អានតួអត្ថបទ

កាណាដា​ស្វែងរក​អនាគត​ឱ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក OMC

នៅថ្ងៃទី ២៥-២៦​តុលា​ ពីរ​ថ្ងៃ​នេះ កាណាដា ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​ជំនួប​១៣​ប្រទេស​ មក​ពី​ទ្វីប​ទាំង​​៥​នៃភពផែនដី​ ដើម្បី​ពិភាក្សាស្តី​ពី​ការ​ធ្វើ​កំណែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ​អូស្ត្រាលី ប្រេស៊ីល សហភាព​អឺរ៉ុប ន័រវែស នូវែលហ្សេឡង់​ម៉ិចស៊ិក ឈីលី កូរ៉េខាង​ត្បូង ជប៉ុន សិង្ហបុរី កេនយ៉ា និង​ស្វីស បាន​បង្ហាញ​វត្តមាន​ក្នុង​អង្គប្រជុំ​នោះ​​​។ ​អវត្តមាន​របស់​មហាយក្ស​ចិន​និង​អាមេរិក​ ប្រៀប​ដូច​ជា​ព្រនង់​វាយ​សំពង​លើ​អង្គការ​ដែល​កាន់​តែ​ខ្វិនទៅៗ។

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កំពុ​ង​ស្វែង​រក​ដង្ហើម​ថ្មី​ ក្នុង​ស្ថានភាព​ដ៏​លំបាក​លំបិន
អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កំពុ​ង​ស្វែង​រក​ដង្ហើម​ថ្មី​ ក្នុង​ស្ថានភាព​ដ៏​លំបាក​លំបិន Balibouse/File Photo
ផ្សាយពាណិជ្ជកម្ម

អ្នក​ជំនាញ​បាន​ដឹង​រួច​ជា​ស្រេច​ហើយថា បើ​គ្មាន​អ្វីប្តូរ​ផ្លាស់​​នៅ​ពេល​នេះ​ទេ ​អង្គការ​ពាណិជ្ជកម្មពិភពលោក​​នឹង​ស្លាប់​ទាំង​រស់​ហើយ នៅ​ខែ​មករា ឆ្នាំ​២០១៩​ខាង​មុខ។ ពី​ព្រោះ​នៅ​ខែ​មករា​ខាង​មុខ​នេះ ចៅក្រមចុងក្រោយ​គេ​ម្នាក់​​ក្នុង​ចំណោម​ចៅ​ក្រម​​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​រវាង​ប្រទេស​ជា​សមាជិក​អង្គការ​នឹង​ត្រូវ​ផុត​អាណត្តិ​។ ឯ​ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ បាន​ខ្ទប់​មិន​ឱ្យ​មាន​ការ​តែងតាំង​ចៅក្រម​ថ្មី​សម្រាប់​មក​បន្ត​អាណត្តិ​​ការងារ៤​ឆ្នាំ​ឡើយ។ តាម​រយៈ​ហេតុផល​នេះ ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​ជា​ស្ថាប័ន ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​របស់​រដ្ឋ​ជា​សមាជិក នឹងត្រូវ​ជាប់​គាំង​ធ្វើ​ការ​លែង​កើត។​​

ហេតុដូច្នេះ​ហើយ​បាន​ជា​កាណាដា​ ត្រូវ​ការ​ប្រមូលផ្តុំ​ក្រុមប្រទេស​តូចៗ​ ដែល​មាន​គំនិត​ដូច​គ្នា មក​ជួប​ពិភាក្សា​គ្នាធ្វើ​កំណែទម្រង់​ស្ថាប័ន​OMC ដើម្បី​អាច​កំណត់​អំពី​មធ្យោបាយ​ជាក់ស្តែង​​សម្រាប់​នាំ​អង្គការ​ឱ្យ​បាន​ស្គាល់​ភាព​ប្រសើរ​ឡើង​​ ក្នុង​ពេលខ្លី​ មធ្យម​ និង​យូរ​អង្វែង​​ទៅ​មុខ។ ប្រធានបទ​សំខាន់ៗ​ទាក់ទង​នឹង​ធ្វើ​កំណែទម្រង់​ស្ថាប័ន​មិន​ខ្វះ​ទេ !

ប្រធានបទ​ជា​ផ្លូវការ​ដែល​ដៃគូ​ទាំង​១៣ប្រទេស​​ត្រូវ​ជជែក​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ពីរ​ថ្ងៃ​នៅ​កាណាដា នេះ​មាន​បី​ធំៗ ៖ ​បង្កើន​ប្រសិទ្ធិភាព តួនាទី​ត្រួត​ពិនិត្យ និងតម្លាភាព​របស់​អង្គការ រក្សា​យន្តការ​ដោះស្រាយ​ជម្លោះ បង្កើត​ច្បាប់​ពាណិជ្ជកម្ម​ប្រចាំ​សតវត្សរ៍​ទី ២១។ បង្កើន​សមត្ថភាព​​​ចរចា​ឱ្យ​អង្គការ​ឱ្យ​បាន​ប្រសើរ​ឡើង ក៏​មាន​នៅ​ក្នុង​របៀបវារៈ​នៃ​ជំនួប​ប្រជុំ​នេះ​ដែរ។ ប៉ុន្តែ​ចំណោទ​នេះ​ហាក់​គ្មាន​អ្វី​គួរ​ឱ្យ​ទុក​ចិត្ត​ធានា​បាន​សោះ​ ក្នុង​ខណៈ​ដែល​អាមេរិក​របស់​លោក​ត្រាំ ដាក់​បង្ខំដំឡើង​ពន្ធ​ជា​ឯកតោភាគី​​ ដល់​២៥%​ចំពោះ​ការ​នាំ​ចូល​ដែក​ថែប​។ អាមេរិក​ប្រាថ្នា​ចង់​ឱ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ថ្កោល​ទោស​ ចាត់​វិធានសង​សឹក​​របស់​ចិន។ សម្រាប់​កាណាដា ក៏​ដូច​ជា​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ OMC មិន​បានឆ្លើយ​​តប​សមរម្យ​ទៅ​នឹង​ទង្វើ​សង​សឹកពាណិជ្ជកម្ម​បង្ក​ឡើង​ដោយ​ចិន​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ