អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រេស៊ីល៖​ការបោះឆ្នោត​ប្រធានាធិបតី​បង្កប់​ដោយ​ភាព​ប្រេះឆា​ក្នុង​សង្គម និងកំណើន​​សម្លេង​របស់​គណបក្ស​ស្តាំនិយមជ្រុល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី៧ តុលា ប្រទេស​ប្រេស៊ីល​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ជុំទី១ ដែល​មាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន ១៤៧លាននាក់។ មាន​បេក្ខជន​ឈរ​ឈ្មោះ​សរុប​ចំនួន ៥នាក់ តែ​បើ​ផ្អែក​តាម​លទ្ធផល​ស្ទង់មតិ​ចុង​ក្រោយ មាន​បេក្ខជន ២នាក់​កំពុង​ទទួល​បាន​សម្លេង​គាំទ្រ​ប្រកៀកប្រកើយ​គ្នា គឺ​លោក​យ្ហែរ បុលសូណារ៉ូ​មក​ពី​គណបក្ស​ស្តាំនិយមជ្រុល និង​លោក​ហ្វ៊ែរណង់ដូ ហាដដាដ​មក​ពី​គណបក្ស​ពលករ។ បើ​គ្មាន​បេក្ខជន​ណា​មួយ​ទទួល​បាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំទី១ នេះ​ទេ ការ​បោះឆ្នោត​ជុំទី២ គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី២៨ តុលា​ខាង​មុខ។

លោក Jair Bolsonaro បេក្ខជន​ប្រធានាធិបតី​ប្រេស៊ីល​មក​ពី​គណបក្ស​សង្គមសេរី​ដែល​ជា​បក្ស​ស្តាំ​និយមជ្រុល
លោក Jair Bolsonaro បេក្ខជន​ប្រធានាធិបតី​ប្រេស៊ីល​មក​ពី​គណបក្ស​សង្គមសេរី​ដែល​ជា​បក្ស​ស្តាំ​និយមជ្រុល Reuters
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ពលរដ្ឋ​ប្រេស៊ីល​ក៏​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​ទាំង ៥១៣នាក់​នៅ​ក្នុង​សភា ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ថ្មី​ចំនួន ២ភាគ៣ ពោល ៥៤នាក់​ក្នុង​ចំណោម ៨១នាក់។ បន្ទាប់​មក ក៏​មាន​ការ​បោះឆ្នោត​ជ្រើសរើស​អភិបាលរដ្ឋ​ថ្មី​ចំនួន ២៧រូប រួម​ទាំង​សមាជិកសភា​តំបន់​ជាង ១ ០០០នាក់។ តែ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ជា​រឿង​សំខាន់ និង​ដែល​គ្រប់​គ្នា​ចាប់​អារម្មណ៍ខ្លាំង។ អ្វី​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​សម្រាប់​ការ​បោះឆ្នោត​លើក​នេះ គឺ​ការ​ឡើង​សម្លេង​របស់​គណបក្សស្តាំនិយមជ្រុល។ សន្ទុះ​សម្លេង​គណបក្សស្តាំនិយមជ្រុល​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ ជា​ព្រឹត្តិការណ៍​លើក​ទី១ ដែល​ប្រេស៊ីល​បាន​ស្គាល់ គិត​តាំង​ពី​ក្រោយ​ការ​បញ្ចប់​របបផ្តាច់ការ​យោធា​ក្នុង​ឆ្នាំ ១៩៨៥។

លទ្ធផល​ស្ទង់មតិ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា លោក​យ្ហែរ បុលសូណារ៉ូ​មក​ពី​គណបក្ស​ស្តាំនិយមជ្រុល​ទទួល​បាន​សម្លេង​គាំទ្រ​ចំនួន ៣៦% ហើយ​លោក​ហ្វ៊ែរណង់ដូ ហាដដាដ​មក​ពី​គណបក្ស​ពលករ​ទទួល​បាន​សម្លេង​គាំទ្រ​តែ​ចំនួន ២២%។ នេះ​អាច​ថា​ជា​រឿង​ដែល​គ្រប់​គ្នា​បាន​រង់ចាំ ព្រោះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ប្រេស៊ីល​លើក​នេះ​បាន​គ្របដណ្តប់​ដោយ​ភាព​ប្រេះឆា​ខ្លាំង​នៅ​ក្នុង​សង្គមប្រេស៊ីល​រវាង​ពលរដ្ឋ​ដែល​មាន​ជីវភាពទាប កណ្តាល និង​ខ្ពស់ រួម​ទាំង​រឿង​អាស្រូវ​ពុករលួយ​យ៉ាង​ខ្ចរខ្ចាយ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ។ គេ​អាច​និយាយ​បាន​ថា ពលរដ្ឋ​ប្រេស៊ីល​បាន​ឆក់​យក​ឱកាស​បោះឆ្នោត​លើក​នេះ​ដើម្បី​ធ្វើ​ការ​ផ្លាស់ប្តូរ។ តែ​សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​សួរ​ពេល​នេះ​គឺ​ថា តើ​ផ្លាស់ប្តូរ​ដោយ​ជ្រើស​យក​គណបក្សស្តាំនិយមជ្រុល​ជា​ជម្រើស​មួយ​ល្អ ឬ​អាក្រក់?។

គណបក្សពលករ​ចុះ​ខ្សោយ តែ​ប្រជាប្រិយភាព​របស់​លោក​លូឡា​នៅ​មាន

គណបក្សពលករ​របស់​លោក​អតីតប្រធានាធិបតី​លូឡា​ដែល​ធ្លាប់​កាន់​អំណាច​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១៦ ស្ថិត​លំដាប់ទី២ បន្ទាប់​ពី​គណបក្សស្តាំនិយមជ្រុល​របស់​លោក​យ្ហែរ បុលសូណារ៉ូ។ គណបក្សពលករ​ជា​គណបក្ស​ដែល​ពលរដ្ឋ​ប្រេស៊ីល​ភាគ​ច្រើន​ទទួល​ស្គាល់ និង​និយម​ចូលចិត្ត តែ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​មួយ​នេះ​បាន​ជាប់​ចោទ​ក្នុង​បទ​ពុលរលួយ​នា​ពេល​កាន់​អំណាច ពិសេស​ទាក់ទង​នឹង​រូប​លោក​លូឡា​ដែល​កំពុង​ជាប់​ក្នុង​គុក​សព្វ​ថ្ងៃ។ តែ​គេ​សង្កេត​ឃើញ​ជា​រួម​ថា លោក​លូឡា​នៅ​ជា​ឥស្សរជន​នយោបាយ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ប្រេស៊ីល​ទូទៅ​រហូត​ដល់​មាន​ការ​លើក​ឡើង​ថា បើ​លោក​លូឡា​មាន​លទ្ធភាព​ត្រឡប់​មក​ឈរ​ឈ្មោះ​ជា​ថ្មី ប្រហែល​ជា​លោក​ជាប់ឆ្នោត​ឡើង​កាន់​តំណែង​ឡើង​វិញ​ផង​ក៏​មិន​ដឹង។

គួរ​រម្លឹក​ថា​នៅ​ក្នុង​គុក លោក​លូឡា​ក៏​បាន​ព្យាយាម​ចង់​ឈរ​ឈ្មោះ​ដែរ តែ​បោះបង់​ចោល​វិញ​នៅ​នាទី​ចុង​ក្រោយ ហើយ​ដាក់​បេក្ខជន​លោក​ហ្វ៊ែរណង់ដូ ហាដដាដ​ជំនួយ​វិញ។ នៅ​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត លោក​ហ្វ៊ែរណង់ដូ​បាន​ប្រើ​ឈ្មោះ​លោក​លូឡា​ដើម្បី​អូសទាញ​ពលរដ្ឋ​ឲ្យ​បោះឆ្នោត​ជូន​គណបក្សពលករ។ « ហ្វ៊ែរណង់ដូ និង​លូឡា » ជា​មនុស្ស​តែ​មួយ នេះ​ជា​ការ​ថ្លែង​របស់​លោក​​ហ្វ៊ែរណង់ដូ។ តែ​សម្រាប់​ពលរដ្ឋ​ប្រេស៊ីល លូឡា​នៅ​ជា​លូឡា ចំណែក​ហ្វ៊ែរណង់ដូ​នៅ​ជា​ហ្វ៊ែរណង់ដូ​ដែល​គ្មាន​ថ្ងៃ​នឹង​ក្លាយ​ជា​មនុស្ស​តែ​មួយ​បាន​ឡើយ។

តើ​លោក​យ្ហែរ បុលសូណារ៉ូ​ជា​នរណា?

មាន​អាយុ ៦៣ឆ្នាំ លោក​យ្ហែរ បុលសូណារ៉ូ​ជា​អតីត​មន្រ្តីយោធា​ដែល​បាន​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ប្រេស៊ីល​នា​ដំណាច់​ទសវត្ស​ឆ្នាំ ៨០ ដោយ​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត​ចំនួន ៧លើក។ ក៏​ដូច​ជា​គណបក្សស្តាំនិយមជ្រុល​នៅ​ក្នុង​ប្រទេស​ផ្សេង​លើ​លោក គណបក្សស្តាំនិយមជ្រុល​នៅ​ប្រេស៊ីល​ជា​គណបក្សប្រកាន់ពូជសាសន៍ និង​ប្រឆាំង​ទល់​ប្រព័ន្ធ​ដឹកនាំ​សព្វថ្ងៃ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ការ​ឡើង​សម្លេង​របស់​គណបក្សជ្រុលនិយម​នៅ​ក្នុង​ការ​ការ​បោះឆ្នោត ទោះ​បី​ជា​នៅ​ប្រទេស​ណា​ក៏​ដោយ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​កាលៈទេសៈ​មួយ​ដែល​ពលរដ្ឋ​មិនសប្បាយចិត្ត និង​ខកចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល។

គណបក្សស្តាំនិយមជ្រុល​ចេះ​ឆក់​ឱកាស និង​ចេះ​កេងចំណេញ​នយោបាយ​ពី​ភាព​ក្តៅ​ក្រហាយ​របស់​ពលរដ្ឋ។ លោក​យ្ហែរ បុលសូណារ៉ូ​ពិត​ជា​យល់​មិន​ច្រឡំ​ទេ​ថា អវត្តមាន​របស់​លោក​លូឡា និង​អ្វី​ដែល​កំពុង​កើត​មាន​នៅ​ផ្ទៃក្នុង​គណបក្ស​ពលករ​ជា​អំណោយផល​ល្អ​ណាស់​សម្រាប់​ឈាន​ទៅ​ក្តាប់​អំណាច។ បន្ថយ​តម្លៃ​របស់​ស្រ្តី ប្រកាន់​ពូជសាសន៍ ឬ​ស្អប់​មនុស្ស​ស្រឡាញ់ភេទ​ដូច​គ្នា​សុទ្ធសឹង​ជា​ពាក្យ​ដែល​លោក​យ្ហែរ បុលសូណារ៉ូ​បាន​ប្រើ​នៅ​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​រហូត​ធ្វើ​ឲ្យ​លោក​វិះ​នឹង​ស្លាប់​ដោយ​ការ​ចាក់​នឹង​កាំបិត​ពី​បុរស​ម្នាក់​ក្នុង​ថ្ងៃទី៦ កញ្ញា។

ទោះ​ជា​យ៉ាង​នេះ​ក្តី សម្លេង​គាំទ្រ​លោក​យ្ហែរ បុលសូណារ៉ូ​បែរ​ជា​កើន​ឡើង​កាន់​តែ​ខ្លាំង​លើ​លោក​ហ្វ៊ែរណង់ដូ ហាដដាដ​ទៅ​វិញ។ ទន្ទឹម​គ្នា​នេះ លោក​យ្ហែរ បុលសូណារ៉ូ​បាន​តាំង​ខ្លួន​ជា​អ្នក​ស្អាតស្អំ និង​ជា​អ្នកជាតិនិយម​ដែល​គិត​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ។ តើ​អនាគត​ប្រធានាធិបតី​ប្រេស៊ីល​ជា​លោក​យ្ហែរ បុលសូណារ៉ូ​ឬ​យ៉ាង​នោះ គេ​ត្រូវ​រង់ចាំ​លទ្ធផល​នា​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ