អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖​ហេតុអ្វី​បាន​ជា​លោក​ដូណាល់ ត្រាំ​កំចាត់​លោក Jeff Sessions ពី​តំណែង​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​ដក​តំណែង​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ពី​លោក Jeff Sessions។ លោក​ត្រាំ​បាន​ប្រាប់​ដំណឹង​មួយ​នេះ​តាម​រយៈ​សារ​នៅ​ក្នុង​បណ្តាញសង្គម Twitter របស់​លោក។ ការ​បញ្ឈប់​តំណែង​លោក Jeff Sessions ត្រូវ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត​ពាក់កណ្តាលអាណត្តិ​ដែល​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ត្រាំ​បាន​បាត់បង់​សម្លេង​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា តែ​បាន​កើន​សម្លេង​បន្ថែម​នៅ​ក្នុង​ព្រឹទ្ធសភា។ ប្រតិកម្ម​នៃ​ការ​ដក​តំណែង​លោក​ Jeff Sessions បាន​បន្ត​ធ្លាក់​មក​ជា​បន្តបន្ទាប់ មាន​ទាំង​ពី​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ទើប​ទទួល​បាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា។ ខណៈ​នេះ តំណែង​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ត្រូវ​បាន​លោក​ត្រាំ​ប្រគល់​ឲ្យ​លោក Matthew Whitaker កាន់​ជា​បណ្តោះអាសន្ន។

លោក​ប្រធានាធិបតី​អាមេរិក Donald Trump និង​លោក​រដ្ឋមន្រ្តី​យុត្តិធម៌ Jeff Sessions ថ្ងៃទី១៥ ធ្នូ ឆ្នាំ ២០១៧
លោក​ប្រធានាធិបតី​អាមេរិក Donald Trump និង​លោក​រដ្ឋមន្រ្តី​យុត្តិធម៌ Jeff Sessions ថ្ងៃទី១៥ ធ្នូ ឆ្នាំ ២០១៧ Nicholas Kamm / AFP
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​លោក​ដូណាល់ ត្រាំ​បាន​បញ្ឈប់​លោក Jeff Sessions ពី​តំណែង​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​មិន​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ ឬ​អាច​ថា​ជា​រឿង​ដែល​គ្រប់​គ្នា​បាន​ទន្ទឹង​រង់ចាំ រួម​ទាំង​រូប​លោក​ Jeff Sessions ខ្លួន​ឯង​ផង។ ជា​ផ្លូវការ លោក​ដូណាល់ ត្រាំ​បាន​យល់ព្រម​តាម​លិខិត​សុំ​លា​ចុះ​ពី​តំណែង​របស់​លោក Jeff Sessions ដែល​នៅ​ក្នុង​លិខិត​នោះ​មិន​បាន​ចុះ​ថ្ងៃ​ខែ​ទេ តែ​នៅ​ក្រៅ​ផ្លូវការ​វិញ គឺ​លោក​ Jeff Sessions បាន​សុខចិត្ត​ចុះ​ចេញ​ពី​តំណែង​តាម​សំណើ​របស់​លោក​ដូណាល់ ត្រាំ។ បើ​និយាយ​តាម​ភាសា​សាមញ្ញ លោក Sessions ត្រូវ​បាន​លោក​ត្រាំ​បង្ខំ​ឲ្យ​ដក​ខ្លួន​ចេញ។ បន្ទាប់​ពី​ត្រូវ​បាន​លោក​ត្រាំ​ជ្រើស​ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​នា​ដើម​ខែ​កុម្ភៈ ឆ្នាំ ២០១៧ លោក Jeff Sessions ក៏​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​លោក​ត្រាំ​ក្នុង​ខែ​មីនា​ឆ្នាំ ២០១៧ ពោល​ក្រោយ​ពី​លោក Sessions បាន​ដក​ខ្លួន​ចេញ​ពី​ការ​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស​លោក Robert Mueller លើ​រឿងរ៉ាវ​ជាប់​ពាក់ព័ន្ធ​រវាង​រុស្ស៊ី និង​ក្រុម​ឃោសនា​បោះឆ្នោត​របស់​លោក​ត្រាំ​នៅ​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦។

សូម​ជម្រាប​ថា បន្ទាប់​ពី​បាន​ដក​ខ្លួន​ចេញ​ដោយសារ​តែ​មាន​ជាប់​ពាក់ពន័្ធ​នឹង​រឿងរ៉ាវ​មួយ​នេះ​ដែរ លោក​ Sessions ក៏​បាន​ចាត់តាំង​លោក Rod Rosenstein ដែល​ជា​អនុរដ្ឋមន្រ្តី​ឲ្យ​ទទួល​បន្ទុក​គ្រប់គ្រង​លើ​ការងារ​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស​លោក Robert Mueller។ ទង្វើ​មួយ​នេះ​ត្រូវ​បាន​លោក​ត្រាំ​ចាត់​ទុក​លោក Sessions ជា​រដ្ឋមន្រ្តី​ទន់ខ្សោយ និង​គ្មាន​សមត្ថភាព​ការពារ​រូប​លោក។ នៅ​ដើម​ខែ​សីហា​កន្លង​ទៅ​ថ្មីៗ​នេះ លោក​ត្រាំ​ក៏​បាន​ស្នើ​លោក Sessions ឲ្យ​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​របស់​លោក​រដ្ឋអាជ្ញាពិសេស Robert Mueller ដែរ តែ​គ្មាន​ចម្លើយ​អ្វី​ពី​លោក Sessions ឡើយ។ មាន​អាយុ ៧១ឆ្នាំ លោក Sessions ក៏​ជា​មនុស្ស​ជំនិត​ម្នាក់​របស់​លោក​ត្រាំ​ដែល​បាន​ចេញ​មុខ​គាំទ្រ​បេក្ខជន​លោក​ត្រាំ​នៅ​ក្នុង​សម័យ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦។

លោក Matthew Whitaker ​ជា​នរណា?

មាន​អាយុ ៤៩ឆ្នាំ លោក Matthew Whitaker ជា​នាយកខុទ្ទកាល័យ​នៅ​ក្នុង​ក្រសួង​យុត្តិធម៌ អតីត​រដ្ឋអាជ្ញាសហព័ន្ធ និង​ធ្លាប់​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រកួតប្រជែង​ក្នុង​បក្សសាធារណរដ្ឋ​ដើម្បី​តំណែង​អភិបាល​រដ្ឋ Iowa។ នៅ​ក្នុង​ខែ​សីហា ឆ្នាំ ២០១៧ លោក Matthew Whitaker ធ្លាប់​បាន​ចុះ​ផ្សាយ​បទអត្ថាធិប្បាយ​មួយ​នៅ​ក្នុង​កាសែត​ទាក់ទង​នឹង​ដំណើរការ​ស៊ើបអង្កេត​របស់​លោក​រដ្ឋអាជ្ញាពិសេស Robert Mueller លើ​រឿងរ៉ាវ​ជាប់​ពាក់ព័ន្ធ​រវាង​រុស្ស៊ី និង​ក្រុម​ឃោសនា​បោះឆ្នោត​របស់​លោក​ត្រាំ​នៅ​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦។ នៅ​ក្នុង​បទអត្ថាធិប្បាយ​កាល​ណោះ លោក Matthew បាន​ស្តីពី​បន្ទោស​លោក Mueller ពី​បទ​បាន​ផ្តោត​ការ​ស៊ើបអង្កេត​លើ​ហិរញ្ញវត្ថុ​របស់​លោក​ត្រាំ ហើយ​បាន​ស្នើ​លោក Rod Rosenstein ដែល​ជា​អនុរដ្ឋមន្រ្តី​យុត្តិធម៌​ឲ្យ​កម្រិត​អំណាច​ស៊ើបអង្កេត​របស់​លោក Mueller។

លោក Matthew បាន​យល់​ឃើញ​ថា ដំណើរការ​ស៊ើបអង្កេត​របស់​លោក Mueller ហាក់​ជ្រុល​បន្តិច។ ក្រោយ​ពី​បាន​ទទួល​តំណែង​រដ្ឋមន្រ្តី​ភ្លាម ទោះ​បណ្តោះអាសន្ន​ក្តី លោក Matthew បាន​សន្យា​ដឹកនាំ​ក្រសួង​យុត្តិធម៌​ដោយ​ទទួល​បញ្ជា និង​ស្តាប់​តាម​ការ​ណែនាំ​របស់​ថ្នាក់​លើ។ តាម​រយៈ​ពាក្យសម្តី​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ថា លោក Matthew នឹង​ចូល​ខ្លួន​អន្តរាគមន៍​លើ​ការ​ស៊ើបអង្កេត​របស់​លោក Mueller ហើយ​រូប​លោក​ត្រាំ​យល់​មិន​ច្រឡំ​ទេ​ថា ជម្រើស​របស់​គាត់​ពិត​ជា​មិន​ខុស​ឡើយ។ ចំណែក​មធ្យោបាយ​ឃោសនា​មហាជន​អាមេរិក​ផ្សេង​ទៀត​ក៏​បាន​យល់​ឃើញ​ដូច​គ្នា​ថា ជាមួយ​នឹង​វត្តមាន​លោក Matthew ជា​រដ្ឋមន្រ្តី​យុត្តិធម៌ ការ​ស៊ើបអង្កេត​របស់​លោក Mueller អាច​នឹង​ត្រូវ​រឹតត្បិត។

គណបក្សប្រជាធិបតេយ្យ​បរិហារ​លើ​ការ​ព្យាយាម​លូកដៃ​របស់​លោក​ត្រាំ

ក្រៅ​ពី​ប្រតិកម្ម​របស់​គណបក្សប្រជាធិបតេយ្យ​ដែល​ទើប​ទទួល​បាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា​នា​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នា​ថ្ងៃ​អង្គារ ៦ វិច្ឆិកា ក៏​គេ​ឃើញ​មាន​ប្រតិកម្ម​ពី​គណបក្សសាធារណរដ្ឋ​របស់​លោក​ដូណាល់ ត្រាំ​ដែរ។ អ្វី​ដែល​ពួក​អ្នក​សាធារណរដ្ឋ​ខ្លះ​ចង់​បាន គឺ​ការ​បន្ត​ការងារ​ស៊ើបអង្កេត​របស់​លោក​រដ្ឋអាជ្ញាពិសេស Mueller ដល់​ទីបញ្ចប់​ដើម្បី​ចង់​ដឹង​ថា តើ​រុស្ស៊ី​មាន​បាន​លូកដៃ​កកូរកកាយ​រឿង​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦ ឬ​អត់។ ចំណែក​នៅ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​វិញអ្នក​ខ្លះ​បាន​ទាមទារ​ឲ្យ​រដ្ឋមន្រ្តី​យុត្តិធម៌​ថ្មី​លោក Matthew ដក​ខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ពី​ការ​ស៊ើបអង្កេត​របស់​លោក Mueller។

ចំណែក​អ្នក​ខ្លះ​ទៀត​បាន​បរិហារ​លោក​ត្រាំ​ចាស់​ដៃ​ពី​ការ​ដែល​លោក​បាន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​លោក Mueller។ ទន្ទឹម​គ្នា​នេះ ក្រុម​អ្នកប្រជាធិបតេយ្យ​ដែល​ទើប​មាន​ទឹកមាត់ប្រៃ​ឡើង​វិញ​នៅ​ក្នុង​រដ្ឋសភា​ក៏​ចង់​ស្វែង​រក​សាក្សី និង​ឯកសារ​ដើម្បី​ចង់​ដឹង​ថា តើ​មាន​ភស្តុតាង​ដែល​អាច​បញ្ជាក់​ពី​ការ​រារាំង​របស់​លោក​ត្រាំ​លើ​ដំណើរការ​ស៊ើបអង្កេត​របស់​លោក Mueller ដែរ ឬ​អត់?។ រឿងរ៉ាវ​បន្ទាប់​នឹង​មាន​អ្វី​ខ្លះ​នោះ គេ​ត្រូវ​រង់ចាំ​មើល​នា​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ