ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT

ការបោះឆ្នោតប្រេស៊ីល៖បេក្ខជនប្រធានាធិបតី​​ស្តាំនិយមជ្រុល​ឡើងកូដ ដោយសារ​បណ្តាញ​សង្គម

ការបោះឆ្នោតប្រេស៊ីល៖បេក្ខជនប្រធានាធិបតី​​ស្តាំនិយមជ្រុល​ឡើងកូដ ដោយសារ​បណ្តាញ​សង្គម
 
លោក ហ្សែ បុលសូណារ៉ូ បេក្ខជន​ប្រធានាធិបតី​ស្តាំនិយមជ្រុល​ប្រេស៊ីល មកពី​គណបក្ស​សង្គមសេរីទៅ​បោះឆ្នោតនៅថ្ងៃទី ២៨​តុលា នៅទីក្រុង​រីយ៉ូ ប្រទេស​ប្រេស៊ីល ©REUTERS/Ricardo Moraes/Pool

នៅ​ប្រទេស​ប្រេស៊ីល ប្រជាជន ប្រមាណ ១៤៧​លាននាក់​ត្រូវចេញ​ទៅ​បោះឆ្នោត នៅថ្ងៃ​អាទិត្យទី​២៨ តុលា ដើម្បី​ជ្រើសរើស​ប្រធានាធិបតីថ្មី សម្រាប់​អាណត្តិ​៥ឆ្នាំ។ នៅ​ក្នុង​ប្រទេស​ដែល​កំពុង​ញាំញ៉ី ដោយសារ​រឿង​អាស្រូវពុករលួយ​របស់​រដ្ឋាភិបាល ការកើនឡើង​នៃ​បទឧក្រិដ្ឋ​ដ៏ហិង្សា បេក្ខជន​មក​ពី​ក្រុមស្តាំ​និយមជ្រុល កំពុងឡើងកូដ​ខ្លាំង និង​មាន​សំឡេង​គាំទ្រ នាំមុខ បេក្ខជន​មក​ពី​គណបក្ស​ឆ្វេងនិយម ដែលធ្លាប់​ដឹកនាំ​រដ្ឋាភិបាល​ប្រេស៊ីល អស់​១០​ឆ្នាំមកហើយ។

ប្រេស៊ីលរៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​ជុំទី២ នៅថ្ងៃអាទិត្យ​ទី ២៨​តុលា។ ជា​ការបោះ​ឆ្នោត ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​ធំជាងគេ​នៅ​អាមេរិក​ឡាទីន ធ្លាក់​ទៅ​ក្រោម​ការកាន់កាប់​សាជាថ្មី នៃ​របប​ផ្តាច់ការ បើសិន បេក្ខជន​ស្តាំនិយមជ្រុល លោក​ហ្សែ បុលសូណារ៉ូ ទទួល​​ជ័យជំនះ លើ​គូប្រជែង​មក​ពី​គណបក្ស​ពលករ របស់​អតីត​ប្រធានាធិបតី​ដ៏ល្បី​ឈ្មោះ លោកលូឡា។

ការស្ទង់មតិ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញបាន​បង្ហាញ​ថា លោក​ហ្សែ បុលសូណារ៉ូ បេក្ខជន​ស្តាំនិយមជ្រុល​ប្រេស៊ីល បាន​ទទួល​សំលេង​គាំទ្រ ដល់​ទៅ​៥៤ភាគរយ ចំណែក​លោក​ហ្វ៊ែរណង់ដូ ហាដដាដ​បេក្ខជន​មក​ពីគណបក្ស​កណ្តាល​ឆ្វេងនិយម បាន​ទទួល​សំឡេង​គាំទ្រ​តែ ៤៥​ភាគរយប៉ុណ្ណោះ។ ការបោះឆ្នោត​ប្រធានាធិបតី​ប្រេស៊ីល ជា​ព្រឹត្តិការណ៍​ដែល​គេតាមដាន​ខ្លាំង ព្រោះ​វា​ជាលើកទី១ ដែល​ក្រុមស្តាំនិយមជ្រុល ឡើង​កូដប្រជាប្រិយភាព ទទួល​សំឡេង​គាំទ្រ​ខ្លាំង នៅ​ប្រទេស​ប្រេស៊ីល ពោល​គឺ​ចាប់តាំង​ពី​របបផ្តាច់ការ យោធា បាន​បិទបញ្ចប់ នៅ​ប្រេស៊ីល នៅ​ឆ្នាំ ១៩៨៥។

បើសិន​អតីត​ប្រធានាធិបតី​ប្រេស៊ីល​ដ៏ល្បីល្បាញ លោក​លូឡា មិនជាប់​ពន្ធនាគារ​ដោយសារ​តែ​រឿងអាស្រូវ​ពុករលួយ​ទេ នោះ លោក ហ្សែរ បុលសូណារ៉ូ ក៏​ទំនង​ជា​មិនអាច​ឈាន​ដល់​ចំណុច​ខ្ពស់​ដូច​ថ្ងៃនេះដែរ។ តាំង​ពី​បោះឆ្នោត​ប្រធានាធិបតី ជុំទី ១​ម្ល៉េះ បេក្ខជន ស្តាំនិយមជ្រុល លោក​បុលសូណារ៉ូ បាន​ទទួល​សំឡេង​គាំទ្រ ច្រើន គឺ​នាំមុខ បេក្ខជន មកពី​គណបក្ស​ពលករ លោក ហ្វ៊ែរណង់ដូ ហាដដាដ ដែល​ត្រូវ​បាន​លោកលូឡា ទើប​ជ្រើសរើស​ឲ្យ​ជំនួស​លោក សម្រាប់​តំណាង​បក្ស​ពលករ​ប្រេស៊ីល កាលពី​ខែ​សីហា​កន្លងទៅ។ លោកហ្វ៊ែរណង់ដូ ហាដដាដ អតីត​ចៅហ្វាយក្រុង​សៅប៉ូឡូ ដែល​ប្រជាជន​ប្រេស៊ីល​មិនសូវ​ស្គាល់​ពីមុន​មក​សោះ គឺ​ជា​អ្នកនយោបាយ ដែល​មិនសូវ​មាន​បុគ្គលិក លក្ខណៈ ទាក់ទាញ​ខ្លាំង ដូច​អតីត​ប្រធានាធិបតីប្រេស៊ីល លោកលូឡា​នោះទេ។

នៅក្នុង​បរិបទ​ដែល​ប្រទេសប្រេស៊ីល​កំពុង​ជួប​រឿងអាស្រូវ​ពុករលួយ របស់​មន្រ្តីរដ្ឋាភិបាល មក​ពី គណបក្ស​ពលករ លោក​ហាដដាដ កំពុង​រង​ថ្មបាក់​មួយ​ទៀត ដោយសារ​អប្រជាប្រិយភាព​របស់​រដ្ឋាភិបាល។ ប្រជាជន​ប្រេស៊ីល ពេលនេះ កំពុង​ចង់​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​ថ្មី ដែល​មិនធ្លាប់​ប្រលាក់ប្រឡូស​នឹង​រឿងពុករលួយ​ទាល់តែសោះ។ សម្រាប់​កែវភ្នែក​ប្រជាជន​ប្រេស៊ីល លោក​បុលសូណារ៉ូ ជា​បេក្ខជន​ដែល​សក្តិសម​បំផុត។ គេ​អាច​និយាយ​ថា អ្នកដែល​ទៅ​បោះឆ្នោត គាំទ្រ​លោក​ហ្សែ បុលសូណារ៉ូ គឺ​អ្នកដែល​នឿយណាយ ប្រឆាំង​នឹង​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាលចាស់។

ហេតុអ្វី​បាន​ជា​លោកបុលសូណារ៉ូ​ទទួល​បាន​កូដប្រជាប្រិយភាព​ខ្លាំង?

ជា​សមាជិក​សភា​ប្រេស៊ីល មក​ពី​គណបក្ស​ដែល​មិន​សូវ​ល្បីឈ្មោះ លោក​បុលសូណារ៉ូ ត្រូវ​បាន​គេ​ចាប់ស្គាល់​មុខ តាមរយៈ សំដី រិះគន់​មើលងាយ​មនុស្ស​ស្រី។ នៅ ឆ្នាំ ២០០៣ នៅពេល​ឈ្លោះ​ជាមួយ​អ្នកតំណាងរាស្រ្ត​ស្រ្តីម្នាក់ លោកធ្លាប់​បាន​ជេរប្រមាថ គូសត្រូវ​របស់លោក​មិនស្មើ សម​នឹង​ត្រូវ​គេ​រំលោភផង។ លោក​បុលសូណារ៉ូ ធ្លាប់​បន្លឺពាក្យ​ស្អប់រើសអើង​ប្រកាន់​ពូជសាសន៍ ដោយ​ថា ប្រជាជន​ស្បែកខ្មៅ ខ្ជិល ឬ​ថា លោកសុខចិត្ត​ឲ្យ​កូន​របស់លោក ស្លាប់ ជាជាង ទៅ​រៀបការ​ជាមួយ មនុស្ស​ប្រុសដូចគ្នា។

ជាអ្នកកាន់សាសនា​កាតូលិក ដ៏មុតជ្រៅ លោកបុលសូណារ៉ូ​បាន​ទទួល​ការគាំទ្រ​ពី​មេដឹកនាំ​សាសនា​គ្រឹស្ត នៅ​ប្រេស៊ីល ជាទី ១ភាគ៣​នៃ​ប្រជាជន​ជា​គ្រឹស្តសាសនិក។ នៅក្នុង​វិស័យ​សេដ្ឋកិច្ច លោក​បាន​សន្យា ធ្វើ​ឯកជនភាវូបនីយកម្ម​នៅ​ប្រទេស​ប្រេស៊ីល ជាទី ដែល​ក្រុមអ្នកវិនិយោគ អ្នកមាន ធុញទ្រាន់​នឹង​របបនយោបាយ​ចាស់​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ពលករ។

ការកើនឡើង​សម្លេង​គាំទ្រ លោក​បុលសូណារ៉ូ បេក្ខជន​ប្រធានាធិបតី​មក​ពី​ក្រុមស្តាំនិយមច្រុល​ប្រេស៊ីល​លើកនេះ កើត​មាន​ឡើង នៅ​ក្នុង​កាលៈទេសៈ​មួយ​ដែល​ពលរដ្ឋ​ប្រេស៊ីល កំពុង​មិនសប្បាយចិត្ត ហើយ​និង​ខកចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល មក​ពី​គណបក្ស​ឆ្វេងនិយម ដែល​ពេលនេះ​កំពុង​រងការចោទប្រកាន់​ពី​តុលាការ ក្នុងបទ​ប្រព្រឹត្ត​អំពើពុករលួយ ជាមួយ​ក្រុមហ៊ុន​ប្រេងជាតិ​ប្រេស៊ីល។

នៅខណៈ​ដែល​ប្រជាជន​ប្រេស៊ីល​កំពុង​មិនសប្បាយចិត្ត​នឹង​បញ្ហា​សេដ្ឋកិច្ច ភាពក្រីក្រ ការកើនឡើង​នៃ​អំពើហិង្សា​ឧក្រិដ្ឋកម្ម ហើយ​និង​រឿងអាស្រូវ​ពុករលួយ​ដ៏ខ្ចរខ្ចាយ​របស់​រដ្ឋាភិបាល​មុន​ផង លោក​ហ្សែ បុលសូណារ៉ូ ដែល​មិនធ្លាប់​ចូល​ប្រលូក​ក្នុង​រដ្ឋាភិបាល​ម្តង​សោះ​នោះ បាន​ឆ្លៀត​ឆក់ឱកាស​ដែល​អតីត​ប្រធានាធិបតី ល្បីល្បាញ លោកលូឡា ជាប់ពន្ធនាគារ មិនអាច​ចូលឈរឈ្មោះ​បោះឆ្នោត ដើម្បី ទាក់ទាញ​សំលេង​គាំទ្រ​ពី​ប្រជាជន​ប្រេស៊ីល។

លោក​បុលសូណារ៉ូ បាន​ទទួល​សំឡេង​គាំទ្រ​ភ្លូកទឹកភ្លូកដី​លើកនេះ ក៏ដោយសារ​តែ​យុទ្ធសាស្រ្ត​ឃោសនា​របស់លោក គឺ​ខុសដាច់​បេក្ខជន ផ្សេងទៀត។ រងរបួស​ដោយសារ​ការចាក់នឹង​កាំបិត​របស់​បុរស​ម្នាក់ ដែល​ប្រឆាំង​នឹង​នយោបាយ​របស់​លោក លោក​បុលសូណារ៉ូ បានយក​លេស មិនទៅ​ចូលរួម ក្នុង​ការពិភាក្សា សួរដេញដោល​របស់​បេក្ខជន​នយោបាយ​នៅតាម​ទូរទស្សន៍។ លោក​បុលសូណារ៉ូ ទាត់ចោល ប្រព័ន្ធ​ឃោសនា​ចាស់ ដូចជា​ការពិភាក្សា ដេញដោល​របស់​បេក្ខជន​នៅ​តាមទូរទស្សន៍នោះទេ ប៉ុន្តែ ងាក​ទៅ​ប្រើ​បណ្តាញ​សង្គម​នៅលើ​អ៊ីនធ័រនែតវិញ។

បេក្ខជន​ស្តាំ​និយមជ្រុល​ប្រេស៊ីល លោក បុលសូណារ៉ូ បាន​ទទួល​សំឡេង​គាំទ្រ​ច្រើន ដែល​គេ​មិននឹកស្មានដល់ នៅពេលនេះ ក៏ដោយសារ​តែ​ក្រុម​របស់លោក បាន​សម្រុក​ផ្តោតខ្លាំង​លើ​ការឃោសនា​នៅ​លើ​បណ្តាញ​សង្គម​ទៅវិញ ដូចជា ហ្វេសប៊ុក Twitter whats App ជាដើម។ លោក​បុលសូណារ៉ូ ដែល​ធ្លាប់​មាន​អ្នកតាម​តែប៉ុន្មានពាន់​នាក់ នៅ​លើ​បណ្តាញ​សង្គម កាលពី​ឆ្នាំ ២០១៤ ឥលូវនេះ គឺ​មាន​អ្នកតាម​ចូលចិត្ត​គាំទ្រ ដល់ទៅ​ជាង ១៥លាននាក់​ឯណោះ។

គេជឿថា ជាមួយ​បណ្តាញ​សង្គម​ដែល​គ្មាន​ការត្រួតពិនិត្យ គ្រប់ជ្រុងជ្រោយ​ពី​រដ្ឋាភិបាល ក្រុមស្តាំនិយមជ្រុល របស់​លោក​បុលសូណារ៉ូ បានផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ជាច្រើន ដូចជា​សំណុំរឿង​ពុករលួយ​របស់​រដ្ឋាភិបាល បំប៉ោង​រឿងឧក្រិដ្ឋកម្ម​សម្លាប់មនុស្ស ដើម្បី​ទាក់ទាញ​ម្ចាស់ឆ្នោត។ នៅ​លើ​បណ្តាញ​សង្គម លោក​បុលសូណារ៉ូ ដែល​ធ្លាប់​ជា​ទាហាន​ឆ័ត្រយោង មិន​លាក់លៀម​ទេ ពី​កម្មវិធី​នយោបាយ​របស់លោក ដែល​នៅក្នុង​នោះ លោក​បាន​សន្យា​នឹង​បំពាក់​អាវុធ ឲ្យ​ប្រជាជន​ដើម្បី​ការពារ​ខ្លួន។ នៅក្នុង​ប្រទេស​ដែល​មាន​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​ដល់ទៅ ជាង ៦សែនករណី នៅ​ឆ្នាំ ២០១៧ កម្មវិធី​នយោបាយ​របស់លោកបុលសូណារ៉ូ​ទាក់ទាញ​ខ្លាំង​ណាស់​ប្រជាជន​ប្រេស៊ីល ដែល​អស់ជំនឿ​លើ​ការការពារ​របស់​ប៉ូលិស ទាហាន​ប្រេស៊ីល នៅចំពោះ​ការគំរាមកំហែង​របស់​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន។ លោក​បុលសូណារ៉ូ បាន​សន្យា​ផងដែរថា នឹង​កែច្បាប់ កុំ​ឲ្យ​ដាក់​ទោស​ប៉ូលិស​ដែល​បាន​បាញ់​សម្លាប់​ជនសង្ស័យ នៅពេល​កំពុង​បំពេញបេសកកម្ម ឬ​ក៏​អនុញ្ញាតិ​ឲ្យ​ប៉ូលិស​អាច​ធ្វើ​ទារុណកម្ម ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ជាដើម។

តើ​ប្រេស៊ីល​នឹងអាច​ក្លាយ​ជា​របបផ្តាច់ការ​យោធា​សា​ជាថ្មី

នៅក្នុង​បណ្តាញ​សង្គម លោក​បុលសូណារ៉ូ​មិនរារែក​នឹង​និយាយ​ថា នៅក្នុង​ការដឹកនាំ​របស់ខ្លួន របបសឹក​ប្រេស៊ីល​បាន​ប្រព្រឹត្ត​កំហុស​មួយ គឺ​បានត្រឹម​តែ​ធ្វើទារុណកម្ម ប៉ុន្តែ មិនបាន​សម្លាប់ ដែល​ជាហេតុ​ធ្វើ​ឲ្យ​កើត​មាន​ក្រុមប្រឆាំង។ ជាមួយ​នឹង​ជំហរ​នយោបាយ​បែបនេះ  ៥០​ភាគរយ​នៃ​ប្រជាជន​ប្រេស៊ីល​ដែល​គេ​បាន​សំភាសន៍​បាន​សំដែង​ការព្រួយបារម្ភ​ដែល​ថា ប្រេស៊ីល​នឹងអាច​ធ្លាក់ក្នុង​ដៃ​របស់ ​ជនអំណាច​ផ្តាច់ការ។ ប៉ុន្តែ អ្នកជំនាញ​ខាង​នយោបាយ​ប្រេស៊ីល​មួយចំនួន​វាយតម្លៃថា ទោះជា​លោក​បុលសូណារ៉ូ អាច​ជាប់ឆ្នោត កា្លយ​ជា​ប្រធានាធិបតី​ប្រេស៊ីល ប៉ុន្តែ ប្រេស៊ីល​ដែល​មាន​ស្ថាប័ន​អាយ្យការ​ឯករាជ្យ មានតុលាការ​កំពូល​មាន​សមត្ថភាព ហើយ​និង​សភា ដែល​ដំណើរការ មិន​ស្ថិតក្រោម​អំណាច​របស់​ប្រធានាធិបតី នៅតែ​អាច​ទប់ស្កាត់​មិន​ឲ្យ​លោក​បុលសូណារ៉ូ ប្រែក្លាយ​ប្រេស៊ីល​ទៅ​ជាប្រទេស​ផ្តាច់ការ​សា​ជាថ្មី​នោះទេ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ប្រេស៊ីល៖​ការបោះឆ្នោត​ប្រធានាធិបតី​បង្កប់​ដោយ​ភាព​ប្រេះឆា​ក្នុង​សង្គម និងកំណើន​​សម្លេង​របស់​គណបក្ស​ស្តាំនិយមជ្រុល

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អតីត​ប្រធានធិបតី​ប្រេស៊ីល​កំពុងជាប់​ពន្ធនាគារ ឈរ​ឈ្មោះ​បោះឆ្នោត និងចង់​តស៊ូមតិ​លើ​កញ្ចក់​ទូរទស្សន៍​

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ប្រេស៊ីល៖​លោកលូឡា​ត្រូវ​បញ្ចប់​ជីវិតនយោបាយ​នៅ​ក្នុង​ពន្ធនាគារ?

    ស្វែងយល់បន្ថែម

  • ប្រធានាធិបតីប្រេស៊ីលជាប់​ចោទ​​ពុករលួយ តុលាការ​កំពូល​បើក​អង្កេត

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ