ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/11 12h00 GMT
អាមេរិក

លោកដូណាល់ ត្រាំ​ខឹងចោទ​អតីត​​​រដ្ឋមន្រ្តីការបរទេស​ថា​កំពុង​បំផ្លាញ​នយោបាយ​អាមេរិក​

media  
លោក​ចន ឃេរី កាលនៅ​ជារដ្ឋមន្រ្តីការបរទេស​អាមេរិក​បាន​ចូល​ជិត​ស្និទ្ធ​នឹង​ប្រមុខការបរទេស​អ៊ីរ៉ង់ លោក ហ្សារីហ្វ ដើម្បី​ចរចា បង្កើត​ឲ្យ​បាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឆ្នាំ ២០១៥ DR

រដ្ឋបាល​លោកដូណាល់ ត្រាំ នៅ​ចុងសប្តាហ៍នេះ បាន​ចោទប្រកាន់​អតីត​រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​ចន ឃេរី ថា កំពុង​បំផ្លាញ​ការងារ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ និង​មិន​គិត​ដល់​ប្រយោជន៍​របស់​ប្រជាជន​អាមេរិកាំង។ លោក​ចន ឃេរី  អតីត​ប្រមុខការបរទេស​អាមេរិក ក្នុង​អាណត្តិ​របស់​លោក​អូបាម៉ា បាន​រងការចោទប្រកាន់​ពីលោក ប្រធានាធិបតីដូណាល់ ត្រាំ ហើយ​និង​​​ក្រុមសាធារណរដ្ឋ នៅបន្ទាប់ពី​មាន​ដំណឹងថា លោក​បាន​បន្ត​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្រ្តីការបរទេស​របស់​អ៊ីរ៉ង់ ដែលរដ្ឋាភិបាល​អាមេរិក​ទើបសម្រេច​ត្រលប់​ទៅដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ដោយសារ​រឿងផលិត​មីស៊ីល ហើយ​និង​អន្តរាគមន៍​យោធា​របស់​អ៊ីរ៉ង់ ក្នុង​សង្គ្រាម​នៅ​តំបន់​ដើមបូព៌ា។

​​

ជំនួបរវាង​លោក​ចន ឃេរី ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​បច្ចុប្បន្ន បាន​ក្លាយ​ជា​រឿងចម្រូងចម្រាសខ្លាំង នៅអាមេរិក។ នៅក្នុង​សារTwitter កាលពី​ថ្ងៃ​សុក្រ លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​បាន​ចាត់ទុកជំនួប​រវាង​ អតីតរដ្ឋមន្រ្តី​ការបរទេស​អាមេរិក ជាមួយ​ប្រមុខការទូត​អ៊ីរ៉ង់ លោក​ហ្សាវ៉ា ហ្សារីហ្វ ថា ខុសច្បាប់ មិនធ្លាប់​មាន​ពីមុនមក និង​កំពុង​បំផ្លាញ​​នយោបាយ​ការបរទេស​របស់​រដ្ឋាភិបាល​អាមេរិក។ សម្រាប់ លោកដូណាល់ ត្រាំលោក​​អតីត​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ចន ឃេរី បានជួប​ជាមួយ​របប​អ៊ីរ៉ង់ ដ៏​គួរ​ឲ្យស្អប់។  ​ “លោក​ចន ឃេរី​បាន​និយាយ​ប្រាប់​ភាគី​អ៊ីរ៉ង់ឲ្យ​រង់ចាំ​ចប់​អាណត្តិរបស់​រដ្ឋបាល​ត្រាំ។ រឿងនេះ គឺ​អាក្រក់​ខ្លាំងណាស់” នេះ​ជាសារប្រឆាំង​របស់​លោកដូណាល់ ត្រាំ។

តាម​លោកប្រធានាធិបតី​អាមេរិក លោកចន ឃេរី បានជួប​ជាមួយ​ភាគី​អ៊ីរ៉ង់ ដោយ​មិន​បាន​ជូនដំណឹង​ជាមុន​ទៅ​ក្រសួងការបរទេសអាមេរិក។ នៅ​ក្នុង​សន្និសីទ​កាសែត នៅ​សប្តាហ៍​នេះ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​Mike Pompeo មិននិយាយថា ជំនួប​របស់​លោកចន ឃេរីជាមួយ​រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់​បច្ចុប្បន្ន​ថា ជារឿង​ខុសច្បាប់ទេ ប៉ុន្តែ សម្រាប់​ប្រមុខការបរទេស​ (មក​ពី​គណបក្សសាធារណរដ្ឋ) អ្វី​ដែល​លោក​ចន ឃេរីធ្វើ គឺ​មិន​សមស្រប និង​មិនធ្លាប់​មាន​ពីមុន​មកនោះទេ។

សូមអាន៖ តើអ្វីទៅ ​ជា​យុទ្ធសាស្ត្រ​ពិត​ប្រាកដ​របស់​លោក​ដូណាល់ ត្រាំ ​ទល់​នឹង​បញ្ហា​អ៊ីរ៉ង់?

តាម​លោក​Mike Pompeo លោក​ចន ឃេរី ជាអតីត​រដ្ឋមន្រ្តីការបរទេស​អាមេរិក ប៉ុន្តែ លោក​នៅ​បន្ត​ជួប​ពិភាក្សា​ជាមួយ ​ប្រមុខការបរទេសរបស់​អ៊ីរ៉ង់ ដែល​ជា​ប្រទេស​គាំទ្រ​ក្រុមភេរវនិយម​នៅក្នុង​ពិភពលោក។ លើសពីនោះ លោក​ឃេរី​នៅ​បាន​និយាយប្រាប់​អ៊ីរ៉ង់ថា ឲ្យ​អត់ធ្មត់​រង់ចាំ​រហូត​ដល់​ចប់​អាណត្តិ​របស់​លោកត្រាំទៀត។

នៅក្នុង​យុទ្ធនាការ​ឃោសនា​ផ្សព្វផ្សាយ​ស្នាដៃ​ការងារ​របស់ខ្លួន លោកចន ឃេរី ដែលធ្លាប់ ​ជា​រដ្ឋមន្រ្តីការបរទេស​ក្នុង​​​​អាណត្តិ​លោក​អូបាម៉ា បាន​ទទួល​ស្គាល់នៅ​សប្តាហ៍នេះ​​ថា  លោក​នៅ​បន្ត​ជួប​និយាយ​ជា​មួយ​លោក​ហ្សារីហ្វ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ពី​៣ ទៅ​៤ដង នៅក្រោយ​លោក​លែង​ជា​រដ្ឋមន្រ្តីការបរទេស​អាមេរិក។ លោក​ចន ឃេរី បាន​ចូល​ជិតស្និទ្ធ​ ចុះសម្រុង​ជាមួយ​​ប្រមុខការបរទេស​អ៊ីរ៉ង់ នៅក្នុង​ពេល​លោក​​ប្រឹងប្រែង​ចរចាបញ្ចុះបញ្ចូលអ៊ីរ៉ង់ រហូត​​សម្រេច​បង្កើត​បានកិច្ចព្រមព្រៀង អន្តរជាតិ​ស្តីពីនុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​លោកដូណាល់ ត្រាំ​ប្រកាស​ដកខ្លួនទៅវិញ កាលពី​ចុងឆ្នាំ ២០១៧។

នៅក្នុង​បទសម្ភាសន៍​​ជាមួយ​វិទ្យុរបស់​ក្រុមអភិរក្សនិយម​អាមេរិកាំង ​ឆ្លើយទៅ​នឹង​សំណួរថា តើ​លោក​ឃេរី មាន​បាន​ផ្តល់ដំបូន្មាន​ ក៏ដូចជា​យុទ្ធសាស្រ្ត ដល់​អ៊ីរ៉ង់​ដើម្បី​ទប់ទល់​នឹង​ការដាក់ទណ្ឌកម្ម​របស់​អាមេរិកដែរឬទេ​ ​​លោកឃេរី​បាននិយាយថា នោះ​មិនមែន​ជា​ការងារ​របស់​លោកទេ។ នៅក្នុង​ជំនួបជាមួយ​ប្រមុខការបរទេស​អ៊ីរ៉ង់ លោក​គ្រាន់​តែ​ចង់​ស្វែងយល់​ថា តើ​អ៊ីរ៉ង់មាន​បាន​​ត្រៀមខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​តំបន់​ដើមបូព៌ាដែរទេ។ លោកឃេរី​បាន​និយាយ​ធានា​ដែរថា នៅពេលជួប​ជាមួយ​ប្រមុខការបរទេស​អ៊ីរ៉ង់ លោក​បាន​រៀបរាប់​ពី​ជំហរ​របស់​រដ្ឋបាល​អាមេរិកបច្ចុប្បន្នដែល​ថា ពិភពលោកមិន​កោតសរសើរ​អ៊ីរ៉ង់ ជុំវិញការអភិវឌ្ឍន៍​មីស៊ីល​របស់​អ៊ីរ៉ង់ ការគាំទ្រ​របស់​អ៊ីរ៉ង់ លើ​ក្រុមអេស្បូឡា ឬ​អន្តរាគមន៍​យោធា​របស់​អ៊ីរ៉ង់ នៅ​យេម៉ែននោះទេ។ សម្រាប់អ្នកនាំពាក្យ​របស់​លោក​ចន ឃេរី វា​មិនមែន​ជារឿង​ចម្លែកទេ ដែល​អតីត​រដ្ឋមន្រ្តីការបរទេស ជួប​សមភាគី​បរទេសនោះ។

ទោះមានការបកស្រាយ​របស់លោកចន ឃេរី ក្រុមអភិរក្សនិយម​អាមេរិកាំង​ជាច្រើន​នៅតែ​ថ្កោលទោស ចាត់ទុក​លោកឃេរី​ថា ជាជនក្បត់ជាតិ និង​សក្តិសម​ជាប់ពន្ធនាគារ។ រដ្ឋបាល​លោកដូណាល់ ត្រាំ និង​ក្រុមសាធារណរដ្ឋ​បាន​ចោទលោក​ឃេរី​ថា កំពុង​បំផ្លាញ​យុទ្ធសាស្រ្ត​ការទូត​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​ កាលពី​ឆ្នាំ២០១៥ នៅពេល​លោក​ឃេរី កំពុង​ចរចា​ជាមួយ​អ៊ីរ៉ង់ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ដដែលបាន​សរសេរ​សំបុត្រ​ចំហរ​មួយ ទៅ​របប​អ៊ីស្លាម​អ៊ីរ៉ង់​ថា រដ្ឋបាល​របស់លោកអូបាម៉ា នឹង​បញ្ចប់​នៅ​ដើម​ឆ្នាំ ២០១៧។ ដូច្នេះ អាមេរិក​នឹង​មិនអាច​គោរពអនុវត្ត​តាម​កិច្ចព្រមព្រៀង នោះទេ។ កាលណោះ គណបក្ស​ប្រជាធិបតេយ្យ​បាន​ចោទប្រកាន់​ក្រុមសាធារណរដ្ឋ​រួចហើយថា កំពុង​បំផ្លាញ​ការងារ​ការទូត​របស់​អាមេរិក៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ