អានតួអត្ថបទ

អាមេរិក​រងគ្រោះ​ព្យុះសង្ឃរា​ជាថ្មី និង​​កំណាច​​ខ្លាំង​​ជាងមុន

Michael ជា​ព្យុះ​សង្ឃរា​ដ៏មហា​​កំណាច​បំផុត​ បើ​គិត​ក្នុង​រយៈ​ពេល​ជាង​៨០​ឆ្នាំ​ចុងក្រោយ​នេះ និងជាព្យុះ​ដ៏​សែន​កំណាច​​​ទីបី ដែល​អាមេរិក​បាន​ជួបប្រទះ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ Michael  បានបោកបក់មួយ​ទំហឹង​​ នាំ​​​ទឹក​​ភ្លៀង ទៅ​ចាក់​​លើ​ភាគ​ពាយ័ព្យ​និង​តំបន់​ឆ្នេរ​របស់​រដ្ឋ​Florida បង្ក​ឱ្យ​មាន​ទឹក​ជំនន់ និង​ការ​ហិនហោច​យ៉ាង​ដំណំ ព្រមទាំង​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ម្នាក់ផង។

រូបភាព​ផ្កាយរណប​បង្ហាញពី​ដំណើរ​ព្យុះសង្ឃរា Michael
រូបភាព​ផ្កាយរណប​បង្ហាញពី​ដំណើរ​ព្យុះសង្ឃរា Michael NOAA NWS National Hurricane Center
ផ្សាយពាណិជ្ជកម្ម

​​រូប​ភាពនៃ​មហន្តរាយ​​ដ៏​គួរ​ឱ្យ​រន្ធត់​បាន​បង្ហោះ​ក្នុង​ប្រព័ន្ធ​សង្គម និង​តាម​កញ្ចក់​ទូរទស្សន៍​ ជា​បន្តបន្ទាប់ ! ក្រុង​ឆ្នេរ​សមុទ្ទ Panama City Mexico Beach នៃ​រដ្ឋ​ហ្វ្លរីដា សាងសង់​ស្មើ​នឹង​កំរិត​កំពស់​ទឹក​សមុទ្ទ បាន​ត្រូវ​​ព្យុះ​សង្ឃរា​Michael ឈូស​បាត់​​ ! ​ផ្ទះនៅ​បប​មាត់​ទឹក ​ត្រូវ​លិច​ដល់​ដំបូល។ នៅ​តាម​ផ្លូវ​ គេ​ឃើញ​សល់​តែ​​ជញ្ជាំង​ធ្លុះ​ធ្លាយ ព្រោះ​កម្លាំង​ខ្យល់​បាន​បោក​បក់​យក​ទៅ​អស់​។ ព្យុះ​Michael បាន​មក​ដល់​ជ្រោយ​អាមេរិក​លឿន​ហួស​ពីការព្រៀង​ទុក និង​ក្នុង​ល្បឿន ២៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​ជា​ហេតុ​ធ្វើឱ្យ​ប៉ើង​ខ្ទេច​ប៉ើង​ខ្ទី ដើម​ឈើ​រលើង​ឬសដួល រថយន្ត​​ក្រឡាប់​គគ្នា​​ត្រៀបត្រា ... កម្ពស់​ទឹក​បាន​ឡើង​៤,៣ម៉ែត្រ​លើ​កំរិត​ធម្មតា

ថ្វី​​បើអាជ្ញាធរ​បាន​ចាត់​វិធានការ​ការពារ​ត្រៀម​ជា​មុន​ បញ្ចេញ​ពល​ទាហានប្រមាណ​៣៥០០​នាក់ ដើម្បី​ជួយ​ជម្លៀស​ប្រជាជនជាង​ពីរ​លាន​មួយ​សែន​នាក់​ទៅ​កាន់​ទីមាន​សុវត្ថិភាព​ បួន​ពាន់​នាក់​ត្រៀម​អាសន្ន​ចាំ​ជួយ​តាមផ្លូវ តាំង​ពី​ថ្ងៃ​ចន្ទ​ហើយ​ក្តី ប៉ុន្តែ​អាជ្ញាធរ​នៅតែ​ស្លន់​ខ្លាំង​នៅ​ចំពោះ​មុខ​ភាព​កំណាច​របស់​ព្យុះ​Michael ដែល​កាល​ពី​ថ្ងៃ​អាទិត្យ​មុន​នេះ មាន​ទម្រង់​ជា​ព្យុះ​ត្រូពិកទេ។​ តែ​បាន​ប្រែ​រាង​ទៅ​ជា​ព្យុះ​កំណាច​ខ្លាំងឡើងៗ ក្លាយ​ជា​ព្យុះសង្ឃរា​កំរិត​៣ រួច​៤ ក្នុង​ចំណាត់​ថ្នាក់​ព្យុះ​សង្ឃរា​៥​កំរិត នៅ​ពេល​មក​ដល់​ដី​ហ្វ្លរីដា។ ៨​ម៉ោង​ក្រោយ​ប៉ះតំបន់​ដីគោក Michael​បន្ត​បោក​បក់​ខ្លាំង​ក្នុង​ល្បឿន​១៥០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង។

សម្រាប់​ពេល​នេះ Michael​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ព្យុះ​សង្ឃរា​ដ៏​កំណាច​បំផុត​គិត​ចាប់​តាំងពី​​ឆ្នាំ ១៩៣៨ និង​បន្ទាប់ពី​ព្យុះ​សង្ឃរា​កាមីយ កាលពី​ឆ្នាំ​១៩៦៩​មក។ ពលរដ្ឋ​ជម្លៀសខ្លួន​ដែល​ចង់​អំពី​​ស្ថានភាព​ខូច​ខាតផ្ទះ​សម្បែង​របស់​ខ្លួន​​ ​មិន​ទាន់​បាន​ទទួល​ការអនុញ្ញាត​ឱ្យ​វិល​ត្រលប់​ចូល​​វិញ​ទេ ព្រោះមិន​ទាន់​កម្ទេច​បំណែក​។ សាលារៀន​ សាកលវិទ្យាល័យ​ នឹង​ត្រូវ​បិទ​ទ្វារ​រហូត​ដល់​ចុង​សប្តាហ៍។ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ប្រកាស​ដាក់​ហ្វ្លរីដា​ក្នុងភាព​អាសន្ន និង​សន្យា​ចុះ​ជួបពលរដ្ឋ​រងគ្រោះ​ផ្ទាល់​នៅថ្ងៃអាទិត្យ​ឬយ៉ាង​យូរ​ថ្ងែ​ចន្ទ​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ