ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​សុំ​លាលែងពី​​តំណែង

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​សុំ​លាលែងពី​​តំណែង
 
លោកស្រី​ Nikki Haleyឯកអគ្គរដ្ឋទូត​អាមេរិក​​ប្រចាំ​អ.ស.ប. សុំ​លាលែង​ពី​តំណែង Reuters

លោកស្រី​ Nikki Haley នីគី អាលី​​ ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​បានធ្វើ​សេចក្តី​​ប្រកាស គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ សុំ​​លាលែង​ចេញ​ពី​តំណែង​ នៅ​ថ្ងៃ​អង្គារ​ទី ៩ តុលានេះ។ លោក ដូណាល់ ត្រាំ បានឆ្លើយ​​យល់​ព្រមហើយ​​ និង​បាន​សរសើរ​ការងារ​របស់​លោកស្រី​ Haley កន្លង​មក។ ប៉ុន្តែ​សន្ធឹក​នៃ​ការ​ភ្ញាក់​ផ្អើល​មាន​ខ្លាំង និង​បាន​អង្រន់​រដ្ឋបាល​លោក​ត្រាំ​ យ៉ាង​ខ្លាំង។

លោកស្រី​ នីគី អាលី Nikki Haley ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន ​ សុំ​​លាលែង​ចេញ​ពី​តំណែង​ នៅ​ថ្ងៃ​អង្គារ​ទី ៩ តុលានេះ។ ជា​សេចក្តី​​​ប្រកាស ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល បំផុត និង​ជា​ទូទៅ​តែម្តង មិន​ថា​នៅ​ក្នុង​ជួរ​រដ្ឋាភិបាលអាមេរិក នៅ​វ៉ាស៊ីនតោន ឬ​នៅ​អង្គការ​សហប្រជាជាតិ​ នា​ក្រុង​ញូវយ៉ក​ទេ។

រដ្ឋមន្ត្រីការបរទេសអាមេរិក​​​លោក ប៉ុមបេអូ ក៏​ភ្ញាក់​ខ្លាំង ព្រោះ​គ្មាន​ទទួល​ដំណឹង​អ្វីមុន​បន្តិច​សោះ។ ​ ចំណែក​នៅ​អង្គការ​សហប្រជាជាតិ​ក៏​ហាក់មាន​ការ​ភាន់ភាំង​ខ្លាំង នៅ​ពេល​ឮ​ដំណឹងស្តី​ពីការ​លាលែង​ពី​តំណែង​របស់​លោកស្រី​អាលី តាម​បណ្តាញ​សារព័ត៌មាន។ គឺ​មាន​តែ​លោក​ ដូណាល់ ត្រាំ ដែល​បានដឹង​មុន និង​លាក់​ការណ៍ស​ម្ងាត់​បាន​រហូត​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ។

បើ​តាម​សារព័ត៌មាន​អាមេរិក លោកស្រី នីគី អាលី​​ បាន​ជូន​ដំណឹង​សុំ​លាលែង​ចេញ​តំណែង​ប្រាប់​លោក​ត្រាំ កាលពី​សប្តាហ៍​មុន ក្រោយ​ការ​បិទ​បញ្ចប់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​។ ប៉ុន្តែ​បើ​តាម​ប្រសាសន៍​នៅក្នុង​សន្និសីទ​កាសែត​រួម​ជាមួយ​លោកស្រី អាលី ម្សិលមិញ លោក​ត្រាំ​បាន​ដឹង​អំពី​ចេតនា​​របស់​លោកស្រី​អាលី តាំង​ពី​ជាង​៦​ខែមក​ហើយ។ ជា​មួយ​នឹង​​​ពាក្យ​អះអាង ​ដើម្បី​បន្ធូរ​បន្ថយ​សម្ពាធ​នយោបាយ លោកត្រាំ បាន​លើក​សរសើរ​ស្នាដៃ​របស់​លោកស្រី​ឯកអគ្គរដ្ឋ​ទូត ថា​អស្ចារ្យ និង​ជា​មិត្ត​ដ៏​ប្រពៃ​ ជាមនុស្ស​ពិសេស​របស់​លោក ដោយ​គូសបញ្ជាក់​ថា ការ​លាលែង​ចេញ​ពី​តំណែង​របស់​លោកស្រី អាលី ​នឹង​ចាប់​មាន​សុពលភាព​ នៅ​ដំណាច់​ឆ្នាំ​ ឯណោះ​ទេ។ ចំណែក​ឈ្មោះ​ឯកអគ្គរដ្ឋ​ទូត​ថ្មី​ នឹង​ប្រកាស​ឱ្យ​ដឹង​នៅ​រវាង​ពីរ​បី​សប្តាហ៍​ទៀត ក្នុង​នោះ​មាន​ម្នាក់​អាច​ជាលោកស្រី អ៊ីវ៉ាន់កា ត្រាំ ​កូន​ស្រីបង្កើត​របស់​ប្រធានាធិបតី។

មិនមែន​លា​ដើម្បី​​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ​២០២០ ​ទេ​

ខាង​លោកស្រី​Haley​វិញ លោកស្រី​មិន​បាន​ពន្យល់​លម្អិត​អំពី​មូលហេតុ​នៃ​ការ​លាលែង​ចេញ​ពី​តំណែង​​ទេ ! លោកស្រី​បាន​ត្រឹម​អះអាង​ថា ដល់​​ពេល​ដែល​ត្រូវ​ដើរ​ចេញ។ លោកស្រី​បាន​បង្ហាញ​អារម្មណ៍​ថា​បាន​បំពេញ​បេសកកម្ម​បាន​ពេញ​ពីរ​ឆ្នាំ​ហើយ។

ប៉ុន្តែ​បើ​តាម​អ្នក​វិភាគ​ស្ថានការណ៍​យល់​ថា លោកស្រី​ នីគី អាលី ដែល​ធ្លាប់​តែ​មាន​សិទ្ធិ​មាន​អំណាច​ ពាំ​នយោបាយ​ការ​ទូត​របស់​លោកត្រាំ ​ទៅ​លាត​ត្រដាង​នៅ​លើឆាក​អន្តរជាតិ​​តាំង​ពី​ច្រើន​ខែ​មក​ ជំនួស​មុខ​លោក Rex Tillerson អតីត​រដ្ឋមន្ត្រីការបរទេស​ ដែល​ម៉ើសៗ​នោះ ទំនង​ជា​បាត់​បង់​ឥទ្ធិពល​ លែង​អាច​ចូល​ជិតខ្សិប​ត្រចៀក​​ចរចា​ដោយផ្ទាល់​ជាមួយ​លោក​ត្រាំ ​បាន​​ដូច​មុន​ទៀត។ តាំង​ពី​លោក មាយ​ ប៉ុមប៉េអូ ក្លាយ​ជា​ប្រមុខ​ការ​ទូតអាមេរិក និង​លោក​ចន​ ប៊ុលតុន ឡើង​កាន់​តំណែង​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិមក ដែន​អំណាច​​របស់​លោកស្រី ហាក់​ត្រូវ​បាន​កាត់​បន្ថយ​ យ៉ាង​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់ ជាពិសេស​ក្នុង​សំណុំ​រឿង​អ៊ីរ៉ង់ និង​កូរ៉េខាង​ជើង។ ការ​នេះអាច​ជាមូលហេតុ​រុញ​ឱ្យ​លោកស្រី សម្រេច​ចាក​ចេញ​ពី​តំណែង​យ៉ាង​ទាន់​ដូច្នេះ។

គិត​មក​ត្រឹម​ថ្ងៃ​នេះ លោកស្រី​​មាន​អាយុ​ទើប​តែ ៤៦​ឆ្នាំ ជា​ឯកអគ្គរដ្ឋទូតវ័យ​ក្មេង​នៅ​ឡើយ ដែល​​ទូតចាស់ៗ​ជា​ច្រើន​យល់​ថា ​តួនាទី​នៅ​អង្គការ​សហប្រជាជាតិ ជា​ឈ្នាន់​សម្រាប់​លោកស្រី​ នីគី អាលី លោត​បង្ហាញ​រិទ្ធ​នៅ​លើ​ឆាក​អន្តរជាតិ​ ដើម្បី​ជា​ប្រយោជន៍​នយោបាយនៅ​ក្នុងប្រទេស​​នៅ​ថ្ងៃ​មុខ។ ប៉ុន្តែ​លោកស្រី​ បាន​ស្បថ នៅ​ចំពោះ​មុខ​ ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​ជូន​ដំណឹង​អំពី​ការ​សុំ​លាលែង​ពី​តំណែង​ ក្បែរ​លោក​ដូណាល់ ត្រាំ ថា នឹង​មិន​ឈរ​ឈ្មោះ​​​ជា​បេក្ខនារី​ប្រធានាធិបតី​​ក្នុង​សម័យ​បោះឆ្នោត​ឆ្នាំ​២០២០​ប្រឆាំង​នឹង​លោក ដូណាល់ ត្រាំ​ទេ ! ផ្ទុយ​ទៅ​វិញ​ ​​លោក​ស្រី​នឹង​​​​គាំទ្រ​បេក្ខភាពយ៉ាង​ពេញ​ទំហឹង​បេក្ខភាព​លោក​ត្រាំ នៅ​ឆ្នាំ ២០២០។ ប៉ុន្តែ​លោកស្រី​​អាច​កំពុង​ត្រៀម​លក្ខណៈ​​យ៉ាង​សកម្ម​សម្រាប់​សម័យ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២៤​។

​នៅ​ថ្ងៃនេះ លោកស្រី​​​ថា​មិន​ឈរ​ឈ្មោះ​ប្រឆាំង​ត្រាំមែន តែលទ្ធផល​នៃ​ ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិនៅ​ខែ​ក្រោយ អាច​ប្តូរ​ចិត្តលោកស្រី​​បាន​​ ប្រសិន​បើបក្ស​សាធារណរដ្ឋ​​បរាជ័យ​ខ្លាំង។ ម្យ៉ាង​វិញ​ បើ​ឧបមា​លោកស្រី គ្មាន​ចេតនា​សម្រាប់​ឆ្នាំ​២០២០មែន ក៏​នៅ​ឆ្នាំ​២០២៤ លោកស្រី​ទើប​មាន​អាយុ​៥២ឆ្នាំ​ប៉ុណ្ណោះ រឿង​អី​លោកស្រី​ឈរ​ឈ្មោះ​មិន​បាន បើ​លោកស្រី​មាន​សព្វ​មាន​គ្រប់ មាន​កត្តិនាម មាន​ស្នាដៃ មាន​បទ​ពិសោធន៍​នយោបាយ​ នៅ​លើក​ឆាក​អន្តរជាតិផង ក្នុង​ប្រទេសផង​ និង​​​ជាភេទ​​ស្ត្រី ហើយ​មាន​កំណើត​ជា​កូន​អន្តោប្រវេសន៍​ ដើមកំណើត​ឥណ្ឌា​ទៀត។

តុល្យការ​​ការងារ​​ ​១៨​ខែ

ជា​​អតីត​អភិបាល​​រដ្ឋ​ការ៉ូលីន​ខាង​ត្បូង លោកស្រីឯកអគ្គរដ្ឋ​ទូតជា​ឥស្សរជន​ដ៏​សំខាន់​ម្នាក់​ក្នុងក្រុម​​យុទ្ធសាស្ត្រ​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ។ លោកស្រី ក៏​ជារដ្ឋមន្ត្រី​​ម្នាក់​ ដែល​ទទួល​បាន​គោរព​កោតក្រែងជាង​គេ ដោយ​មាន​​ការ​គាំទ្រ​ពេញ​ចិត្ត​ដល់​ទៅ​៦៣% នេះ​បើ​តាម​ការ​ស្ទង់​មតិ​។ ហើយ​លោកស្រី​ជា​ឥស្សរជន​ បក្ស​សាធារណរដ្ឋ​អាមេរិក​តែ​ម្នាក់​គត់ ដែល​បាន​ទទួល​ការគាំទ្រ​ ពី​អ្នក​​សាធារណរដ្ឋ​ផង ​ពី​អ្នក​ប្រជាធិបតេយ្យ​ផង និង​ពី​អ្នក​ឯករាជ្យ​និយម​ផ្សេង​ៗ​ទៀត​ផង។ ប៉ុន្តែ​លោក​ស្រី​មាន​​ជំហរ​នយោបាយ​ដ៏​តឹង​តែង​បំផុតប្រឆាំង​នឹង​កូរ៉េខាងជើង​និ​ងអ៊ីរីង់​ដែល​ជា​អាទិភាព​ការ​ទូត​របស់​លោក​ត្រាំ។

នៅ​​​អង្គការ​សហប្រជាជាតិ លោកស្រី​ បាន​បូក​សរុប​ស្នាដៃ​ ដោយ​ចុច​លើ​តែ​ប្រធានបទ​សំខាន់ៗសម្រាប់​ក្រសែ​ភ្នែក​ពលរដ្ឋ​​អាមេរិក ​ ដូច​ជា​អ៊ីរ៉ង់ ព្យុងយ៉ាង វេណេស៊ុយអេឡា និង​ចំណាយ​ខ្ជះខ្ជាយ​របស់​អ.ស.ប. ដោយ​បញ្ជាក់​ថា​ក្នុង​រយៈ​ពេល​១៨​ខែ​ លោកស្រី​បាន​ជួយ​សន្សំ​ថវិកា​អាមេរិក​បាន​ ១៣០០​លាន​ដុល្លារ​ បាន​បោះឆ្នោត​ដាក់​ទណ្ឌកម្ម​អាវុធ​លើ​ស៊ូដង់ អនុម័ត​ទណ្ឌកម្ម​បី​បន្ថែម​លើ​កូរ៉េខាង​ជើង និង​រុញ​ព្យុងយ៉ាង​ឱ្យ​ចរចា​ជាមួយ​វ៉ាស៊ីនតោន។

លោកស្រី​រិះគន់​ខ្លាំង​រុស្ស៊ី តែ​គាំទ្រស្ទើរ​ផ្កាប់​មុខ​អ៊ីស្រាអែល និងបាន​​ប្រែក្លាយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទៅ​ជា​តុលាការ​ប្រឆាំង​នឹង​អ៊ីរ៉ង់។ មរតក​បន្សល់​ទុក​ដោយ​លោកស្រី​ អាលី ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង គឺ​ការ​ដក​អាមេរិក​ចេញ​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅហ្សឺណែវ ចេញ​ពី​អង្គការ​យូនេស្កូ​នៅប៉ារីស ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុក្រុងប៉ារីស​ បិទ​បញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ភ្នាក់ងារ​ជនភៀស​ខ្លួន​ប៉ាឡេស្ទីន (UNRWA) ពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​បាន​រុញ​អាមេរិក​ឱ្យ​កាន់​តែ​ឯកា​ខ្លាំង​លើ​ឆាក​អន្តរជាតិ៕​

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ