អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ្វី​ទៅ​ជា​គោលដៅ​ពិត​នៃ​ទណ្ឌកម្ម​អាមេរិក​លើ​អ៊ីរ៉ង់ និង​ថាតើ​អ្នក​ណា​ដែល​កំពុង​​រងគ្រោះ​ខ្លាំង​ជាង​គេ​ពី​ទណ្ឌកម្ម​នេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

៦ខែ​ក្រោយ​ពី​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​អ៊ីរ៉ង់​ចំនួន​ពីរ​ដង។ ទណ្ឌកម្ម​ទី១ បាន​ចូល​ជា​ធរមាន​តាំង​ពី​ខែ​កក្កដា និង​ទណ្ឌកម្ម​ទី២ ទើប​ចូល​ជា​ធរមាន​នា​ថ្ងៃទី៥ វិច្ឆិកា។ ទណ្ឌកម្ម​ទី២ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​ទណ្ឌកម្ម​ទី១ ព្រោះ​វា​បាន​ប៉ះ​លើ​វិស័យ​ធនាគារ ប្រេង និង​ឧស្ម័ន​ដែល​ជា​បេះដូង​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់។ សំណួរ តើ​អ្វី​ទៅ​ជា​គោលដៅ​ពិត​នៃ​ទណ្ឌកម្ម​អាមេរិក និង​ថា តើ​អ្នក​ណា​ដែល​នឹង​រងគ្រោះ​ខ្លាំង​ជាង​គេ​ពី​ទណ្ឌកម្ម​នេះ?

លោកប្រធានាធិបតីអ៊ីរ៉ង់ហាសាន រ៉ូហានី
លោកប្រធានាធិបតីអ៊ីរ៉ង់ហាសាន រ៉ូហានី REUTERS/Brendan Mcdermid /File Photo
ផ្សាយពាណិជ្ជកម្ម

មុន​នឹង​ឆ្លើយ​សំណួរ​នេះ យើង​គួរ​បក​ក្រោយ​រម្លឹក​បន្តិច​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ជា​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ចុះ​ហត្ថលេខា​ដោយ​អ៊ីរ៉ង់ និង​ប្រទេស​អាល្លឺម៉ង់ បារាំង អង់គ្លេស រុស្ស៊ី ចិន រួម​ទាំង​អាមេរិក​ក្នុង​ជំនាន់​លោក​បារ៉ាក់ អូបាម៉ា។ តែ​អាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ​បាន​ដក​ខ្លួន​ចេញ​វិញ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៨ ដោយ​លោក​ត្រាំ​យល់​ឃើញ​ថា ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់ និង​មិន​គួរ​មាន​ទេ។ អ្វី​ដែល​លោក​ត្រាំ​ស្តីបន្ទោស រករឿង​អ៊ីរ៉ង់ គឺ​ការ​ដែល​អ៊ីរ៉ង់​បាន​បន្ត​កម្មវិធី​ថាមពល​នុយក្លេអ៊ែរ បន្ត​អភិវឌ្ឍន៍​កម្មវិធី​គ្រាប់មីស៊ីលបាលីស្ទិក និង​បន្ត​លូកដៃ​គាំទ្រ​ភេរវនិយម​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ តែ​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​មិន​បាន​យល់​ឃើញ​ដូច​លោក​ត្រាំ និង​ប្តេជ្ញា​បន្ត​រក្សា​ទុក​កិច្ចព្រមព្រៀង​ឲ្យ​នៅ​ដដែល។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ត្រាំ​មិន​ឈឺ​ក្បាល និង​សម្រេចចិត្ត​ជ្រើស​ផ្លូវ​មួយ​ដើរ​តែ​ម្នាក់​ឯង​ដោយ​ត្រឡប់​ទៅ​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​អ៊ីរ៉ង់។ បន្ទាប់​ពី​បាន​បិទខ្ទប់​រាល់​ការ​ដោះដូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដោយ​ប្រើ​ប្រាក់ដុល្លារ​មក ទណ្ឌកម្ម​ទី២ បាន​វាយប្រហារ​ចំ​កណ្តាល​បេះដូង​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​តែ​ម្តង រួម​មាន ទណ្ឌកម្ម​ក្នុង​វិស័យ​ប្រេង ឧស្ម័ន និង​ធនាគារ។ ចាប់​ពី​ពេល​នេះ​ត​ទៅ មាន​តែ​ប្រទេស​ចំនួន ៨គត់ ក្នុង​នោះ​ក៏​មាន​ចិន ឥណ្ឌា និង​ជប៉ុន​ដែល​អាច​បន្ត​ទិញ​ប្រេង​អ៊ីរ៉ង់​បាន។ លោក​ត្រាំ​យល់​មិន​ច្រឡំ​ទេ​ថា មាន​តែ​ទណ្ឌកម្ម​លើ​ប្រេង​ទេ​ទើប​គេ​អាច​កាច់បំបាក់​ធ្មុង​អ៊ីរ៉ង់ និង​ធ្វើ​ឲ្យ​ប្រទេស​នាំ​ប្រេង​ចេញ​លំដាប់ទី៣ ក្នុង​លោក​មួយ​នេះ​លុតជង្គង់​បាន។

តែ​អ៊ីរ៉ង់​តាម​រយៈ​លោក​ប្រធានាធិបតី​ហាសាន រ៉ូហានី​បាន​ប្រតិកម្ម​បក​វិញ​រួច​ហើយ​ថា អ៊ីរ៉ង់​នឹង​មិន​លុតជង្គង់​ជា​ដាច់​ខាត ហើយ​អ៊ីរ៉ង់​នឹង​រិះរក​វិធី​បន្ត​លក់​ប្រេង​ដោយ​មិន​ឈឺ​ក្បាល​នឹង​ទណ្ឌកម្ម​របស់​អាមេរិក​ទេ។ ទោះ​បី​ជា​លោក​រ៉ូហានី​មិន​បាន​លំអិត​ពី​វិធី​បន្ត​លក់​ប្រេង​ដោយ​គេច​ពី​ទណ្ឌកម្ម​អាមេរិក​ក៏​ដោយ​ក៏​គេ​ដឹង​ថា លោក​រ៉ូហានី​អាង​លើ​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​ដែល​មិន​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង និង​ដែល​អ៊ីរ៉ង់​អាច​បន្ត​លក់​ប្រេង​បាន ពិសេស​លក់​ទៅ​ឲ្យ​ចិន រុស្ស៊ី ជប៉ុន និង​ប្រទេស​តួកគី។ ចំណែក​ក្រុម​ប្រទេស​អឺរ៉ុប​ក៏​បាន​ពិចារណា​រួច​ហើយ​ពី​ការ​ស្វែង​រក​យន្តការណ៍​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាក់​ដុល្លារ​ទេ។

អ្វី​ដែល​គ្រប់​គ្នា​កំពុង​សម្លឹង​មើល និង​ចោទ​សួរ​ពេល​នេះ​គឺ​ថា តើ​វិធានការ​របស់​លោក​ត្រាំ​ដែល​វ៉ៃ​អ៊ីរ៉ង់​ចំ​បេះ​ដូង​សេដ្ឋកិច្ច​ពេល​នេះ​នឹង​អាច​ទទួល​ផ្លែផ្កា​ដូច​ដែល​លោក​ត្រាំ​ចង់​បាន​ដោយ​បង្ខំ​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​កម្មវិធី​គ្រាប់មីស៊ីលបាលីស្ទិក និង​បញ្ឈប់​ការ​ប្រើ​ឥទ្ធិពល​នៅ​ក្នុង​តំបន់​ដើមបូព៌ា​ដែរ​ឬ​ទេ?។ មាន​ចម្លើយ​ខុស​គ្នា​ចំពោះ​សំណួរ​នេះ​ដោយ​អ្នក​ខ្លះ​យល់​ថា ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ធ្វើ​តាម​សំណើ​របស់​លោក​ត្រាំ​ឡើយ។ សម្រាប់​អ្នក​ខ្លះ​ទៀត​យល់​ថា កម្មវត្ថុ​របស់​លោក​ត្រាំ​មិនមែន​បង្ខំ​ឲ្យ​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​ចូល​តុចរចា​ដើម្បី​និយាយ​ពី​បញ្ហា​គ្រាប់មីស៊ីលបាលីស្ទិក ឬ​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​ទេ ហើយ​លោក​ត្រាំ​ក៏​បាន​ដឹង​ច្បាស់​ដែរ​ថា អ៊ីរ៉ង់​ក៏​មិន​ខ្ចី​យក​ត្រចៀក​ស្តាប់​លោក​ដែរ។ តែ​អ្វី​ដែល​លោក​ត្រាំ​បាន​ព្យាយាម​ធ្វើ​ពេល​នេះ គឺ​មាន​បំណង​ផ្តួលរំលំ​របបដឹកនាំ​នៅ​អ៊ីរ៉ង់​សព្វថ្ងៃ។

ការ​លើក​ឡើង​របៀប​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ប្រសិន​បើ​គេ​បក​ក្រោយ​ក្រឡេក​មើល​ពី​ទំនាក់ទំនង​រវាង​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​វ៉ាស៊ីតោន​នៅ​ក្នង​អតីតកាល។ ទន្ទឹម​គ្នា​នេះ គេ​ក៏​អាច​ប្រៀប​ប្រដូច​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ទៅ​នឹង​ទំនាក់ទំនង​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដែរ។ តែ​អ្វី​ដែល​ខុស​គ្នា​ពេល​នេះ គឺ​ការ​ដែល​ទីក្រុង​ព្យុងយ៉ាង​បាន​បន្ទន់​ឥរិយាបទ​ងាក​មក​ចរចា។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា លោក​ដូណាល់ ត្រាំ​ក៏​ធ្លាប់​បាន​ព្រមាន​កម្ទេច​កូរ៉េខាងជើង​ដែរ។ វិធានការ​ដែល​លោក​ត្រាំ​កំពុង​ធ្វើ​លើ​អ៊ីរ៉ង់​ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​វិធានការ​ខ្ចី​ដៃ​ពលរដ្ឋ​អ៊ីរ៉ង់​ដើម្បី​រំលំ​រដ្ឋាភិបាល​អ៊ីរ៉ង់​របស់​លោក​ហាសាន រ៉ូហានី។ ចូរ​កុំ​ភ្លេច​ថា ផ្ទាំងស៊ីប​របស់​លោក​ត្រាំ គឺ​បញ្ឆេះ​កំហឹង និង​ចិញ្ចឹម​ភាព​ក្តៅក្រហាយ​របស់​ពលរដ្ឋ​អ៊ីរ៉ង់​ក្រីក្រ​ឲ្យ​ងើប​បះបោរ​ប្រឆាំង​រដ្ឋាភិបាល។

លោក​ត្រាំ​ពិត​ជា​យល់​មិន​ខុស​ទេ​ព្រោះ​គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា តាំង​ពី​ការ​គំរាម​រហូត​សម្រេច​ដាក់​ទណ្ឌកម្ម​ជាក់ស្តែង​មក មាន​ក្រុមហ៊ុន​បរទេស​ធំៗ និង​អ្នកវិនិយោគ​បរទេស​គ្រាក់ៗ​ដែល​បាន​ចូល​ទៅ​បោះទុន​រកស៊ី​នៅ​អ៊ីរ៉ង់​ក្រោយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ បាន​ដក​ខ្លួន និង​កំពុង​វេចបង្វិច​ចាកចេញ​ពី​ទឹកដី​អ៊ីរ៉ង់​ជា​បណ្តើរៗ។ ចំណែក​សេដ្ឋកិច្ច​អ៊ីរ៉ង់​ដែល​ទើប​បាន​គ្រាន់​បើ​បន្តិច​ក៏​បាន​ស្គាល់​ភាព​រំជើបរំជួល​ជា​ថ្មី​តាំង​ពី​ខែ​កុម្ភៈ​មក។ គិត​តាំង​ពី​ដើម​ឆ្នាំ ២០១៨ ប្រាក់រៀល​អ៊ីរ៉ង់​បាន​បាត់បង់​តម្លៃ​ជាង ៧០% ធៀប​នឹង​ប្រាក់​ដុល្លារ។ ប្រាក់រៀល​មាន​តម្លៃ​ដូច​ក្រដាស​ដែល​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ស្លន់ស្លោ​នាំ​គ្នា​ទិញ​លុយដុល្លារ​ទុក។ អត្រា​អតិផរណា​បាន​ស្ទុះ​ឡើង​យ៉ាង​គំហុក​ជាមួយ​នឹង​តម្លៃ​ទំនិញ​គ្រប់​សារពើ​បាន​ឡើង​ថ្លៃ​ខ្ពស់។ គ្រាន់​តែ​ប៉េងប៉ោះ ១គីឡូ​បាន​ឡើង​ថ្លៃ​ពី ២១ ០០រៀល​ទៅ ៧១ ០០០រៀល។

ក្បួនបាតុកម្ម និង​កូដកម្ម​ពី​មហាជន​គ្រប់​ស្រទាប់​វណ្ណៈ​កំពុង​បន្ត​កើត​មាន​កាន់​តែ​ច្រើន​ជា​រៀងរាល់​ថ្ងៃ។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ប្រមើល​ពី​កំណើន​សេដ្ឋកិច្ច​អ៊ីរ៉ង់​ធ្លាក់​ចុះ​នៅ​ឆ្នាំ ២០១៨ និង​នៅ​ឆ្នាំ​ខាង​មុខៗ។ រដ្ឋាភិបាល​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ដោះស្រាយ​ទៅ​តាម​លទ្ធភាព​ដែល​មាន​ដោយ​សង្ឃឹម​បន្ត​លក់​ប្រេង​ទៅ​ឲ្យ​ប្រទេស​ផ្សេង ពិសេស​ចិន និង​រុស្ស៊ី​ដើម្បី​បន្ត​រស់ តែ​គេ​នៅ​ទាន់​ដឹង​ថា តើ​ការ​រស់​របៀប​នេះ​នឹង​មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ