អានតួអត្ថបទ
សហរដ្ឋអាមេរិក

ជនសង្ស័យ​ផ្ញើ​កញ្ចប់​មាន​គ្រាប់បែក​ច្នៃ ជា​អ្នកដែល​មាន​សមានចិត្ត​គាំទ្រ លោកដូណាល់ ត្រាំ

បន្ទាប់ពី​តាមប្រមាញ់​អស់​ប៉ុន្មាន​ថ្ងៃ ប៉ូលិស​FBI នៅថ្ងៃសុក្រម្សិលមិញ បានចាប់​ឃាត់ខ្លួន បុរស​ម្នាក់ នៅ​រដ្ឋ​Florida ដែល​គេ​សង្ស័យថា ជា​ម្ចាស់​កញ្ចប់ គ្រាប់បែកច្នៃ ចំនួន ១៣​កញ្ចប់ ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​អ្នកនយោបាយ និង​មនុស្ស​សំខាន់ៗ ដែល​មាន​ជាអាទិ៍ អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា អតីត​ប្រធាន​ចារកម្ម​អាមេរិក ហើយនិង​ទូរទស្សន៍​CNN​ជាដើម។  

ជនសង្ស័យ Cesar Altieri Sayoc នៅក្នុង​រូបថត​ថត​ដោយ​​ប៉ូលិសអាមេរិកាំង និង​បញ្ជូន​ឲ្យ​ទីភ្នាក់ងារ​Reutersនៅថ្ងៃទី ២៦ តុលា ២០១៨
ជនសង្ស័យ Cesar Altieri Sayoc នៅក្នុង​រូបថត​ថត​ដោយ​​ប៉ូលិសអាមេរិកាំង និង​បញ្ជូន​ឲ្យ​ទីភ្នាក់ងារ​Reutersនៅថ្ងៃទី ២៦ តុលា ២០១៨ ©Hennepin County SheriffÕs Office/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

មានអាយុ ៥៦​ឆ្នាំ ជនសង្ស័យ Cesar Sayoc ត្រូវ​បាន​ប៉ូលិស អាមេរិកាំង FBI ចាប់ខ្លួន នៅក្នុង​ហាង​លក់​គ្រឿងរថយន្ត​មួយ ក្នុង​រដ្ឋ​Florida។ ជាមួយ ស្នាម​ភិនភាគ DNA ប៉ូលិស​អាមេរិកាំង ជឿថា គឺ​Cesar Sayoc  ដែល​ជា​ម្ចាស់ កញ្ចប់​គ្រាប់បែកច្នៃ ទាំង​១៣ ដែល​ត្រូវ​បាន​ផ្ញើ​ទៅកាន់ អ្នកនយោបាយ និង​មនុស្ស​សំខាន់ៗ នៅទូទាំង​សហរដ្ឋអាមេរិក។ នៅសប្តាហ៍នេះ កញ្ចប់​បញ្ញើ​ជាច្រើន ដែល​មាន​បង្កប់​គ្រាប់បែកច្នៃ ឬ​គ្រឿងផ្ទុះ ត្រូវ បាន​ផ្ញើ​ទៅ​កាន់​អាស័យដ្ឋាន​របស់​ក្រុមមនុស្ស​ដែល​ប្រឆាំង​រិះគន់ លោកប្រធានាធិបតី​ដូណាល់ ត្រាំ ដែល​មាន​ដូចជា​អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា លោកស្រី​ហ៊ីឡារី គ្លីនតុន ទូរទស្សន៍ CNN តារាភាពយន្ត Robert De Niro សមាជិក​សភា មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ឬ​មហាសេដ្ឋី George Soros​ជាដើម។

ក្នុង​កំណត់ហេតុ​របស់​តុលាការ​នៅ​រដ្ឋ​Florida Cesar Sayoc ធ្លាប់​ជាប់ទោស កាល​ពី​ឆ្នាំ ២០០២ ក្នុង​បទ​ប្រព្រឹត្ត​អំពើហិង្សា លួច ហើយ​និង​គំរាម​បំផ្ទុះគ្រាប់បែក។ នៅ​ប៉ុន្មាន​ខែ​ចុងក្រោយនេះ Cesar Sayoc ដែលជា​សមាជិក​របស់​គណបក្ស​សាធារណរដ្ឋ បាន​បញ្ចេញ​យោបល់​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក រិះគន់​ខ្លាំង ប្រឆាំង​អតីត​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា លោកស្រី​ហ៊ីឡារី គ្លីនតុន ហើយ​និង​បានអំពាវនាវ​ឲ្យ​គេ​បោះឆ្នោត​គាំទ្រ​បក្ស​សាធារណរដ្ឋ​នៅថ្ងៃទី ៦​វិច្ឆិកា​ខាងមុខ។ នៅ​ក្នុង​គណនី​ហ្វេសប៊ុក គេ​ឃើញ រូបថត Cesar Sayoc ពាក់មួក មាន​សរសេរ​ពាក្យ​ស្លោក​របស់​លោកប្រធានាធិបតី​ដូណាល់ ត្រាំ ដែល​ថា ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ឡើងវិញ។ ចំណែក​រថយន្ត​ពណ៌​ស របស់​ជនសង្ស័យ មាន​បិទ​រូបលោកដូណាល់ ត្រាំ និង​គណបក្ស​សាធារណរដ្ឋ នៅក្បែរ​រូបលោកស្រី​គ្លីនតុន ដែល​ជារូប​ផ្ទាំងស៊ីប។

ប្រតិកម្ម​ទៅ​នឹង​ការចាប់ខ្លួន​ជនសង្ស័យ នៅថ្ងៃ​សុក្រ​ម្សិលមិញ លោកប្រធានាធិបតី​អាមេរិក នៅ​ចំពោះ​មុខ​ក្រុមអ្នកគាំទ្រ​របស់លោក នៅ​រដ្ឋការូលីន​ខាងជើង បាន​ចាត់ទុក​ការប៉ុនប៉ង​វាយប្រហារ ដោយ​កញ្ចប់​គ្រាប់បែក​ច្នៃ ថា ជា​សកម្មភាព​ភេរវកម្ម ដែល​ត្រូវ​រងការដាក់​ពិន័យ​កម្រិតធ្ងន់​ទៅតាមច្បាប់។ សម្រាប់ប្រធានាធិបតី​អាមេរិកាំង សំណុំរឿង​កញ្ចប់ បញ្ញើ​មាន​គ្រឿងផ្ទុះ បាន​បំផ្លាញ​រូបភាព និង​បន្ទុចបង្អាក់ សន្ទុះ​គាំទ្រ​គណបក្ស​សាធារណរដ្ឋ នៅ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​កាលបោះឆ្នោត សភា ពាក់កណ្តាលអាណត្តិ។ សម្រាប់ លោកដូណាល់ ត្រាំ ក្រុមប្រជាធិបតេយ្យ និង​កាសែត​អាមេរិកាំង​បាន​ឆ្លៀតឱកាស បំប៉ោង សំណុំរឿងនេះ ដើម្បី វាយប្រហារ ប្រឆាំង​រូបលោក ហើយ​និង​គណបក្ស​សាធារណរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ