អ៊ីរ៉ង់ ក្លាយជាសំណុំរឿងស្នូលនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអ.ស.ប.
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣៨
ការបំប៉ោងសរសៃកដំឡើងសំឡេងដាក់អ៊ីរ៉ង់ នៅតែមានបន្ត នៅថ្ងៃពុធទី ២៦ កញ្ញានេះ នៅអង្គការសហប្រជាជាតិ ព្រោះនៅថ្ងៃនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបើកកិច្ចប្រជុំថ្នាក់ប្រមុខរដ្ឋ-រដ្ឋាភិបាល ក្រោមអធិបតីភាពរបស់លោកដូណាល់ត្រាំ ក្នុងនាមជាប្រធានផ្លាស់វេនក្រុមប្រឹក្សា រយៈពេលមួយខែ។ បើតាមរបៀបវារៈ ស្ថាប័នដ៏កំពូលរបស់អង្គការសហប្រជាជាតិនេះ នឹងត្រូវជួបពិភាក្សាគ្នាអំពីការមិនរីកសាយនុយក្លេអ៊ែរ អាវុធប្រល័យលោកទ្រង់ទ្រាយធំ ប៉ុន្តែដោយមានលោកត្រាំជាប្រធាន កិច្ចប្រជុំរបស់ក្រុមប្រឹក្សានឹងផ្តោតជាពិសេសទៅលើតែសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់។
តាំងពីអង្គការសហប្រជាជាតិចាប់កំណើតនៅឆ្នាំ១៩៤៥មក វាជាការកម្រណាស់ ដែលកិច្ចប្រជុំថ្នាក់ប្រមុខរដ្ឋ-រដ្ឋាភិបាល នៃក្រុមប្រឹក្សាអចិន្ត្រៃយ៍និងមិនអចិន្ត្រៃយ៍ទាំង១៥ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ប្រធានាធិបតីអាមេរិក។ ថ្ងៃនេះទើបតែជាលើកទីបីប៉ុណ្ណោះ។ លោកអូបាម៉ា អតីតប្រធានាធិបតីអាមេរិក ធ្លាប់ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំបែបនេះ ពីរដង នៅឆ្នាំ២០០៩ម្តងនិង២០១៤ម្តង ស្តីអំពីការមិនរីកសាយភាពនុយក្លេអ៊ែរនិងការប្រយុទ្ធប្រឆាំងនឹងភេរវនិយម។
អាមេរិកធ្វើយុទ្ធនាការដាក់គំនាបជាអតិបរិមាលើអ៊ីរ៉ង់
របៀបវារៈនិងប្រធានបទនៃកិច្ចប្រជុំមិនផ្លាស់ប្តូរទេ ប៉ុន្តែជាមួយលោក ដូណាល់ ត្រាំ ដែលនិយមនិងមានទម្លាប់ប្រើគ្រប់ឱកាសវាយប្រហារនយោបាយពហុជាតិនិយម ឬផ្ទុយពីលោកនោះ ពិតជាឆ្លៀតយកឱកាស ជាប្រធានផ្លាស់វេនដឹកនាំកិច្ចប្រជុំរបស់ស្ថាប័នក្រុមប្រឹក្សាសន្តិសុខ មកបរិហារនយោបាយរបស់អ៊ីរ៉ង់ ដែលសម្រាប់លោក ជាប្រទេសអ្នកបង្កអស្ថិរភាពនៅតំបន់ដើមបូព៌ា។
គ្រប់គ្នាកំពុងរង់ចាំតាមដានជំនួបប្រជុំនេះខ្លាំងណាស់ ! ខ្លាំងជាងលើកណាៗទាំងអស់។ ព្រោះលោក ដូណាល់ ត្រាំ បានប្រកាសព្រមានដោយចំហរួចជាស្រេចទៅហើយ ថា លោកនឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីអំពីអ៊ីរ៉ង់។ លោកចង់ប្រែក្លាយជំនួបក្នុងស្ថាប័នដ៏កំពូលរបស់អង្គការសហប្រជាជាតិ ទៅជាយុទ្ធនាការ នៃការដាក់គំនាបជាអតិបរិមាប្រឆាំងនឹងអ៊ីរ៉ង់។
លោក រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់ ដែលជាប្រទេសពាក់ព័ន្ធផ្ទាល់ ពុំត្រូវបានអញ្ជើញឱ្យចូលរួមប្រជុំជាមួយទេ ព្រោះមិនមែនជាសមាជិកក្រុមប្រឹក្សាបច្ចុប្បន្ន។ លោក រ៉ូហានីបានបរិហារសហរដ្ឋអាមេរិក ថាបំពានអំណាច !
ក្នុងនាមជាប្រធានផ្លាស់វេន អាមេរិកត្រូវរក្សាជំហរអព្យាក្រិត្យ ជាអ្នកចាត់ចែងអនុវត្តរបៀបវារៈ ដឹកនាំប្រជុំនិងផ្តល់ព័ត៌មានដល់សមាជិកអង្គការសហប្រជាជាតិ ដោយត្រូវធ្វើសេចក្តីថ្លែងការណ៍ប្រមាណពីរម៉ោង បន្ទាប់មកទើបសមាជិកនីមួយចាប់បញ្ចេញមតិ។
សេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិប្រឆាំងអ៊ីរ៉ង់ មិនមែនជាការរំពឹងរបស់អាមេរិក នៅក្នុងជំនួបប្រជុំនេះទេ ព្រោះអ៊ីរ៉ង់មានរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនិងមានសិទ្ធិប្រឆាំងវេតូ ចាំការពារ។ ភាគីរុស្ស៊ីបានសើចចំអកថារីករាយនឹងទៅប្រជុំ ក្រោមអធិបតេយភាពលោកត្រាំ តែលោកគិតថានឹងលោកត្រាំនឹងគ្មានត្រៀមអ្វីច្បាស់លាស់សម្រាប់មកនិយាយទេ។
លោកស្រី Nikki Haley តំណាងអាមេរិកនៅអង្គការសហប្រជាជាតិក៏បានអះអាងដោយចំៗថា អាមេរិកមិនរង់ចាំការអនុម័តសេចក្តីសម្រេចចិត្តទេ ចង់ត្រឹមផ្ចង់ចំណាច់អារម្មណ៍ពិភពលោក លើនយោបាយអ៊ីរ៉ង់ ! អាមេរិកចង់កម្លាឱ្យអ៊ីរ៉ង់យល់ថាពិភពលោក តាមដានមើលអ៊ីរ៉ង់ជាប់រហូត។
លោកត្រាំកំពុងចង់ប្រើវិធីសំឡុត ដែលធ្លាប់ធ្វើជាមួយកូរ៉េខាងជើង
តាមការពិតកម្មវត្ថុរបស់លោកត្រាំ គឺធ្វើយ៉ាងណាប្រមូលសហគមន៍អន្តរជាតិ ឱ្យបានច្រើនរួមគ្នាជាធ្លុងមួយប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីបង្ខំរបបសាធារណរដ្ឋអ៊ីស្លាមមួយនេះត្រលប់មកចរចា ស្វែងរកកិច្ចព្រមព្រៀងថ្មីដ៏ទូលំទូលាយ ក្រសោបហាមឃាត់រាល់គ្រប់ទម្រង់នៃការរីកសាយភាយមីស៊ីលបាលីស្ទិក និងបញ្ចប់អត្តិចរិតបង្កអស្ថិរភាពរបស់ក្រុងតេអេរ៉ង់តែម្តង មិនមែនត្រឹមជាកិច្ចព្រមព្រៀងទប់ស្កាត់ការផលិតគ្រាប់បែកនុយក្លេអ៊ែរ ដូចបានចុះហត្ថលេខានៅឆ្នាំ២០១៥ទេ។
អាមេរិករបស់លោកត្រាំ ចង់ស្រែកឱ្យឮ និងយារដៃកាន់ដំបងជានិច្ចចាំវាយអ៊ីរ៉ង់។ ម្សិលមិញ ពីវេទិកាអង្គការសហប្រជាជាតិ ទិសដៅនៃការវាយប្រហារដ៏សន្ធាប់គឺអ៊ីរ៉ង់ ! លោក ត្រាំបានអំពាវនាវឱ្យគ្រប់ប្រទេសនិងប្រជាជាតិលើពិភពលោក នាំគ្នា ដាក់របបដឹកនាំ ផ្តាច់ការអ៊ីរ៉ង់ឱ្យរបបឯកា។
បន្ទាប់ពីប្រមូលផ្តុំសហគមន៍អន្តរជាតិទាំងមូលឱ្យប្រឆាំងកូរ៉េខាងជើងបានជោគជ័យ លោកដូណាល់ ត្រាំពិតជាចង់បំបាក់និងបង្ខំអ៊ីរ៉ង់មួយទៀត ឱ្យព្រមចរចា។
បើតាមអ្នកការទូតអឺរ៉ុបម្នាក់ ប្រធានាធិបតីអាមេរិកមានជំនឿថា មធ្យោបាយដាក់គំនាបជាអតិបរិមា លាយនឹងទណ្ឌកម្មដ៏ខ្លាំង ផ្តាច់ឱ្យឯកាផ្នែកការទូតបំផុត និងការគំរាមប្រើកម្លាំងយោធា បានធ្វើឱ្យរបបព្យុងយ៉ាងព្រមចរចារំសាយនុយក្លែអ៊ែរ។ ដូច្នេះ លោកត្រាំ ត្រូវតែដូចគ្នាដែរលើអ៊ីរ៉ង់ គឺសំឡុត-គាបឱ្យខ្លាំង រួចចាប់ចរចាតាមក្រោយ ក្នុងជំហរជាអ្នកមានប្រៀប។
ប៉ុន្តែយុទ្ធសាស្ត្រនេះទំនងជាមិនស៊ីនឹងអ៊ីរ៉ង់ទេ ព្រោះស្ថានការណ៍ប្រទេសទាំងពីរ -កូរ៉េខាងជើង និងអ៊ីរ៉ង់- ខុសគ្នាស្រលះ ! លោករ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់ ដែលកំពុងស្ថិតនៅទីក្រុងញូវយ៉ក បានបដិសេធមិនជួបលោកដូណាល់ ត្រាំ នៅសប្តាហ៍នេះ បានអះអាងដែរថាគេមិនអាចប្រៀបអ៊ីរ៉ង់និងកូរ៉េខាងជើងបានឡើយ។
អ៊ីរ៉ង់ខុសពីកូរ៉េខាងជើង
កូរ៉េខាងជើងបានអភិវឌ្ឍន៍គ្រាប់បែកបរមាណូហើយ និងទាមទារតាំងខ្លួនជាមហាអំណាចនុយក្លេអ៊ែរ។ ចំណែកអ៊ីរ៉ង់វិញ រដ្ឋាភិបាលបានប្តេជ្ញាជាផ្លូវការ មិនផលិតគ្រាប់បែកប្រល័យលោក។ កូរ៉េខាងជើងមានប្រទេសជិតខាងកូរ៉េខាងត្បូងជាក្បាលម៉ាស៊ីនអូសបង្ខិតបងប្អូនបង្កើតទាំងពីរចូលគ្នា ខុសពីអ៊ីរ៉ង់ ដែលប្រទេសជិតខាងខ្លួន (អារ៉ាប៊ីសាអូឌីត ឬអ៊ីស្រាអែល) សុទ្ធតែជួយជំរុញឱ្យអាមេរិកប្រឆាំងអ៊ីរ៉ង់ ក្នុងនាមជាសត្រូវរួមប្រចាំតំបន់។ ព្យុងយ៉ាងជារបបដែលគ្មានអ្នករាប់រក សម្ព័ន្ធមិត្តអាមេរិកទាំងអស់ នាំគ្នាព្រួតដាក់ទណ្ឌកម្មកូរ៉េខាងជើងតាមចំណង់វ៉ាស៊ីនតោន ឯអ៊ីរ៉ង់វិញបានចុះកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ ជាមួយនឹងក្រុមបស្ចឹមលោក ហើយអឺរ៉ុបជាសម្ព័ន្ធមិត្តអាមេរិក បដិសេធទណ្ឌកម្មនិងព្រមទាំងចុងមាត់ចុងកផ្តាច់ទំនាក់ទំនងពីតេអេរ៉ង់ តាមវ៉ាស៊ីនតោន។ តាំងពីថ្ងៃចន្ទមក សម្ព័ន្ធមិត្តអាមេរិកបានបង្កើតអត្តសញ្ញាណពិសេសមួយសម្រាប់ពង្វាងផ្លូវ ដើម្បីអាចបន្តរកស៊ីជាមួយអ៊ីរ៉ង់ និងគេចពីទណ្ឌកម្មអាមេរិកបាន។
ការដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានធ្វើឱ្យលោកត្រាំចាប់បាត់បង់ភាពជាមេដឹកនាំ ជាប្រពៃណីរបស់ខ្លួន ក្នុងរង្វង់ក្រុមប្រឹក្សាសន្តិសុខដែលកំពុងពិចារណាលើប្រធានបទមិនរីកសាយភាពអាវុធប្រល័យលោក។ តែកិច្ចប្រជុំនេះអាចនាំលោកត្រាំឱ្យធ្លាក់ក្នុងភាពឯកាវិញផងក៏ថាបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ