ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អាមេរិក

សហរដ្ឋអាមេរិក ៖ ក្រុមអ្នកប្រឆាំង​លោកត្រាំ​ទទួល​កញ្ចប់​បញ្ញើ​មាន​ជាតិ​ផ្ទុះ

media  
កញ្ចប់​បញ្ញើ​មាន​គ្រាប់បែក​ច្នៃ​ ផ្ញើ​មក​ដល់​ទីស្នាក់ការ​CNN © Reuters

កញ្ចប់​បញ្ញើ​មាន​ផ្ទុក​ជាតិ​ផ្ទុះ​ ឬ​ជា​គ្រាប់បែក​ច្នៃ ត្រូវ​បានគេ​រក​ឃើញ​ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃ​ពុធ​ទី ២៤​តុលា​ម្សិលមិញ។ ជា​កញ្ចប់​​ផ្ញើ​បញ្ជូន​ទៅ​ផ្ទះ​​អតីត​ប្រធានាធិបតី​អាមេរិក លោក​ បារ៉ាក់ អូបាម៉ា លោក​ប៊ីលគ្លីនតុន​ ព្រមទាំង​​ឥស្សរជនគ្រាក់​ៗនៃ​បក្ស​ប្រជាធិបតេយ្យ​​​ជា​ច្រើន​រូប​ផ្សេង​ទៀត និង​ស្ថានីយ៍​ទូរទស្សន៍​CNN រហូត​ដល់​មាន​ការ​ជម្លៀស​អាសន្ន​បន្ទាន់ ពេល​កំពុង​ផ្សាយ​ព័ត៌មាន​ផ្ទាល់​ផង។ គ្មាន​កញ្ចប់​ណា​មួយ​ត្រូវ​បាន​ផ្ទុះ និង​បង្ក​ឱ្យ​មាន​ជន​រងគ្រោះ​ទេ។ គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​នរណា​ជាអ្នក​​រៀប​ចំ​ប្រតិបត្តិការ​​មួយ​ខ្សែ​នេះ​ទេ។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សភា​ពាក់កណ្តាល​អាណត្តិនៅ​សហរដ្ឋ​​​អាមេរិក​ កំពុង​ស្គាល់​របត់​ថ្មី នៅ​ថ្ងៃ​ពុធ​ទី ២៤ តុលា ម្សិលមិញ ដោយ​ហេតុ​តែ​រក​ឃើញ​មាន​កញ្ចប់​បញ្ញើ​ មាន​ជាតិ​ផ្ទុះ​ ជា​ច្រើន​ផ្ញើ​ទៅ​ឥស្សរជន​នយោបាយ​សំខាន់ៗ នៃ​បក្ស​ប្រជាធិបតេយ្យ។

កញ្ចប់បញ្ញើ​មាន​អស័យដ្ឋាន​ផ្ទះ​អតីត​ប្រធានាធិបតី​អាមេរិក លោក ប៊ីលគ្លីនតុន និង​និង​ភរិយា លោកស្រី ​ហ៊ីឡារី គ្លីនតុន (បេក្ខនារី​​ប្រធានាធិបតី​ឆ្នាំ​២០១៦) ត្រូវ​បាន​រក​ឃើញ​នៅ​ល្ងាច​ថ្ងៃ​អង្គារ។ ព្រឹក​ឡើង​ថ្ងៃពុធ កញ្ចប់​មួយ​ទៀត​ផ្ញើ​ជូន​ទៅ​អតីត​​ប្រធានាធិបតី​ អូបាម៉ា ត្រូវ​បាន​វែក​ចាប់បាន ព្រោះ​រាល់​គ្រប់​បញ្ញើ​ទៅ​អតីត​ប្រធានាធិបតី​អាមេរិក​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ជា​ស្វ័យ​ប្រវត្តិ មុន​នឹង​ប្រគល់​ជូន​ម្ចាស់។

បន្ទាប់​មក​គេ​ឃើញ​មាន​ កញ្ចប់បញ្ញើ​ជាប់​សង្ស័យ​ស្រដៀង​គ្នាផ្សេង​ទៀត ត្រូវ​បាន​ផ្ញើ​ទៅ​ឱ្យ​សមាជិក​សភា​នៃ​បក្ស​ប្រជាធិបតេយ្យ​លោកស្រី Debbie Wasserman Schultz និង​ Maxime Waters​ ដែល​ធ្លាប់​រិះគន់​ខ្លាំងៗ​លោក​ដូណាល់ ត្រាំ និង​មាន​ជំហរ​ចង់ទម្លាក់​លោក​ត្រាំ​ចេញ​ពី​តំណែងផង។

អតីត​នាយក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​CIAម្នាក់ John Brennan ដែល​រិះគន់​លោក​ត្រាំ​ខ្លាំងៗ​ដែរ និង​ដែល​លោកប្រធានាធិបតី​បាន​ដក​ពី​តំណែង​​បាត់​ទៅ​ហើយ ក៏មាន​ឈ្មោះដែរ តែ​​កញ្ចប់​បញ្ញើ​មានជាតិ​ផ្ទុះ បានផ្ញើ​ទៅ​ដល់​​​​ទីស្នាក់ការ​​ទូរទស្សន៍​CNN ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ឆោឡោ​ជម្លៀសអាសន្នភ្លាម។

កាលពី​ថ្ងៃ​អង្គារ ​កញ្ចប់​គ្រាប់​បែក​ច្នៃ​​​ដំបូង​គេ​បំផុត ផ្ញើ​ទៅ​ដល់​ផ្ទះ​មហាសេដ្ឋី​ George Soros នៅ​ញូវយ៉ក​។ មាន​ដើម​កំណើត​ហុងគ្រី លោក​ជា​ផ្ទាំង​ស្ទីប​នៃ​ការ​វាយប្រហារ​​ពី​សំណាក់​ក្រុម​អ្នកជាតិ​និយម​ជ្រុល​នៅអឺរ៉ុប​និង​នៅ​អាមេរិក ព្រោះ​លោក​ក៏​ធ្វើ​យុទ្ធនាការ​​ប្រឆាំងខ្លាំងនឹង​ក្រុម​អ្នក​សាធារណរដ្ឋ​ដែរ។

ការ​រក​ឃើញ​កញ្ចប់​គ្រាប់​បែក​ជា​បន្ត​បន្ទាប់​នេះ បាន​បង្ក​ឱ្យ​មាន​ការ​ប្រកាស​អាសន្ន​ជា​ច្រើន​កន្លែង​ក្នុង​ផ្ទៃ​សហរដ្ឋ។ ​ប៉ុន្តែដំណឹង​នេះ​ហាក់​ដូច​ជា​មិន​សូវ​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង ផុសផុល​នៅ​ក្នុង​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន និង​ប្រព័ន្ធ​សង្គមទេ។ ​​​

សេចក្តី​ថ្លែងការណ៍​ និង​ប្រតិកម្ម​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រជាធិបតេយ្យ​ មានទាំង​អភិបាល​ក្រុង​ញូវយ៉កម្នាក់ផង នាំ​គ្នា បន្ទោស​លោក​ដូណាល់​ត្រាំថា​បាន​រួម​ចំណែក​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម​ និ​ងហិង្សា​ក្នុង​ប្រទេស។ “លោកប្រធានាធិបតី​គួរ​តែយល់​អំពីភាព​ធ្ងន់ធ្ងរ​នៃ​ការ​ប្រើ​ពាក្យ​សំដី​វាយប្រហារ​សារព័ត៌មាន​ឥត​ដាច់​”​ ទើប​មាន​​ផលវិបាក​ដល់​ថ្ងៃនេះ។ នេះ​ជា​ប្រតិកម្មរបស់​ប្រធាន​CNN។ ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​អភិរក្ស​និយម នេះ​គ្រាន់​តែ​ផែនការ​រៀប​ចំ​ឡើង​ដើម្បីបង្ខូច​រូបភាព​ប្រធានាធិបតី​ត្រាំ និង​បង្វែរ​ចំណាប់​អារម្មណ៍​សាធារណៈមតិ​ពី​លទ្ធផល​សេដ្ឋកិច្ច​ល្អ និង​ការ​ឈ្លានពាន​របស់​អន្តោប្រវេសន៍។ ​ចំណែក ​​លោក​ត្រាំ ជាមួយ​ពាក្យ​ថ្កោល​ទោស​ទង្វើ​ផ្ញើ​កញ្ចប់​មាន​ជាតិ​ផ្ទុះ បាន​ប្តូរ​សំឡេង និង​ទម្លាប់​បែប​វាយប្រហារ​មក​ជា​សេចក្តី​អំពាវនាវ​ឱ្យ​មាន​រួប​រួមជាតិ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ