អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​ សារTwitter​តែ​ប៉ុន្មានម៉ាត់​ធ្វើ​ឲ្យ​លោក​Musk ខ្ទាតចេញ​ពីតំណែង​ប្រធាន​ក្រុមហ៊ុន​Tesla?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មការ​មូលបត្រ ដែល​ជាប៉ូលិស​ហិរញ្ញវត្ថុ​អាមេរិក បាន​សម្រេច​នៅថ្ងៃ​សៅរ៍​ទី ២៩ កញ្ញា ពិន័យ លោក​Elon Musk ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ដើរដោយ​ថាមពល​អគ្គិសនី Tesla ឲ្យ​បង់ប្រាក់ ២០​លាន​ដុល្លារ និង​ត្រូវ​ចុះចេញ ពី​តំណែង ប្រធាន​ក្រុមហ៊ុន យ៉ាងយូរ ក្នុង​រយៈពេល ៤៥ថ្ងៃ។ អាជ្ញាធរ​អាមេរិក​បានចោទប្រកាន់​លោក​Elon Musk ថា​បាន​ផ្តល់​ព័ត៌មាន​មិនពិត និយាយ​បោកប្រាស់ ម្ចាស់ភាគហ៊ុន​Tesla នៅ​Wall Street។ លោក​Elon Musk ជាមហាសេដ្ឋីប្រាក់​រាប់ពាន់​លាន​អាមេរិក ត្រូវ​បាន​គេ​ចាត់ទុក​ជា​អ្នកដឹកនាំ​ក្រុមហ៊ុន​ដែលមាន​ចក្ខុនិមិត្ត មិនចាញ់ អតីត​ប្រធាន​ក្រុមហ៊ុន​Apple លោក Steve Jobs។

ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី Tesla នៅ​រោងចក្រ​នៅ​Fremont រដ្ឋ​កាលីហ្វនីញ៉ា នៅឆ្នាំ ២០១២
ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី Tesla នៅ​រោងចក្រ​នៅ​Fremont រដ្ឋ​កាលីហ្វនីញ៉ា នៅឆ្នាំ ២០១២ ©REUTERS/Noah Berger/File Photo
ផ្សាយពាណិជ្ជកម្ម

លោក Elon Musk ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ នេះ​ត្រូវ​បាន​ប៉ូលិស​ហិរញ្ញវត្ថុ​អាមេរិកាំង ​Securities and Exchange Commission (SEC) ពិន័យ​ឲ្យ​បង់ប្រាក់ ២០​លាន​ដុល្លារ និង​ហាម​មិន​ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុមហ៊ុន​ក្នុង​រយៈពេល​៣ឆ្នាំ។ លោក​Elon Musk បាន​ចាប់ល្បីឈ្មោះ ក្នុង​នាមជា​ម្ចាស់​ក្រុមហ៊ុន ផលិត​រថយន្ត​ដើរដោយ​ថាមពល​អគ្គិសនី​ដ៏​ល្បី​នៅអាមេរិក Tesla ជា​ម្ចាស់ក្រុមហ៊ុន Space X ដែល​បាន​បាញ់​បង្ហោះ​រ៉ុកកែត នាំ​យក​រថយន្ត ទៅ​ហោះ​អណ្តែត ក្នុង​ទីអវកាស។ ថ្មីៗ​នេះ ទៀត លោក​បាន​ចុះ​កិច្ចសន្យា​បញ្ជូន​មហាសេដ្ឋី ជប៉ុន​ម្នាក់​ឲ្យ​ទៅធ្វើដំណើរ​កំសាន្ត​ជុំវិញ ឋានព្រះចន្ទ នៅ​អំឡុង​ឆ្នាំ ២០២៣។

លោក​ Elon Musk​ជា​អ្នកដឹកនាំ​មាន​ចក្ខុនិមិត្ត​ ប៉ុន្តែ ក៏​ជា​មេដឹកនាំ ក្រុមហ៊ុន​ម្នាក់​ដែល​ឧស្សាហ៍​បង្ក​ឲ្យ​មាន​រឿងចម្រូងចម្រាស។ នៅថ្ងៃទី ៧​សីហា លោក​Elon Musk បាន​សរសេរ​សារ​Twitter ថា លោក​កំពុង​គិត​ចង់​ដក​ក្រុមហ៊ុន Tesla ពីទីផ្សារ​លក់​ភាគហ៊ុន ដើម្បី​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្លាយ​ជា​ក្រុមហ៊ុន​ឯកជនវិញ។

ក្រុមហ៊ុន​Tesla មិនមែន​ជា​ក្រុមហ៊ុន​ឯកជន ប៉ុន្តែ ជា​ក្រុមហ៊ុន​ដែល​ដំណើរការ​បាន ដោយការវិនិយោគ​របស់​អ្នកលេង​ភាគហ៊ុន ហើយ​និង​ប្រាក់​កម្ចីក្នុង​អត្រា​ការប្រាក់​ទាប​ពី​ក្រសួង​ថាមពល​អាមេរិក។

នៅក្នុង​សារ លោក​ Elon Musk បាន​និយាយ​ថា លោក​មាន​មូលនិធិ​គ្រប់គ្រាន់ ដើម្បី​ទ្រទ្រង់​ក្រុមហ៊ុន​Tesla។ ប៉ុន្តែ នៅក្រោយ​ការស៊ើបអង្កេត គណៈកម្មការ​មូលបត្រ​ដែល​ជា​ប៉ូលិស​ហិរញ្ញវត្ថុ​របស់​អាមេរិក បាន​ប្រកាស​ថា លោក​ Elon Musk​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត និង​ផ្ញើសារ​កុហក​បោកប្រាស់ បន្លំ ម្ចាស់​ហ៊ុន របស់​Tesla។

នៅក្រោយ លោក​ Elon Musk បង្ហោះ​សារ Twitter ថា លោក​ចង់​ឲ្យ​Tesla ក្លាយ​ជា​ក្រុមហ៊ុន​ឯកជន​វិញ ម្ចាស់​ហ៊ុន​របស់​ក្រុមហ៊ុន​Tesla ជ្រួលច្របល់ ចាប់ផ្តើម​លក់ ភាគហ៊ុន រហូត​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​ខាតបង់​រាប់លាន​ដុល្លារ។ តម្លៃភាគហ៊ុន​របស់​Tesla បាន​ធ្លាក់ចុះ អស់ ១០ភាគរយ នៅថ្ងៃ​សុក្រ។

នៅក្នុង​សេចក្តី​ប្រកាស​នៅថ្ងៃ​សៅរ៍ម្សិលមិញ គណៈកម្មការ​មូលបត្រ បាន​ពិន័យ​លោក​ Elon Musk​ផ្ទាល់ខ្លួន​ឲ្យ​បង់​២០លាន​ដុល្លារ ចំណែក​ក្រុមហ៊ុន Tesla ត្រូវ​បង់​២០លាន​ដុល្លារ ដើម្បី​យក​ទៅ​សង​ការខូចខាត​របស់​ម្ចាស់​ភាគហ៊ុន​របស់​Tesla។

ទៅតាម​ការសម្រេច​របស់គណៈកម្មការ​មូលបត្រដែល​ជាអ្នកពិន័យ​លោក​ Elon Musk លោក​ Elon Musk​ត្រូវ​ហាម​មិនឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល មែន​ប៉ុន្តែ លោក​នៅ​តែ​កាន់តំណែង​ជា​អគ្គនាយក​CEO របស់​ក្រុមហ៊ុន​Tesla ដដែល។ មានន័យថា លោក​ Elon Muskនឹង​លែង​ជា​អ្នកតំណាង​របស់​ក្រុមហ៊ុន នៅទីផ្សារភាគហ៊ុន ប៉ុន្តែ​នៅ​តែ​មាន​សិទ្ធិ​ចាត់ចែង​ផ្នែក​បច្ចេកទេស ដំណើការ​ផលិត​រថយន្ត​របស់​ក្រុមហ៊ុន​ដដែល។ ការរក្សា​ទុក​ឲ្យ​លោក​ Elon Musk​នៅ​តែ​ជា​ប្រធាន​ចាត់ចែង​ក្រុមហ៊ុន​សំខាន់ណាស់ ដើម្បី​ធានា​ទំនុកចិត្ត​ម្ចាស់​ភាគហ៊ុន​វិនិយោគ។ គេបារម្ភ​ខ្លាចថា  ក្រុមហ៊ុន​Tesla ដែលមាន​ភាគហ៊ុន​ធ្លាក់ចុះ មិនឈប់​តាំង​ពី​រឿងអាស្រូវ​សារ​របស់​Twitter របស់លោក​ Elon Musk នឹង​អាច​ដួល​រលំគ្រេង​តែម្តង នឹង​ធ្វើ​ឲ្យ​អ្នកវិនិយោគ ភ័យចលាចល​បន្ថែមទៀត បើសិន​ក្រុមហ៊ុន Tesla លែង​មាន​លោក​ Elon Musk​ដែល​ជា​ស្ថាបនិក នៅ​ដឹកនាំ​ក្រុមហ៊ុន​ទៀតនោះ។

ក្លាយ​ជា​មហាសេដ្ឋី ប្រាក់​រាប់​លាន​ដុល្លារ នៅ​អាយុ ២៨ឆ្នាំ

កើត​និង​ធំដឹងក្តី ពី​ឪពុកម្តាយ កាណាដា ដែល​រស់នៅ ប្រទេស​អាហ្វ្រិក​ខាងត្បូង Elon Musk ធ្លាប់​ជា​កុមារ​ដែល​ឆ្លាតវៃ​កម្រនឹងមាន។ មាន​អាយុ​តិច​ជាង ១០ឆ្នាំ Elon Musk​ងប់​អាន​សៀវភៅ យ៉ាងតិច ២ក្បាល​ក្នុង​មួយថ្ងៃ។ សៀវភៅ​ភាគច្រើន​ដែល​គេ​ចូលចិត្ត​អាន គឺ​សៀវភៅ​រឿង​ដែល​ទាក់ទង​នឹង​វិទ្យាសាស្រ្ត។ នៅ​អាយុ ១២​ឆ្នាំ រូបគេ​បាន​ផលិត​និងលក់​កម្មវិធី ហ្គេម​កុំព្យូរទ័រ​មួយ ក្នុង​តម្លៃ ៥០០​ដុល្លារ ទៅ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង។ នៅ​ពេល​រៀន​នៅ​សកលវិទ្យាល័យ នៅ​សហរដ្ឋអាមេរិក Elon Musk​និយាយ​ថា គេ​ចំណាយលុយ​តិចជាង ១ដុល្លារ សម្រាប់​អាហារ​ប្រចាំថ្ងៃ។

នៅ​ឆ្នាំ ១៩៩៩ Elon Musk ដែល​មាន​អាយុ ត្រឹម​២៨ឆ្នាំ បាន​ក្លាយ​ជា​មហាសេដ្ឋី បន្ទាប់ពី​បាន​បង្កើត និង​លក់​បន្ត​ក្រុមហ៊ុន​អ៊ីនធ័រនែត​មួយ​ក្នុង​តម្លៃ ៣០០​លាន​ដុល្លារ។ ជា​អ្នកផ្តួចផ្តើម​គំនិត​បង្កើត​ធនាគារ​តាម​អ៊ីនធ័រនែត ដូចជា​Pay Pal ដែល​លោកបាន​លក់ទៅ​ឲ្យ​ក្រុមហ៊ុន​Ebay ក្នុង​ទឹកប្រាក់ ១ពាន់ ៣រយលាន​ដុល្លារ លោកElon Musk ត្រូវ​បាន​គេ​ចាត់ទុក​ជា​ប្រធាន​ក្រុមហ៊ុន​ដែល​មាន​ចក្ខុនិមិត្ត មាន​ចិត្ត​ក្លាហាន ក្នុង​ការបង្កើត​បច្ចេកវិទ្យា ឈាន​មុខ ដើម្បី ប្រែក្លាយ​ពិភពលោក គឺ​ដូច ស្ថាបនិក​ក្រុមហ៊ុន​Apple លោក​Steve Jobs។ សព្វថ្ងៃ​នេះ ក្រៅតែ​ពី​ជាម្ចាស់​ក្រុមហ៊ុន​ឡាន​អគ្គិសនី ដែល​ល្បី​ជាងគេ​នៅអាមេរិក​ទេ លោក​ Elon Musk ក៏​ជា​ស្ថាបនិក​ផងដែរ ក្រុមហ៊ុន​Space X ដែល​ជាអ្នកផ្គត់ផ្គង់ យានអវកាស សម្រាប់​បញ្ជូន​អវកាសយានិក​របស់​ទីភ្នាក់ងារ​Nasa ទៅ​កាន់​ស្ថានីយ៍​យានអវកាស។ លោក​ Elon Musk បាន​បង្កើត​ផងដែរ ផ្ទាំង​ស្រូបកំដៅ​ព្រះអាទិត្យ សម្រាប់​ធ្វើ​ជា​ថាមពល ហើយ​និង​បាន​បង្កើត​ក្រុមហ៊ុន​The Boring Company ដែលត្រូវ​ជីករូង​ក្រោម​ដី​ ដើម្បី​បញ្ជៀស ការកកស្ទះ ចរាចរណ៍ នៅលើ​ដី ក្នុង​ទីក្រុង​Los Angeles។

Forbes បាន​វាយតម្លៃ​ថា លោក​ Elon Muskមាន​ទ្រព្យសម្បត្តិ ២០​ពាន់លាន​ដុល្លារ និង​ជាប់ឈ្មោះ​មហាសេដ្ឋី​លំដាប់​ទី ២៥​ដែល​មាន​លុយច្រើនជាងគេ នៅលើ​លោក។

គម្រោងការ​របស់​Space X គ្មានជាប់ពាក់ព័ន្ធ

សម្រេច​របស់​ប៉ូលិស​ហិញ្ញវត្ថុ​អាមេរិក មិនអាច​ទៅ​រំខានបំផ្លាញ ​គម្រោង បញ្ជូន​មហាសេដ្ឋី​ជប៉ុន ទៅ​ហោះ​កំសាន្ត​ជុំវិញ​ឋាន​ព្រះចន្ទ​ដែល​លោក​Elon Musk ទើបបាន​បង្ហាញ​ជា​សាធារណៈ​នៅ​ខែ​កញ្ញានេះទេ ព្រោះថា គម្រោងការនេះ ជាគម្រោង​របស់​ក្រុមហ៊ុន​Space X​ដែល​ជា​ក្រុមហ៊ុន​ឯកជន​ដាច់ដោយ​ឡែក​មួយ​ទៀត​របស់​លោក​ Elon Musk។ ក្រុមហ៊ុន​Space X ត្រូវ​បាន​គាំទ្រ​ខ្លាំង​ណាស់​ពី​ទីភ្នាក់ងារ​អវកាស Nasa ដែល​ត្រូវការ​យានអវកាស​ផលិត​ដោយ​ក្រុមហ៊ុន​Space X​របស់​លោក​ Elon Musk សម្រាប់​បញ្ជូន ឥវ៉ាន់ និង​អវកាសយានិក​ទៅ​ទីកាន់​ស្ថានីយ​អវកាសអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ