ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
អាមេរិក

ប៉េរូ រឹតបន្តឹង​ដំណើរហូរចូល​របស់​ជនអន្តោប្រវេសន៍​វ៉េណេស៊ុយអេឡា

media ប្រជាជន​វ៉េណេស៊ុយអេឡា​ធ្វើដំណើរ​លើ​ផ្លូវ​ក្នុង​ប្រទេស​អេក្វាទ័រ​សំដៅ​ប្រទេស​ប៉េរូ ថ្ងៃទី ២១ សីហា ២០១៨ ©REUTERS/Andres Rojas

រដ្ឋាភិបាល​ប៉េរូ បាន​ចាប់រឹតបន្តឹង​លើ​ដំណើរហូរចូល​របស់​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​វ៉េណេស៊ុយអេឡា។ ចាប់ពីថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​តទៅ ប្រជាជន​វ៉េណេស៊ុយអេឡា​ដែល​ចង់​ធ្វើដំណើរ​ចូល​ទៅ​ស្នាក់នៅ ប្រទេស​ប៉េរូ ត្រូវ​មាន​លិខិត​ឆ្លងដែន គឺ​មិនមែន​មានត្រឹម​ប័ណ្ណ​សំគាល់​ខ្លួន​ដូចមុន​នោះ​ទេ។ នៅ​ប៉ុន្មាន​សប្តាហ៍​មកនេះ ប្រជាជន​វ៉េណេស៊ុយអេឡា​រាប់ម៉ឺននាក់ ចាកចេញ​ពី​ប្រទេស ភ្លូកទឹក ភ្លូកដី ដើម្បី រត់គេច​ចេញពី​វិបត្តិ​សេដ្ឋកិច្ច និង​អស្ថិរភាព​នយោបាយ​នៅក្នុង​ប្រទេស។ នៅ​វ៉េណេស៊ុយអេឡា​រដ្ឋាភិបាល​សង្គម​និយម ទើប​បាន​បង្កើត​ក្រដាស​ប្រាក់ថ្មី សម្រាប់​ទប់ទល់​បញ្ហា​អតិផរណា ដែល​មាន​ដល់​ទៅ ១លាន​ភាគរយ។

 

នៅ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ដ៏ទាក់ទាញ ដូចជា​ប៉េរូ ប្រជាជន​វ៉េណេស៊ុយអេឡា​ធ្លាប់​តែ​បង្ហាញ​ប័ណ្ណ​សំគាល់ខ្លួន គឺ​ជា​ការស្រេច ដើម្បី​អាច​ស្នាក់នៅ ស្របច្បាប់។ ប៉ុន្តែ ចាប់​ពី​ថ្ងៃ​សៅរ៍ម្សិលមិញ អាជ្ញាធរ​ប៉េរូ ដែល​កំពុង​ប្រឈម​នឹង​ការហូរចូល​ដ៏​គំហុក​នៃ​ជនអន្តោប្រវេសន៍​វ៉េណេស៊ុយអេឡា​បានដាក់​លក្ខខណ្ឌ​ថ្មី ដោយ​តម្រូវ​ឲ្យ​ប្រជាជន​វ៉េណេស៊ុយអេឡា​ត្រូវតែ​មាន​លិខិតឆ្លងដែន ដើម្បី​អាច​ធ្វើដំណើរ​ចូល​ទឹកដី​ប៉េរូ។

សម្រាប់​ប្រជាជន​វ៉េណេស៊ុយអេឡា ដែល​បាន​ធ្វើដំណើរ​មកជាប់​គាំង​នៅ​ព្រំដែន​ប៉េរូ និង​អេក្វាទ័រ រួចហើយ អាជ្ញាធរ​ប៉េរូ នឹងបើក​ទ្វារ​ទទួល បើសិន​ជនជាតិ​វ៉េណេស៊ុយអេឡា​ទាំងនោះ ដាក់​ពាក្យ​សុំ​ជ្រកកោន ក្នុង​នាមជា​ជនភៀសខ្លួន។

មុន​ទៅ​ដល់​ព្រំដែន​ប៉េរូ ប្រជាជន​វ៉េណេស៊ុយអេឡា​ជាច្រើន​ពាន់​នាក់​បាន​ធ្វើដំណើរ​ឆ្លង​កាត់​កូឡុំប៊ី និង​ប្រទេស​អេក្វាទ័រ​ទាំងមូល។ ដើម្បី​ធ្វើដំណើរទៅ​ដល់​ព្រំដែន​អេក្វាទ័រ និងប៉េរូ ពួកគេ​បាន​ទទួល​ជំនួយពី​រដ្ឋាភិបាល​អេក្វាទ័រ ដែល​បាន​ផ្តល់​សេវា​ដឹកជញ្ជូន ឥតគិតថ្លៃ សម្រាប់​ជនអន្តោប្រវេសន៍​វ៉េណេស៊ុយអេឡាណា​ដែល​ចង់​ធ្វើដំណើរ​ទៅ​រស់នៅ​ប្រទេស​ប៉េរូ។

ជាមួយ​នឹង​ចំនួន​ហូរចូល​ជនជាតិ​វ៉េណេស៊ុយអេឡាពី ២ពាន់ ទៅ ៣ពាន់​ក្នុង​មួយថ្ងៃ ទីភ្នាក់ងារ​អន្តោប្រវេសន៍​របស់​ប៉េរូ វាយតម្លៃថា នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ ប៉េរូ នឹង​មាន​ជនភៀសខ្លួន វ៉េណេស៊ុយអេឡា​ជាង ១សែននាក់។ ចំនួននេះ​នឹង​ធ្វើ​ឲ្យ​ប៉េរូ​រាប់ឃើញ​មាន​ជនភៀសខ្លួន​វ៉េណេស៊ុយអេឡា ដល់ទៅ កន្លះលាន​នាក់។

នៅ​ចំណែក​រដ្ឋាភិបាល​សង្គមនិយម​របស់​លោក​នីកូឡា ម៉ាឌូរ៉ូ គេ​បាន​អះអាងថា ជនជាតិ​វ៉េណេស៊ុយអេឡា​នឹង​ធ្វើដំណើរ​ត្រលប់​ចូល​ប្រទេសវិញ នៅពេល​ឆាប់ៗ​ខាងមុខ នៅពេល​ពួកគេ​ឃើញ​លទ្ធផល​នៃ​កំណែទម្រង់​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល។

តាមអង្គការ​សហប្រជាជាតិ នៅក្នុង​ចំណោម​ជនជាតិ​វ៉េណេស៊ុយអេឡា ជាង ២លាននាក់​ដែល​រស់នៅ​បរទេស មាន​១លាន ៦សែននាក់ បាន​ចាកចេញ ពី​ប្រទេស គិតត្រឹម​តាំង​ពី​ឆ្នាំ ២០១៥។ ឆ្នាំ​ដែល​វ៉េណេស៊ុយអេឡា ជួប​ប្រឈមខ្លាំង​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ។ ប្រឈម​នឹង​វិបត្តិ​អន្តោប្រវេសន៍ វ៉េណេស៊ុយអេឡា ដែល​គេ​បានប្រៀបប្រដូច​ថា ធ្ងន់ធ្ងរ​ដូច​វិបត្តិ​ជនអន្តោប្រវេសន៍​នៅ​សមុទ្រ​មេឌីទែរ៉ាណេ អង្គការ​សហប្រជាជាតិ​បាន​ប្រកាសថា នឹង​បង្កើត​យន្តការ​ដោះស្រាយ​វិបត្តិ​ថ្នាក់តំបន់។ នេះ​បើតាម​អ្នកនាំពាក្យ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​សុក្រ។ ប្រទេស​អេក្វាទ័រវិញ​បានកោះអញ្ជើញ​រដ្ឋមន្រ្តីការបរទេស​របស់​ប្រទេស​ទាំង​១៣ នៅក្នុង​តំបន់ ឲ្យជួបប្រជុំដើម្បី​និយាយ ​ពី​បញ្ហា​អន្តោប្រវេសន៍​វ៉េណេស៊ុយអេឡា នៅ​ពាក់កណ្តាល​ខែ​កញ្ញា​ខាងមុខ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ