អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហរដ្ឋអាមេរិក កំពុងច្បាំងទល់នឹង ខ្សែបំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅអាល្លឺម៉ង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខ្សែបំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅអាល្លឺម៉ង់ ក្រោមឈ្មោះថា Nord Stream -2 ដែលសង់ឡើង បានជាង ២០០ គ.ម.ទៅហើយ ពីក្នុងចំណោមប្រវែង ជាង ១.២០០ គ.ម. ដែលបែកចេញពីឆ្នេរប្រទេស រុស្ស៊ី លូនតាមបាតសមុទ្របាល់ទិក ទៅកាន់ឆ្នេរប្រទេសអាល្លឺម៉ង់ ត្រូវសម្ពោធនៅដំណាច់ឆ្នាំ​ក្រោយ-ឆ្នាំ ២០១៩ ។ ប៉ុន្តែ សហរដ្ឋអាមេរិក នៅតែបន្តដំឡើងសម្លេងគម្រាមថានឹងដាក់ទណ្ឌកម្ម ចំពោះការ​សាង​សង់ ” ស្ពានឧស្ម័នតាមបាតសមុទ្រ”នេះ។  

លោក​​ប្រធានាធិបតី​រុស្សី​ពូទីន​ថ្លែង​សារទៅ​កាន់​ប្រជាជាតិ​រុស្សី​នៅ​​ថ្ងៃ​ទី​៣១ធ្នូ​​២០១៤​
លោក​​ប្រធានាធិបតី​រុស្សី​ពូទីន​ថ្លែង​សារទៅ​កាន់​ប្រជាជាតិ​រុស្សី​នៅ​​ថ្ងៃ​ទី​៣១ធ្នូ​​២០១៤​ . REUTERS/Alexei Druzhinin
ផ្សាយពាណិជ្ជកម្ម

នេះជាខ្សែបំពង់បង្ហូរឧស្ម័នដ៏រកាំរកូសនាំឲ្យមានការទាស់ទែងគ្នា។ បំពង់នេះ ដែលតម្លៃសាងសង់វា តម្រូវឲ្យចំណាយជាង ៩.០០០ លាន អឺរ៉ូ បង្កឲ្យមានការបែកបាក់ប្រេះឆាគ្នា ក្នុងសហភាពអឺរ៉ុប ព្រមទាំង បញ្ឆេះ កំហឹងក្រុងវ៉ាស៊ីនតោនតែម្តង។ ឈ្មោះរបស់វាគឺ ៖ Nord Stream -2 មានប្រវែង ១.២៣០ គម ដែល វែងជាងគេនៅក្នុងលោក ទុកសម្រាប់ភ្ជាប់ប្រទេសរុស្ស៊ី ទៅនឹងប្រទេស​អាល្លឺម៉ង់​ តាមបាតសមុទ្របាល់ទិក។ គោលដៅវា គឺបង្ហូរឧស្ម័នរុស្ស៊ី ទៅផ្គត់ផ្គងដល់តម្រូវការ​ទ្វីប​អឺរ៉ុប​ចំណាស់វ័យ ជាពិសេស ប្រទេសអាល្លឺម៉ង់ ដែលបានសន្យាបិទឲ្យឈប់ដំណើរការ ស្ថានីយ​អគ្គិសនី​ណាដែលដើរដោយ ថាមពលនុយក្លេអ៊ែរ។

ប៉ុន្តែ គំនិតផ្តួចផ្តើមនេះ ស្រាប់តែញ៉ាំងឲ្យប្រទេសជាច្រើនទាស់ចិត្តទៅវិញ។ ជាបឋម គឺ សរអា ដែលដៀលត្មះ អឺរ៉ុប ថា ដាក់ខ្លួនឯងឲ្យក្នុងអនាគតអាស្រ័យនឹងថាមពលរបស់ម៉ូស្គូ។ សេតវិមាន បានប្រកាសទៅហើយថា នឹងដាក់ទណ្ឌកម្ម ពួកមេនាំអាទ៏បំផុសចេញមក គម្រោងថាមពលនេះ។ ឯកអគ្គរដ្ឋទូត សរអា ប្រចាំ សហភាពអឺរ៉ុប លោក Gordon Sondland បានព្រមានទៅហើយថា ៖ ក្រុងវ៉ាស៊ីនតោន នៅមិនទាន់ប្រើ អស់នៅឡើយ រាល់ឧបករណ៍ដែលខ្លួនមាន ដើម្បីបញ្ឈប់​ការ​សាង​សង់​នោះ។ សរអា មិនចង់ឃើញ រុស្ស៊ី ស្រាប់តែ អាចបិទ Robinet ឈប់បង្ហូរឧស្ម័ន ទៅអឺរ៉ុប កាលណា​មានវិបត្តិនយោបាយ កើតឡើង ចំ រដូវធ្លាក់ ទឹកកក ដែលពេញរងា។

តាមពិត Nord Stream -2 ជា អាវុធនយោបាយ។ ជាបឋម ពីព្រោះប្រទេសអាល្លឺម៉ង់ ចាប់ពីអំណើះ​តទៅ ​នឹងនាំចូល គឺដល់ទៅ ២ភាគ៣ នៃបរិមាណឧស្ម័នពី ក្រុមហ៊ុនយក្សរុស្ស៊ី Gazprom ។ បន្ទាប់មក គឺ អ៊ុយក្រែន ដែលនឹងបាត់បង់ចំណូល ក្នុងទឹកប្រាក់ ២.៨០០ លាន ដុល្លារ ក្នុង១ឆ្នាំៗ ដែលបានមកតាម រយៈ សេវាបង្ហូរឧស្ម័នរុស្ស៊ី កាត់តាមដែនដីខ្លួនទៅកាន់បណ្តាប្រទេសអឺរ៉ុប។ ទឹកប្រាក់បាត់បង់មនេះ គឺ ស្មើនឹង ៣% នៃ ផលិតផលក្នុងស្រុកសរុប  របស់អ៊ុយ​ក្រែន ហេតុដែល​នាំ​​ឲ្យវិមានក្រេមឡាំង រីកថ្លើម សប្បាយចិត្ត ចំពោះ កង្វះខាតនេះ ក្នុងថវិកាផុយស្រួយ នៃពួកអ្នក​កាន់​អំណាចនៅក្រុងគៀវសព្វថ្ងៃ។

គំនិតលាក់លៀមពាណិជ្ជកម្ម

អាជ្ញាធរប៉ូឡូញ ប្រឆាំងប្តូរប្តេជ្ញ ទល់នឹងគម្រោងនេះ ដោយចាត់ទុកវា ជាគ្រោះថ្នាក់ដល់​សន្តិសុខ​របស់​ រដ្ឋអ៊ុយក្រែន។ ​នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានថ្លែងជាអាទិ៍​ក្នុង​សន្និសីទ​មួយ នៅក្រុងអាល្លឺម៉ង់  Hambourg  ៖ ក្រោយពី រុស្ស៊ី លែងត្រូវការដែនដីប្រទេសជិត​ខាង​ខ្លួន​ សម្រាប់បង្ហូរ ឧស្ម័ន ឆ្លងកាត់ដូចមុនៗទៀត តើមានអ្វីដែលអាចរាំងរា លោក វ៉្លាឌីមៀរ ពូទីន កុំ​ឲ្យ​លុកចូលទៅចាប់យក ក្រុងគៀវ? តាមយោបល់ក្រុង Varsovie ទាំងបក្សសម្ព័ន្ធអូតង់ ក៏ជា ស៊ីប្ល របស់ម៉ូស្គូដែរ គឺថា ៖ រុស្ស៊ីនឹង ឆ្លៀតធ្វើ ប្រតិបត្តិការល្បាតនៅ តំបន់បាល់ទិកទាំងមូល - ការនេះ ទស្សន៍ទាយទុកជាមុន ដោយ រដ្ឋមន្ត្រី ការបរទេសប៉ូឡូញ លោក Jacek Czaputowicz។

ទឡ្ហីករណ៍នានា លើកឡើងយ៉ាងងាយ ដោយលោក ដូណាល់ ត្រាំ។ ប៉ុន្តែ អមដោយ គំនិត​លាក់​លៀម ​ពាណិជ្ជកម្ម។ មែនទែនទៅ ប្រធានាធិបតីអាមេរិកាំង ប្រាថ្នារកឲ្យបាន ទីផ្សារថ្មីៗ សម្រាប់​ការ​​នាំចេញឧស្ម័ន ធម្មជាតិ ផលិតដោយបណ្តាក្រុមហ៊ុនអាមេរិកាំង ហើយដែលរហូតមកទល់ឥឡូវ សកម្មតែនៅតាមទីផ្សារ អាមេរិកខាងត្បូង និង ទីផ្សារអាស៊ី។ គ្មានន័យនឹង អំពុលទុក្ខលោកស្រី មែរគេល ឡើយ។ លោកស្រី នាយក រដ្ឋមន្ត្រីអាល្លឺម៉ង់ បានបញ្ជាក់ជាថ្មី ពីការគាំទ្ររបស់ខ្លួន ដល់​គម្រោង​នេះ ពេលជួបជាមួយលោក ប្រធានាធិបតីរុស្ស៊ី ពូទីន កាលពីខែសីហា។ បើទិញឧស្ម័នពី សរអា ដឹកមកតាមកប៉ាល់សមុទ្រ ហើយត្រូវ សង់ កំពង់ផែពិសេស សម្រាប់ទទួលឧស្ម័ននេះ គឺ ទាមទារឲ្យបង់ថ្លៃច្រើនជាង ។

ក្រុមហ៊ុនដ៏ឆើតរបស់បារាំង Engie ចូលរួមដែរក្នុងគម្រោង

ក្នុងលិខិតចំហមួយច្បាប់ តំណាងរាស្ត្រអាល្លឺម៉ង់ ៩០ នាក់ ទទូចលោកស្រី មែរគេល ឲ្យបោះបង់​គម្រោង​ Nord Stream -2 នោះទៅ។ ពួកគេសរសេរជាអាទ៏ ៖ លោកស្រី បង្កើតឡើងជា ស្នាមភ្លោះ ញែកឲ្យ បែកបាក់គ្នា ក្នុងចំណោមប្រទេស-សមាជិកសហភាពអឺរ៉ុប ខណៈដែលជាង​ពេលណា​មុនៗ​ទាំង​អស់ យើងត្រូវការ ឲ្យមានការរួបរួមគ្នា។

ទន្ទឹមនឹងប៉ូឡូញ ស្ថិតនៅក្នុង” ជំរំដែលប្រឆាំង” នឹង Nord Stream -2 គឺមានគ្រប់តែ ៣ ប្រទេស​បាល់ទិក  អង់គ្លេស និង ដាណឺម៉ាក-ប្រទេស ដែលមិនព្រមអនុញ្ញាត ឲ្យខ្សែបំពង់បង្ហូរឧស្ម័ននេះ សាង​សង់កាត់តាម ដែនទឹក របស់ខ្លួន។

ក៏ប៉ុន្តែ ប្រទេសបារាំង នៅរក្សាទុក គោលជំហរម៉ឺងម៉ាត់របស់ខ្លួន ទោះបី ទើសទាស់ដោយ ទំនាក់​ទំនង​ ឯកសិទ្ធិ ជាមួយក្រុង ប៊ែរឡាំង និង ដោយ ការចូលរួមនៃក្រុមហ៊ុនឧស្សាហកម្ម ដ៏ឆើត​របស់​ខ្លួន​ ឈ្មោះ Engie ដែលបានវិនិយោគ ក្នុងទំហំ ដល់ទៅ ១០% ទៅក្នុងគម្រោងនេះ។

ដោយរង់ចាំ ទណ្ឌកម្មជាយថាហេតុពីខាង សរអា បំពង់ចំនួនជិត ១៧.០០០ ដើម ត្រូវបានផ្សារ​ភ្ជាប់គ្នា​ បានចម្ងាយ ២០០ គម ទៅហើយ ឥឡូវលូនតាមបាតសមុទ្របាល់ទិក ដោយកាលណា​សង់​រួច​ស្រេចបាច់ នៅដំណាច់ឆ្នាំ ២០១៩ នឹងមានប្រវែងដល់ ១.២៣០ គម នៃខ្សែ Nord Stream -2 រួចក្នុងពិធីសម្ពោធវា ប្រាកដជា នឹងមានការវត្តមានមានមុខដោយផ្ទាល់ នៃលោកស្រី អង់ហ្គេឡា មែរគេល និង លោក វ៉្លាឌីមៀរ ពូទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ