G២០-អាហ្សង់ទីន៖ក្រុមប្រទេស Brics ថ្កោលទោសលើនយោបាយការពារនិយម
ថ្ងៃសៅរ៍ ទី១ ធ្នូនេះជាថ្ងៃទី២ និងជាថ្ងៃចុងក្រោយនៃជំនួបកំពូល G២០ ក្នុងទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។ ជំនួបកំពូលដែលចូលរួមដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃក្រុមប្រទេសមហាអំណាចធំទាំង ២០ប្រទេស។ តែទន្ទឹមនឹងជំនួបកំពូល G២០ ក៏មានជំនួបកំពូលជាលក្ខណៈទ្វេភាគី ឬត្រីភាគីមួយចំនួនដែរ។ ជំនួបកំពូលទ្វេភាគីដែលគ្រប់គ្នាកំពុងចាប់អារម្មណ៍ខ្លាំងនាថ្ងៃសៅរ៍នេះ គឺជំនួបរវាងលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងសមភាគីចិនលោកស៊ី ជីនពីង។ តែមុនជំនួបនេះឈានមកដល់ ចិន រួមជាមួយប្រទេសសមាជិកផ្សេងក្នុងក្រុមប្រទេស Brics បានចេញសេចក្តីប្រកាសព័ត៌មានមួយនាថ្ងៃសុក្រ ទី៣០ វិច្ឆិកាដោយថ្កោលទោសលើនយោបាយការពារនិយម។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៧
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នា ក្រុមប្រទេសសមាជិក Brics ដែលមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូងមិនបានចង្អុលចំមុខប្រទេសណាមួយទេ តែបានធ្វើការបរិហារជាលក្ខណៈទូទៅលើនយោបាយការពារនិយម។ នៅក្នុងន័យនេះ លោកប្រធានាធិបតីចិនស៊ី ជីនពីងក៏ដូចជាសមភាគីដទៃទៀតរបស់ Brics បានអំពាវនាវឲ្យមានពាណិជ្ជកម្មអន្តរជាតិបើកចំហ និងការគោរពច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។ « ស្មារតី និងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកបានប្រឆាំងនឹងនយោបាយឯកតោភាគីនិយម និងវិធានការការពារនិយម » នេះជាខ្លឹមសារដែលសរសេរនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់ Brics។
សេចក្តីប្រកាសព័ត៌មានដដែលបានទាមទារឲ្យសមាជិករបស់ខ្លួនប្រឆាំងនឹងគ្រប់វិធានការការពារនិយម និងគោរពតាមកិច្ចសន្យាដែលបានអនុម័តនៅអង្គការពាណិជ្ជកម្មពិភពលោក។ ទោះបីជាក្រុមប្រទេស Brics មិនបាននិយាយចំឈ្មោះប្រទេសណាមួយក៏ដោយក៏គេដឹងថា អាមេរិករបស់លោកដូណាល់ ត្រាំជាផ្ទាំងស៊ីបនៃការវាយប្រហាររបស់ Brics។ អ្វីជាការកត់សម្គាល់ សេចក្តីប្រកាសព័ត៌មានរបស់ Brics បានធ្លាក់មក ចំពេលដែលលោកដូណាល់ ត្រាំ និងសមភាគីចិនលោកស៊ី ជីនពីងត្រៀមជួបគ្នានៅយប់ថ្ងៃសៅរ៍ ទី១ ធ្នូក្នុងក្របខណ្ឌនៃជំនួបកំពូល G២០។ ជំនួបរវាងលោកត្រាំ និងលោកស៊ីដែលគេមើលឃើញថា នឹងផ្តោតសំខាន់លើបញ្ហាសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិក។
អ្វីដែលទីក្រុងប៉េកាំងសង្ឃឹមទទួលបានពីជំនួបរវាងលោកត្រាំ និងលោកស៊ី គឺជំនះអាមេរិកកុំឲ្យដាក់ពន្ធថ្មីទៀតលើទំនិញចិននាំចូលអាមេរិក។ គួររម្លឹកថាចាប់ពីថ្ងៃទី១ មករាឆ្នាំ ២០១៩ រដ្ឋបាលអាមេរិកនឹងដំឡើងពន្ធពី ១០% ឲ្យដល់ ២៥% លើទំនំនិញចិននាំចូលអាមេរិកក្នុងទឹកប្រាក់ប្រមាណជា ២០០ ០០០លានដុល្លារ។ មន្រ្តីការទូតចិនម្នាក់នៃក្រសួងការបរទេសបាននិយាយដោយសុទិដ្ឋិនិយមថា សំណាងនៃការទទួលបានកិច្ចព្រមព្រៀងមានច្រើន នោះបើទោះបីជាចិន និងអាមេរិកនៅមានចំណុចខ្វែងគ្នាខ្លះក៏ដោយ។ ចំណែកលោក Robert Lighthizer អ្នកតំណាងក្រសួងពាណិជ្ជកម្មអាមេរិកបានអះអាងថា វាជារឿងភ្ញាក់ផ្អើលបើជំនួបរវាងលោត្រាំ និងលោកស៊ីមិនទទួលបានជោគជ័យទេនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ