សហរដ្ឋអាមេរិក កំពុងច្បាំងទល់នឹង ខ្សែបំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅអាល្លឺម៉ង់
ចុះផ្សាយនៅថ្ងៃ៖
ខ្សែបំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅអាល្លឺម៉ង់ ក្រោមឈ្មោះថា Nord Stream -2 ដែលសង់ឡើង បានជាង ២០០ គ.ម.ទៅហើយ ពីក្នុងចំណោមប្រវែង ជាង ១.២០០ គ.ម. ដែលបែកចេញពីឆ្នេរប្រទេស រុស្ស៊ី លូនតាមបាតសមុទ្របាល់ទិក ទៅកាន់ឆ្នេរប្រទេសអាល្លឺម៉ង់ ត្រូវសម្ពោធនៅដំណាច់ឆ្នាំក្រោយ-ឆ្នាំ ២០១៩ ។ ប៉ុន្តែ សហរដ្ឋអាមេរិក នៅតែបន្តដំឡើងសម្លេងគម្រាមថានឹងដាក់ទណ្ឌកម្ម ចំពោះការសាងសង់ ” ស្ពានឧស្ម័នតាមបាតសមុទ្រ”នេះ។
នេះជាខ្សែបំពង់បង្ហូរឧស្ម័នដ៏រកាំរកូសនាំឲ្យមានការទាស់ទែងគ្នា។ បំពង់នេះ ដែលតម្លៃសាងសង់វា តម្រូវឲ្យចំណាយជាង ៩.០០០ លាន អឺរ៉ូ បង្កឲ្យមានការបែកបាក់ប្រេះឆាគ្នា ក្នុងសហភាពអឺរ៉ុប ព្រមទាំង បញ្ឆេះ កំហឹងក្រុងវ៉ាស៊ីនតោនតែម្តង។ ឈ្មោះរបស់វាគឺ ៖ Nord Stream -2 មានប្រវែង ១.២៣០ គម ដែល វែងជាងគេនៅក្នុងលោក ទុកសម្រាប់ភ្ជាប់ប្រទេសរុស្ស៊ី ទៅនឹងប្រទេសអាល្លឺម៉ង់ តាមបាតសមុទ្របាល់ទិក។ គោលដៅវា គឺបង្ហូរឧស្ម័នរុស្ស៊ី ទៅផ្គត់ផ្គងដល់តម្រូវការទ្វីបអឺរ៉ុបចំណាស់វ័យ ជាពិសេស ប្រទេសអាល្លឺម៉ង់ ដែលបានសន្យាបិទឲ្យឈប់ដំណើរការ ស្ថានីយអគ្គិសនីណាដែលដើរដោយ ថាមពលនុយក្លេអ៊ែរ។
ប៉ុន្តែ គំនិតផ្តួចផ្តើមនេះ ស្រាប់តែញ៉ាំងឲ្យប្រទេសជាច្រើនទាស់ចិត្តទៅវិញ។ ជាបឋម គឺ សរអា ដែលដៀលត្មះ អឺរ៉ុប ថា ដាក់ខ្លួនឯងឲ្យក្នុងអនាគតអាស្រ័យនឹងថាមពលរបស់ម៉ូស្គូ។ សេតវិមាន បានប្រកាសទៅហើយថា នឹងដាក់ទណ្ឌកម្ម ពួកមេនាំអាទ៏បំផុសចេញមក គម្រោងថាមពលនេះ។ ឯកអគ្គរដ្ឋទូត សរអា ប្រចាំ សហភាពអឺរ៉ុប លោក Gordon Sondland បានព្រមានទៅហើយថា ៖ ក្រុងវ៉ាស៊ីនតោន នៅមិនទាន់ប្រើ អស់នៅឡើយ រាល់ឧបករណ៍ដែលខ្លួនមាន ដើម្បីបញ្ឈប់ការសាងសង់នោះ។ សរអា មិនចង់ឃើញ រុស្ស៊ី ស្រាប់តែ អាចបិទ Robinet ឈប់បង្ហូរឧស្ម័ន ទៅអឺរ៉ុប កាលណាមានវិបត្តិនយោបាយ កើតឡើង ចំ រដូវធ្លាក់ ទឹកកក ដែលពេញរងា។
តាមពិត Nord Stream -2 ជា អាវុធនយោបាយ។ ជាបឋម ពីព្រោះប្រទេសអាល្លឺម៉ង់ ចាប់ពីអំណើះតទៅ នឹងនាំចូល គឺដល់ទៅ ២ភាគ៣ នៃបរិមាណឧស្ម័នពី ក្រុមហ៊ុនយក្សរុស្ស៊ី Gazprom ។ បន្ទាប់មក គឺ អ៊ុយក្រែន ដែលនឹងបាត់បង់ចំណូល ក្នុងទឹកប្រាក់ ២.៨០០ លាន ដុល្លារ ក្នុង១ឆ្នាំៗ ដែលបានមកតាម រយៈ សេវាបង្ហូរឧស្ម័នរុស្ស៊ី កាត់តាមដែនដីខ្លួនទៅកាន់បណ្តាប្រទេសអឺរ៉ុប។ ទឹកប្រាក់បាត់បង់មនេះ គឺ ស្មើនឹង ៣% នៃ ផលិតផលក្នុងស្រុកសរុប របស់អ៊ុយក្រែន ហេតុដែលនាំឲ្យវិមានក្រេមឡាំង រីកថ្លើម សប្បាយចិត្ត ចំពោះ កង្វះខាតនេះ ក្នុងថវិកាផុយស្រួយ នៃពួកអ្នកកាន់អំណាចនៅក្រុងគៀវសព្វថ្ងៃ។
គំនិតលាក់លៀមពាណិជ្ជកម្ម
អាជ្ញាធរប៉ូឡូញ ប្រឆាំងប្តូរប្តេជ្ញ ទល់នឹងគម្រោងនេះ ដោយចាត់ទុកវា ជាគ្រោះថ្នាក់ដល់សន្តិសុខរបស់ រដ្ឋអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានថ្លែងជាអាទិ៍ក្នុងសន្និសីទមួយ នៅក្រុងអាល្លឺម៉ង់ Hambourg ៖ ក្រោយពី រុស្ស៊ី លែងត្រូវការដែនដីប្រទេសជិតខាងខ្លួន សម្រាប់បង្ហូរ ឧស្ម័ន ឆ្លងកាត់ដូចមុនៗទៀត តើមានអ្វីដែលអាចរាំងរា លោក វ៉្លាឌីមៀរ ពូទីន កុំឲ្យលុកចូលទៅចាប់យក ក្រុងគៀវ? តាមយោបល់ក្រុង Varsovie ទាំងបក្សសម្ព័ន្ធអូតង់ ក៏ជា ស៊ីប្ល របស់ម៉ូស្គូដែរ គឺថា ៖ រុស្ស៊ីនឹង ឆ្លៀតធ្វើ ប្រតិបត្តិការល្បាតនៅ តំបន់បាល់ទិកទាំងមូល - ការនេះ ទស្សន៍ទាយទុកជាមុន ដោយ រដ្ឋមន្ត្រី ការបរទេសប៉ូឡូញ លោក Jacek Czaputowicz។
ទឡ្ហីករណ៍នានា លើកឡើងយ៉ាងងាយ ដោយលោក ដូណាល់ ត្រាំ។ ប៉ុន្តែ អមដោយ គំនិតលាក់លៀម ពាណិជ្ជកម្ម។ មែនទែនទៅ ប្រធានាធិបតីអាមេរិកាំង ប្រាថ្នារកឲ្យបាន ទីផ្សារថ្មីៗ សម្រាប់ការនាំចេញឧស្ម័ន ធម្មជាតិ ផលិតដោយបណ្តាក្រុមហ៊ុនអាមេរិកាំង ហើយដែលរហូតមកទល់ឥឡូវ សកម្មតែនៅតាមទីផ្សារ អាមេរិកខាងត្បូង និង ទីផ្សារអាស៊ី។ គ្មានន័យនឹង អំពុលទុក្ខលោកស្រី មែរគេល ឡើយ។ លោកស្រី នាយក រដ្ឋមន្ត្រីអាល្លឺម៉ង់ បានបញ្ជាក់ជាថ្មី ពីការគាំទ្ររបស់ខ្លួន ដល់គម្រោងនេះ ពេលជួបជាមួយលោក ប្រធានាធិបតីរុស្ស៊ី ពូទីន កាលពីខែសីហា។ បើទិញឧស្ម័នពី សរអា ដឹកមកតាមកប៉ាល់សមុទ្រ ហើយត្រូវ សង់ កំពង់ផែពិសេស សម្រាប់ទទួលឧស្ម័ននេះ គឺ ទាមទារឲ្យបង់ថ្លៃច្រើនជាង ។
ក្រុមហ៊ុនដ៏ឆើតរបស់បារាំង Engie ចូលរួមដែរក្នុងគម្រោង
ក្នុងលិខិតចំហមួយច្បាប់ តំណាងរាស្ត្រអាល្លឺម៉ង់ ៩០ នាក់ ទទូចលោកស្រី មែរគេល ឲ្យបោះបង់គម្រោង Nord Stream -2 នោះទៅ។ ពួកគេសរសេរជាអាទ៏ ៖ លោកស្រី បង្កើតឡើងជា ស្នាមភ្លោះ ញែកឲ្យ បែកបាក់គ្នា ក្នុងចំណោមប្រទេស-សមាជិកសហភាពអឺរ៉ុប ខណៈដែលជាងពេលណាមុនៗទាំងអស់ យើងត្រូវការ ឲ្យមានការរួបរួមគ្នា។
ទន្ទឹមនឹងប៉ូឡូញ ស្ថិតនៅក្នុង” ជំរំដែលប្រឆាំង” នឹង Nord Stream -2 គឺមានគ្រប់តែ ៣ ប្រទេសបាល់ទិក អង់គ្លេស និង ដាណឺម៉ាក-ប្រទេស ដែលមិនព្រមអនុញ្ញាត ឲ្យខ្សែបំពង់បង្ហូរឧស្ម័ននេះ សាងសង់កាត់តាម ដែនទឹក របស់ខ្លួន។
ក៏ប៉ុន្តែ ប្រទេសបារាំង នៅរក្សាទុក គោលជំហរម៉ឺងម៉ាត់របស់ខ្លួន ទោះបី ទើសទាស់ដោយ ទំនាក់ទំនង ឯកសិទ្ធិ ជាមួយក្រុង ប៊ែរឡាំង និង ដោយ ការចូលរួមនៃក្រុមហ៊ុនឧស្សាហកម្ម ដ៏ឆើតរបស់ខ្លួន ឈ្មោះ Engie ដែលបានវិនិយោគ ក្នុងទំហំ ដល់ទៅ ១០% ទៅក្នុងគម្រោងនេះ។
ដោយរង់ចាំ ទណ្ឌកម្មជាយថាហេតុពីខាង សរអា បំពង់ចំនួនជិត ១៧.០០០ ដើម ត្រូវបានផ្សារភ្ជាប់គ្នា បានចម្ងាយ ២០០ គម ទៅហើយ ឥឡូវលូនតាមបាតសមុទ្របាល់ទិក ដោយកាលណាសង់រួចស្រេចបាច់ នៅដំណាច់ឆ្នាំ ២០១៩ នឹងមានប្រវែងដល់ ១.២៣០ គម នៃខ្សែ Nord Stream -2 រួចក្នុងពិធីសម្ពោធវា ប្រាកដជា នឹងមានការវត្តមានមានមុខដោយផ្ទាល់ នៃលោកស្រី អង់ហ្គេឡា មែរគេល និង លោក វ៉្លាឌីមៀរ ពូទីន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ