ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT

អាមេរិក៖​លទ្ធផល​បោះឆ្នោត​ពាក់កណ្តាលអាណត្តិ​បាន​ធ្វើ​ឲ្យ​អាមេរិក​កាន់​តែ​ប្រេះឆាថែមទៀត?

អាមេរិក៖​លទ្ធផល​បោះឆ្នោត​ពាក់កណ្តាលអាណត្តិ​បាន​ធ្វើ​ឲ្យ​អាមេរិក​កាន់​តែ​ប្រេះឆាថែមទៀត?
 
នៅ​អាមេរិក ​លទ្ធផល​បោះឆ្នោត​ពាក់កណ្តាលអាណត្តិ​បាន​ធ្វើ​ឲ្យ​អាមេរិក​កាន់​តែ​ប្រេះឆាថែមទៀត? ©REUTERS/Scott Morgan

នៅ​អាមេរិក លទ្ធផល​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នា​ថ្ងៃ​អង្គារ ទី៦ វិច្ឆិកា​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា ចំណែក​គណបក្សសាធារណរដ្ឋ​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បន្ត​រក្សា​សម្លេង​ភាគច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​ដដែល។ លោក​ដូណាល់ ត្រាំ​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ដោយ​បាន​ចាត់​ទុក​ជា​ជោគជ័យ​ដ៏​ធំធេង តែ​មិន​បាន​លើក​ឡើង​ពី​ការ​បាត់បង់​សម្លេង​ភាគច្រើន​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​សភា​ទេ។

យ៉ាង​ណា​ក៏​ដោយ លទ្ធផល​នៃ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​អាមេរិក​ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ធ្វើ​ឲ្យ​សង្គម​អាមេរិក​ដែល​កំពុង​ប្រេះឆា​ស្រាប់​នឹង​រឹត​តែ​បែកបាក់​ថែម​ទៀត។

ជោគជ័យ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សភា​ពេល​នេះ​ជា​រឿង​គ្រប់​គ្នា​បាន​ទន្ទឹង​រង់ចាំ ម​ទាំង​រូប​លោក​ដូណាល់ ត្រាំ​ផង។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ដោយ​គេ​សំអាង​លើ​ហេតុផល​ចំនួន​ពីរ ទី១ គឺ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ជា​បន្តបន្ទាប់​កន្លង​មក​ដែល​បាន​បញ្ជាក់​ពី​ការ​ដណ្តើម​កាន់កាប់​រដ្ឋសភា​របស់​គណបក្ស​ប្រជាធិបតេយ្យ និង​ការ​ដែល​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ដូណាល់ ត្រាំ​បន្ត​រក្សា​សម្លេង​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា។ ហេតុផល​ទី២ គឺ​ជា​ទនៀមទម្លាប់​ប្រពៃណី​នៃ​ការ​បោះឆ្នោត​របស់​អាមេរិក។ គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា​នៅ​ពេល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ដំបូង មិន​ថា​រូប​ប្រធានាធិបតី​ជាប់ឆ្នោត​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ឬ​គណបក្ស​សាធារណរដ្ឋ​ទេ គឺ​គណបក្ស​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​តែង​ទទួល​បាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា។

តែ​នៅ​ពេល​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ពោល​ក្រោយ​ពី​ការ​កាន់អំណាច​រយៈពេល ២ឆ្នាំ​របស់​ប្រធានាធិបតី គណបក្ស​របស់​ប្រធានាធិបតី​តែង​បាត់បង់​សម្លេង​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា។ ជាក់ស្តែង​នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់កណ្តាលអាណត្តិ​នៃ​អាណត្តិ​ទី២ របស់​លោក​អូបាម៉ា គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អូបាម៉ា​ទទួល​បាន ១៨៨អសនៈ ហើយ​គណបក្ស​សាធារណរដ្ឋ​ទទួល​បាន​ដល់​ទៅ ២៤៧អសនៈ​ក្នុង​ចំនួន​អសនៈ​ទាំង ៤៣៥ នៅ​ក្នុង​រដ្ឋសភា។ ក្នុង​ឆ្នាំ ២០១៦ ដែល​ជា​ឆ្នាំ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី និង​ដែល​លោក​ដូណាល់ ត្រាំ​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​ជាប់​ឆ្នោត គណបក្ស​សាធារណរដ្ឋ​ទទួល​បាន ២៣៦អសនៈ ហើយ​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​តែ ១៩៣អសនៈ។

នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៃ​អាណត្តិទី១ របស់​លោក​ត្រាំ​ពេល​នេះ គណបក្សប្រជាធិបតេយ្យ​បាន​ក្រសោក​យក​សម្លេង​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា​វិញ។ លទ្ធផល​មួយ​ភាគ​ធំ​បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​សម្លេង​ភាគ​ច្រើន​ដោយ​យក​បាន​អសនៈ​យ៉ាង​តិច​ចំនួន ២១៨ ក្នុង​ចំនួន​អសនៈ​សរុប ៤៣៥ នៅ​រដ្ឋសភា។ គួរ​បញ្ជាក់​ថា ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ជា​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​ទាំង ៤៣៥រូប​នៅ​ក្នុង​រដ្ឋសភា និង​ជា​ការ​ជ្រើសរើស​សមាជិកព្រឹទ្ធសភា​ថ្មី​ចំនួន ១ភាគ៣ នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​សរុប ១០០នាក់។

គណបក្ស​សម្លេង​ភាគច្រើន​បោះដៃ​រក​គណបក្ស​សម្លេង​ភាគតិច​នៅ​សភា

ចាប់​ពី​ពេល​នេះ​ត​ទៅ លោក​ដូណាល់ ត្រាំ និង​គណបក្ស​សាធារណរដ្ឋ​មិន​អាច​ជិះសេះ​លែងដៃ​ដូច​មុន​ទៀត​ឡើយ ឬ​គេ​អាច​និយាយ​បែប​ម្យ៉ាង​ទៀត​ថា លោក​ត្រាំ​មិន​អាច​ធ្វើ​អ្វី និង​សម្រេច​អ្វី​តាម​ចិត្ត​ដែល​លោក​ចង់​ធ្វើ​នោះ​ទេ។ ប្រធានាធិបតី និង​ព្រឹទ្ធសភា​បាន​ស្ថិត​ក្នុង​ដៃ​គណបក្ស​សាធារណរដ្ឋ តែ​រដ្ឋសភា​បែរ​ជា​បាន​ស្ថិត​ក្នុង​ដៃ​គណបក្ស​ប្រជាធិបតេយ្យ​ទៅ​វិញ វា​ពិត​ជា​មិន​ងាយស្រួល​ទេ​ក្នុង​ការ​ដឹង​នាំ ហើយ​ក៏​គ្មាន​រូប​ប្រធានាធិបតី​ណា​ម្នាក់​ចង់​ឃើញ​រូបភាព​បែប​នេះ​ដែរ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី គណបក្ស​សាធារណរដ្ឋ ពិសេស​លោក​ដូណាល់ ត្រាំ និង​គណបក្ស​ប្រជាធិបតេយ្យ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ធ្វើ​ការ​ចាប់ដៃ​រួម​គ្នា​ទេ នោះ​បើ​ពួក​គេ​មិន​ចង់​ឃើញ​សង្គម​អាមេរិក​ដែល​កំពុង​បែកបាក់​ស្រាប់​រឹតតែ​បែកបាក់​ខ្លាំង​ជាង​សព្វថ្ងៃ​នោះ។

គេ​សង្កេត​ឃើញ​ថា​ក្នុង​រយៈពេល​នៃ​ការ​តំណែង ២ឆ្នាំ​របស់​លោក​ដូណាល់ ត្រាំ សង្គម​អាមេរិក​មាន​ការ​បែកបាក់​ខ្លាំង​ណាស់។ នៅ​ម្ខាង គឺ​ការ​បែកបាក់​រវាង​ក្រុម​អ្នកសាធារណរដ្ឋ និង​ក្រុម​អ្នកប្រជាធិបតេយ្យ ហើយ​នៅ​ម្ខាង​ទៀត គឺ​ការ​បែកបាក់​នៅ​ផ្ទៃក្នុង​រវាង​អ្នកសាធារណរដ្ឋ​គ្នា​ឯង​ក៏​ដូច​ជា​ជា​រវាង​អ្នកប្រជាធិបតេយ្យ។ យ៉ាង​ណា​ក៏​ដោយ លោកស្រី​ណាន់ស៊ី ប៉េឡូស៊ី​ដែល​ជា​ប្រធាន​ក្រុម​សម្លេង​ភាគច្រើន​មក​ពី​បក្សប្រជាធិបតេយ្យ​ក្នុង​រដ្ឋសភា​ហាក់​បាន​បោះដៃ​រក​បក្ស​សាធារណរដ្ឋ​រួច​ជា​ស្រេច​ដោយ​សន្យា​ធ្វើ​ការ​ជាមួយ​លោក​ដូណាល់ ត្រាំ​ក្នុង​ផលប្រយោជន៍​រួម​ឆ្ពោះ​ទៅ​បង្រួបបង្រួម​ពលរដ្ឋ​អាមេរិក​ឡើង​វិញ។

លោកស្រី​ណាន់ស៊ី ប៉េឡូស៊ី​បាន​យល់​ឃើញ​ថា សង្គម​អាមេរិក​សព្វថ្ងៃ​ហាក់​បាន​ប្រេះឆា​ខ្លាំង​ជ្រុល​ដែល​គេ​មិន​គួរ​ចាក់សាំង​ដុត​បន្ថែម​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គណបក្សប្រជាធិបតេយ្យ​ដែល​មាន​ទឹកមាត់​ប្រៃ​ឡើង​វិញ​នៅ​ក្នុង​សភា​ពេល​នេះ​គ្រោង​ឆ្កឹះ និង​ពិនិត្យមើល​លើ​សំណុំរឿង​អាទិភាព​មួយ​ចំនួន​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​លោក​ត្រាំ​បាន​ព្យាយាម​កប់ចោល ឬ​សើរើ ពិសេស​ទាក់ទង​នឹង​សេវា​ធានាសុខភាព។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​ប្រឈម​មុខ និង​ការ​ប្រទាញប្រទង់​ដាក់​គ្នា​ក្នុង​ការ​បោះឆ្នោត​លើ​គម្រោង​ផែនការ​នេះ ឬ​ផែនការ​នោះ​ជា​រឿង​ចៀស​មិន​រួច​រវាង​សភា​នៅ​ខាង​អ្នកប្រជាធិបតេយ្យ និង​ព្រឹទ្ធសភា​នៅ​ខាង​អ្នកសាធារណរដ្ឋ។

មុខមាត់​អ្នកតំណាងរាស្រ្ត​ថ្មី​នៅ​ក្នុង​រដ្ឋសភា​ថ្មី

ការ​ដណ្តើម​កាន់កាប់​បាន​រដ្ឋសភា​ពី​គណបក្ស​ប្រជាធិបតេយ្យ​ពេល​នេះ​ជា​ជ័យជម្នះ​មួយ​ដែល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​សមាជិក​សភា​វ័យក្មេង មាន​ស្រ្តី​ច្រើន និង​ភាព​សម្បូរបែប​នៃ​ពលរដ្ឋ​អាមេរិក។ ជាក់ស្តែង​នៅ​ក្នុង​រដ្ឋ Michigan និង​រដ្ឋ Minnesota សមាជិក​សភា​ជាប់ឆ្នោត​ថ្មី​មក​ពី​គណបក្សប្រជាធិបតេយ្យ​ជា​ស្ត្រី​វ័យ ៣០ឆ្នាំ​ប្លាយ និង​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម។ ម្នាក់​ជា​មេធាវី​ឈ្មោះ Rashida Tlaib ដែល​មាន​ឱពុកម្តាយ​ជា​ជនភៀសខ្លួន​ប៉ាឡេស្ទីន និង​ម្នាក់​ទៀត​ជា​សកម្មជន​ឈ្មោះ Ilhan Omar ដែល​បាន​ចាប់​កំណើត​ក្នុង​ទឹកដី​នៃ​ប្រទេស​សូម៉ាលី។ តែ​ស្រ្តី​វ័យ​ក្មេង​ជាង​គេ​ដែល​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត​អាមេរិក​មក​ពី​បក្សប្រជាធិបតេយ្យ​ពេល​នេះ​មាន​ឈ្មោះ Alexandria Ocasio-Cortez ដែល​ទើប​មាន​អាយុ ២៩ឆ្នាំ និង​ជា​កូន​អ្នក​ធ្វើ​ការ​ផ្នែក​បោស សំអាត។

ក្រៅ​ពី​នោះ និង​ជា​លើកទី១ រដ្ឋសភា​ថ្មី​ពេល​នេះ​ក៏​មាន​វត្តមាន​ស្រ្តីអ្នកស្រឡាញ់ភេទ​ដូច​គ្នា​ឈ្មោះ Sharice Davids។ ទន្ទឹម​គ្នា​នេះ និង​ជា​លើកទី១ អ្នក​ស្រឡាញ់ភេទ​ដូច​គ្នា​លោក Jared Polis មក​ពី​គណបក្សប្រជាធិបតេយ្យ​បាន​ក្លាយ​ជា​អភិបាល​រដ្ឋ Colorado ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អាមេរិក ៖ ហេតុផលនៃ​ចំណាប់​​អារម្មណ៍​ខ្លាំង​នឹង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ ២០១៨

    ស្វែងយល់បន្ថែម

  • ចំណុចសំខាន់ៗ​ដែល​គួរ​ដឹង​ជុំវិញ​ការ​បោះឆ្នោត​កណ្តាលអាណត្តិ​នៅ​អាមេរិក

    ស្វែងយល់បន្ថែម

  • ឈ្វេងយល់ពីការបោះឆ្នោតកណ្តាលអាណត្តិអាមេរិក៖ អភិបាលរដ្ឋ (វីដេអូ)

    ស្វែងយល់បន្ថែម

  • អាមេរិក-បោះឆ្នោត

    បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​អាមេរិក៖​លោកអូបាម៉ា​ចេញ​ធ្វើ​យុទ្ធនាការ​ដោយ​វាយប្រហារ​លើ​នយោបាយ​របស់​លោកត្រាំ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ