អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ឈប់​ផ្តល់​ជំនួយ​ដល់​ភ្នាក់ងារ​អ.ស.ប.​សម្រាប់​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ទី ៣១​សីហា ម្សិលមិញ ឈប់​ផ្តល់​វិភាគទាន​ហិរញ្ញវត្ថុ​ឱ្យ​ភ្នាក់ងារ​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន UNRWA ដែល​​រំពឹង​ស្ទើរ​តែ​ទាំង​ស្រុង​លើ​ជំនួយ​ស្ម័គ្រ​ចិត្ត​របស់ប្រទេស​ផ្សេងៗ​នៅលើ​លោក។ ក្នុង​ផ្ទៃ​នៃ​វិបត្តិ​ដែល​ផុង​ជ្រៅ​កាន់​តែខ្លាំង អាជ្ញាធរ​ប៉ាឡេស្ទីន បាន​​បរិហារ​សេចក្តី​សម្រេច​​របស់​រដ្ឋាបាល​អាមេរិក​ថា ជា​ការ​វាយប្រហារ​ប្រឆាំង​នឹង​ពលរដ្ឋ​ប៉ាឡេស្ទីន។ អង្គការ​សហប្រជាជាតិ​បាន​សម្តែងការសោក​ស្តាយ និង​ខក​ចិត្ត​​យ៉ាង​ខ្លាំង​ដែរ​។

ស្ត្រី​ប៉ាឡេស្ទីន​ធ្វើ​បាតុកម្ម​នៅ​មុខ​ការិយាល័យ​អង្កការ​ប្រជាជាតិ​ UNRWA នៅ​តំបន់ Gaza ថ្ងៃទី​១៥​មីនា ២០១៨
ស្ត្រី​ប៉ាឡេស្ទីន​ធ្វើ​បាតុកម្ម​នៅ​មុខ​ការិយាល័យ​អង្កការ​ប្រជាជាតិ​ UNRWA នៅ​តំបន់ Gaza ថ្ងៃទី​១៥​មីនា ២០១៨ MOHAMMED ABED / AFP
ផ្សាយពាណិជ្ជកម្ម

ពាក្យ​គំរាម​កំហែង​របស់​អាមេរិក​បាន​ក្លាយ​ជា​ពាក្យ​ពិត ! បន្ទាប់​ពី​បាន​បង្កើន​សម្ពាធ​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក នៅ​ថ្ងៃ​ម្សិលមិញ​អាមេរិក​បាន​ប្រកាស​កាត់​បន្ថយ​ ទាល់​តែ​អស់​រលីង ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ដំណើរការ​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​ប៉ាឡេស្ទីន ដែល​គ្មាន​ប្រតិកម្ម​អ្វី​ក្រៅ​អំពី​​ការ​ខក​ចិត្ត​ និង​សោក​ស្តាយ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ក្រសួងការបរទេស​អាមេរិក​បានពន្យល់​ថា ភ្នាក់ងារ​UNRWA មានកំហុស​ផ្នែក​​គំរូ​សេដ្ឋកិច្ច​និង​ការ​ចំណាយ​ថវិកា​ ! ទើប​រដ្ឋាបាល​អាមេរិក ត្រូវ​តែ​ឈប់​បង់​វិភាគទាន​ឱ្យ​។ ជាង​នេះ​ទៅ​ទៀត ភ្នាក់ងារគ្មាន​តួលេខច្បាស់​លាស់​​សោះ ពង្រីកគ្មានទីបញ្ចប់​ចំនួន​ជនប៉ាឡេស្ទីនដែល​មាន​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន។ ​

សម្រាប់​អាមេរិក ចំនួន​ជនភៀស​ខ្លួន​ប៉ាឡេស្ទីន ត្រូវ​កំរិត​កំណត់​ ត្រឹមជន​បាន​រួច​ជីវិត​ ពី​សង្គ្រាម​ដំបូង​រវាង​អ៊ីស្រាអែល​និង​អារ៉ាប នៅ​ឆ្នាំ ១៩៤៨ និង​ត្រឹម​ថ្ងៃ​បង្កើត​​​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន។ ពោល​គឺ​​ ចំនួន​ជនភៀស​ខ្លួន​​​ប៉ាឡេស្ទីននឹង​​ត្រូវ​កាត់​បន្ថយ​មួយជា​​ដប់។ ជាង​នេះទៅ​ទៀត​ ​អាមេរិក​ទាមទារ​ឱ្យ​ភ្នាក់ងារ​ត្រូវ​ធ្វើ​​កំណែទម្រង់​ស្ថាប័ន ដោយត្រូវ​ពិនិត្យ​ពិច័យ​លើ​កម្មវិធី​អប់រំ​នៅតាមសាលា​ប៉ាឡេស្ទីន ព្រោះ​វ៉ាស៊ីនតោន​មើល​ឃើញ​ថា ជំនួយអប់រំ​​​របស់​អង្គការ​សហប្រជាជាតិទទួល​បន្ទុក​ជនភៀសខ្លួន​ប៉ាឡេស្ទីន​​​ នៅ​តំបន់​ហ្កាហ្សា នៅស៊ីហ្សកដានី ក៏ដូច​ជា​នៅ​លីបង់ ឬ​នៅ​ហ្សកដានី ជាអាវុធ​ញុះញង់​ក្មេង​ឱ្យ​ស្អប់​អ៊ីស្រាអែល។

អស់ថវិកា​សម្រាប់​សាលារៀន​និង​មណ្ឌលសុខភាព​

​តាំង​ពី​ឆ្នាំ​១៩៤៩​មក ភ្នាក់ងារ​UNRWA​ បាន​ពាំនាំ​ជំនួយ​​ទៅ​ឧបត្ថម្ភ​​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​ ៣​លាន​នាក់ ក្នុង​ចំណោម​ជន​ភៀសខ្លួន​សរុប​ប្រមាណ​ជាង​៥​លាននាក់។ ពួកគេ​ទាំង​អស់​នោះ សុទ្ធ​សឹង​ជា​អ្នក​ដែល​បាន​រួច​ជីវិត​ពី​សង្គ្រាម​អ៊ីស្រាអែល​ប៉ាឡេស្ទីន​ (កំណើត​​រដ្ឋ​អ៊ីស្រាអែល) ព្រមទាំង​កូន​ចៅរបស់ពួក​គេ​ពី​រ​បី​​តំណ​​មក​ទៀត។

អាមេរិក​ជា​ម្ចាស់​ជំនួយ​ឧបត្ថម្ភ​ភ្នាក់ងារ​ដ៏​សំខាន់​ជាង​គេ​បំផុត។ ជំនួយ​អាមេរិក​សម្រាប់​ប៉ាឡេស្ទីន មាន​ដល់​ទៅជាង​ ៣៥០​លានដុល្លារ​នៅ​ឆ្នាំ​២០១៧។ ការ​ធានាផ្តល់​ជំនួយ​ច្រើន​យ៉ាង​នេះ ក៏​ព្រោះ​តែ​អាមេរិក​មាន​ចំណង​​និង​តួនាទី​តាំង​ពី​យូរ​យារ និង​ឥតដាច់​ក្នុង​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន។ ប៉ុន្តែនៅ​ឆ្នាំ​នេះ ជំនួយ​អាមេរិក​ត្រូវ​បាន​កាត់​បន្ថយ​ជា​បន្តបន្ទាប់។ នៅ​ ​ថ្ងៃទី ២៥​សីហា សប្តាហ៍​មុន អាមេរិក​ផ្តាច់​​ជំនួយ​មនុស្សធម៌​ក្នុង​ក្របខ័ណ្ឌទ្វេភាគី​អាមេរិក-ប៉ាឡេស្ទីន ចំនួន​២០០​លាន​ដុល្លារ​​ ហើយម្សិលមិញ​​​ រដ្ឋបាល​លោក​ត្រាំ បានប្រកាស​ឈប់​ជួយ​​ភ្នាក់ងារ​UNWRA ​តែ​ម្តង។

ចាប់​ពី​ចុង​ខែ​កញ្ញា​ទៅ ភ្នាក់ងារ​លែង​មាន​ថវិកា​សោះ​សម្រាប់ជំនួយ​សុខាភិបាល និង​​អប់រំ​ ​កូន​ជនភៀសខ្លួន​​ជា​សិស្ស​ចំនួន​​ ​៥២៦០០០នាក់ នៅ​តំបន់​ហ្កាហ្សា ហ្សកដានី ស៊ីរី លីបង់ ក្នុង​​ ៧១១​សាលា ក្រោម​បន្ទុក​របស់​ភ្នាក់ងារ​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​ភ្នាក់ងារ ​UNWRA។

ពីពេល​នេះ​ដល់​ដាច់​ឆ្នាំ អង្គការ​ត្រូវ​ស្វែង​រក​ថវិកា​ចំនួន​២០០​លាន​ដុល្លារ​ មក​បំពេញ​ឱ្យ​កង្វះ​ខាត​។ ប៉ុន្តែ​គ្មានប្រទេស​ណា​អាច​ផ្តល់​ឱ្យ​បាន​​ស្មើ​និង​ជំនួស​ជំនួយ​អាមេរិក​បាន​ឡើយ។ អាល្លឺម៉ង់​បានចេញ​មុន​គេ​​ប្រកាស​បង្កើន​ជំនួយ​វិភាគ​ទាន​របស់​ខ្លួន​ឱ្យ ​UNWRA ​ និង​បានអំពាវនាវ​ឱ្យសមភាគី​អឺរ៉ុប​ផ្សេង​ទៀត​ធ្វើ​តាម ព្រោះ​សម្រាប់​អាល្លឺម៉ង់ ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ ជា​កត្តា​ដ៏​​សំខាន់​ណាស់​ក្នុងការ​រក្សា​លំនឹង​ ស្ថិរភាព ជាពិសេស​​នៅ​តំបន់​ហ្កាហ្សា។ ហ្សកដានី បាន​ប្រកាស​រៀប​ចំ​សន្និសីទ​អន្តរជាតិ​មួយ នៅ​ថ្ងៃទី ២៧​កញ្ញា​ នៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ស្វែង​រក​ការគាំទ្រ​ភ្នាក់ងារដែរ។

​ប៉ាឡេស្ទីនផ្តាច់ទំនាក់ទំនង​ជាមួយ​អាមេរិក

ក្នុង​បរិបទ​នេះ គេ​ពិត​ជា​ពិបាក​ប្រមើមើល​អំពី​តួនាទី​របស់​អាមេរិក​ក្នុងដំណោះស្រាយ​សន្តិភាព​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​បាន​ ដូច​ដែល​លោក​ដូណាល់ ត្រាំ តែង​បាន​ស្រែក​ក្តែងៗនោះឡើយ។ ជោគវាសនា​តំបន់​ដើម​បូព៌ា ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់ !

តែនេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែលអាមេរិក​បាន ប្រលែង​លេង​នឹង​ភ្លើង ចង់​កែប្រែលក្ខខណ្ឌ​​នៃការ​ចរចា​សន្តិភាព​​​អ៊ីស្រាអែល​ប៉ាឡេស្ទីន រំលោភ​លើ​សេចក្តី​សម្រេច​អង្គការ​សហប្រជាជាតិ​នោះ។ នៅ​ខែ​ធ្នូ​ឆ្នាំ​២០១៧ ​អាមេរិកប្រកាស​ទទួល​ស្គាល់​ក្រុង​ហ្សេរុយសាឡិម​ជា​រដ្ឋ​ធានី​អ៊ីស្រាអែល ជា​ឯកតោភាគី។ នៅពេល​នេះ អាមេរិក​ផ្តាច់​ជំនួយអង្គការ​សហប្រជាជាតិ ​តាម​ផែនការ​សន្តិភាព​ស្នើ​ឡើង​ដោយ​កូនប្រសារ​របស់​លោកត្រាំ ដែល​ចង់​កំចាត់​ ​ភ្នាក់ងារ​UNWRA ដើម្បី​អាច​ប្តូរ​លក្ខន្តិកៈ​នៃ​ការ​ចរចា។ បើ​តាម​វ៉ាស៊ិនតោនប៉ុស្តិ៍ អាមេរិក​ចង់​បង្ខំ​ឱ្យ​ភ្នាក់ងារ​UNWRA បញ្ចុះ​ចំនួន​​ជនភៀសខ្លួនប៉ាឡេស្ទីន​ឱ្យ​មក​នៅ​តិច​បំផុត​ ស្រប​តាម​ជំហរ​ចង់​បាន​របស់​អ៊ីស្រាអែល។ រដ្ឋាភិបាល​លោក​ត្រាំគាំទ្រ​អ៊ីស្រាអែល​យ៉ាង​ចំហខ្លាំង​​ មិន​ធ្លាប់​មាន​រដ្ឋាបាល​មុនៗ​ធ្លាប់​ប្រកាន់​យក​ឡើយ។

បើធ្វើ​យ៉ាង​ដូច្នេះ​​​តើ​ឱ្យ​ប៉ាឡេស្ទីន​​ទទួល​យកម្តេច​នឹង​កើត ?! ប៉ាឡេស្ទីនបាន​​​ផ្តាច់​​រាល់​គ្រប់​ទំនាក់​ទំនង​ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​អាមេរិក តាំង​ពីខែ​មករា​មក។ ​ជំហរ​កាន់​ជើង​ម្ខាង ផ្តាច់​ជំនួយ​ម្ខាង​ទៀត ​ហើយ​ការ​ចរចាគាំងស្តូក អស្ថិរភាព​តំបន់ប៉ាឡេស្ទីន​ច្បាស់​ជា​ងាយ​នឹង​ផ្ទុះ​ឡើង​ខ្លាំង​ណាស់ ! ​ អតីត​អ្នក​ចរចា​អាមេរិក​ម្នាក់​​ Aaron David Miller បាន​បង្ហោះសារ​ទ្វីត​ថា ​វិធានការ​សម្ងួត​ថវិកា​អង្គការ​សហប្រជាជាតិ​អាច​ក្លាយ​ទៅ​ជា​អាវុធ​មុខ​ពីរ ក្លាយ​ជា​វិធានការ​​ប្រឆាំង​នឹង​អ៊ីស្រាអែលបំផុត​ដែល​លោក​ត្រាំ​មិនធ្លាប់​គិត​ដល់​ទៅ​វិញ​ផង​ក៏​ថាបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ