អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់

នុយក្លេអ៊ែរអ៊ីរ៉ង់៖​អតីត​ប្រមុខ​ការទូត​អាមេរិក​បារម្ភ​ពី​ការ​ផ្ទុះសង្រ្គាម​នៅ​ក្នុង​តំបន់

អតីត​ប្រមុខ​ការទូត​អាមេរិក​លោក​ចន ឃ៊ែរី​បាន​សម្តែង​ក្តីបារម្ភ​ជុំវិញ​ការ​ដែល​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។ លោក​ឃ៊ែរី​បាន​ថ្លែង​ដោយ​មិន​លាក់លៀម​នា​ថ្ងៃ​សុក្រ ទី៥ តុលា​ថា ការ​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កំពុង​បង្កើន​ហានិភ័យ​នៃ​ការ​ផ្ទុះសង្រ្គាម​នៅ​ក្នុង​តំបន់។ គួរ​រម្លឹក​ថា គឺ​អតីត​ប្រមុខ​ការទូត​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​អាមេរិក​លោក​អូបាម៉ា​រូប​នេះ​ឯង​ដែល​បាន​ចរចា​ជាមួយ​ភាគី​មហាអំណាច​ផ្សេង​ទៀត​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។

លោក​ចន ឃ៊ែរី អតីត​ប្រមុខ​ការទូត​អាមេរិក
លោក​ចន ឃ៊ែរី អតីត​ប្រមុខ​ការទូត​អាមេរិក Reuters
ផ្សាយពាណិជ្ជកម្ម

សម្រាប់​លោក​ចន ឃ៊ែរី ទង្វើ​នៃ​ការ​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​របស់​លោក​ដូណាល់ ត្រាំ​ជា​ទង្វើ​មួយ​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​មាន​សង្រ្គាម​ជា​យថាហេតុ​នៅ​ក្នុង​តំបន់ និង​ដែល​មាន​ថ្នាក់ដឹកនាំ​ជា​ច្រើន​ក្នុង​តំបន់​កំពុង​បន្ត​ចង់​បាន។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ដោយ​លោក​ឃ៊ែរី​បាន​សំអាង​លើ​ហេតុផល​នៅ​ក្នុង​អតីតកាល​ដែល​ថ្នាក់ដឹកនាំ​ក្នុង​តំបន់​ចង់​ឲ្យ​អាមេរិក​វាយប្រហារ​អ៊ីរ៉ង់​តាម​ផ្លូវ​យោធា។ តាម​លោក​ឃ៊ែរី សព​មហាក្សត្ស​អារ៉ាប៊ីសាអូឌីត​អាប់ដាឡា និង​រូប​អតីត​ប្រធានាធិបតី​អេហ្ស៊ីប​មូបារ៉ាក់​បាន​និយាយ​ច្បាស់ៗ​មិន​សាធារណៈ​នៅ​ចំពោះ​មុខ​លោក​ពី​ការ​ចង់​ឃើញ​អាមេរិក​វាយប្រហារ​លើ​អ៊ីរ៉ង់។

ចំណែក​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​ដែល​តែង​រិះគន់ ទិតៀន​មិន​សំចៃមាត់​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ក៏​ធ្លាប់​បាន​ទាមទារ​ភ្លើងខៀវ​ពី​ប្រធានាធិបតី​អាមេរិក​ជំនាន់​នោះ គឺ​លោក​អូបាម៉ា​ឲ្យ​ធ្វើ​ការ​ទម្លាក់​គ្រាប់បែក​លើ​អ៊ីរ៉ង់​ដែរ។ លោក​ចន ឃ៊ែរី​បាន​យល់​ឃើញ​ថា​ជាមួយ​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ អាមេរិក​បាន​ទាញ និង​បបោស​អ៊ីរ៉ង់​ឲ្យ​ដើរ​លើ​ផ្លូវ​ត្រង់​បន្តិច​ម្តងៗ រួម​ទាំង​ជំហរ​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​ទៀត​ផង ពិសេស​ទាក់ទង​នឹង​វិបត្តិ​នៅ​យេម៉ែន។ តាម​លោក​ឃ៊ែរី លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​ក៏​កំពុង​កាច់​ចង្កូត​ប្រទេស​ឆ្ពោះ​ទៅ​ទិស​ដៅ​ផ្សេង​ដែរ។

តែ​អ្វី​ដែល​លោក​ដូណាល់ ត្រាំ​កំពុង​ធ្វើ​ពេល​នេះ គឺ​ជា​ការ​ពង្រឹង​កម្លាំង​ជ្រុលនិយម​នៅ​អ៊ីរ៉ង់​ដែល​តែង​និយាយ​ថា ចូរ​អ្នក​កុំ​ចរចា​ជាមួយ​អាមេរិក អាមេរិក​នឹង​កម្ទេច​អ្នកចោល នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ចន ឃ៊ែរី។ នេះ​មិនមែន​ជា​លើក​ទី១ ទេ​ដែល​អតីតប្រមុខ​ការទូត​អាមេរិក​ក្នុង​ជំនាន់​លោក​អូបាម៉ា​បាន​ចាប់​អារម្មណ៍​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ ចំណែក​លោក​ដូណាល់ ត្រាំ​ក៏​ធ្លាប់​ថ្លែង​រិះគន់​ចាស់ដៃ​លើ​លោក​ឃ៊ែរី​ពី​បទ​បន្ត​ជួប​ជាមួយ​ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​ហ្សារីស្វ។ លោក​ត្រាំ​បាន​ចាត់​ទុក​ទង្វើ​របស់​លោក​ឃ៊ែរី​ថា​ជា​រឿង​ខុសច្បាប់ និង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​នយោបាយ​ការបរទេស​របស់​អាមេរិក។

គួរ​រម្លឹក​ថា លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាល​ពី​ខែ​ឧសភា​ដោយ​ពន្យល់​ថា ជា​កិច្ចព្រមព្រៀង​អាក្រក់ និង​លំអៀង​ដែល​មិន​គួរ​នឹង​មាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ