អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក ៖ ហេតុផលនៃ​ចំណាប់​​អារម្មណ៍​ខ្លាំង​នឹង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ ២០១៨

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃទី ៦ វិច្ឆិកា​នេះ ប្រជាពលរដ្ឋ​អាមេរិក​ជាង​២៥០​លាន​នាក់ ត្រូវ​ចូល​រួម​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ ដើម្បី​ជ្រើសរើស​សមាជិករដ្ឋ​សភា​ ព្រឹទ្ធសភា និង​អភិបាល​រដ្ឋ​មួយ​ចំនួន។ ការ​បោះឆ្នោត​នេះ​ អាច​ចាត់​ទុក​ជា​របត់​ថ្មី​នៃ​សករាជ​របស់​លោក ដូណាល់ ត្រាំ ព្រោះ​វា​អាច​នឹង​មាន​ការ​ប្តូរ​ផ្លាស់​លំនឹង​នយោបាយ​ក្នុង​ប្រទេស​យ៉ាង​ខ្លាំង​តែ​ម្តងផង។

អាមេរិក​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ថ្ងៃទី ៦ វិច្ឆិកា ២០១៨
អាមេរិក​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ថ្ងៃទី ៦ វិច្ឆិកា ២០១៨ RFI
ផ្សាយពាណិជ្ជកម្ម

​ជា​​ទូទៅ ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិមិន​សូវ​ទាក់ទាញ​ខ្លាំង​ ​ដូច​ការ​បោះឆ្នោត​ប្រធានាធិបតី​ទេ តែ​ជា​ការ​បោះឆ្នោត​ដ៏​សំខាន់ ព្រោះ​ជា​ការបោះឆ្នោត​​ជ្រើសរើស​សមាជិក​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា ដែល​ជា​តំណាង​អំណាច​នីតិបញត្តិ​របស់​ប្រទេសផង ជា​ការ​បោះឆ្នោត​ជ្រើសរើស​អភិបាលរដ្ឋ ព្រមទាំង​អភិបាល​ក្រុង និង​សមាជិក​សភា​នៅ​តាម​រដ្ឋ​នីមួយៗ​ទៀត។

សូម​អាន ៖ ចំណុច​សំខាន់ៗ​​ដែល​គួរ​ដឹង​ជុំវិញ​ការ​បោះឆ្នោត​កណ្តាលអាណត្តិ​នៅ​អាមេរិក

អាសនៈរដ្ឋ​សភា​​ទាំង​៤៣៥​ នឹង​ត្រូវ​បោះឆ្នោត​រើស​អ្នក​តំណាង​ថ្មី​ទាំង​អស់។ ឯ​នៅ​ព្រឹទ្ធសភា​វិញ មាន​ការ​ជ្រើសរើស​សមាជិក​ថ្មី​តែ​១/៣​ទេ។ ​

បក្សប្រជាធិបតេយ្យ​ ដែល​មាន​អាសនៈ១៩៣​លើ​៤៣៥ នៅ​សភា និង​ព្រឹទ្ធ​សភា៤៩លើអាសនៈ​សរុប១០០ សំលឹង​ឃើញ​ថា​​​ការ​បោះឆ្នោត​នេះ ជា​ឱកាស​​ដណ្តើមយក​​សំឡេង​ភាគ​ច្រើន ហើយ​បាន​វិល​ត្រលប់​មក​គ្រប់គ្រង​សភា​និង​ព្រឹទ្ធសភា​វិញ។

​សភា​និង​ព្រឹទ្ធ​សភា ជា​អ្នក​ធ្វើ​ច្បាប់​និ​ងអនុម័ត​ថវិកា​ ដែល​ជា​ធនធាន​ចាំបាច់​ក្នុង​ការ​ដាក់ចេញ​និង​អនុវត្តនយោបាយ​របស់​ប្រធានាធិបតី។ ពីរ​ឆ្នាំ​កន្លង​មក​នេះ លោក​ត្រាំ​ អាច​ធ្វើ​អ្វី​បាន​ស្រេច​តែ​នឹង​ចិត្ត ព្រោះបក្ស​សាធារណរដ្ឋ​របស់​លោក​ មាន​សំឡេងភាគ​ច្រើន​ទាំង​នៅ​ក្នុង​​សភា​និង​ព្រឹទ្ធ​សភា​។ តែ​ពីរ​ឆ្នាំ​ទៀត​ខាង​មុខ​ មិន​ប្រាកដ​ថា​ស្រួល​ឡើយ

បើ​បក្ស​ប្រជាធិបតេយ្យ​ឈ្នះ​ឆ្នោត​នៅ​ថ្ងៃ​នេះ នោះផលវិបាក​ពិត​ជា​មាន​ច្រើន​សម្រាប់​លោក​ត្រាំ ៖ ​ដំណើរការ​សុំ​ទម្លាក់​ប្រធានាធិបតី ​អាច​ត្រូវ​បាន​គណៈកម្មការសភា​ស្នើ​ឡើង ការ​អង្កេត​រឿង​រុស្ស៊ី​លូក​ដៃ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាច​នឹង​កាន់​តែ​ផុស​ឡើង។ ​បើ​​​ព្រឹទ្ធ​សភា​ ធ្លាក់​ក្នុង​ដៃ​បក្ស​ប្រជាធិបេតយ្យ​ទៀត នោះ​​រាល់​ការ​តែង​តាំង​ចៅក្រម​ សមាជិក​រដ្ឋាភិបាល​ ត្រូវ​ឆ្លង​កាត់​ការ​យល់​ព្រមពី​ស្ថាប័ន​នេះ​ទាំង​អស់។

បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ឬ​ប្រជាមតិ​ស្តី​ពី​នយោបាយ​ដឹកនាំ​របស់​លោក​ត្រាំ​ ?

នៅ​លើ​សន្លឹក​​​ឆ្នោត​នៅ​ថ្ងៃ​នេះ​ គ្មាន​សរសេរ​ឈ្មោះ​ លោក ដូណាល់ ត្រាំ​មែន។ ប៉ុន្តែ​​​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ ​ក្នុង​​ន័យ​ និង​ដើម្បី​បញ្ចេញ​​សំឡេងថា​​គាំទ្រ ឬ​ប្រឆាំង​នឹង​នយោបាយ​​របស់​លោក​ដូណាល់ ត្រាំ។

​ការ​ឃោសនា​មាន​ទម្រង់​ខុស​ប្លែក​ពី​សព្វ​មួយ​ដង! ថ្វី​បើ​លោក​​ដូណាល់ ត្រាំ​ បាន​ចុះ​ ​ឃោសនា​​តាំង​ពី​ច្រើន​ថ្ងៃខែ ជួយ​បក្ស​ ដោយ​ប្រើ​ពាក្យ​បែប​វាយប្រហារ​ខ្លាំង​ដូច​ទម្លាប់ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​ទើប​ផុត​អាណត្តិ​បាន​ចេញ​មុខ​ឃោសនា​ការពារ​បក្ស​ប្រជាធិបតេយ្យ ដោយ​វាយបក​​មួយ​ទៅ​មួយមក​ ទល់​នឹង​លោកនយោបាយ​របស់​​ដូណាល់ត្រាំ ដោយ​ចំៗ។ វា​ជា​ការ​កម្រ​ណាស់​ដែល​ប្រធានាធិបតីចាស់​ចេញ​មុខ​ធ្វើ​ឃោសនា​ប្រឆាំង​នឹង​ប្រធានាធិបតី​ដែល​ទើប​មក​បន្ត​តំណែង​ពី​ខ្លួន​ភ្លាម​យ៉ាង​ដូច្នេះ​។

បើ​តាម​ការ​ស្ទង់​មតិវិញ ​ពលរដ្ឋ​ (៤៨%​) យល់​ថា ការ​បោះឆ្នោតថ្ងៃ​នេះ​ជា​​ប្រជាមតិ​ស្តី​ពី​លោក​ត្រាំ។ បើតាម​Pew Research Center ម្ចាស់​ឆ្នោត​ជាង​៦០% សេចក្តី​សម្រេចបោះឆ្នោត​ឱ្យ​តំណាង​​បក្ស​ប្រជាធិបតេយ្យ​ឬ​បក្ស​សាធារណរដ្ឋ ដោយយោល​ទៅ​លើ​របស់​លោក​ត្រាំ ក្នុង​នោះ​៣៤%គិត​ចង់​បោះឆ្នោត​ប្រឆាំ​ង​ និង​ ២៦%​ចង់​គាំទ្រ។ ពោល​គឺ​លោក​ត្រាំ​បាន​ទទួល​ការ​គាំទ្រ​តិច​បំផុត​ ពុំ​ធ្លាប់​មាន​ប្រធានាធិបតី​អាមេរិក​មុនៗ​ណា​ធ្លាក់​កំរិត​នេះ​ទេ តាំង​ពី​ជាង​៣០​ឆ្នាំមក។ ​គ្រប់​ការ​​បោះឆ្នោត​ពាក់កណ្តាលអាណត្តិ​​ រដ្ឋបាល​កាន់​អំណាច មិន​សូវ​មាន​ប្រជាប្រិយភាព​ទេ តែ​ករណី​ឆ្នាំ​នេះ​កាន់​តែអប្រជាប្រិយភាព​ជា​ពិសេស​បន្ថែម​ទៀត ដោយមូលហេតុ​​បុគ្គល​ប្រធានាធិបតី​។

សំណាង​កំពុង​រង់ចាំ​​បក្ស​ប្រជាធិបតេយ្យ​ ?

ជា​ប្រពៃណី និង​ទម្លាប់​ ការ​បោះឆ្នោតពាក់កណ្តាល​អាណត្តិ​មិនមែន​ដែល​ប្រទាន​ផល​ដល់​ក្រុមប្រធានាធិបតីកាន់​អំណាច​ទេ។ តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ​មក គណបក្ស​របស់​ប្រធានាធិបតី​កាន់​អំណាច តែង​តែ​បាត់បង់​អាសនៈ​ជាមធ្យម ២៦កៅអីនៅ​សភា និង​បួន​អាសនៈ​នៅ​ព្រឹទ្ធសភា។ ការ​បាត់​បង់​ច្រើន​ឬ​តិច អាស្រ័យ​ទៅ​លើកំរិត​​ប្រជាប្រិយភាព​របស់​តួ​អង្គ​ប្រធានាធិបតី​ផ្ទាល់​តែ​ម្តង។​ ពេល​នេះ​លោក​ត្រាំ​មាន​ប្រជាប្រិយភាព​ត្រឹម​ប្រមាណ​៤០%​ប៉ុណ្ណោះ។ ក្នុង​សម័យ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ឆ្នាំ​២០១០ ប្រធានាធិបតី​កាន់​អំណាចជា​លោក បារ៉ាក់ ​អូបាម៉ា មាន​​ប្រជាប្រិយភាពធ្លាក់​​ខ្លាំង​ដែរ តែ​នៅ​គ្រាន់​បើ​ច្រើន​ជាង​លោក​ត្រាំ​ផង បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​ពេល​នោះ​បាត់អស់​៦៣អាសនៈ​ នៅសភា និង​៦​នៅ​ព្រឹទ្ធសភា។

​សម្រាប់​លើក​នេះ បើតាម​អ្នក​វិភាគ គណបក្ស​ប្រជាធិបតេយ្យ​មាន​សំណាង​៥លើ៦​ឈ្នះ​​គណបក្ស​សាធារណរដ្ឋ​​របស់​លោកត្រាំ​​នៅ​សភា។ ប៉ុន្តែការ​ដណ្តើមយកព្រឹទ្ធសភា ទំនង​ជា​លំបាក​ខ្លាំង​ជាង ព្រោះ​នៅ​ក្នុង​ចំណោម​អាសនៈ​ទាំង​៣៥​ដែល​ត្រូវ​ជ្រើសរើស​ថ្មី មាន​២៦​ជារបស់​អ្នក​ប្រជាធិបតេយ្យ​ស្រាប់​ទៅ​ហើយ និង​តែ​៩​ប៉ុណ្ណោះ​ជារបស់​អ្នក​សាធារណរដ្ឋ។ ដូច្នេះ​បើ​តាម​ការ​គណនា សំណាង​ឈ្នះ​របស់​បក្ស​ប្រធានាធិបតេយ្យ​នៅ​ព្រឹទ្ធសផា មាន​ត្រឹម​១លើ​៦​ប៉ុណ្ណោះ។

​ការ​ជ្រៀតជ្រែក​ពី​បរទេស​?

តាំង​ពី​ខែ​កញ្ញា​មក លោក​ដូណាល់ត្រាំ បាន​បរិហារ​ជារឿយៗ​ថា ចិន​បាន​ចូល​លូក​លាន់​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្តាល​នេះ។ មិន​ដឹង​ថា​តើ​ការបរិហារ​នោះ​មក​ពីករណី​គួរ​ឱ្យ​សង្ស័យ​ពិត ឬ​ក៏​ជា​ការ​ឆ្លៀត​ឱកាស​បន្ថែម ក្នុង​ពេល​ប្រទេស​ទាំង​ពីរ​កំពុង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​គ្នា​ស្រាប់​ឬ​យ៉ាង​ទេ។

ប៉ុន្តែ​នៅ​ថ្ងៃម្សិលមិញ ហ្វេសប៊ូក បាន​ប្រកាស​បិទ​គណនី​អ្នក​ប្រើប្រាស់ប្រព័ន្ធ​សង្គម​នេះ​ផង ប្រព័ន្ធ​សង្គម​ចែកចាយ​រូប​ថត​ផង ដោយ​សង្ស័យ​ថា គណនីទាំង​នោះ​មាន​ពាក់ព័ន្ធ​នឹង​អត្តសញ្ញាណ​បរទេស ​ដែលមាន​បំណង​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ