អ្វីទៅជាគោលដៅពិតនៃទណ្ឌកម្មអាមេរិកលើអ៊ីរ៉ង់ និងថាតើអ្នកណាដែលកំពុងរងគ្រោះខ្លាំងជាងគេពីទណ្ឌកម្មនេះ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥២
៦ខែក្រោយពីបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខាឆ្នាំ ២០១៥ លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានដាក់ទណ្ឌកម្មជាថ្មីលើអ៊ីរ៉ង់ចំនួនពីរដង។ ទណ្ឌកម្មទី១ បានចូលជាធរមានតាំងពីខែកក្កដា និងទណ្ឌកម្មទី២ ទើបចូលជាធរមាននាថ្ងៃទី៥ វិច្ឆិកា។ ទណ្ឌកម្មទី២ ត្រូវបានគេចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរខ្លាំងជាងទណ្ឌកម្មទី១ ព្រោះវាបានប៉ះលើវិស័យធនាគារ ប្រេង និងឧស្ម័នដែលជាបេះដូងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់។ សំណួរ តើអ្វីទៅជាគោលដៅពិតនៃទណ្ឌកម្មអាមេរិក និងថា តើអ្នកណាដែលនឹងរងគ្រោះខ្លាំងជាងគេពីទណ្ឌកម្មនេះ?
មុននឹងឆ្លើយសំណួរនេះ យើងគួរបកក្រោយរម្លឹកបន្តិចថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ជាកិច្ចព្រមព្រៀងអន្តរជាតិមួយចុះហត្ថលេខាដោយអ៊ីរ៉ង់ និងប្រទេសអាល្លឺម៉ង់ បារាំង អង់គ្លេស រុស្ស៊ី ចិន រួមទាំងអាមេរិកក្នុងជំនាន់លោកបារ៉ាក់ អូបាម៉ា។ តែអាមេរិកក្នុងជំនាន់លោកដូណាល់ ត្រាំបានដកខ្លួនចេញវិញក្នុងខែឧសភា ឆ្នាំ ២០១៨ ដោយលោកត្រាំយល់ឃើញថា ជាកិច្ចព្រមព្រៀងដ៏អាក្រក់ និងមិនគួរមានទេ។ អ្វីដែលលោកត្រាំស្តីបន្ទោស រករឿងអ៊ីរ៉ង់ គឺការដែលអ៊ីរ៉ង់បានបន្តកម្មវិធីថាមពលនុយក្លេអ៊ែរ បន្តអភិវឌ្ឍន៍កម្មវិធីគ្រាប់មីស៊ីលបាលីស្ទិក និងបន្តលូកដៃគាំទ្រភេរវនិយមនៅក្នុងតំបន់មជ្ឈិមបូព៌ា។ តែក្រុមប្រទេសហត្ថលេខីផ្សេងមិនបានយល់ឃើញដូចលោកត្រាំ និងប្តេជ្ញាបន្តរក្សាទុកកិច្ចព្រមព្រៀងឲ្យនៅដដែល។
ទោះជាយ៉ាងនេះក្តី លោកត្រាំមិនឈឺក្បាល និងសម្រេចចិត្តជ្រើសផ្លូវមួយដើរតែម្នាក់ឯងដោយត្រឡប់ទៅដាក់ទណ្ឌកម្មជាថ្មីលើអ៊ីរ៉ង់។ បន្ទាប់ពីបានបិទខ្ទប់រាល់ការដោះដូរសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយប្រើប្រាក់ដុល្លារមក ទណ្ឌកម្មទី២ បានវាយប្រហារចំកណ្តាលបេះដូងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់តែម្តង រួមមាន ទណ្ឌកម្មក្នុងវិស័យប្រេង ឧស្ម័ន និងធនាគារ។ ចាប់ពីពេលនេះតទៅ មានតែប្រទេសចំនួន ៨គត់ ក្នុងនោះក៏មានចិន ឥណ្ឌា និងជប៉ុនដែលអាចបន្តទិញប្រេងអ៊ីរ៉ង់បាន។ លោកត្រាំយល់មិនច្រឡំទេថា មានតែទណ្ឌកម្មលើប្រេងទេទើបគេអាចកាច់បំបាក់ធ្មុងអ៊ីរ៉ង់ និងធ្វើឲ្យប្រទេសនាំប្រេងចេញលំដាប់ទី៣ ក្នុងលោកមួយនេះលុតជង្គង់បាន។
តែអ៊ីរ៉ង់តាមរយៈលោកប្រធានាធិបតីហាសាន រ៉ូហានីបានប្រតិកម្មបកវិញរួចហើយថា អ៊ីរ៉ង់នឹងមិនលុតជង្គង់ជាដាច់ខាត ហើយអ៊ីរ៉ង់នឹងរិះរកវិធីបន្តលក់ប្រេងដោយមិនឈឺក្បាលនឹងទណ្ឌកម្មរបស់អាមេរិកទេ។ ទោះបីជាលោករ៉ូហានីមិនបានលំអិតពីវិធីបន្តលក់ប្រេងដោយគេចពីទណ្ឌកម្មអាមេរិកក៏ដោយក៏គេដឹងថា លោករ៉ូហានីអាងលើក្រុមប្រទេសហត្ថលេខីផ្សេងទៀតដែលមិនបានដកខ្លួនចេញពីកិច្ចព្រមព្រៀង និងដែលអ៊ីរ៉ង់អាចបន្តលក់ប្រេងបាន ពិសេសលក់ទៅឲ្យចិន រុស្ស៊ី ជប៉ុន និងប្រទេសតួកគី។ ចំណែកក្រុមប្រទេសអឺរ៉ុបក៏បានពិចារណារួចហើយពីការស្វែងរកយន្តការណ៍ដោះដូរពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ដោយមិនចាំបាច់ប្រើប្រាក់ដុល្លារទេ។
អ្វីដែលគ្រប់គ្នាកំពុងសម្លឹងមើល និងចោទសួរពេលនេះគឺថា តើវិធានការរបស់លោកត្រាំដែលវ៉ៃអ៊ីរ៉ង់ចំបេះដូងសេដ្ឋកិច្ចពេលនេះនឹងអាចទទួលផ្លែផ្កាដូចដែលលោកត្រាំចង់បានដោយបង្ខំឲ្យអ៊ីរ៉ង់បញ្ឈប់កម្មវិធីគ្រាប់មីស៊ីលបាលីស្ទិក និងបញ្ឈប់ការប្រើឥទ្ធិពលនៅក្នុងតំបន់ដើមបូព៌ាដែរឬទេ?។ មានចម្លើយខុសគ្នាចំពោះសំណួរនេះដោយអ្នកខ្លះយល់ថា ថ្នាក់ដឹកនាំអ៊ីរ៉ង់គ្មានជម្រើសអ្វីផ្សេងក្រៅពីធ្វើតាមសំណើរបស់លោកត្រាំឡើយ។ សម្រាប់អ្នកខ្លះទៀតយល់ថា កម្មវត្ថុរបស់លោកត្រាំមិនមែនបង្ខំឲ្យថ្នាក់ដឹកនាំអ៊ីរ៉ង់ចូលតុចរចាដើម្បីនិយាយពីបញ្ហាគ្រាប់មីស៊ីលបាលីស្ទិក ឬឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់ទេ ហើយលោកត្រាំក៏បានដឹងច្បាស់ដែរថា អ៊ីរ៉ង់ក៏មិនខ្ចីយកត្រចៀកស្តាប់លោកដែរ។ តែអ្វីដែលលោកត្រាំបានព្យាយាមធ្វើពេលនេះ គឺមានបំណងផ្តួលរំលំរបបដឹកនាំនៅអ៊ីរ៉ង់សព្វថ្ងៃ។
ការលើកឡើងរបៀបនេះមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ប្រសិនបើគេបកក្រោយក្រឡេកមើលពីទំនាក់ទំនងរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីតោននៅក្នងអតីតកាល។ ទន្ទឹមគ្នានេះ គេក៏អាចប្រៀបប្រដូចទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអាមេរិកទៅនឹងទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងជើងដែរ។ តែអ្វីដែលខុសគ្នាពេលនេះ គឺការដែលទីក្រុងព្យុងយ៉ាងបានបន្ទន់ឥរិយាបទងាកមកចរចា។ តែគេក៏មិនត្រូវភ្លេចនិយាយទេថា លោកដូណាល់ ត្រាំក៏ធ្លាប់បានព្រមានកម្ទេចកូរ៉េខាងជើងដែរ។ វិធានការដែលលោកត្រាំកំពុងធ្វើលើអ៊ីរ៉ង់ពេលនេះត្រូវបានគេមើលឃើញថា គឺជាវិធានការខ្ចីដៃពលរដ្ឋអ៊ីរ៉ង់ដើម្បីរំលំរដ្ឋាភិបាលអ៊ីរ៉ង់របស់លោកហាសាន រ៉ូហានី។ ចូរកុំភ្លេចថា ផ្ទាំងស៊ីបរបស់លោកត្រាំ គឺបញ្ឆេះកំហឹង និងចិញ្ចឹមភាពក្តៅក្រហាយរបស់ពលរដ្ឋអ៊ីរ៉ង់ក្រីក្រឲ្យងើបបះបោរប្រឆាំងរដ្ឋាភិបាល។
លោកត្រាំពិតជាយល់មិនខុសទេព្រោះគេបានសង្កេតឃើញជារួមថា តាំងពីការគំរាមរហូតសម្រេចដាក់ទណ្ឌកម្មជាក់ស្តែងមក មានក្រុមហ៊ុនបរទេសធំៗ និងអ្នកវិនិយោគបរទេសគ្រាក់ៗដែលបានចូលទៅបោះទុនរកស៊ីនៅអ៊ីរ៉ង់ក្រោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ បានដកខ្លួន និងកំពុងវេចបង្វិចចាកចេញពីទឹកដីអ៊ីរ៉ង់ជាបណ្តើរៗ។ ចំណែកសេដ្ឋកិច្ចអ៊ីរ៉ង់ដែលទើបបានគ្រាន់បើបន្តិចក៏បានស្គាល់ភាពរំជើបរំជួលជាថ្មីតាំងពីខែកុម្ភៈមក។ គិតតាំងពីដើមឆ្នាំ ២០១៨ ប្រាក់រៀលអ៊ីរ៉ង់បានបាត់បង់តម្លៃជាង ៧០% ធៀបនឹងប្រាក់ដុល្លារ។ ប្រាក់រៀលមានតម្លៃដូចក្រដាសដែលបានធ្វើឲ្យពលរដ្ឋភ័យស្លន់ស្លោនាំគ្នាទិញលុយដុល្លារទុក។ អត្រាអតិផរណាបានស្ទុះឡើងយ៉ាងគំហុកជាមួយនឹងតម្លៃទំនិញគ្រប់សារពើបានឡើងថ្លៃខ្ពស់។ គ្រាន់តែប៉េងប៉ោះ ១គីឡូបានឡើងថ្លៃពី ២១ ០០រៀលទៅ ៧១ ០០០រៀល។
ក្បួនបាតុកម្ម និងកូដកម្មពីមហាជនគ្រប់ស្រទាប់វណ្ណៈកំពុងបន្តកើតមានកាន់តែច្រើនជារៀងរាល់ថ្ងៃ។ មូលនិធិរូបិយវត្ថុអន្តរជាតិបានប្រមើលពីកំណើនសេដ្ឋកិច្ចអ៊ីរ៉ង់ធ្លាក់ចុះនៅឆ្នាំ ២០១៨ និងនៅឆ្នាំខាងមុខៗ។ រដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីដោះស្រាយទៅតាមលទ្ធភាពដែលមានដោយសង្ឃឹមបន្តលក់ប្រេងទៅឲ្យប្រទេសផ្សេង ពិសេសចិន និងរុស្ស៊ីដើម្បីបន្តរស់ តែគេនៅទាន់ដឹងថា តើការរស់របៀបនេះនឹងមានរយៈពេលប៉ុន្មានឆ្នាំទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ