វ៉េណេស៊ុយអេឡា៖អ.ស.ប.ស្នើឲ្យស៊ើបអង្កេតលើករណីស្លាប់អ្នកប្រឆាំងម្នាក់ក្នុងពេលឃុំឃាំង
នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា លោកហ៊្វែរណង់ដូ អាល់បាន ទីប្រឹក្សាសង្កាត់មួយក្នុងទីក្រុងការ៉ាកាស់បានធ្វើអត្តឃាតក្នុងពេលជាប់ឃុំនៅទីស្នាក់ការនៃក្រសួងស៊ើបការណ៍សម្ងាត់ នេះជាព័ត៌មានផ្សព្វផ្សាយដោយអគ្គរាជអាជ្ញា។ លោកហ៊្វែរណង់ដូ អាល់បានដែលជាអ្នកប្រឆាំងម្នាក់ត្រូវបានចាប់ខ្លួនក្នុងបទជាប់សង្ស័យប្រើដ្រូនដាក់ជាតិផ្ទុះដើម្បីប្រឆាំងលោកប្រធានាធិបតីនីកូឡា ម៉ាឌូរ៉ូ។ មរណភាពអ្នកប្រឆាំងរូបនេះត្រូវបានឧត្តមក្រុមប្រឹក្សាអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សទាមទារឲ្យបើកការស៊ើបអង្កេតមួយដោយតម្លាភាព។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៩
ព័ត៌មានផ្តល់ដោយរដ្ឋអំណាចឲ្យដឹងថា លោកហ៊្វែរណង់ដូ អាល់បានដែលឃុំនៅក្នុងទីស្នាក់ការនៃក្រសួងស៊ើបការណ៍សម្ងាត់ប្រហែលជាបានសុំអ្នកយាមទៅបង្គន់។ នៅពេលដល់បង្គន់ រូបគេក៏បានលោតតាមបង្អូចដែលស្ថិតនៅជាន់ទី១០។ គួររម្លឹកថា លោកហ៊្វែរណង់ដូ អាល់បានដែលទើបចាប់ខ្លួនក្នុងថ្ងៃសុក្រ ទី៥ តុលាបានជាប់ចោទ និងគ្រោងបញ្ជូនទៅតុលាការនៅពេលខាងមុខ។ តាមក្រសួងសាធារណៈវ៉េណេស៊ុយអេឡា ទីប្រឹក្សាសង្កាត់រូបនេះបានឃុបឃិតរៀបចំវាយប្រហារលោកប្រធានាធិបតីនីកូឡា ម៉ាឌូរ៉ូដោយប្រើដ្រូនដាក់ជាតិផ្ទុះ។
សម្រាប់អគ្គរាជអាជ្ញា មរណភាពរបស់លោកហ៊្វែរណង់ដូ អាល់បានជាការធ្វើអត្តឃាតខ្លួនឯង។ តែសម្រាប់ក្រុមប្រឆាំងដែលបាននាំគ្នាធ្វើបាតុកម្មនៅពីមុខទីស្នាក់ការនៃក្រសួងស៊ើបការណ៍សម្ងាត់បានស្រែកក្តែងៗថា មិនមែនជាការធ្វើអត្តឃាតខ្លួនឯងទេ តែជាការធ្វើឃាត។ ចំណែកអគ្គលេខាធិការអង្គការនៃក្រុមប្រទេសនៅទ្វីបអាមេរិកលោកនីកូឡា អាល់ម៉ាក្រូបានទម្លាក់ការទទួលខុសត្រូវទាំងស្រុងលើរដ្ឋាភិបាលទីក្រុងការ៉ាកាស់ចំពោះមរណភាពលោកហ៊្វែរណង់ដូ អាល់បានពេលនេះ។
សម្រាប់គណបក្ស Primero Justicia ដែលលោកហ៊្វែរណង់ដូ អាល់បានជាសមាជិកមិនញញើតនឹងបរិហារលើឃាតកម្មនេះ និងហាក់គ្មានជំនឿលើការស៊ើបអង្កេតឯករាជ្យណាមួយឡើយ។ យ៉ាងណាក៏ដោយ ឧត្តមក្រុមប្រឹក្សាអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានរម្លឹកថា លោកហ៊្វែរណង់ដូ អាល់បានត្រូវបានឃុំដោយរដ្ឋាភិបាលវ៉េណេស៊ុយអេឡា ដូច្នេះរដ្ឋាភិបាលត្រូវមានកាតព្វកិច្ចជាអ្នកធានាសន្តិសុខរូបលោកហ៊្វែរណង់ដូ អាល់បាន។ ទន្ទឹមគ្នានេះ ស្ថាប័នអន្តរជាតិដដែលក៏បានទាមទារឲ្យបើកការស៊ើបអង្កេតមួយប្រកបដោយតម្លាភាពដើម្បីស្វែងរកការពិតជុំវិញមរណភាពលោកហ៊្វែរណង់ដូ អាល់បាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ