ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/11 12h00 GMT
អាមេរិក

អាមេរិកបិទស្ថានកុងស៊ុល ប្រចាំប៉ាឡេស្ទីន នៅហ្ស៊េរុយសាឡិម

media  
ស្ថាតកុងស៊ុល​អា​មេរិក​ប្រចាំ​នៅ​ហ្ស៊េរុយសាឡិម នៅថ្ងៃទី ១៨ តុលា ២០១៨ ©THOMAS COEX / AFP

អាមេរិក​កាន់តែ​បែរខ្នង​ដាក់​ប៉ាឡេស្ទីន? នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញនេះ ក្រសួង​ការបរទេស​អាមេរិក​បាន​សម្រេច​រុះរើ​ស្ថាន​កុងស៊ុល នៅ​ហ៊្សេរុយសាឡិម ដែល​ពីមុន ធ្លាប់​ប្រើ​ជា​ស្ថានតំណាង​អាមេរិក ប្រចាំ​ប៉ាឡេស្ទីន។ អង្គការ​ដើម្បី​សេរីភាព​ប៉ាឡេស្ទីន​បាន​ថ្កោលទោស​ការសម្រេចចិត្ត​របស់​អាមេរិក ដែល​បើតាម​ភាគី​ប៉ាឡេស្ទីន គឺ​កំពុង​ជួយ​ពង្រឹង​អំណាច​របស់​អ៊ីស្រាអែល ប៉ុន្តែ មិនមែន​ដើម្បី​បង្កើត រដ្ឋពីរ អ៊ីស្រាអែល និង​ប៉ាឡេស្ទីន នៅជិត​គ្នា​នោះ​ទេ។

 

នៅក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្រសួង​ការបរទេស បាន​ប្រកាស​ថា អាមេរិក​នឹង​រុះរើ​ស្ថានកុងស៊ុល ប្រចាំ​ប៉ាឡេស្ទីន នៅ ហ្ស៊េរុយសាឡិម។ តាម​ក្រសួង​ការបរទេស​អាមេរិក កិច្ចការ​របស់​ស្ថាន​កុងស៊ុល​នៅ​ហ្ស៊េរុយសាឡិម នឹង​យក​ទៅ​ដាក់​បញ្ចូល ជា​អង្គភាព មួយ របស់​ស្ថានទូត​អាមេរិក ប្រចាំ​អ៊ីស្រាអែល ដែល​អាមេរិក​ទើបរើ ផ្ទេរ យ៉ាង​ចម្រូងចម្រាស ទៅ​នៅ​ទីក្រុង​ហ្ស៊េរុយសាឡិម កាល​ពី​ខែ​ឧសភា​ឆ្នាំនេះ។

សម្រាប់​រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​Mike Pompeo ការដាក់បញ្ចូល ស្ថានតំណាង​អាមេរិក​ប្រចាំ​ប៉ាឡេស្ទីន ទៅ​នៅ ក្នុង​ស្ថានទូត​អាមេរិក នៅ​ហ្ស៊េរុយសាឡិម ធ្វើឡើង​ដើម្បី​ហេតុផល​ប្រសិទ្ធិភាព ពោល គឺ​វាមិន​បាន​ស្តែង​ពីការ​ផ្លាស់ប្តូរ ជំហរ​នយោបាយ របស់​អាមេរិក ទៅ​លើ​តំបន់​ហ្កាហ្សា ស៊ីហ្សកដានី ឬ​ហ្ស៊េរុយសាឡឹម ឬ​ព្រំដែន​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​នោះទេ។

ភាគី​ប៉ាឡេស្ទីន បាន​វាយតម្លៃ​ភ្លាម​ថា អាមេរិក​នឹង​បិទ​ស្ថានកុងស៊ុល​ដែល​អាមេរិក​បាន​ប្រើ​រហូតមក សម្រាប់​ចំណងការទូត​ដោយ​ផ្ទាល់ ជាមួយ​ប៉ាឡេស៊ីន។ ការបិទ​ស្ថានកុងស៊ុល​នៅ​ហ្ស៊េរុយសាឡិម នឹង​ធ្វើ​ឲ្យ​កិច្ចការ​ទាក់ទាក់​ប៉ាឡេស្ទីន​ទាំងអស់​ត្រូវ​ស្ថិតនៅក្នុង​ដៃ​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ៊ីស្រាអែល។

សម្រាប់ មេដឹកនាំ​ទី​២​របស់​អង្គការដើម្បី​សេរីភាព​ប៉ាឡេស្ទីន លោក​Saëb Erakat គេ​មើល​មិន​ឃើញ ហេតុផល​ប្រសិទ្ធិភាព ក្នុង​រឿង​បិទទ្វារ​ស្ថាន​កុងស៊ុល អាមេរិក​ប្រចាំ​ប៉ាឡេស្ទីន នៅ​ហ្ស៊េរុយសាឡឹម​នោះទេ។ ផ្ទុយទៅវិញ វា​ស្តែង​ឲ្យ​ឃើញ​ពី​និន្នាការ​របស់​អាមេរិក ដែល​មិន​ឲ្យ​តម្លៃ និង​ចង់​ដាក់​ប៉ាឡេស្ទីន ឲ្យ​នៅ​ឯកោរ នៅក្នុង​ខណៈ​ដែល​រដ្ឋបាល​លោកដូណាល់ ត្រាំ កំពុង​លើកទឹកចិត្ត​ក្រុមអាមេរិកាំង ដែល​មាន​មនោគមវិជ្ជា លើកទឹកចិត្ត​ការរំលោភសិទ្ធិ​មនុស្ស និង​ឧក្រិដ្ឋកម្ម ប្រព្រឹត្ត​ដោយ​អ៊ីស្រាអែល។

ការសម្រេច​រុះរើ​ស្ថានកុងស៊ុល អាមេរិក ប្រចាំ​ប៉ាឡេស្ទីន ឲ្យ​ទៅ​នៅ​ជាអង្គភាព​មួយ នៃ​ស្ថានទូត​អាមេរិក ប្រចាំ​អ៊ីស្រាអែល គឺ​ជា​ជំហរអវិជ្ជមាន​មួយទៀត របស់​អាមេរិក​ទៅកាន់​ភាគី​ប៉ាឡេស្ទីន។ បន្ទាប់​ពីប្រកាស​ទទួល​ស្គាល់​ហ្ស៊េរុយសាឡិម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល និង​ផ្ទេរ ស្ថានទូត អាមេរិក​ទៅ​នៅ​ហ្ស៊េរុយសាឡិម ក្រោម​ភ្លើងកំហឹង​តវ៉ា​របស់​ប្រជាជន​ប៉ាឡេស្ទីន រដ្ឋបាល​លោកដូណាល់ ត្រាំ នៅ​បាន​សម្រេច នៅ​ខែ​កញ្ញា បិទ ទីតាំង​បេសកកម្ម​ទូត​ប៉ាឡេស្ទីន​នៅ​វ៉ាស៊ីនតោន។ អាមេរិក នៅ​បាន​ប្រកាស​ផងដែរ ឈប់ ផ្តល់​ជំនួយហិរញ្ញវត្ថុ ទ្វេរភាគី​ទៅ​ឲ្យ​ប៉ាឡេស្ទីន ព្រម​ទាំង ឈប់​ផ្តល់​វិភាគទាន​ដល់​កញ្ចប់​ថវិកា​អង្គការ​សហប្រជាជាតិ សម្រាប់​ប្រជាជន​ភៀសខ្លួន​ប៉ាឡេស្ទីន៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ