អានតួអត្ថបទ
អាមេរិក-អារ៉ាប៊ីសាអូឌីត

CNN៖​អារ៉ាប៊ីសាអូឌីត​ទំនង​ត្រៀមខ្លួន​ទទួល​ស្គាល់​ការ​ស្លាប់​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី

លោក​ប្រមុខការទូត​អាមេរិក​ម៉ៃ ប៉ុមប៉េអូ​បាន​ទៅ​ដល់​ប្រទេស​អារ៉ាប៊ីសាអូឌីត​នា​ថ្ងៃ​អង្គារ ទី១៦ តុលា។ កម្មវត្ថុ គឺ​ចូលជួប​សន្ទនា​ជាមួយ​ព្រះមហាក្សត្រ​សាលម៉ាន​ដើម្បី​និយាយ​ពី​ការ​បាត់ខ្លួន​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី អ្នកកាសែត​ជនជាតិ​អារ៉ាប៊ីសាអូឌីត។ គួរ​រម្លឹក​ថា លោក​ខាស្ហូហ្ស៊ី​បាន​បាត់​ដំណឹងសូន្យឈឹង​តាំង​ពី​ថ្ងៃទី២ តុលា បន្ទាប់​ពី​រូប​គាត់​បាន​ចូល​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី។ វត្តមាន​របស់​លោក​ប៉េអូ​លើ​ទឹកដី​អារ៉ាប៊ីសាអូឌីត​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ក្រុមប៉ូលិស​តួកគី​បាន​ចូល​ឆែកឆេរ​ក្នុង​ស្ថានកុងស៊ុល​នោះ​អស់​រយៈពេល ៨ម៉ោង​នៅ​យប់​ថ្ងៃ​ចន្ទ ទី១៥ តុលា។ បើ​តាម​ទូរទស្សន៍ CNN អារ៉ាប៊ីសាអូឌីត​ទំនង​ជា​ត្រៀមខ្លួន​ទទួល​ស្គាល់​ការ​ស្លាប់​លោក​ខាស្ហូហ្ស៊ី។

ប្រមុខ​ការទូត​អាមេរិក​លោក Mike Pompeo និង​សមភាគី​អារ៉ាប៊ីសាអូឌីត​លោក Adel al-Jubeir ក្នុង​ទីក្រុង​រីយ៉ាដ​ថ្ងៃទី១៦ តុលា ២០១៨
ប្រមុខ​ការទូត​អាមេរិក​លោក Mike Pompeo និង​សមភាគី​អារ៉ាប៊ីសាអូឌីត​លោក Adel al-Jubeir ក្នុង​ទីក្រុង​រីយ៉ាដ​ថ្ងៃទី១៦ តុលា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ដោយ​ទូរទស្សន៍ CNN បាន​ផ្អែក​លើ​ប្រភព​ពីរ​ខុស​គ្នា ហើយ​បញ្ជាក់​ថា​ទីបំផុត អារ៉ាប៊ីសាអូឌីត​ទំនង​នឹង​ទទួល​ស្គាល់​ពី​ការ​ស្លាប់​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ក្នុង​ស្ថានកុងស៊ុល​របស់​ខ្លួន​ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​មែន។ ចំណែក​ការ​ស្លាប់​នោះ​ទៀត​សោត​បាន​កើត​មាន​ឡើង​ក្នុង​ពេល​សួរ​ចម្លើយ​លោក​ខាស្ហូហ្ស៊ី​ពី​សំណាក់​ភ្នាក់ងារ​អារ៉ាប៊ីសាអូឌីត និង​ដែល​ការ​សួរ​ចម្លើយ​នោះ​ប្រហែល​ជា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ប្រទាញប្រទង់​គ្នា​ខ្លាំង។

តាម​ដំណឹង​ថ្មី​ស្តីពី​រឿងរ៉ាវ​មួយ​នេះ​ដែល​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​កំពុង​រៀបចំ និង​ដែល CNN បាន​បញ្ជាក់​នោះ​គឺ​ថា ក្រុម​ជនដៃដល់​ដែល​បាន​សម្លាប់​លោក​ខាស្ហូហ្ស៊ី​អាច​ជា​ក្រុម​មនុស្ស​ដែល​បញ្ជូន​ពី​អារ៉ាប៊ីសាអូឌីត​ទៅ​ទឹកដី​តួកគី​ដោយ​គ្មាន​ការ​បញ្ជា​ពី​រដ្ឋអំណាច​ថ្នាក់កំពូល​នៅ​អារ៉ាប៊ីសាអូឌីត​ទេ។ គេ​អាច​និយាយ​បាន​ដោយ​ខ្លី​ថា ទីក្រុង​រីយ៉ាដ​ត្រៀមខ្លួន​ទទួល​ស្គាល់​ការ​ស្លាប់​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ក្នុង​ស្ថានកុងស៊ុល​ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ុល​មែន តែ​ខ្លួន​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នោះ​ឡើយ។

នា​ព្រឹក​ថ្ងៃ​ចន្ទ ទី១៥ តុលា និង​មុន​ដាក់​ជើង​ឈាន​ឡើង​ឧទ្ធម្ភាគចក្រ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​លើក​ឡើង​ពី​ឃាតករ​ថោកទាប បន្ទាប់​ពី​លោក​បាន​ជួប​សន្ទនា​ជាមួយ​ព្រះមហាក្សត្រ​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​តាម​ទូរស័ព្ទ។ « មហាក្សត្រ​សាលម៉ាន​បាន​បដិសេធ​ថា ព្រះអង្គ​មិន​បាន​ដឹង​រឿងរ៉ាវ​អ្វី​ទាំង​អស់។ បើ​តាម​មើល​ទៅ​ខ្ញុំ​គិត អ្នកសម្លាប់​លោក​ខាស្ហូហ្ស៊ី​អាច​ជា​ឃាតករ​យូកូម » នេះ​ជា​ការ​ថ្លែង​របស់​លោក​ត្រាំ។ យ៉ាង​ណា​ក៏​ដោយ ការ​ថ្លែង​របស់​លោក​ត្រាំ​យ៉ាង​ដូច​នេះ​បាន​ទទួល​ការ​បរិហារ​ពី​ក្រុម​អ្នកប្រជាធិបតេយ្យ។ « ទ្រឹស្តី​ស្តីពី​ឃាតករ​ថោកទាប​ជា​រឿង​គួរ​ឲ្យ​អស់សំណើច។ វា​ជា​រឿង​អស្ចារ្យ​មែនទែន​ដែល​ប្រធានាធិបតី​អាមេរិក​បាន​បញ្ចេញ​ប្រតិកម្ម​ក្នុង​នាម​ជា​អ្នក​នាំពាក្យ​ឲ្យ​មហាក្សត្រ​អារ៉ាប៊ីសាអូឌីត » នេះ​ជា​សារ​ឌឺដង​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់​សរសេរ​លើ​បណ្តាញ​សង្គម Twitter៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ