អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់

អាមេរិក​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​អ៊ីរ៉ង់ និង​ស្នើ​ឲ្យ​អ៊ីរ៉ង់​ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង

នៅ​ថ្ងៃ​អាទិត្យ ទី២៣ កញ្ញា សហរដ្ឋអាមេរិក​តាម​រយៈ​លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ច្រានចោល​ការ​ចោទប្រកាន់​របស់​ប្រទេស​អ៊ីរ៉ង់​ដែល​ថា អាមេរិក​បាន​ស្ថិត​នៅ​ពី​ក្រោយ​ភេរវកម្មប្រឆាំង​លើ​ក្បួន​ព្យុះហយាត្រា​កងទ័ព​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​សៅរ៍ ទី២២ កញ្ញា។ អំពើ​ភេរវកម្ម​ដែល​បាន​ផ្តាច់​ជីវិតមនុស្ស​យ៉ាង​តិច ២៩នាក់ និង​របួស​ធ្ងន់ស្រាល​ជិត ៦០នាក់​ផ្សេង​ទៀត។ ទន្ទឹម​នឹង​ការ​ឆ្លើយ​បដិសេធ លោកស្រី Haley ក៏​បាន​ឆ្លៀត​វាយ​បក​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​រ៉ូហានី​ដោយ​ស្នើ​លោក​រ៉ូហានី​ឲ្យ​សម្លឹង​មើល​បញ្ហា​ផ្ទៃក្នុង​នៅ​អ៊ីរ៉ង់​ជាជាង​ដើរ​ទម្លាក់​កំហុស​ដាក់​អ្នក​ដទៃ។

លោកស្រី  Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ
លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Reuters
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ប្រតិកម្ម​លើកទី១ របស់​សហរដ្ឋអាមេរិក​ទាក់ទង​នឹង​ភេរវកម្ម​ប្រឆាំង​កងទ័ព​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​សៅរ៍ ទី២២ កញ្ញា។ ទោះ​បី​ជា​អំពើភេរវកម្ម​នោះ​ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ដោយ​អង្គការ​រដ្ឋអ៊ីស្លាម​ក៏​ដោយ ក៏​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់​បន្ត​ចង្អុល​មុខ​ចលនា​ទាមទារ​ផ្តាច់ទឹកដី​និយម​អារ៉ាប់​មួយ​ក្នុង​ស្រុក​ដែល​គាំទ្រ​ដោយ​ក្រុម​ប្រទេស​អារ៉ាប់​មួយ​ចំនួន​នៅ​ក្នុង​តំបន់។ មុន​នឹង​ឡើង​យន្តហោះ​ទៅ​ចូល​រួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក លោក​ប្រធានាធិបតី​អ៊ីរ៉ង់​រ៉ូហានី​បាន​ថ្លែង​ជា​ថ្មី​ដោយ​បញ្ជាក់​ថា សហរដ្ឋអាមេរិក​បាន​ជួយ​គាំទ្រ និង​លើក​ទឹកចិត្ត​ដល់​ក្រុម​ប្រទេស​អារ៉ាប់​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ឲ្យ​បង្ក​ភាព​វឹកវរ និង​អសន្តិសុខ​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ង់។

« ខ្ញុំ​គិត​ថា​អ្វី​ដែល​រ៉ូហានី​ត្រូវ​ធ្វើ គឺ​ត្រូវ​សម្លឹង​មើល​ក្នុង​ប្រទេស​របស់​ខ្លួន។ គាត់​កំពុង​ប្រឈម​នឹង​ការ​ងើប​បះបោរ​របស់​ពលរដ្ឋ​អ៊ីរ៉ង់។ សូម្បី​លុយ ១សេន​ដែល​អ៊ីរ៉ង់​ទទួល​បាន​ត្រូវ​បាន​យក​ទៅ​ចិញ្ចឹម​បំប៉ន​កងទ័ព។ រ៉ូហានី​បាន​ធ្វើ​បាប​ពលរដ្ឋ​តាំង​ពី​យូរ​មក​ហើយ » នេះ​ជា​ការ​ឆ្លើយ​បក​វិញ​របស់​លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ Nikki Haley នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CNN។ តាម​លោកស្រី Haley ពលរដ្ឋ​អ៊ីរ៉ង់​ហាក់​បាន​ឆ្អែតឆ្អន់​នឹង​របបដឹកនាំ​សព្វថ្ងៃ ហើយ​ដែល​នេះ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​បញ្ហា។ « រ៉ូហានី​អាច​ចោទ​អាមេរិក​ប៉ុន្មាន​ដង​ក៏​ស្រេច​នឹង​គាត់​ទៅ​ចុះ តែ​អ្វី​ដែល​រូប​គាត់​ត្រូវ​ធ្វើ គឺ​ត្រូវ​ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង » នេះ​ជា​ការ​បន្ថែម​របស់​លោកស្រី Haley។

ទោះ​ជា​យ៉ាង​នេះ​ក្តី ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​រូប​នេះ​ដដែល​បាន​បញ្ជាក់​ជា​ថ្មី​ដោយ​ធានា​ថា រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​មិន​បាន​ព្យាយាម​ធ្វើ​ការ​ផ្លាស់ប្តូរ​របបដឹកនាំ​នៅ​អ៊ីរ៉ង់​សព្វថ្ងៃ​ទេ។ ក្រៅ​ពី​វាយ​បក​នឹង​ការ​ចោទ​ប្រកាន់​របស់​អ៊ីរ៉ង់ និង​ដោយ​មិន​និយាយ​ចំ​លើ​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ លោកស្រី Haley មិន​ភ្លេច​ថ្លែង​ទេ​ថា អាមេរិក​ថ្កោលទោស​លើ​គ្រប់​អំពើភេរវកម្ម​ទាំង​អស់ ទោះ​នៅ​ទីណា​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ