អានតួអត្ថបទ
អាមេរិក-បោះឆ្នោត

បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​អាមេរិក៖​លោកអូបាម៉ា​ចេញ​ធ្វើ​យុទ្ធនាការ​ដោយ​វាយប្រហារ​លើ​នយោបាយ​របស់​លោកត្រាំ

នៅ​សហរដ្ឋអាមេរិក ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អង្គារ ទី៦ វិច្ឆិកា​ខាង​មុខ។ គណបក្ស​សាធារណរដ្ឋ​ដែល​កំពុង​កាន់អំណាច និង​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​បន្ត​ធ្វើ​យុទ្ធនាការ​ឃោសនា​យ៉ាង​គគ្រឹកគ្រេង។ ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​អតីត​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​វិល​ចូល​ឆាកនយោបាយ​ដើម្បី​គាំទ្រ​បេក្ខជន​ស្បែកខ្មៅ​លោក Andrew Gillum សម្រាប់​តំណែង​អភិបាលរដ្ឋ Florida។ នៅ​ក្នុង​សុន្ទរកថា​ថ្លែង​នៅ​ចំពោះ​មុខ​សកម្មជន​ក្នុង​ទីក្រុង Miami នៃ​រដ្ឋ Florida នា​ថ្ងៃ​សុក្រ ទី២ វិច្ឆិកា លោក​អូបាម៉ា​ឲ្យ​សារៈសំខាន់​លើ​ការ​បោះឆ្នោត​ខាង​មុខ និង​មិន​ញញើត​នឹង​វាយប្រហារ​លើ​នយោបាយ​ដឹក​នាំ​ដោយ​លោក​ដូណាល់ ត្រាំ​ដែល​លោក​ចាត់​ទុក​ជា​នយោបាយ​បំបែកបំបាក់​សង្គម​អាមេរិក។ តែ​អតីត​ប្រធានាធិបតី​ដែល​នៅ​មាន​ប្រជាប្រិយភាព​រូប​នេះ​មិន​បាន​និយាយ​ឈ្មោះ​លោក​ត្រាំ​ទេ។

លោកអតីតប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា
លោកអតីតប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា Reuters
ផ្សាយពាណិជ្ជកម្ម

« ថ្ងៃ​អង្គារ​នេះ​នឹង​អាច​មាន​ការ​រៀបចំ​បោះឆ្នោត​ដ៏​សំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ជីវិត​របស់​យើង។ ខ្ញុំ​ដឹង​ថា អ្នក​នយោបាយ​គ្រប់រូប​បាន​និយាយ​ពី​ការ​បោះឆ្នោត​នេះ​គ្រប់​ពេល។ តែ​លើក​នេះ គឺ​ជា​ការ​ពិត។ ព្រោះ​សហរដ្ឋអាមេរិក​បាន​ធ្វើ​ដំណើរ​មក​ដល់​ផ្លូវ​ខ្វែង​មួយ។ នៅ​ពេល​ការ​បោះឆ្នោត​រំកិល​ចូល​កាន់​តែ​ជិត ការ​ប៉ុនប៉ង​ដើម្បី​បំបែកបំបាក់​យើង​បាន​កើត​មាន​យ៉ាង​ផុសផុល​នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។

ជាមួយ​នឹង​វោរហាសាស្រ្ត​ដែល​សំដៅ​បំភិតបំភ័យ​យើង និង​ធ្វើ​ឲ្យ​យើង​បញ្ចេញ​កំហឹង។ ហើយ​រាល់​ពេល​ដែល​យើង​បាន​ធ្វើ​ការ​ជ្រើសរើស​ត្រឹមត្រូវ គឺ​ដើម្បី​ឲ្យ​ការ​រីកចម្រើន​ជា​ប្រវត្តិសាស្រ្ត​អាច​លេច​រូបរាង​ឡើង។ ដើម្បី​ឲ្យ​ការ​រីកចម្រើន​ជា​ប្រវត្តិសាស្រ្ត​អាច​លេច​រូបរាង​ឡើង​បាន យើង​មិន​ត្រូវ​អង្គុយ​ស្រួល​នៅ​មួយ​កន្លែង​ទេ តែ​យើង​ត្រូវ​ដើរ​ទៅ​មុខ យើង​ត្រូវ​កែនប្រមូល​គ្នា ហើយ​យើង​ត្រូវ​ចូលរួម​បោះឆ្នោត។

គឺ​ធ្វើ​យ៉ាង​នេះ​ហើយ​ដែល​យើង​បាន​លុបបំបាត់​ទាសភាព​នៅ​ក្នុង​ប្រទេស​នេះ គឺ​ធ្វើ​យ៉ាង​នេះ​ហើយ​ដែល​យើង​ទទួល​បាន​សិទ្ធិស្រ្តី សិទ្ធិ​ពលករ សិទ្ធិពលរដ្ឋ សិទ្ធិស្រឡាញ់ភេទ​ដូច​គ្នា និង​សិទ្ធិ​អន្តោប្រវេសន៍។ គឺ​ទាំង​អស់​នេះ​ហើយ​ដែល​ប្រវត្តិសាស្រ្ត​អាមេរិក​បាន​ក្លាយ​ជា​ប្រវត្តិសាស្រ្ត​នៃ​ភាព​រុងរឿង។ ពលរដ្ឋ​សាមញ្ញ​បាន​បញ្ចេញ​ស្នាដៃ​ដ៏​អស្ចារ្យ​ច្រើន​ណាស់។ នៅ ៤ថ្ងៃ​ទៀត លោក អ្នក​អាច​ជ្រើសរើស​ចក្ខុវិស័យ​កាន់​ធំធេង កាន់​តែ​រុងរឿង និង​កាន់​តែ​សប្បុរស​របស់​អាមេរិក »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ