អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ហេតុដូចម្តេច​បាន​ជា​កិច្ចព្រមព្រៀង​សន្តិភាព​​អូស្លូ នាំ​​វិបត្តិ​អ៊ីស្រាអែល​​ប៉ាឡេស្ទីន​ឱ្យ​​ទ័ល​ច្រក ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី ១៣ កញ្ញា ១៩៩៣ អ៊ីស្រាអែល និងអង្គការរំដោះប៉ាឡេស្ទីន OLP បានចុះហត្ថលេខា នៅទីក្រុងវ៉ាស៊ីនតោន លើកិច្ចព្រមព្រៀងសន្តិភាពក្រុងអូស្លូ។ ប្រមុខ ដឹកនាំ​អ៊ីស្រាអែល និង​ប្រមុខ​ចលនា​រំដោះ​ប៉ាឡេស្ទីន​បាន​ចាប់​ដៃគ្នា​ជា​លើក​ដំបូង និង​​ជា​​ប្រវត្តិសាស្ត្រ ក្រោម​ក្រសែ​ភ្នែក​សោមនស្ស​​​របស់​លោក​ប៊ីល គ្លីនតុន ប្រធានាធិបតី​​អាមេរិក​សម័យនោះ។ ព្រឹត្តិការណ៍ បាន​ជំរុញ​​ឱ្យ​​មាន​​ការបង្កើត​​អាជ្ញាធរ​​ដែនដី​​ប៉ាឡេស្ទីន និង​​ក្នុង​​ទិសដៅ​​ឈាន​​ទៅ​បង្កើត​​ជា​រដ្​ឋប៉ាឡេស្ទីន​ឯករាជ្យ។ ប៉ុន្តែ ២៥ឆ្នាំក្រោយមក ក្តីសង្ឃឹម​រលាយ​ស្ទើរ​សូន្យ។ រូបថតដ៏ល្អត្រកាលនៃ​ការ​ចាប់​ដៃ​គ្នា​ទំនង​ជា​គ្មាន​ថ្ងៃ​អាច​កើត​មាន​ម្តង​ទៀត​ទេ។

លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Yitzhak Rabin លោក Bill Clinton និង​ប្រធានអង្កការ​រំដោះប៉ាឡេស្ទីនYasser Arafat ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​អូស្លូ​នៅ​សេតវិមាន ១៣កញ្ញា ១៩៩៣
លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Yitzhak Rabin លោក Bill Clinton និង​ប្រធានអង្កការ​រំដោះប៉ាឡេស្ទីនYasser Arafat ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​អូស្លូ​នៅ​សេតវិមាន ១៣កញ្ញា ១៩៩៣ Wikimedia Commons/Vince Musi/White House/Calliopejen1
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀងអូស្លូ ជាកិច្ចព្រមព្រៀងសន្តិភាពដំបូងបង្អស់ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែល​ជាស្នាដៃ​នៃ​ការខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​របស់​អង្គការ​រំដោះ​ប៉ាឡេស្ទីន ដឹកនាំដោយលោក យ៉ាសេ អារ៉ាហ្វាត Yasser Arafat ជាមួយ​នាយក រដ្ឋមន្ត្រីអ៊ីស្រាអែល អ៊ីហ្សាក់ រ៉ាបាំង Yitzhak Rabin និងរដ្ឋមន្ត្រីការបរទេស លោក ស៊ីម៉ុន ប៉េរេស Simon Peres ព្រមទាំងសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប៊ីល គ្លីនតុន។

មានជម្លោះនឹងគ្នា តាំង​ពី​ជាច្រើនទសវត្សរ៍ អ៊ីស្រាអែល និងប៉ាឡេស្ទីនបាន​ចាប់​ផ្តើម​ចរចាគ្នា នៅចុងឆ្នាំ១៩៩១ ក្រោយការផ្ទុះសង្គ្រាមដុំថ្ម ក្នុង​ក្របខ័ណ្ឌ​នៃ​សន្និសីទដើម្បី​សន្តិភាព នៅក្រុងម៉ាឌ្រីដប្រទេស​អេស្ប៉ាញ ដែល​ជា​ផ្តួចផ្តផ្តើម​របស់វ៉ាស៊ីនតោន និងម៉ូស្គូ។ ប៉ុន្តែរាល់គ្រប់ជំនួបទ្វេភាគី ឬពហុភាគី មិនថាធ្វើនៅតំបន់ណាឬប្រទេសណាទេ សុទ្ធតែជួបបរាជ័យទាំងអស់។ រហូតដល់ដើមឆ្នាំ១៩៩៣ មានការ​ចាប់ផ្តើមជា​សម្ងាត់​មួយ​នៅអូស្លូ ជា​ការចរចាឆ្ងាយពីប្រព័ន្ធឃោសនាព័ត៌មាន ឆ្ងាយពីយន្តការសន្និសីទអន្តរជាតិក្រុងម៉ាឌ្រីដ និងដោយគ្មាននរណាដឹងសោះតែម្តង។ ពីខែមករា ដល់ខែសីហា ១៩៩៣ ន័រវែស បានទទួលរៀបចំកិច្ចប្រជុំសម្ងាត់យ៉ាងហោច១៤ដង។

នៅថ្ងៃទី ២៧សីហា ភ្នាក់ងារសារព័ត៌មានបារាំង បានជូនដំណឹងថាអ៊ីស្រាអែលលួចចរចាដោយសម្ងាត់ជាមួយអង្គការរំដោះប៉ាឡេស្ទីន ដើម្បីសម្រេចកិច្ចព្រមព្រៀងឱ្យមានរបបស្វ័យតភាពតំបន់ហ្កាហ្សា និងស៊ីហ្សកដានី។ ពីរថ្ងៃក្រោយ អ៊ីស្រាអែលប្រកាសបង្ហាញកិច្ចព្រមព្រៀងគោលៗ និងទទួលស្គាល់អង្គការរំដោះប៉ាឡេស្ទីន ជាស្ថាប័នតំណាងពលរដ្ឋប៉ាឡេស្ទីន។

នៅថ្ងៃទី ១៣ កញ្ញា ប្រវត្តិសាស្ត្របានកត់ត្រា ព្រឹត្តិការណ៍អ៊ីស្រាអែលប៉ាឡេស្ទីនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពគោល ដែលត្រូវបង្ហើយក្នុងរយៈពេល៥ឆ្នាំ។ អតីតគូសត្រូវ​បានចាប់ដៃគ្នា ទាំងអៀនអន់មួយភ្លែតដំបូង នៅសេតវិមាន ក្រោមក្រសែភ្នែកនៃក្តីសង្ឃឹមរបស់ពិភពលោកទាំងមូល ថាតំបន់ដើមបូព៌ានឹងស្គាល់សន្តិភាព។

មួយឆ្នាំក្រោយមកទៀត ស្ថាបនិកទាំងបី បានទទួលជ័យលាភីណូបែលសន្តិភាព។ ប៉ុន្តែថ្ងៃនេះ ក្រោយមរណភាពរបស់ម្ចាស់ណូបែលទាំងបី (លោក រ៉ាបាំង ត្រូវគេធ្វើឃាតនៅឆ្នាំ១៩៩៥ លោក​អារ៉ាហ្វាតស្លាប់នៅឆ្នាំ២០០៤ លោកប៉េរេស នៅឆ្នាំ២០១៦) ទស្សនៈវិស័យ​ស្វែងរកសន្តិភាពកាន់តែងងឹតសុងទៅៗ និង​កាន់​តែ​ធ្វើ​ឱ្យ​ស្ថានភាព​កាន់​តែធ្លាក់​ធ្ងន់ធ្ងរជាងពេលណាៗទាំងអស់។ ហេតុ​អ្វីបាន​ជា​ដូច្នេះ ?!

អ្នកចរចាកិច្ចព្រមព្រៀងអូស្លូ Nabeel Shaat តំណាងខាងប៉ាឡេស្ទីន មិនត្រឹមតែព្រួយបារម្ភខ្លាចលែងមានការបង្កើតរដ្ឋប៉ាឡេស្ទីនទេ តែភ័យ​អំពី​ភាព​ត្រដររស់របស់ពលរដ្ឋប៉ាឡេស្ទីននាពេលនេះ។ លោកបានលើកឡើងអំពីឧបសគ្គចំបងពីរ ដែល​ជា​កំហុស​​របស់ប៉ាឡេស្ទីនខ្លួនឯង ៖ អសមត្ថភាពក្នុងការបណ្តេញអ៊ីស្រាអែលពីតំបន់ស៊ីហ្សកដានី និងហ្កាហ្សា និងអសមត្ថភាពក្នុងការបង្រួបបង្រួមប៉ាឡេស្ទីន​នៅហ្កាហ្សា និងនៅស៊ីហ្សកដានី។ ប៉ាឡេស្ទីនប្រេះឆាខ្លាំងតាំងពីឆ្នាំ២០០៧​ នៅពេល​ហ្កាហ្សាធ្លាក់​​ក្រោមការគ្រប់គ្រងរបស់ចលនាហាម៉ាស ដែលបដិសេធដាច់ខាតមិនទទួលស្គាល់រដ្ឋអ៊ីស្រាអែល ផ្ទុយ​ពី​ចលនា​ហ្វាតាស​អ្នក​ដឹកនាំនៅ​ស៊ីហ្សកដានី។ បើដូច្នេះតើនឹងអាចមានកិច្ចព្រមព្រៀងសន្តិភាពទៅកើត ?!

ចំណែក​អ៊ីស្រាអែល​វិញ​ លោក យូស៊ី បៃឡាំង Yossi Beillin តំណាង​អ្នកចរចាអ៊ីស្រាអែលក្នុងកិច្ចព្រមព្រៀងអូស្លូ យល់ថា រដ្ឋាភិបាលបច្ចុប្បន្ន មិនអាចមានសន្តិភាពជាមួយប៉ាឡេស្ទីនបានទេ។ ទាល់តែមានការប្តូរផ្លាស់រដ្ឋាភិបាល ក្រែងមានសង្ឃឹមខ្លះ។ រដ្ឋាភិបាលនេះ សុខ​ចិត្ត​រក្សា​នៅ​កាន់​ច្បិចច្ចព្រមព្រៀងអូស្លូ ព្រោះតែគ្មានការចែងចំៗឱ្យបញ្ឈប់ការធ្វើអាណានិគមកិច្ចប៉ុណ្ណោះ។ អាច​ចាត់ទុក​ថា​ជា​កំហុស​របស់​លោក រ៉ាបាំងនិង​ប៉េរេស ដែល​មិន​ព្រម​ចែងក្នុង​កិច្ចព្រមព្រៀង​សំណើ​សុំ​បញ្ឈប់​ការ​ធ្វើ​អាណានិគមកិច្ច​ប៉ាឡេស្ទីន ដោយ​ខ្លាច​សភា​មិន​ព្រម​បោះឆ្នោត​គាំទ្រ​កិច្ចព្រមព្រៀង។ តាំងពីឆ្នាំ១៩៩៣មក ការធ្វើអាណានិគមកិច្ចអ៊ីស្រាអែល បានកើនពី ២០ម៉ឺនទៅ ៦០ម៉ឺន។

ម្យ៉ាង​ទៀត កិច្ចព្រមព្រៀងអូស្លូ មានចែង​តែគោលធំៗ និងស្រប​តាម​សេចក្តី​សម្រេច​អង្គការ​សហប្រជាជាតិ​កាលពីឆ្នាំ​១៩៦៧ ស្នើ​ឱ្យ​មាន​ការគោរព​បូរណភាព ​អធិបតេយ្យភាពដែនដី ឯករាជ្យភាពនយោបាយ​ តែមិន​បាន​​កំណត់​កម្មវត្ថុ​ឱ្យ​ចំៗឱ្យ​បង្កើត​រដ្ឋ​ពីរ​ទេ។ ក្នុង​កិច្ចព្រមព្រៀង​​​ក៏​នៅ​មាន​ចំហ​ចំណុច​វិវាទសំខាន់ៗជា​ច្រើន ដូច​ជា​បញ្ហា​ជនភៀសខ្លួន លក្ខន្តិកៈ​នៃ​ទីក្រុង​ហ្សេរុយសាឡិម។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​ដូណាល់ត្រាំ អាច​ឆ្លៀត​ឱកាស​បក​ស្រាយ​ ដោយ​ប្រកាស​ទទួល​ស្គាល់​ហ្សេរុយសាឡិម ជា​រដ្ឋ​ធានី​អ៊ីស្រាអែល នៅ​ចុង​ធ្នូ​ឆ្នាំ​២០១៧ ក្រោម​សម្រែក​ឈឺចាប់​របស់​ប៉ាឡេស្ទីន។

សិទ្ធិវិល​ត្រលប់​មកកាន់​ដែនដី​កំណើត អនុម័ត​ដោយ​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ​១៩៤៨ របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន មិន​ត្រូវ​បាន​ ​លម្អិត​ក្នុង​កិច្ចព្រមព្រៀង​អូស្លូ​ទេ។ នៅពេល​បង្កើត​រដ្ឋ​អ៊ីស្រាអែល ខាង​ប៉ាឡេស្ទីន មាន​តែ​ភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀសខ្លួន​អង្គការសហប្រជាជាតិUnrwa​មួយ​ប៉ុណ្ណោះ ឧបត្ថម្ភ​ជា​ចំបង​ដោយ​សហរដ្ឋ​អាមេរិក ជា​អ្នក​ធានា​រ៉ាបរង​ជនភៀសខ្លួន​ប៉ាឡេស្ទីន។ តែ​ឥលូវ ​លោក​ដូណាល់ បាន​ផ្តាច់ជំនួយ​ទៅ​ទៀត​ហិរញ្ញវត្ថុ​ដល់​អង្គការ​នេះ និង​កាត់​ផ្តាច់​ជំនួយ​មនុស្សធម៌​សម្រាប់​ប៉ាឡេស្ទីន​ទៀត កាលពី​ខែ​សីហា។ ​ទីស្នាក់​តំណាង​ប៉ាឡេស្ទីន​នៅ​វ៉ាស៊ីនតោន​ក៏ត្រូវ​បិទ​ទៀតកាលពី​ថ្ងៃទី​១០​កញ្ញា។ ពោល​គឺ​ជា​ជោគជ័យ ​​មាន​តែ​ម្ខាង និងបន្ត​បន្ទាប់​គ្នា​សម្រាប់​រដ្ឋាភិបាល​អ៊ីស្រាអែល។ ឯ​ម្ខាង​ទៀត​ត្រូវ​សុខ​ចិត្ត​ធ្វើ​ជា​អ្នក​ចាញ់​រហូត ដើម្បី​បាន​សុខ​ឬ ?!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ