ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/11 12h00 GMT

សកលវិទ្យាល័យ​ហាវ៉ាដ​ជាប់ចោទ​ពី​បទ​រើសអើង​ចំពោះ​សិស្ស​អាមេរិកាំង​ដើម​កំណើតអាស៊ី

សកលវិទ្យាល័យ​ហាវ៉ាដ​ជាប់ចោទ​ពី​បទ​រើសអើង​ចំពោះ​សិស្ស​អាមេរិកាំង​ដើម​កំណើតអាស៊ី
 
សកលវិទ្យាល័យ​ហាវ៉ាដ​ជាប់ចោទ​ពី​បទ​រើសអើង​ចំពោះ​សិស្ស​អាមេរិកាំង​ដើម​កំណើតអាស៊ី Reuters

នៅ​ថ្ងៃ​ចន្ទ ទី១៥ តុលា តុលាការសហព័ន្ធ​ក្នុង​ទីក្រុង Boston នៃ​រដ្ឋ Massachusetts បាន​ផ្តើម​សវនាការ​លើ​បណ្តឹង​របស់​សមាគម « Students for fair admissions » ប្រឆាំង​នឹង​សកលវិទ្យាល័យ​ហាវ៉ាដ។ សមាគម​មួយ​នេះ​បាន​ចោទ​សកលវិទ្យាល័យ​ហាវ៉ាដ​ពី​បទ​ប្រើ​នយោបាយ​រើសអើង​ពូជសាសន៍​នៅ​ក្នុង​ដំណាក់កាល​ជ្រើសរើស​សិស្ស​ឲ្យ​ចូល​រៀន។ នៅ​ក្នុង​ចំណោម​សិស្សអាមរិកាំង​ដែល​មាន​ដើមតាម​សមាគម​ដដែល សិស្សអាមេរិកាំង​ដែល​មាន​ដើមកំណើត​អាស៊ី​ជា​អ្នក​ដែល​រងគ្រោះ​ដោយ​នយោបាយ​មួយ​នេះ​ខ្លាំង​ជាង​គេ។ ហេតុ​អ្វី?

សកលវិទ្យាល័យ​ហាវ៉ាដ ឬ​សកលវិទ្យាល័យ​ស្ទែនហ្វ័ដ​នៅ​អាមេរិក ជា​សកលវិទ្យាល័យ​ដ៏​ល្បី​ឈ្មោះ​ដែល​សិស្ស​ភាគច្រើន​ទទួល​ស្គាល់ និង​ចង់​ចូលរៀន។ តែ​បើ​គេ​និយាយ​ថា សកលវិទ្យាល័យ​ល្បីៗ​ភាគ​ច្រើន​មាន​ការ​រើសអើង ប្រកាន់​ពូជសាសន៍ គ្រប់​គ្នា​ពិត​ជា​ភ្ញាក់ផ្អើល និង​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​សោះ។ តែ​គួរ​ឲ្យ​សោកស្តាយ ករណី​មួយ​នេះ​ពិត​ជា​មាន និង​កំពុង​កើត​ឡើង​នៅ​ក្នុង​សកលវិទ្យាល័យ​ហាវ៉ាដ។ ជា​រៀងរាល់​ឆ្នាំ សកលវិទ្យាល័យ​មួយ​នេះ​បាន​ទទួល​ពាក្យ​សិស្ស​សុំ​ចូល​រៀន​ជា​ច្រើន​ម៉ឺននាក់។ តែ​ដោយ​មិន​អាច​ទទួល​ឲ្យ​ចូល​រៀន​ទាំង​អស់​គ្នា​បាន សកលវិទ្យាល័យ​ត្រូវ​ធ្វើ​ការ​ជ្រើសរើស​ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​តឹងតែង​មួយ​ចំនួន រួម​មាន ទទួល​ពិន្ទុខ្ពស់​ក្នុង​ពេល​ប្រឡងបាក់ឌុប បុគ្គលិកលក្ខណៈ ប្រវត្តិរូប ស្ថានភាព​គ្រួសារ ឬ​ដើមកំណើត​ពូជសាសន៍ មាន​ន័យ​ថា សិស្ស​នោះ​មាន​សញ្ជាតិ​អាមេរិកាំង​មែន តែ​មាន​ដើមកំណើត​ជា​ស្អី ជា​អាស៊ី អាហ្រ្វិកស្បែកខ្មៅ ឬ​មួយ​ក៏​អាមេរិកឡាទីន?។

គឺ​លក្ខខណ្ឌ​ដើមកំណើត​ពូជសាសន៍​នេះ​ឯង​ដែល​សមាគម « Students for fair admissions » បាន​ដាក់​ពាក្យ​ប្តឹង​សកលវិទ្យាល័យ​ហាវ៉ាដ​ទៅ​កាន់​តុលាការសហព័ន្ធ​ក្នុង​ទីក្រុង​បូស្តុន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៤ និង​ដែល​តុលាការ​ទើប​បើក​សវនាការ​ចាប់​ពី​ថ្ងៃ​ចន្ទ ទី១៥ តុលា ឆ្នាំ ២០១៨។ តាម​ពិត​ទៅ សមាគម​មួយ​នេះ​មិន​ជំទាស់​នឹង​ការ​ដែល​សកលវិទ្យាល័យ​ហាវ៉ាដ​យក​ដើមកំណើត​ពូជសាសន៍​ជា​លក្ខខណ្ឌ​មួយ​សម្រាប់​ធ្វើ​ការ​ជ្រើសរើស​សិស្ស​ឲ្យ​ចូលរៀន​ទេ។ មិន​ជំទាស់​ព្រោះ​ទី១ លក្ខខណ្ឌ​មួយ​នេះ​ត្រូវ​បាន​តុលាការកំពូល​អនុញ្ញាត​ឲ្យ​មាន​តាំង​ពី​ឆ្នាំ ១៩៧៨ និង​ទី២ សកលវិទ្យាល័យ​ដ៏​ល្បី​ឈ្មោះ​មួយ​នេះ​ចង់​បាន​សិស្ស​ដែល​មាន​ដើមកំណើត​ចម្រុះជាតិ​សាសន៍។

ចុះ​បើ​អ៊ីចឹង​មែន ហេតុអ្វី​បាន​ជា​នៅ​ក្នុង​ចំណោម​បេក្ខជនសិស្ស​ដែល​មាន​ដើមកំណើត​ចម្រុះ​ជាតិសាសន៍​ដាក់​ពាក្យ​សុំ​ចូលរៀន បែរ​ជា​ហាវ៉ាដ​មាន​ការ​​រើសអើង​ចំពោះ​បេក្ខជនសិស្ស​មាន​ដើមកំណើត​អាស៊ី ដោយ​ផ្តល់​អាទិភាព​ឲ្យ​បេក្ខជនសិស្ស​ស្បែក ស អាហ្រ្វិកស្បែកខ្មៅ និង​អាមេរិកឡាទីន​ទៅ​វិញ?។ ហេតុអ្វី​បាន​ជា​កូតា​សម្រាប់​ជ្រើស​យក​សិស្ស​ដើមកំណើត​អាស៊ី​ឲ្យ​ចូលរៀន​មាន​អត្រា​ទាប​ជាង​ឆ្ងាយ ធៀប​នឹង​សិស្ស​ដើមកំណើត​ផ្សេង?។ ហេតុអ្វី​បាន​ជា​បេក្ខជន​សិស្ស​ដើមកំណើត​អាស៊ី​ត្រូវ​មាន​ពិន្ទុ​ខ្ពស់​ជាង​បេក្ខជនសិស្ស​ដើមកំណើត​ផ្សេង​ដើម្បី​អាច​ចូល​រៀន​នៅ​ហាវ៉ាដ​បាន?។ មាន​ចម្លើយ​ពីរ​ចំពោះ​សំណួរ​នេះ ចម្លើយ​ទី១ ដែល​គាំទ្រ​បុព្វហេតុ​របស់​សមាគម « Students for fair admissions » បាន​អះអាង​យ៉ាង​សាមញ្ញ និង​ខ្លី​ថា មក​ពី​សិស្ស​ដើមកំណើត​អាស៊ី​រៀនពូកែ។

រីឯ​ចម្លើយ​ទី២ របស់​ហាវ៉ាដ​វិញ​បាន​ឆ្លើយ​ត្រឹម​រួច​ខ្លួន​ថា​អត់​ទេ ខ្លួន​មិន​ដែល​រើសអើង​ពូជសាសន៍​ទៅ​លើ​បេក្ខជន​ណា​ម្នាក់​ក្នុង​ចំណោម​បេក្ខជនសិស្ស​ដែល​បាន​ដាក់​ពាក្យ​សុំ​ចូល​រៀន​ទេ និង​ថា ខ្លួន​នឹង​បន្ត​ការពារ​សិទ្ធិ​របស់​សកលវិទ្យាល័យ​ទាំង​អស់​នៅ​អាមេរិក​ក្នុង​ការ​យក​ដើមកំណើត​របស់​បេក្ខជនសិស្ស​ធ្វើ​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ដទៃ​ទៀត​ដើម្បី​ជ្រើសរើស។ មែនទែន​ទៅ រឿងរ៉ាវ​យក​ដើមកំណើត​ធ្វើ​ជា​លក្ខខណ្ឌ​មួយ​សម្រាប់​ជ្រើសរើស​សិស្ស​ឲ្យ​ចូលរៀន​នៅ​ក្នុង​សកលវិទ្យាល័យ​ល្បីៗ​នៅ​អាមេរិក​មិន​មែន​ជា​រឿង​ថ្មី​ទេ ជាក់ស្តែង​ក្នុង​ឆ្នាំ ១៩៧៨ ឆ្នាំ ២០០៣ និង​ឆ្នាំ ២០១៦។ តែ​ទីបំផុត ចៅក្រម ៩រូប​នៅ​តុលាការកំពូល​បាន​បញ្ជាក់​ពី​សិទ្ធិ​របស់​សកលវិទ្យាល័យ​ក្នុង​ការ​ប្រើ​លក្ខខណ្ឌ​មួយ​នេះ។

ជា​រឿងរ៉ាវ​ចាស់​មែន តែ​វា​បាន​ផ្ទុះ​ជា​ថ្មី​នៅ​ក្នុង​បរិបទ​មួយ​ដែល​មាន​ការ​ផ្លាស់ប្តូរ។ ផ្លាស់ប្តូរ ព្រោះ​ទី១ តុលាការកំពូល​សម័យ​ឆ្នាំ ២០១៨ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​លក្ខណៈ​អភិរក្សនិយម​ច្រើន​ជាង បើ​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ពោល​ក្រោយ​ពី​លោក​ដូណាល់ ត្រាំ​ទើប​បាន​តែងតាំង​ចៅក្រម​ពីរ​រូប​មក​ពី​គណបក្សសាធារណរដ្ឋ និង​ទី២ ការ​តវ៉ា​របស់​សមាគម « Students for fair admissions » ពេល​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​លោក​ដូណាល់ ត្រាំ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​បណ្តឹង​របស់​សមាគម « Students for fair admissions » ដែល​សវនាការ​នៅ​តុលាការ​មាន​រយៈពេល ៣សប្តាហ៍​នឹង​ទទួល​បាន​លទ្ធផល​យ៉ាងណា​ទេ។ អ្វី​ដែល​សមាគម​មួយ​នេះ​ចង់​បាន គឺ​សុំ​ឲ្យ​សកលវិទ្យាល័យ​ហាវ៉ាដ​ជ្រើសរើស​ស្មើភាព​រវាង​បេក្ខជនសិស្ស​មាន​ដើមកំណើត​អាស៊ី អាហ្រ្វិកស្បែកខ្មៅ ឬ​មួយ​ក៏​អាមេរិកឡាទីន៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ