អាមេរិក ៖ ហេតុផលនៃចំណាប់អារម្មណ៍ខ្លាំងនឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ២០១៨
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៩
នៅថ្ងៃទី ៦ វិច្ឆិកានេះ ប្រជាពលរដ្ឋអាមេរិកជាង២៥០លាននាក់ ត្រូវចូលរួមបោះឆ្នោតពាក់កណ្តាលអាណត្តិ ដើម្បីជ្រើសរើសសមាជិករដ្ឋសភា ព្រឹទ្ធសភា និងអភិបាលរដ្ឋមួយចំនួន។ ការបោះឆ្នោតនេះ អាចចាត់ទុកជារបត់ថ្មីនៃសករាជរបស់លោក ដូណាល់ ត្រាំ ព្រោះវាអាចនឹងមានការប្តូរផ្លាស់លំនឹងនយោបាយក្នុងប្រទេសយ៉ាងខ្លាំងតែម្តងផង។
ជាទូទៅ ការបោះឆ្នោតពាក់កណ្តាលអាណត្តិមិនសូវទាក់ទាញខ្លាំង ដូចការបោះឆ្នោតប្រធានាធិបតីទេ តែជាការបោះឆ្នោតដ៏សំខាន់ ព្រោះជាការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ដែលជាតំណាងអំណាចនីតិបញត្តិរបស់ប្រទេសផង ជាការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋ ព្រមទាំងអភិបាលក្រុង និងសមាជិកសភានៅតាមរដ្ឋនីមួយៗទៀត។
សូមអាន ៖ ចំណុចសំខាន់ៗដែលគួរដឹងជុំវិញការបោះឆ្នោតកណ្តាលអាណត្តិនៅអាមេរិក
អាសនៈរដ្ឋសភាទាំង៤៣៥ នឹងត្រូវបោះឆ្នោតរើសអ្នកតំណាងថ្មីទាំងអស់។ ឯនៅព្រឹទ្ធសភាវិញ មានការជ្រើសរើសសមាជិកថ្មីតែ១/៣ទេ។
បក្សប្រជាធិបតេយ្យ ដែលមានអាសនៈ១៩៣លើ៤៣៥ នៅសភា និងព្រឹទ្ធសភា៤៩លើអាសនៈសរុប១០០ សំលឹងឃើញថាការបោះឆ្នោតនេះ ជាឱកាសដណ្តើមយកសំឡេងភាគច្រើន ហើយបានវិលត្រលប់មកគ្រប់គ្រងសភានិងព្រឹទ្ធសភាវិញ។
សភានិងព្រឹទ្ធសភា ជាអ្នកធ្វើច្បាប់និងអនុម័តថវិកា ដែលជាធនធានចាំបាច់ក្នុងការដាក់ចេញនិងអនុវត្តនយោបាយរបស់ប្រធានាធិបតី។ ពីរឆ្នាំកន្លងមកនេះ លោកត្រាំ អាចធ្វើអ្វីបានស្រេចតែនឹងចិត្ត ព្រោះបក្សសាធារណរដ្ឋរបស់លោក មានសំឡេងភាគច្រើនទាំងនៅក្នុងសភានិងព្រឹទ្ធសភា។ តែពីរឆ្នាំទៀតខាងមុខ មិនប្រាកដថាស្រួលឡើយ
បើបក្សប្រជាធិបតេយ្យឈ្នះឆ្នោតនៅថ្ងៃនេះ នោះផលវិបាកពិតជាមានច្រើនសម្រាប់លោកត្រាំ ៖ ដំណើរការសុំទម្លាក់ប្រធានាធិបតី អាចត្រូវបានគណៈកម្មការសភាស្នើឡើង ការអង្កេតរឿងរុស្ស៊ីលូកដៃក្នុងការបោះឆ្នោតប្រធានាធិបតីអាចនឹងកាន់តែផុសឡើង។ បើព្រឹទ្ធសភា ធ្លាក់ក្នុងដៃបក្សប្រជាធិបេតយ្យទៀត នោះរាល់ការតែងតាំងចៅក្រម សមាជិករដ្ឋាភិបាល ត្រូវឆ្លងកាត់ការយល់ព្រមពីស្ថាប័ននេះទាំងអស់។
បោះឆ្នោតពាក់កណ្តាលអាណត្តិឬប្រជាមតិស្តីពីនយោបាយដឹកនាំរបស់លោកត្រាំ ?
នៅលើសន្លឹកឆ្នោតនៅថ្ងៃនេះ គ្មានសរសេរឈ្មោះ លោក ដូណាល់ ត្រាំមែន។ ប៉ុន្តែពលរដ្ឋចេញទៅបោះឆ្នោត ក្នុងន័យ និងដើម្បីបញ្ចេញសំឡេងថាគាំទ្រ ឬប្រឆាំងនឹងនយោបាយរបស់លោកដូណាល់ ត្រាំ។
ការឃោសនាមានទម្រង់ខុសប្លែកពីសព្វមួយដង! ថ្វីបើលោកដូណាល់ ត្រាំ បានចុះ ឃោសនាតាំងពីច្រើនថ្ងៃខែ ជួយបក្ស ដោយប្រើពាក្យបែបវាយប្រហារខ្លាំងដូចទម្លាប់ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីទើបផុតអាណត្តិបានចេញមុខឃោសនាការពារបក្សប្រជាធិបតេយ្យ ដោយវាយបកមួយទៅមួយមក ទល់នឹងលោកនយោបាយរបស់ដូណាល់ត្រាំ ដោយចំៗ។ វាជាការកម្រណាស់ដែលប្រធានាធិបតីចាស់ចេញមុខធ្វើឃោសនាប្រឆាំងនឹងប្រធានាធិបតីដែលទើបមកបន្តតំណែងពីខ្លួនភ្លាមយ៉ាងដូច្នេះ។
បើតាមការស្ទង់មតិវិញ ពលរដ្ឋ (៤៨%) យល់ថា ការបោះឆ្នោតថ្ងៃនេះជាប្រជាមតិស្តីពីលោកត្រាំ។ បើតាមPew Research Center ម្ចាស់ឆ្នោតជាង៦០% សេចក្តីសម្រេចបោះឆ្នោតឱ្យតំណាងបក្សប្រជាធិបតេយ្យឬបក្សសាធារណរដ្ឋ ដោយយោលទៅលើរបស់លោកត្រាំ ក្នុងនោះ៣៤%គិតចង់បោះឆ្នោតប្រឆាំង និង ២៦%ចង់គាំទ្រ។ ពោលគឺលោកត្រាំបានទទួលការគាំទ្រតិចបំផុត ពុំធ្លាប់មានប្រធានាធិបតីអាមេរិកមុនៗណាធ្លាក់កំរិតនេះទេ តាំងពីជាង៣០ឆ្នាំមក។ គ្រប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ រដ្ឋបាលកាន់អំណាច មិនសូវមានប្រជាប្រិយភាពទេ តែករណីឆ្នាំនេះកាន់តែអប្រជាប្រិយភាពជាពិសេសបន្ថែមទៀត ដោយមូលហេតុបុគ្គលប្រធានាធិបតី។
សំណាងកំពុងរង់ចាំបក្សប្រជាធិបតេយ្យ ?
ជាប្រពៃណី និងទម្លាប់ ការបោះឆ្នោតពាក់កណ្តាលអាណត្តិមិនមែនដែលប្រទានផលដល់ក្រុមប្រធានាធិបតីកាន់អំណាចទេ។ តាំងពីសង្គ្រាមលោកលើកទីពីរមក គណបក្សរបស់ប្រធានាធិបតីកាន់អំណាច តែងតែបាត់បង់អាសនៈជាមធ្យម ២៦កៅអីនៅសភា និងបួនអាសនៈនៅព្រឹទ្ធសភា។ ការបាត់បង់ច្រើនឬតិច អាស្រ័យទៅលើកំរិតប្រជាប្រិយភាពរបស់តួអង្គប្រធានាធិបតីផ្ទាល់តែម្តង។ ពេលនេះលោកត្រាំមានប្រជាប្រិយភាពត្រឹមប្រមាណ៤០%ប៉ុណ្ណោះ។ ក្នុងសម័យបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០១០ ប្រធានាធិបតីកាន់អំណាចជាលោក បារ៉ាក់ អូបាម៉ា មានប្រជាប្រិយភាពធ្លាក់ខ្លាំងដែរ តែនៅគ្រាន់បើច្រើនជាងលោកត្រាំផង បានធ្វើឱ្យគណបក្សប្រជាធិបតេយ្យពេលនោះបាត់អស់៦៣អាសនៈ នៅសភា និង៦នៅព្រឹទ្ធសភា។
សម្រាប់លើកនេះ បើតាមអ្នកវិភាគ គណបក្សប្រជាធិបតេយ្យមានសំណាង៥លើ៦ឈ្នះគណបក្សសាធារណរដ្ឋរបស់លោកត្រាំនៅសភា។ ប៉ុន្តែការដណ្តើមយកព្រឹទ្ធសភា ទំនងជាលំបាកខ្លាំងជាង ព្រោះនៅក្នុងចំណោមអាសនៈទាំង៣៥ដែលត្រូវជ្រើសរើសថ្មី មាន២៦ជារបស់អ្នកប្រជាធិបតេយ្យស្រាប់ទៅហើយ និងតែ៩ប៉ុណ្ណោះជារបស់អ្នកសាធារណរដ្ឋ។ ដូច្នេះបើតាមការគណនា សំណាងឈ្នះរបស់បក្សប្រធានាធិបតេយ្យនៅព្រឹទ្ធសផា មានត្រឹម១លើ៦ប៉ុណ្ណោះ។
ការជ្រៀតជ្រែកពីបរទេស?
តាំងពីខែកញ្ញាមក លោកដូណាល់ត្រាំ បានបរិហារជារឿយៗថា ចិនបានចូលលូកលាន់ក្នុងការបោះឆ្នោតពាក់កណ្តាលនេះ។ មិនដឹងថាតើការបរិហារនោះមកពីករណីគួរឱ្យសង្ស័យពិត ឬក៏ជាការឆ្លៀតឱកាសបន្ថែម ក្នុងពេលប្រទេសទាំងពីរកំពុងមានសង្គ្រាមពាណិជ្ជកម្មនឹងគ្នាស្រាប់ឬយ៉ាងទេ។
ប៉ុន្តែនៅថ្ងៃម្សិលមិញ ហ្វេសប៊ូក បានប្រកាសបិទគណនីអ្នកប្រើប្រាស់ប្រព័ន្ធសង្គមនេះផង ប្រព័ន្ធសង្គមចែកចាយរូបថតផង ដោយសង្ស័យថា គណនីទាំងនោះមានពាក់ព័ន្ធនឹងអត្តសញ្ញាណបរទេស ដែលមានបំណងជ្រៀតជ្រែកក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ