ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/12 12h00 GMT
អាមេរិក

សំណុំរឿងខាស្ហូហ្ស៊ី ៖ អាមេរិក​មិនឱ្យ​អ្នក​បញ្ជា​ឃាតកម្ម​រួច​​ខ្លួន​ទេ

media  
អ្នកកាសែត Jamal Khashoggi ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ស្ថានកុងស៊ុល​ក្រុងអ៊ីស្តង់ប៊ូល AFP/Mohammed Al-Shaikh

លោក Mike Pence អនុប្រធានាធិបតី​អាមេរិក បាន​ប្រកាស​សន្យា​នៅ​ថ្ងៃសៅរ៍​ទី​១៧ វិច្ឆកា​នេះ​​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​ឱ្យ​អ្នក​ទទួល​ខុស​ត្រូវ​​​លើឃាតកម្ម​សម្លាប់អ្នកកាសែត​ Jamal Khashoggi បាន​រួច​ខ្លួន​ទេ។ ប្រតិកម្ម​របស់​លោក ធ្លាក់​មក ​បន្ទាប់​ពីកាសែត​​វ៉ាស៊ីនតោនប៉ុស្តិ៍ បាន​ផ្សព្វផ្សាយ​សេចក្តី​សន្និដ្ឋាន​​របស់​ភ្នាក់ងារ​ចារកិច្ច​អាមេរិក CIA ថា​រាជទាយាទ​អារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ បេនសាល់ម៉ាន ជា​អ្នក​បញ្ជា​ឃាតកម្ម​នោះ។

ពី​ជំនួប​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក ហៅកាត់​ថា​ APEC​ លោក​អនុប្រធានាធិបតី​អាមេរិក បាន​អះអាង​ថា អាមេរិក​នឹង​បន្ត​តាម​ដាន​សំណុំ​រឿង​​នេះ ហើយ​អាមេរិក​​ដាច់​ខាត វែក​រក​​​មុខ​អ្នក​បញ្ជា​លើ​​ឃាតកម្ម​សម្លាប់អ្នក​កាសែត​ ខាស្ហូហ្ស៊ី ឱ្យ​មកប្រឈម​នឹង​ការពិត ! ​លោក Mike Pence បាន​បដិសេធ​មិន​​ធ្វើ​អត្ថាធិប្បាយ​​ចំពោះ​ព័ត៌មាន​ទាក់ទង​នឹង​ការ​បញ្ចប់​​​សំណុំ​រឿង​​ឃាតកម្ម​នេះ​ទេ តែ​បាន​ចាត់ទុកការ​ធ្វើ​ឃាត​អ្នក​កាសែត​ជាតិ​អារ៉ាប៊ីសាអូឌីត​ថា​ជាទង្វើ​ដ៏​ព្រៃផ្សៃ​ និង​ជា​ការ​ប្រមាថ​សារព័ត៌មាន​សេរីនិង​ឯករាជ្យ។

សូម​បញ្ជាក់​ថា ​លោក​អនុប្រធានាធិបតី​អាមេរិក​បាន​បញ្ចេញ​ប្រតិកម្ម​បែប​នេះ ក្រោយ​ពី​សារព័ត៌មាន​Washington Post ដែល​តែង​តែ​រិះគន់​ក្រុង​រីយ៉ាដ​នោះ បាន​ចុះ​ផ្សាយ​លទ្ធផល​ស្រាវ​ជ្រាវ​របស់​CIA ថា ឃាតកម្ម​សម្លាប់​អ្នក​កាសែត​ខាស្ហូហ្ស៊ី ស្ថិត​ក្រោម​ការ​បញ្ជា​របស់​រាទាយាទ​ម៉ូហាម៉េដ បេនសាល់ម៉ាន។

​CIAអង្កេត​បាន​ការណ៍​ច្រើន​ មាន​ជាអាទិ៍​ទំនាក់ទំនង​តាម​ទូរស័ព្ទ​រវាង ខាលីដ បេនសាល់ម៉ាន (​បងឬប្អូន​ប្រុស​រាជទាយាទ) ជាមួយ​ឯកអគ្គរាជ​ទូតអារ៉ាប៊ីសាអូឌីត​ប្រចាំ​សហរដ្ឋ​អាមេរិក​​ និង​លោក ខាស្ហូហ្ស៊ី។ រាជបុត្រ​ខាលីដ​បេន​សាល់ម៉ាន បាន​​ណែនាំ​ឱ្យ​លោក​ខាស្ហូហ្ស៊ី​ធ្វើ​ដំណើរ​ទៅ​ស្ថានកុងស៊ុល​​នៅ​ក្រុង​អ៊ីស្តង់ប៊ូល​ ដោយ​ធានា​ថា​នឹង​គ្មាន​អ្វី​កើត​ឡើង​ទេ។ ប៉ុន្តែ​គេ​មិន​ច្បាស់​ទេ​​ថា​តើក្រោយ​មក​​រាជបុត្រ​ខាលីដ បេន សាល់មែនដែល​ទូរស័ព្ទតាម​បញ្ជា​បង​ ដឹង​អំពីគម្រោង​​ឃាតកម្ម​​លើ​រូប​លោក​ខាស្ហូហ្ស៊ី​ដែរឬអត់​ទេ។

ការ​ទម្លាយ​ព័ត៌មាន​​របស់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​​ អាចធ្វើ​ឱ្យ​ទំនាក់ទំនង​​រវាង​អាមេរិក​និង​អារ៉ាប៊ីសាអូឌីត​ តាន​តឹង​បន្ថែម​ទៀត​។ អារ៉ាប៊ីសាអូឌីត​បាន​បដិសេធ​រួច​ហើយ​មិន​ឱ្យ​មាន​អង្កេត​អន្តរជាតិទេ។ ហើយ​​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ រាជ​អាជ្ញាអារ៉ាប៊ី​អូឌីត បាន​ប្រកាស​ថា​រាជទាយាទ​ មហាម៉េដ បេនសាល់ម៉ាន គ្មាន​ពាក់ព័ន្ធនឹង​ឃាតកម្ម​លើ​អ្នក​កាសែត​នេះឡើយ។

ជាសម្ព័ន្ធមិត្ត​របស់​ក្រុង​រីយ៉ាដ វ៉ាស៊ីនតោន​បាន​ប្រកាសដាក់​ទណ្ឌកម្ម​​ជនជាតិ​អារ៉ាប៊ីសាអូឌីត​ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​​ឃាតកម្ម​នេះ​ ចំនួន​១៧​នាក់រួច​ហើយ​​។ សភា​អាមេរិក​ក៏​បាន​ចាត់​វិធានការ​​បង្ការ​ដ៏ធ្ងន់​ធ្ងរ​ប្រឆាំង​នឹង​រាជាណាចក្រ​នេះ​ទៀត។ ប៉ុន្តែ​​​អាមេរិក នៅ​តែប្រឹង​ស្វែង​រក​មធ្យោបាយ​​គ្រប់​យ៉ាង​រក្សា​ភាព​ជា​ដៃគូ​ខ្លាំង​និង​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​អារ៉ាប៊ីសាអូឌីត​ ដើម្បី​ប្រឈម​នឹង​មហិច្ឆតា​របស់​អ៊ីរ៉ង់។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក Mike Pence ពី​ប៉ាពូអាស៊ីនូវែលហ្គីណេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ