​គិតគូរ​បណ្តឹង​របស់​អ៊ីរ៉ង់​ប្រឆាំង​អាមេរិក​ដោយ​យក​សន្ធិសញ្ញា​ឆ្នាំ ១៩៥៥ រវាង​អាមេរិក និង​អ៊ីរ៉ង់​ធ្វើ​ជា​មូលដ្ឋាន។

    បើ​តាម​មើល​ទៅ ក្រុម​ចៅក្រម​នៃ​តុលាការ​អន្តរជាតិ​បាន​ត្រឹម​ពិនិត្យ​មើល​ថា តើ​អាមេរិក​មាន​កង្វះ​ខាត​ក្នុង​ការ​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​ជាមួយ​អ៊ីរ៉ង់​កាល​ពី​ឆ្នាំ ១៩៥០ ឬ​អត់។ ចំណែក​ការ​កាត់ក្តី​ឲ្យ​ខាង​ណា​ឈ្នះ ឬ​ខាង​ណា​ចាញ់​នោះ​ប្រហែល​ជា​អត់​ទេ។ ម្យ៉ាង​ទៀត គេ​ត្រូវ​រង់ចាំ​ពេល​ជា​ច្រើន​ឆ្នាំ​ទើប​ដឹង​លទ្ធផល​យ៉ាង​នោះ។ ភាគី​អ៊ីរ៉ង់​បាន​យល់​ច្បាស់​ណាស់​ចំពោះ​បញ្ហា​នេះ និង​ក៏​ហាក់​មិន​បាន​រង់ចាំ​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ដែរ។ តែ​អ្វី​ដែល​សំខាន់​សម្រាប់​អ៊ីរ៉ង់​ក៏​យ៉ាង​ហោច​ណាស់ ធ្វើ​ឲ្យ​អាមេរិក​ឈឺក្បាល និង​បន្ត​លាត​ត្រដាង​ទង្វើ​អាមេរិក​ចំពោះ​អ៊ីរ៉ង់​ប្រាប់​ពិភពលោក៕


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

      ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​បស្ចិមលោក​គ្រាក់ៗ​ខ្លះដែល​រក​ស៊ី​នៅ​អ៊ីរ៉ង់​លុតក្រាប​តាម​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់?

      ស្វែងយល់បន្ថែម

    • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

      លោកដូណាល់ ត្រាំ​ចេញមុខ​ការពារ​នយោបាយ​ការបរទេស​របស់លោក

      ស្វែងយល់បន្ថែម

    • សហរដ្ឋ​អាមេរិក​បង្កើត​ស្ថាប័ន​ត្រួត​ពិនិត្យការ​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់

      ស្វែងយល់បន្ថែម

    • អ៊ីរ៉ង់-ចិន-សហរដ្ឋអាមេរិក

      ទោះរងការគំរាម​ពីអាមេរិក ចិន នៅតែ​ការពារ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ