តើព្រឹទ្ធសភាអាមេរិកនឹងតែងតាំង បេក្ខជនចៅក្រមតុលាការកំពូល ដែលរងចោទប្រកាន់ពីរឿងអាស្រូវផ្លូវភេទ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២៦
លោក Brett Kavanaugh បេក្ខជនចៅក្រមដែលលោកប្រធានាធិបតីដូណាល់ ត្រាំ ជ្រើសរើសសម្រាប់តុលាការកំពូលអាមេរិក កំពុងប្រឈមនឹងការចោទប្រកាន់រឿងអាស្រូវផ្លូវភេទពីស្រ្តីអាមេរិកាំង៣នាក់។ នៅថ្ងៃម្សិលមិញ សាស្រ្តាចារ្យសកលវិទ្យាល័យ ម្នាក់ ដែលចោទប្រកាន់បេក្ខជនចៅក្រម Brett Kavanaugh ពីបទបំពារបំពានផ្លូវភេទ កាលពី៣៦ឆ្នាំមុន បានបង្ហាញ មុខជាលើកដំបូង នៅក្នុង សវនាការសួរដេញដោលរបស់គណៈកម្មការយុត្តិធម៌ ព្រឹទ្ធសភា អាមេរិក។ គណៈកម្មការព្រឹទ្ធសភា ដែលមាននាទី បោះឆ្នោតតែងតាំងលោកBrett Kavanaugh ជាចៅក្រមអស់មួយជីវិតរបស់តុលាការកំពូលអាមេរិក។
នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ លោកស្រី Christine Blasey Ford អាយុ ៥១ឆ្នាំ ដែលអះអាងថា ធ្លាប់រងគ្រោះដោយសារការបំពារបំពានផ្លូវភេទពីចៅក្រម Brett Kavanaugh កាលពី៣៦ឆ្នាំមុន បានចេញមុខ ផ្តល់សក្ខីកម្ម ជាលើកដំបូង នៅក្នុងសវនការសួរដេញដោលរបស់គណៈកម្មការព្រឹទ្ធសភា អាមេរិក។ ចៅក្រមសហព័ន្ធ លោក Brett Kavanaugh ដែលត្រូវបានលោកដូណាល់ ត្រាំ ជ្រើសរើសសម្រាប់ អនាគតចៅក្រមនៅតុលាការកំពូល ត្រូវបានស្រ្តីអាមេរិកាំង ៣នាក់ ចោទប្រកាន់ថា បានបំពារបំពានផ្លូវភេទទៅលើពួកគេ កាលពីជាង ៣០ឆ្នាំមុន។
នៅក្នុងសវនការរបស់គណៈកម្មការយុត្តិធម៌របស់ព្រឹទ្ធសភាអាមេរិក លោកស្រី Ford បាននិយាយថា នៅឆ្នាំ ១៩៨០ លោក Brett Kavanaugh ក្នុងអាយុ ១៧ឆ្នាំ និងក្នុងស្ថានភាពស្រវឹង បានរួមគ្នាជាមួយមិត្តម្នាក់ទៀត ដើម្បីរំលោភផ្លូវកាយលោកស្រី នៅក្នុងពិធីជប់លៀងសិស្សវិទ្យាល័យ។
គណៈកម្មការផ្នែកយុត្តិធម៌ របស់ព្រឹទ្ធសភាអាមេរិក កោះហៅលោកស្រី Ford ឲ្យចូលមកឆ្លើយបំភ្លឺ នៅពេលនេះ គឺដើម្បីចង់ជម្រះ មន្ទិលសង្ស័យ លើបេក្ខជន ចៅក្រម លោក Brett Kavanaugh ដែលគណៈកម្មការត្រូវបោះឆ្នោត ជ្រើសតាំងសម្រាប់តំណែងចៅក្រមនៅតុលាការកំពូល ដែលជាតំណែងសំខាន់ និងអស់មួយជីវិត នៅ សហរដ្ឋអាមេរិក។
អាយុ ៥៣ឆ្នាំ លោក Brett Kavanaugh ជាចៅក្រមសហព័ន្ធ ដែលត្រូវបានលោក ដូណាល់ ត្រាំ ជ្រើសរើសតាំងពីខែកក្កដា សម្រាប់ទៅជំនួសតំណែង ចៅក្រម Anthony Kennedy ដែលប្រកាសចូលនិវត្តន៍នៅឆ្នាំ ២០១៨។ ដំណើរការសាកសួរលោក Brett Kavanaugh នៅគណៈកម្មការព្រឹទ្ធសភា បានប្រព្រឹត្តទៅដោយរលូន រហូតធ្វើឲ្យគេជឿថា លោកនឹងត្រូវព្រឹទ្ធសភា អាមេរិកបោះឆ្នោត ជ្រើសតាំងជាចៅក្រមនៅតុលាការកំពូលដោយគ្មានឧបសគ្គ។ ប៉ុន្តែ នៅពាក់កណ្តាលខែកញ្ញានេះ កាសែតអាមេរិក The New York Times បានចុះផ្សាយថាលោក Brett Kavanaugh មានជាប់ទាក់ទងនឹងការរំលោភផ្លូវភេទ។
នៅសប្តាហ៍មុននេះ ជនរងគ្រោះនៃការបំពារបំពានផ្លូវភេទរបស់លោក Brett Kavanaugh បានបង្ហាញមុខ នៅក្នុងបទសម្ភាសន៍របស់កាសែតWashington Post។ គណៈកម្មការព្រឹទ្ធសភា អាមេរិក ដែលកំពុងសាកសួរ បេក្ខជនចៅក្រម លោក Brett Kavanaugh ក៏បានសម្រេចកោះហៅលោកស្រី Ford ដែលអះអាងថា ជាជនរងគ្រោះឲ្យចូលឆ្លើយបំភ្លឺទាក់ទងនឹងបទចោទប្រកាន់លើបេក្ខជនចៅក្រមតុលាការកំពូល។
នៅក្នុងសវនការរយៈពេល ៤ម៉ោង ជាមួយ គណៈកម្មការព្រឹទ្ធសភា លោកស្រី Ford បាននិយាយថា លោកស្រីធ្លាប់ត្រូវបានលោក Brett Kavanaugh កាលនៅជាសិស្សវិទ្យាល័យ នៅបានរួមគ្នា ជាមួយមិត្តភឿនម្នាក់ទៀត បំពារបំពានផ្លូវភេទ នៅផ្ទះដែលមានពិធីជប់លៀង មួយ នៅឆ្នាំ ១៩៨០។ លោកស្រី Ford បានបញ្ជាក់ទៅសមាជិកព្រឹទ្ធសភាថា លោកស្រីច្បាស់ក្នុងចិត្ត “១០០ភាគរយ” ថា គឺលោកកាវ៉ាន័រដែលជាជនដៃដល់។ ប៉ុន្តែ នៅក្នុងសវនការបន្ទាប់ និងដាច់ដោយឡែក លោក Brett Kavanaugh វិញ បានឆ្លើយបដិសេធការចោទប្រកាន់ និងថា លោកមិនមែនជាបុរសដែលរំលោភបំពានមនុស្សស្រ្តី នៅយប់ដែលលោកស្រីFord បានរៀបរាប់នោះទេ។ ប៉ុន្តែ លោកជាមនុស្សស្មោះត្រង់ គ្មានប្រព្រឹត្តកំហុស អ្វីទាំងអស់។ សម្រាប់លោក Brett Kavanaugh រឿងអាស្រូវដែលប្រឌិតឡើង ដោយក្រុមអ្នកនយោបាយ កំពុងបំផ្លាញ គ្រួសាររបស់លោក ហើយនិងមានចេតនារារាំងមិនឲ្យលោកត្រូវជ្រើសតាំងជាចៅក្រមនៅតុលាការកំពូលតែប៉ុណ្ណោះ។ ជាមួយនឹងកំហឹងម្តងម្កាល នៅពេលឆ្លើយសំណួររបស់ព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោក Brett Kavanaugh បានបញ្ជាក់ថា លោកនឹងមិនបោះបង់ចោល ការព្យាយាមរបស់លោក ដែលចង់ក្លាយជាចៅក្រមនៅតុលាការកំពូលជាដាច់ខាត។
នៅក្រោយការផ្តល់សក្ខីកម្ម ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ វិញ បានសរសេរសារ Twitter បង្ហាញជំហរ គាំទ្រ ឥតងាករេ បេក្ខជនចៅក្រមរបស់លោក។ នៅក្នុងសារTwitter នៅក្រោយចប់សវនការរបស់គណៈកម្មការព្រឹទ្ធសភា លោកដូណាល់ ត្រាំ បានសរសេរ សរសើរ លោក Brett Kavanaugh ថា ជាមនុស្សដែលមានគុណសម្បត្តិខ្ពស់ ដែលលោកមិនដែលជួបប្រទះពីមុនមក។ ប្រធានាធិបតីអាមេរិក បានអំពាវនាវផងដែរ ឲ្យគណៈកម្មការព្រឹទ្ធសភា បោះឆ្នោត ជ្រើសតាំងលោក Brett Kavanaugh ជាចៅក្រមតុលាការកំពូល។
រឿងអាស្រូវបំពារបំពានផ្លូវភេទ ដែលរាលដាលដល់ការតែងតាំង ចៅក្រមនៅតុលាការកំពូល ដែលជាអំណាចកំពូលនៅអាមេរិក។
ហេតុអ្វីបានជាលោកស្រី Ford ដែលអះអាងថា ខ្លួនជាជនរងគ្រោះ ដោយសារការបំពារបំពាន ផ្លូវភេទ ពីចៅក្រម Brett Kavanaugh ទើបតែចេញមុខមកនិយាយនៅពេលនេះ នៅ៣៦ឆ្នាំក្រោយ ព្រឹត្តិការណ៍ បំពារបំពានផ្លូវភេទ។
អាមេរិក ទោះជាប្រទេសទំនើប អភិវឌ្ឍន៍ ប៉ុន្តែសង្គមអាមេរិក គឺនៅអភិរក្សខ្លាំង។ ហេតុផលជំនឿសាសនា និងការរើសអើង ធ្វើឲ្យស្រ្តីដែលរងគ្រោះដោយសាររឿងបំពារបំពានផ្លូវភេទ បិទមាត់ លាក់រក្សារឿងនេះជាការណ៍សម្ងាត់ មិននិយាយប្រាប់អ្នកណា។
នៅក្នុងសវនការ លោកស្រី Ford បានបញ្ជាក់ថា ហេតុការណ៍ កាលពីជាង ៣០ឆ្នាំមុន នៅធ្វើឲ្យលោកស្រីខ្លាចមិនទាន់បាត់។ ឆ្លើយតបនឹងការចោទប្រកាន់ដែលថា ករណីរបស់លោកស្រីត្រូវបានក្រុមអ្នកនយោបាយយកមកប្រើជាឈ្នាន់នោះ លោកស្រី Ford បាននិយាយថា លោកស្រី មិនមែនជាកូនអុករបស់អ្នកណានោះទេ។
លោកស្រីនិយាយថា លោកស្រី ភ័យខ្លាច និងថា លោកស្រី គ្មានចិត្ត ចង់មកបញ្ចេញមុខ នៅក្នុងសវនាការ នៅព្រឹទ្ធសភានោះទេ។ លោកស្រីសម្រេចចិត្ត បង្ហាញមុខ នៅពេលនេះ ព្រោះតែ តួនាទីរបស់ស្រី ដែលជាពលរដ្ឋអាមេរិកាំងតែប៉ុណ្ណោះ។
គេវាយតម្លៃថា បើសិន ជនដៃដល់ របស់លោកស្រី គឺលោក Brett Kavanaugh មិនត្រូវបានជ្រើសរើសសម្រាប់តំណែងចៅក្រមតុលាការកំពូល ដែលនឹងមានអំណាចច្រើន សម្រេចទៅលើ សិទ្ធិរបស់មនុស្ស ស្រ្តី ក្នុងរឿងរំលូតកូន ឬការស្រឡាញ់មនុស្សភេទដូចគ្នាទេ លោកស្រី Ford ប្រហែលជាមិនចេញជាសាធារណៈចោទប្រកាន់លោក Brett Kavanaugh ទេ។
ក្រុមសាធារណរដ្ឋដែលមានសំលេងភាគច្រើននៅព្រឹទ្ធសភា ចង់ឲ្យមានការបោះឆ្នោតឆាប់ៗបំផុត
គណៈកម្មការព្រឹទ្ធសភា ដែលសួរដេញដោលភាគីពាក់ព័ន្ធទាំងពីរ គឺលោកចៅក្រម Brett Kavanaugh ហើយនិងលោកស្រី Ford មានសមាជិក ២១នាក់ ដែល ១១នាក់ មកពីគណបក្សសាធារណរដ្ឋ និង១០នាក់ មកពីគណបក្សប្រជាធិបតេយ្យ។ គ្រប់គ្នាសុទ្ធតែមានសមានចិត្ត អាណិតលោកស្រី Ford ប៉ុន្តែ គ្រប់សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ បានទម្លាក់កំហុសលើក្រុមប្រជាធិបតេយ្យថា បានយកករណីរបស់លោកស្រីFord មកធ្វើជាឈ្នាន់នយោបាយដើម្បីបន្ទុច បង្អាក់ មិនឲ្យគេតែងតាំង ចៅក្រម Brett Kavanaugh ព្រោះថា លោក Brett Kavanaugh ជាបេក្ខជនជ្រើសតាំងដោយលោកប្រធានាធិបតីដូណាល់ ត្រាំ។ នៅថ្ងៃម្សិលមិញ សមាជិកភាគច្រើនរបស់គណបក្សសាធារណរដ្ឋ នៅគណៈកម្មការព្រឹទ្ធសភា បានអំពាវនាវឲ្យមានការបោះឆ្នោត ជ្រើសរើសលោក Brett Kavanaugh ជាចៅក្រមនៅតុលាការកំពូលអាមេរិក។
តាមគម្រោង ក្រុមសាធារណរដ្ឋដែលមានសំលេងភាគច្រើននៅគណៈកម្មការព្រឹទ្ធសភា អាចបោះឆ្នោត ជ្រើសតាំងលោកកាវ៉ាន័រជាចៅក្រមនៅតុលាការកំពូល នៅថ្ងៃសុក្រ។ បន្ទាប់ពីនេះ ព្រឹទ្ធសភាអាមេរិកនឹងបោះឆ្នោត ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ នឹងបោះឆ្នោត នៅសប្តាហ៍ក្រោយតែម្តងដើម្បី តែងតាំងជាផ្លូវការលោក Brett Kavanaugh ជាចៅក្រមនៅតុលាការកំពូល។
ក្រុមបក្សសាធារណរដ្ឋប្រញាប់ចង់ឲ្យមានការបោះឆ្នោតឆាប់ៗ ដោយមិនចង់រង់ចាំការស៊ើបអង្កេតរបស់ប៉ូលិស FBI
ក្រុមសាធារណរដ្ឋប្រញាប់ប្រញាល់បោះឆ្នោត តែងតាំង ចៅក្រមនៅតុលាការកំពូល នៅពេលនេះ ដោយមកតែពួកគេនៅមានសំឡេងភាគច្រើននៅឡើយ នៅព្រឹទ្ធសភា។ ក្រុមសាធារណរដ្ឋខ្លាចថា បើសិនគណបក្សរបស់ពួកគេចាញ់ឆ្នោត នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាខាងមុខ នោះ គណបក្សនឹងគ្មានសំឡេងគ្រប់គ្រាន់នៅព្រឹទ្ធសភា ដើម្បីអាចបោះឆ្នោត តែងតាំង ចៅក្រមលោក Brett Kavanaugh ដែលចៅក្រមអភិរក្សស្តាំនិយម ដែលមាននិន្នាការមកខាងខ្លួន។
សព្វថ្ងៃ នេះ ក្នុងចំណោមចៅក្រម៨នាក់ មាន៤នាក់ ជាចៅក្រមអភិរក្សស្តាំនិយម។ ក្រុមប្រជាធិបតេយ្យបារម្ភថា បើសិន លោក Brett Kavanaugh ជ្រើសតាំង មែន នោះ ចំនួនចៅក្រម ដែលជាក្រុមអភិរក្សនិយម មានជំហរតឹងរ៉ឹង នឹងមានគ្នាដល់ទៅ ៥នាក់។ អាចថា ពួកគេនឹងមានសំឡេងភាគច្រើន និងមានអំណាច អារកាត់ចុងក្រោយ លើការអនុវត្តច្បាប់អាមេរិក ដូចជា ច្បាប់អន្តោប្រវេសន៍ សិទ្ធិបោះឆ្នោត សិទ្ធិរបស់មនុស្សស្រឡាញ់ភេទដូចគ្នា ឬសិទ្ធិរំលូតកូន ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ